អារម្មណ៍ធ្លាប់គិតខ្លាចអ្នកទីបីជាប្រុសផ្សេង តែត្រឡប់ចុះឡើងបែរជាក្មេងតូចច្រមិចមួយនេះជាជនទីបីរវាងពួកគេទៅវិញ..
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៣២គ្រែរនាបឈើធំល្មមមានដុំថ្មបួនដុំធំៗកល់ទប់លំនឹងជើងគ្រែជាប់ វាអាចទ្រវត្តមានមនុស្ស៤ទៅ៥នាក់បានយ៉ាងល្អ ហើយនឹងមិនមានការរង្គើរាល់ពេលអ្នកនៅអង្គុយលើគ្រែបម្លាស់ទីនោះទេ ទោះជាបម្លាស់ទីច្រើនគ្នាក្នុងពេលតែមួយក៏ដោយចុះ។ ដោយសារតែមូលហេតុនេះហើយទើបមាល៍លីននាងទុកចិត្តនិងឲ្យជុងហ្គុកព្រមទាំងដេននីអង្គុយនៅលើនោះជាមួយគ្នា ស្រង់ក្លិនម្ហូបដូចគ្នា ក្នុងកែវភ្នែកនាងពួកគេទាំងពីរអាចនឹងមិនទាន់ចុះសម្រុងព្រោះជួបគ្នាលើកដំបូងបែបនេះ។
តែបើសម្រាប់ពួកគេទាំងពីរឯណោះវិញ...
"មើលស្អីអាល្អិត? តិចត្រូវ.."
"ហិង្សាបំផុត ចារិកមិនល្អហើយក៏ឃោឃៅទៀត មិនសមបានម៉ាក់ខ្ញុំជាប្រពន្ធសោះ" ខណៈមាល៍លីនកំពុងតែញាប់ដៃជើងចម្អិនអាហារពេលល្ងាចសម្រាប់ពួកគេនៅផ្ទះបាយខាងក្រោយ ជុងហ្គុកនិងល្អិតដេននីក៏នៅអង្គុយសំឡឹងមើលមុខគ្នាចង់សុីសាច់ហុតឈាម ទោះជាអាយុខុសគ្នាសឹងតែជាង២ខ្សែក៏ដោយចុះ តែសង្គ្រាមដែលកើតឡើងមួយនេះមើលទៅក្ដៅគគុកណាស់។
"ឯងហ៊ានណាស់ តាំងពីដើមមក គ្មាននរណាម្នាក់ហ៊ានក្អេងក្អាង ក្រអឺតក្រទមដាក់យើងដូចជាឯងអ៊ីចឹងទេ"
"បែបហ្នឹងមិនឡូយ? ខ្ញុំដូចជាបើកទំព័រថ្មីមិនឲ្យគេខ្លាចពូឯងអ៊ីចឹង ហ៊ឹសៗ" បញ្ចើចបញ្ចើរសម្ដីមិនគ្រប់គ្រាន់ ដេននីគេក៏លាន់អណ្ដាតហើយក៏សើចឌឺថែមទៀត ក្នុងខ្លួនជុងហ្គុកពេលនេះក៏ដូចជារងើកភ្លើងដែលឆាបឆេះសន្ធោរសន្ធៅបំផុត គេមិនស្មានសោះ មិនស្មានថាក្មេងដែលមាល៍លីនយកមកនៅជាមួយហ៊ានខ្លាំងថ្នាក់នេះ។
(អាហាររួចរាល់ហើយ មោះញ៊ាំបាយ)
"ផ្ញើទុកសិនចុះអាល្អិតឯង" ការស្រែកហៅពីអ្នកនៅផ្ទះបាយដូចជារនាំងរាំងខណ្ឌ័ជម្លោះមួយនោះមិនឲ្យកើតឡើងអញ្ចឹង ជុងហ្គុកលើកដៃចង្អុលមុខដេននីទាំងខឹង រួចដើរទៅរកម្ចាស់សំឡេងដែលនៅខាងណោះបាត់ ដេននីឯណោះក៏មិនរអែងរិទ្ធិអំណាចមនុស្សប្រុសទើបតែជួបនេះសោះ គេដើរចូលទៅតាមក្រោយធ្វើមិនដឹង។
"អង្គុយចុះត្រង់នេះមកកូន"
"បាទម៉ាក់ ហិហិ" ការប្រាស្រ័យទាក់ទងគ្នាយ៉ាងស្និតស្នាលរវាងមាល៍លីននិងដេននីកាន់តែធ្វើឲ្យជុងហ្គុកឆ្ងល់ឡើងថែមទៀត នេះគេមិនបានមកមើលនាងតែប៉ុន្មានថ្ងៃសោះ នាងក៏អាចសម្របខ្លួននិងឲ្យក្មេងម្នាក់ហៅថាម៉ាក់បែបហ្នឹងហ្អេស៎?
