"មិនយូរទេពួកយើងនឹងបានជួបគ្នាម្ដងទៀត ម្ចាស់ចិត្តអូន" សម្ដីស្រាលស្រទន់ពិរោះឧទានឡើងទាំងដៃអូសលើរូបថតមួយសន្លឹកដែលគេទុកជាប់ខ្លួនរហូតមក។ ហើយម្នាក់នោះគ្មានអ្នកណាក្រៅពីជីមីននោះទេ គេអង្គុយសម្លឹងរូបថតយ៉ុនហ្គីនឹកដល់អនុស្សាវរីយ៍ចាស់ៗដែលធ្លាប់សាងជាមួយគ្នា ត្បិតថាចំណុចចាប់ផ្ដើមរវាងពួកគេមិនសូវជាល្អក៏ពិតមែនតែគេមិនដែលគុំគួនឬស្អប់គាត់ឡើយ។ ជីមីនគ្មានបំណងលាក់គាត់រឿងគេនៅមានជីវិតឡើយ គឺគ្រាន់តែត្រូវការពេលវេលាប៉ុណ្ណោះ រយៈពេលបីឆ្នាំគេសន្យានឹងព្យាបាលជំងឺខ្លួនឯងហើយប្រើពេលនៅសល់រស់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់ គេមិនចង់ឱ្យគាត់ឃើញសភាពរបស់គេប្រៀបដូចមនុស្សចាស់ដែលធ្វើអីមិនបានឡើយ ពីព្រោះ ផាក ជីមីន ធ្លាប់តែជាមនុស្សម្នាក់ដែលរឹងមាំហើយមិនព្រមចុះចាញ់អ្វីដោយងាយនោះទេ។
ព្រឹកថ្ងៃថ្មី...
ត្របកភ្នែកក្រាស់ធ្ងន់មិនទាន់សាំនឹងពន្លឺព្រះអាទិត្យធ្វើឱ្យអ្នកជាម្ចាស់ពិបាកក្នុងការបើកភ្នែកដើម្បីទទួលពន្លឺដែលចាំងចូលតាមចន្លោះបង្អួច តាំងពីគ្មានវត្តមានជីមីនគេតែងតែងើបពីព្រឹករៀបចំបន្ទប់និងស្រោចផ្កាដែលជីមីនបានដាំមុននឹងគេចាកចេញពីទីនេះ។ ពិតជាអរគុណព្រះជាម្ចាស់ដែលទ្រង់មេត្តាហើយព្រមឱ្យតុលាបជាច្រើនដើមរស់កំដរគេ បើទោះបីម្ចាស់វាលែងមានវត្តមានក៏តុលាបក្រហមនេះនៅតែលូតលាស់ហើយថែមទាំងផ្កាស្អាតជាងតុលាបដទៃទៀតផង។ គ្រប់ដើមដែលជីមីនដាំគេមើលថែទាំងយកចិត្តទុកដាក់ មិនតែប៉ុណ្ណោះហាមគ្រប់គ្នាប៉ះពាល់បើគ្មានការអនុញ្ញាតពីគេទៀតផង។
"ចៅហ្វាយមានរឿងហើយទាន!" កូនចៅជំនិតនិយាយពីចម្ងាយដោយមិនហ៊ានចូលក្បែរពេកឡើយ ខ្លាចគាត់ស្ដីបន្ទោសព្រោះគាត់ហាមហើយមិនឱ្យអ្នកណាចូលទៅក្បែរដើមផ្កាទាំងអស់នេះ។
"ទៅចាំយើងនៅបន្ទប់ធ្វើការ បន្ដិចទៀតយើងតាមទៅ" យ៉ុនហ្គីតបគ្រីសតែភ្នែកសម្លឹងទៅផ្កាតុលាបក្រហមដែលប្រៀបដូចជាឈាមស្រស់យ៉ាងអ៊ីចឹង។
"បាទ" មិនសាំញុំាច្រើនកម្លោះសង្ហាគ្រីសក៏ប្រញាប់ចាកចេញទៅយ៉ាងលឿន ព្រោះគេខ្លាចថាបើនៅទីនេះយូរអាចមានរឿងមិនល្អកើតឡើង។ កាលបើកូនចៅហ៊ានមកតាមដល់ទីនេះប្រាកដជាមានរឿងសំខាន់ ទើបនាយឆាប់ស្រោចឱ្យរួចនឹងបានទៅជួបជាមួយកូនចៅជើងល្អ។
ប៉ុន្មាននាទីក្រោយនាយក្រាស់ក៏ចាកចេញពីសួនផ្កាហើយដើរសំដៅទៅខាងក្នុងដើម្បីនិយាយកិច្ចការជាមួយកូនចៅ។ ឮគេប្រាប់ថាមានរឿងហើយបញ្ជាក់ថាវាមិនមែនជារឿងល្អឡើយ ដៃមាំក្រាស់ទាញទ្វាបើកហើយក៏ដើរទៅសំដៅទៅតុធ្វើការរបស់ខ្លួន។
"មានរឿងអី?" គេសួរទាំងដាក់ខ្លួនអង្គុយ។
"ចៅហ្វាយ..." គ្រីសតបទាំងដៃកំពុងតែហុចទូរសព្ទឱ្យចៅហ្វាយមើលហើយខ្លួនថយក្រោយបន្ដិចរង់ចាំចៅហ្វាយមានប្រសាសន៍។ យ៉ុនហ្គីជ្រួញចិញ្ចើមដូចមិនពេញចិត្តនឹងអ្វីម្យ៉ាង នាយក៏ដាក់ទូរសព្ទនៅលើតុហើយមើលមុខកូនចៅក្នុងបំណងអ្វីមួយ? វីដេអូក្នុងនោះបង្ហាញឱ្យឃើញមនុស្សប្រុសម្នាក់បិទមុខចូលលួចឯកសារនៅក្នុងការិយាល័យរបស់គេ សំណាងហើយដែលគេឆ្លាតដាក់តាមខ្លួនកុំអីស៊យធំមិនខាន។
"រកវាឃើញឬនៅ?"
