ផាច់!!
មួយកំផ្លៀងទះទៅលើផ្ទៃមុខផូរផង់ បណ្ដាលឱ្យសមីខ្លួនងាកមុខទៅម្ខាងតាមកម្លាំងដៃ ទប់លំនឹងស្ទើរមិនជាប់វិសនឹងដួលផ្ងារក្រោយទៅហើយ ។ ទឹកមុខអ្នកដែលត្រូវគេទះកំផ្លៀងបែរជាធម្មតាងើបមុខប្រឈមនឹងអ្នកម្ខាងទៀតដោយចិត្តត្រជាក់ ។
« Cut!! ល្អខ្លាំងណាស់! សម្រាកបានហើយ! »
ប្លង់ថតត្រូវបានបញ្ចប់ ក្រុមការងារម្នីម្នារៀបចំមើលការខុសត្រូវតួអង្គសម្ដែងភ្លាមៗ ។
« សិស្សច្បង ឱ្យខ្ញុំសុំទោសចំពោះមួយកំផ្លៀងមុននេះផង ខ្ញុំគ្មានចេតនាទះសិស្សច្បងខ្លាំងយ៉ាងនេះទេ ខ្ញុំគ្រាន់តែចង់ឱ្យសាច់រឿងមួយនេះចេញមកល្អដូចពិតៗតែប៉ុណ្ណោះ សិស្សច្បងកុំខឹងនឹងខ្ញុំអីណា »
ហ្អេជីន ស្ទុះមកចាប់ដើមដៃរបស់ ថេយ៉ុង បង្អាក់ដំណើរនាយកម្លោះ ដើម្បីសុំការអភ័យទោសនូវកំហុសក្នុងការសម្ដែងជ្រុលដៃមុននេះ ។ ស៊ូ ហ្អេជីន ជាតារាទើបនឹងរះប៉ុណ្ណោះ ប៉ុន្តែនាងទទួលបានអ្នកគាំទ្រច្រើនគួរសម ផ្អែកលើសមត្ថភាពនិងសម្រស់ដ៏ស្រស់ស្អាតរបស់នាង វាជាលើកទីមួយដែលនាងសម្ដែងភាពយន្ដជាមួយនឹង ថេយ៉ុង កាយវិការរបស់នាងដូចជាព្យាយាមយកចិត្តយកថ្លើមគេណាស់ ខុសពីចិត្តផ្ទុយស្រឡះ ។ ក្រឡេកទៅមើលទឹកមុខរបស់ ថេយ៉ុង ពិតជាមួម៉ៅនឹងនាងមិនស្ទើរទេ ប៉ុន្តែគេព្យាយាមទប់អារម្មណ៍មិនឱ្យឆេវឆាវនៅកន្លែងការងារ ចៀសវាងត្រូវចុះការសែតនៅទំព័រមុខទៀត ។
« មិនថ្វីទេ ប្អូនទើបតែចូលសម្ដែងថ្មី មានចំណុចខ្វះខាតលើសលុះបន្តិចបន្តួច វាជារឿងធម្មតាស្រាប់ទៅហើយសម្រាប់តារាទើបនឹងរះដូចជាប្អូន ហេតុនេះរាមច្បងដូចខ្ញុំមិនប្រកាន់ក្មេងទេ យកល្អទំនេរឯងគួរតែរៀនសូត្រពីរាមច្បងឱ្យបានច្រើន ឬមួយទៅរៀនផ្នែកសិល្បៈប៉ុន្មានឆ្នាំទៀតសិនក៏បាន ចៀសវាងមានកំហុសច្រំដែលច្រើនដង »
ថេយ៉ុង រៀបរាប់បកស្រាយយ៉ាងក្បោះក្បាយទៅកាន់ក្មេងស្រីវ័យជំទង់ចំពោះមុខ ភ្ជាប់ជាមួយស្នាមញញឹម ឯ ហ្អេជីន ក៏ព្យាយាមឈរស្ដាប់ការណែនាំរបស់រាមច្បងទាំងអារម្មណ៍មិនពេញចិត្ត ព្រោះរាល់ពាក្យសម្ដីដែលគេនិយាយមកនេះ ហាក់បីមើលងាយសមត្ថភាពរបស់នាងសម្បើមណាស់ ប៉ុន្តែនាងនៅតែរក្សារស្នាមញញឹមមិនរលុប ។
« អគុណសម្រាប់ពាក្យណែនាំរបស់រាមច្បង ខ្ញុំនឹងយកទៅកែខៃខ្លួនឯងឱ្យបានល្អជាងនេះ »
« ល្អ ខ្ញុំគ្មានពេលបូរបាច់ច្រើនទេ មានការងារនៅរង់ចាំឱ្យខ្ញុំធ្វើច្រើនណាស់...បង វេនឌី! ប្រាប់អ្នកដឹកនាំរឿងទៅ ថាខ្ញុំផ្អាកថតមួយថ្ងៃ » គេនិយាយដោយសម្ដីត្រគោះបោះបោក ។
« ចាស៎ៗ » ឆ្លើយហើយនាងជា Manager ក៏រហ័សរត់ទៅប្រាប់ Detector ភ្លាមៗ រីឯ ថេយ៉ុង ចាកចេញទៅជាមួយនឹងទឹកមុខក្រញ៉ូវ ។ ក្រោយ ថេយ៉ុង ឡើងឡានចេញទៅផុតកន្ទុយភ្នែក ស្នាមញញឹមស្រស់ពព្រឹមរបស់ ហ្អេជីន ក៏ប្រែស្នាមញញឹមបង្កប់ដោយល្បិចកល់ ។