"វ៉ាវ! មីស្រុះដាក់ពង ហិហិ ទំនងណាស់ម៉ាក់" អារម្មណ៍គិតគូរត្រូវប្រមូលទុកមួយដុំសិន ព្រោះការលាន់មាត់របស់ដេននីក៏នាំភ្នែកជុងហ្គុកឲ្យអោនមើលតាមផងដែរ គេមើលហើយមើលទៀត មើលទាំងក្នុងខួរក្បាលគិតថាគេគួរតែញ៊ាំស្អីនៅក្នុងចាននេះ?
"មានតែប៉ុណ្ណឹងទេ?" ពាក្យដំបូងដែលចេញពីមាត់គេ ជាពាក្យដែលធ្វើឲ្យអ្នកដែលខំឈរចម្អិនអស់មួយសន្ទុះនោះធ្លាក់ចុះបន្តិច ដឹងហើយថាគេជាមនុស្សដែលចូលចិត្តនិយាយត្រង់ មិនលាក់បាំង តែពាក្យពិតខ្លះក៏វាមិនមែនសុទ្ធតែល្អក្នុងការនិយាយចេញមកក្រៅទាំងអស់នោះទេ។ ដេននីនៅអង្គុយស្ងៀមពិតមែន តែគេក៏សង្កេតមើលអ្នកម៉ាក់ចិញ្ចឹមគេ មើលតាំងពីពេលគាត់លើកអាហារមក រហូតទាល់តែគាត់ទម្លាក់ទឹកមុខចុះព្រោះប្រុសម្នាក់នោះសួរនាំមិនចេះគិត។
"អាហារផ្ទះអ្នកអត់បានតែប៉ុណ្ណឹងក៏រស់បានហើយ ពូជាអ្នកបើកឡានឲ្យគេសោះ កុំញ៊ាំរើសខ្លាំងពេក"
"ឯងកុំមកចេះ!" ជុងហ្គុកតំឡើងសំឡេងដាក់ដេននី មិនពេញចិត្តដែលក្មេងប៉ុនមេដៃដូចជាគេមកប្រដៅខ្លួនបែបនេះ។
"មិនអីទេ ចាំខ្ញុំទៅចម្អិនអ្វីថ្មីសម្រាប់លោកក៏បាន ដេននីឆាប់ញ៊ាំវាឲ្យអស់នឹងអាលបានសម្អាតខ្លួនចូលគេងណា៎កូន" ព្រោះមិនចង់ឲ្យមានជម្លោះកើតឡើង ទោះជាពោះនាងកូរឃ្លានក៏នាងត្រូវសម្រេចចិត្តក្រោកឡើងពីកៅអីដើម្បីរៀបចំអាហារថ្មីជូនស្វាមីដែរ។ ការក្រោកឡើងរបស់មាល៍លីនត្រូវសំឡឹងមើលជាប់ដោយល្អិតដេននី គេតាមមើលកាយវិការម្ដាយគ្រប់ជំហាន កាន់តែមើលគេកាន់តែមានអារម្មណ៍ថាអាណិតម្ដាយថែមទៀត។
"ពូចំជាអាក្រក់ណាស់ ពូដឹងថាទម្រាំតែបានមីស្រុះមួយឆ្នាំងនេះម៉ាក់មាល៍ហត់ប៉ុណ្ណាទេ? គាត់ឈរលក់ដំឡូងហាលក្ដៅកាត់ព្រឹកថ្ងៃល្ងាច ពូមិនបាននៅជាមួយគាត់ ពូប្រហែលជាមិនដឹងនោះទេ" ដេននីក៏មិនអាចស្ងាត់មាត់បាន គេរៀបរាប់ក្បោះក្បាយអំពើទុក្ខលំបាករបស់ស្ត្រីរឹងមាំម្នាក់ដែលស្មគ្រ័ចិត្តចិញ្ចឹមបីបាច់គេនោះ តែក៏ប្លែក! លើកនេះជុងហ្គុកមិនបានហាមាត់ប្រកែកទាស់ទែងអ្វីទេ គេនៅអង្គុយស្ងៀមហាក់ដូចជាកំពុងតែបើកត្រចៀកស្ដាប់ដេននីនិយាយប្រាប់ ភ្នែកក៏ងាកមើលទៅផែនខ្នងតូច ពន្លឺព្រះចន្ទចាំងចូលមកប៉ះនឹងរាងកាយនាង បង្ហាញឲ្យគេកាន់តែឃើញថាមាល៍លីននាងស្គមទៅច្រើនណាស់។
"ហើយផ្ទះនេះគេញ៊ាំតែអាហ្នឹងទេហ្អេស៎?" ក្រោយស្ងាត់បានមួយស្រប៉ក់ ជុងហ្គុកក៏ចោទសំនួរខ្លះទៅកាន់ក្មេងតូច ដេននីក៏ងក់ក្បាលរួចដួសយកស៊ុតដែលមានក្នុងឆ្នាំងនោះដាក់ចូលចានគេមួយចំហៀង មួយចំហៀងទៀតដែលនៅសល់ គេក៏ដួសដាក់ចានរបស់មាល៍លីន។ មើលត្រឹមសកម្មភាពក្មេងមួយនេះ ជុងហ្គុកគេក៏ដូចជាដឹងមួយចំណែកនៃការរស់នៅរបស់នាង នាងរស់នៅលំបាកខ្លាំងណាស់ មិនមែមងាយស្រួលដូចជាការគិតរបស់គេនោះទេ។
...