"បាទ កូនចៅលោកម៉ូ"
"អ្ហឹម!ត្រឹមប្រដៅបានហើយតែកុំធ្ងន់ដៃពេក យល់ទេ?" ទឹកមុខស្មើប្រៀបនឹងសម្ដីត្រជាក់ស្រេបធ្វើឱ្យអ្នកដែលបានស្ដាប់ហើយព្រឺដល់ឆ្អឹងខ្នង ពីសុភាពបុរសប្រែជាមនុស្សឈាមត្រជាក់ត្រឹមតែមួយពព្រិចភ្នែក។
"បាទ ចៅហ្វាយទៅក្រុមហ៊ុនឥឡូវទេខ្ញុំជូនទៅ" គ្រីសមិនមានអារម្មណ៍អ្វីសោះកាលបើទទួលបញ្ជាពីចៅហ្វាយ សម្រាប់គេចៅហ្វាយបញ្ជាអីក៏ធ្វើនឹងគេគ្មានសិទ្ធិប្រកែកឡើយ ម្យ៉ាងអាពួកដែលវាធ្វើដាក់ចៅហ្វាយក៏សមនឹងទទួលបានការប្រដៅខ្លះដែរ កុំអាងតែមានខ្នងចង់ធ្វើអីក៏បាននោះអោយស្គាល់ទីខ្ពស់ទីទាបខ្លះផង។
"នៅទេ! ឯងទៅធ្វើការឯងចុះ" យ៉ុនហ្គីត្រូវទៅកន្លែងមួយហើយបានទៅក្រុមហ៊ុនតាមក្រោយ ដូច្នេះក៏បញ្ជាឱ្យកូនចៅទៅធ្វើកិច្ចការរបស់គេ ចំណែកនាយក៏មានកិច្ចការខ្លះត្រូវធ្វើដែរ។
"បាទ ចៅហ្វាយ" គ្រីសឱនគោរពចៅហ្វាយបន្ដិចមុននឹងចាកចេញ។ រីឯយ៉ុនហ្គីក៏ផ្អែកខ្លួនទៅលើកៅអីហើយលើកដៃគោងថ្ងាសទាំងទឹកមុខក្រៀមក្រំ បើស្មានមិនខុសទេប្រហែលជានឹកដល់ជីមីនហើយ។ គិតបានមួយភ្លេតយ៉ុនហ្គីក៏ឡើងទៅបន្ទប់ហើយរលបចំខ្លួនចេះទៅខាងក្រៅ សម្រាប់នាយគ្មានទីណាឆ្ងាយក្រៅពីទៅគោរពវិញ្ញាណខ័ណ្ឌប្រពន្ធឡើយ។
បន្ទាប់ពីបំពេញធុរៈរួចគេក៏ប្រញាប់ធ្វើដំណើរទៅក្រុមហ៊ុន។ គ្រាន់តែនាយក្រាស់សង្ហាដើរចូលទៅខាងក្នុងបុគ្គលិកជាច្រើនក៏នាំគ្នាផ្ដោតលើការងារគ្មាននរណាហ៊ាននិយាយសូម្បីមួយម៉ាត់ព្រោះខ្លាចចៅហ្វាយ។
#សហរដ្ឋអាមេរិក
អាកាសធាតុនៅទីនេះពិតជាស្រស់ស្អាតគួរជាទីកាប់ចិត្ត។ រាងតូចអង្គុយលើរទះដោយមានស្វាមីជាអ្នករុញ ពួកគេក៏ឈប់ហើយរកកន្លែងគួរសមអង្គុយនិយាយគ្នា។ ជេហូប ដាក់ខ្លួនអង្គុយលើកៅអីសម្លឹងតមើលរាងតូចមិនដាក់ភ្នែក។
"ប្រសិនបើកូននៅរស់! ប្រហែលមានអាយុស្រករក្មេងម្នាក់នេះហើយ" ទឹកមុខក្រៀមក្រំបង្ហាញពីការសោកស្ដាយដែលកូនត្រូវស្លាប់ទាំងមិនទាន់បានឃើញពន្លឺថ្ងៃ ចំណែកជេហូបមិនអាចជួយអ្វីបានក្រៅពីជួយផ្ដល់កម្លាំងនិងលួងលោមគេឡើយ។ ដៃមាំក្រាស់ស៊កចាប់ដៃនាយតូចដើម្បីផ្ដល់កម្លាំងចិត្តជីមីនតបដោយញញឹមតិចៗចង់បញ្ជាក់ប្រាប់គាត់ថាគេមិនអីទេកុំបារម្ភអី! ក្រោយពីបានចម្លើយពីគេហើយនាយក៏ញញឹមហើយបបួលគ្នានិយាយពីនេះពីនោះ ព្រោះមិនយូរទេជីមីននឹងចាកចេញពីទីនេះហើយ។
រុឺងៗ!
សម្លេងទូរសព្ទរោទ៍ជេហូបក៏សុំដកខ្លួនទៅមួយភ្លេតដោយទុកឱ្យនាយតូចនៅអង្គុយត្រម៉ងត្រមោចតែម្នាក់ឯងនឹកដល់ថ្ងៃដែលខ្លួនជិតផុតដង្ហើម។
កាលពីបីឆ្នាំមុន...
យ៉ុនហ្គីព្យាយាមហៅជីមីនម្ដងហើយម្ដងទៀតតែគេមិនភ្ញាក់សោះទើបនាយបីកាយតូចចេញពីព្រះវិហារដោយមានជេហូបរង់ចាំនៅខាងក្រៅ បន្ទាប់មកក៏បញ្ចូនជីមីនទៅមន្ទីរពេទ្យ ដោយលោកគ្រូពេទ្យមានប្រសាសន៍ថាគ្មានសង្ឃឹមឡើយ ប៉ុន្ដែសម្រាប់ ជុង ហូស៊ុក គ្មានពាក្យថាចុះចាញ់ឡើយទោះបីជាមានសង្ឃឹមតែមួយភាគរយក៏ដោយ។ លោកគ្រូពេទ្យក៏បញ្ចូនអ្នកជំងឺចូលបន្ទប់សង្រ្គោះបន្ទាន់ដើម្បីត្រៀមវះកាត់ មុនពេលចាក់ថ្នាំសន្លប់អ្នកជំងឺស្រាប់តែដឹងខ្លួនមកប្រក្រតិវិញហើយសំណូមពរចង់ជួបជាមួយសាច់ញាតិដែលគេគោរពកោតក្រែងរហូតមកគឺ ជេហូប។ ជីមីនសុំគាត់ជួយលាក់រឿងនេះជាអាថ៌កំបាំងហើយឱ្យមន្ទីរពេទ្យចេញលិខិតមរណៈ ដោយសារជាការសុំរបស់គេជេហូបក៏មិនប្រកែកដែលមានតែព្រមតាមគេប៉ុណ្ណោះ។
ស្របពេលគ្រប់គ្នាកាន់ទុក្ខ រាងតូចកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងដែលមិត្តជេហូបណែនាំអោយហើយក៏យកជីមីនទៅព្យាបាលនៅទីនោះ តែអាការៈមិនសូវជាល្អប៉ុន្មានទេពេទ្យថាមានសង្ឃឹមតែ៥០/៥០ ព្រោះគេខ្សោយខ្លាំងណាស់។ លោកគ្រូពេទ្យយកចិត្តទុកដាក់និងតាមដានអាការៈអ្នកជំងឺមិនឱ្យឃ្លាតពីក្រសែភ្នែកឡើយ ទម្រាំតែរាងតូចរឹងមាំមកដល់សព្វថ្ងៃប្រើរយៈពេលជិតបីឆ្នាំ ហើយមិនយូរទៀតទេជីមីននឹងបានត្រឡប់ទៅប្រទេសរបស់ខ្លួននិងបានជួបជុំគ្រួសារម្ដងទៀត។
#ភូមិគ្រឹះមីន
ឡានស៊េរីទំនើបពណ៌ខ្មៅចាកចេញពីភូមិគ្រឹះនឹងបន្ដដំណើរទៅហាងផ្កាមួយកន្លែងដែលនាយតែងតែចូលទិញជាញឹកញាប់។ រាងក្រាស់បោះជំហានចូលក្នុងហាងក៏ទទួលបានការស្វាគមន៍ពីម្ចាស់ហាងដ៏ស្រស់សោភានាងជាមិត្តល្អរបស់គេឈ្មោះថា លី ម៉ូណា។