"ហេតុអីក៏នាងមិនយកស្អីមកតាមខ្លួនបែបនេះ? គិតថាយើងគ្មានសមត្ថភាពផ្គត់ផ្គង់នាងរឺយ៉ាងមិច?" ក្រោយអាហារពេលល្ងាចចប់រួចរាល់ មាល៍លីនក៏បានរៀបចំឲ្យដេននីងូតទឹកសម្អាតខ្លួន ហើយក៏ចូលគេងលង់លក់យ៉ាងស្ងប់សុខ មុននិងនាងត្រូវបានជុងហ្គុកអូសនាំចេញមកក្រៅផ្ទះទាំងគ្មានមូលហេតុសោះ។
"លោកម្ចាស់ក៏ដឹងថាខ្ញុំមកទីនេះព្រោះតែមូលហេតុអ្វី? ក្នុងក្រសែភ្នែកអ្នកនៅទីនេះខ្ញុំជាស្រីស្វាមីរកសុីនៅស្រុកឆ្ងាយ ត្រដាបត្រដួសលក់ដំឡូងយកលុយមកចិញ្ចឹមខ្លួនឯង ខ្ញុំព្យាយាមបំផុតហើយដើម្បីឲ្យខ្លួនឯងអាចចូលក្នុងចំណោមរបស់ពួកគេ លោកម្ចាស់ក៏មិនគួរភ្លេចដែរថាខ្ញុំមានជីវភាពបែបណាមុនជួបលោកម្ចាស់នោះ? ប៉ុណ្ណេះមិនចាត់ទុកថាវាពិបាកនោះទេ"
"តែពេលមុននិងពេលនេះវាមិនដូចគ្នា អតីតកាលនាងគ្រាន់តែជាក្មេងដែលគ្មានអ្វីទាំងអស់ តែបច្ចុប្បន្ននាងជាប្រពន្ធយើង ប្រពន្ធឧត្តមសេនីយ៍នៃប្រទេសមួយនេះ មុននិងធ្វើអ្វីមួយគួរគិតដល់មុខនាទីឋានៈយើងផង"
"ដោយសារតែគិតហ្នឹងហើយទើបបានជាខ្ញុំមកទីនេះ ខ្ញុំអាចជាប្រពន្ធដែលគ្មានទ្រព្យ គ្មានចំណេះ បើប្រៀបនឹងលោកម្ចាស់ ខ្ញុំគ្មានអ្វីទាំងអស់ អ្វីដែលខ្ញំមានគឺឆន្ទះនិងចិត្តស្មោះ ចិត្តស្មោះដែលប្រពន្ធម្នាក់អាចផ្ដល់ឲ្យប្ដីរបស់ខ្លួនឯងបាន ហើយខ្ញុំក៏នឹងព្យាយាមបំពេញវាឲ្យល្អបំផុត មិនឲ្យលោកម្ចាស់បាក់មុខនឹងបាត់បង់តំណែងនោះទេ" មាល៍លីននិយាយដូចជារឹងមាំណាស់ តែក្រោយបែរខ្នងចេញពីគេ ភ្នែកនាងក៏មានជ្រាបទឹកភ្នែកចេញមករឹមៗ ស្រីតូចក៏លើកខ្មងដៃវាសចេញបន្តិច បំណងចង់ចេញ តែនាងក៏ទទួលការកាន់ក្រសោបពីអ្នកក្រោយខ្នងជាថ្មី ជុងហ្គុកប្រើកម្លាំងដៃម្ខាងទាញនាងឲ្យបែរមករកខ្លួន ចូលមកជហរកក្រោមដើមទ្រូងមាំទាំរបស់គេ។
"នាងព្យាយាមបំពេញតួនាទីជាប្រពន្ធ.."
"យើងក៏ព្យាយាមបំពេញតួនាទីជាប្ដីនឹងជាមេគ្រួសារដូចគ្នា យើងមិចនឹងអាចឃើញប្រពន្ធខ្លួនឯងស្គមស្គាំងនឹងអត់ឃ្លានបាននោះ?" នេះគេនិយាយអ្វីហ្នឹង? គេមិនច្រឡំមាត់ខ្លួនឯងទេមែនទេ? គេដូចជាកំពុងតែបើកចំហអារម្មណ៍ខ្លាំងពេកហើយ៕៥០០ រយៈពេល៥០នាទី អេតមីនផុសមួយភាគទៀត៕
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romanceភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