"ម៉ូណា!ផ្កាមួយបាច់"
"អឹម!ចាំបន្ដិច" ដោយសារនាងតូចជាប់រវល់រៀបចំផ្កាក៏សុំឱ្យមិត្តរង់ចាំខ្លួនបន្ដិច។ នាយក្រាស់ញាក់ចិញ្ចើមដាក់មិត្តហើយក៏ដាក់ខ្លួនអង្គុយសម្លឹងមើលផ្កាជាច្រើនដែលតម្រៀបដាក់ជាៗជួរ។ ចំណែកនាងតូចរៀបចំផ្កាឱ្យអតិថិជនរួចនាងក៏ប្រញាប់រៀបចំផ្កាឱ្យមិត្តសម្លាញ់ ម្នាក់នេះណាបើមិនប្រញាប់ធ្វើឱ្យហើយទេរអ៊ូដូចឃ្មុំអញ្ចឹង។ មួយសន្ទុះស្រីស្រស់ក៏រៀបចំផ្ការួចហើយក៏ដើរទៅជិតមិត្តសម្លាញ់ដោយហុចផ្កាមួយបាច់នោះឱ្យអ្នកមាននាមជាមិត្ត។
"រួចហើយលោកប្រុស" នាងតូចហៅមិត្តសម្លាញ់ដោយមានផ្កាមួយបាច់នៅក្នុងដៃ។
"អរគុណច្រើន ចឹងយើងទៅសិនហើយប្រញាប់" គេងើបឈរទទួលបាច់ផ្កាពីដៃមិត្តដោយភ្ជាប់នឹងពាក្យអរគុណ ដោយសារនាយមានកិច្ចការត្រូវធ្វើទៀត ដូច្នេះក៏លាមិត្តទៅវិញដោយមិនបាននៅនិយាយលេងជាមួយនាងយូរទេ។
"អឹម!ទៅចុះបើកឡានប្រយ័ត្នផង" ម៉ូណា មិនមែនចេះតែផ្ដាំទេមកពីដឹងចរិកមិត្តច្បាស់ ម្នាក់នេះប្រហើនណាស់គេកាន់តែប្រញាប់ឡានបើកកាន់តែលឿនសំខាន់អារម្មណ៍មិនសូវមូលទៀតទើបចេះតែប្រាប់ទៅ។ នាយក្រាស់ចេញពីហាងផ្កា Moonna flower ក៏ធ្វើដំណើរទៅមុខបន្ដទៀត។ មួយសន្ទុះនាយក៏មកដល់ហើយដើរតម្រង់ទៅផ្នូររបស់រាងតូចដោយយកផ្កាទៅដាក់ពីមុខរូបថតហើយធ្វើការគោរពបីដង។ តាំងពីមកដល់ទឹកមុខនាយក្រៀមក្រំសម្លឹងតែរូបថតមួយម៉ាត់ក៏មិនព្រមនិយាយដែររហូតដល់គេត្រូវត្រឡប់ទៅវិញ។
"លាហើយ! ទំនេរបងនឹងមកម្ដងទៀត" និយាយលារួចគេក៏ចាកចេញ។ ដោយសារតែមានកិច្ចការដែលត្រូវធ្វើបន្ដទៀតទើបត្រូវត្រឡប់ទៅក្រុមហ៊ុនវិញមិនអាចនៅកំដររាងតូចបានឡើយតែលើកក្រោយនាយនឹងមកម្ដងទៀត។
YOU ARE READING
រឿង ពង្រាត់បេះដូង Ss2
Short Storyរយៈពេលបីឆ្នាំដែលជីមីនចាកចេញ យ៉ុនហ្គីក្លាយជាមនុស្សម្នាក់ស្ងៀមស្ងាត់ ឈាមត្រជាក់ ឃោរឃៅ ដែលគ្រប់កោតខ្លាចមិនហ៊ានសូម្បីតែនៅក្បែរ។ តែនាយក៏ជាមនុស្សម្នាក់ក៏គួរឱ្យអាណិតផងដែរ ព្រោះតែនូវនឹកមនុស្សជាទីស្រឡាញ់គេតែងតែឆ្លៀតពេលទំនេរទៅអង្គុយកំដរជីមីន។ មីន យ៉ុនហ្គី...