(ប្រភពរូបភាព: Pinterest)
ពពករសាត់កាត់មេឃានាពេលរាត្រីកាល ហ៊ុមព័ទ្ធដោយជំនោរត្រជាក់គួរឲ្យព្រឺឆ្អឹងខ្នង។ នៅក្នុងព្រៃអាថ៌កំបាំងមួយយើងឃើញមានដើមឈើងាប់ៗជាច្រើនដុះរប៉ាត់រប៉ាយរកជួរគ្មាន តែអ្វីដែលចម្លែកនោះគឺ...ដើមឈើងាប់ទាំងនោះមានទ្រង់ទ្រាយដើមដូចជាខ្លួនមនុស្សឯមែករបស់វាដុះចេញជាទម្រង់ដៃដែលកោងសំយ៉ុងចុះហាក់ត្រៀមក្នុងការចាប់នរណាដែលឆ្លងកាត់នេះ។ បរិយាកាសទីនេះគួរឲ្យខ្លាចដូចជាព្រៃខ្មោចកាន់ព្រោះមានតែខ្យល់ត្រជាក់ស្រឹបបក់មកប៉ះកាលណារងារស្រៀវឆ្អឹងខ្នងកាលនោះ។ បើយើងសម្រួចភ្នែកកាត់អ័ព្ទពណ៌សយើងនឹងឃើញមានពន្លឺប្លុងៗភ្លឺពីចម្ងាយដូចជាភ្នក់ភ្លើងហាក់បញ្ជាក់ឲ្យដឹងថានៅទីនោះមានមនុស្សនៅ។ ក្រឡេកមកមើលកន្លែងដែលមានពន្លឺនោះវិញយើងក៏ឃើញមានមនុស្សក្នុងឈុតខ្មៅមួយក្រុមកំពុងតែអង្គុយជុំវិញភ្នក់ភ្លើងដោយមានរាងតូចច្រឡឹងរបស់នារីរូបស្រស់ម្នាក់កំពុងតែដេកស្តូកស្តឹងនៅកណ្តាលវង់ព្រមទាំងដៃជើងមានជាប់ចំណងផង។ ពួកគេនាំគ្នាសូត្រធម៌ស្អីក៏មិនដឹងឮរង៉ូវៗស្តាប់មិនយល់ដោយនៅក្នុងដៃមានកាន់អំបោះសមួយសរសៃព័ទ្ធជារង្វង់ បន្ទាប់មកស្រ្តីម្នាក់ដែលមានសរសៃខៀវៗនៅលើមុខក៏ចាប់ផ្តើមបាចបោះម្សៅពណ៌សម្យ៉ាងទៅក្នុងភ្នក់ភ្លើង ប្រៀបដូចជាកំពុងធ្វើពិធីអ្វីមួយ។ មួយសន្ទុះក្រោយមកសំឡេងសូត្រធម៌ចម្លែកនោះក៏ចប់ហើយពួកគេក៏ចាប់បើកភ្នែកឡើងព្រមៗគ្នា។ ចម្លែកទៀតហើយ! ពួកគេទាំងអស់គ្នាមានភ្នែកសព្រាតឥតប្រសី្របើកភ្នែកមូលក្រឡង់ជាមួយនឹងធ្មេញស្រួចៗពណ៌លឿងដូចបិសាច។ ភ្លាមនោះស្រាប់តែស្ត្រីដែលបាចម្សៅសអម្បាញ់មិញនិយាយឡើងទាំងញញឹមចុងមាត់៖
“ថ្ងៃនេះលាភធំណាស់ចាប់បានស្រីក្រមុំមកបូជាទាំងរស់ ហាស់! ហាស់!”
“ឮថាបើបានផឹកឈាមស្រីក្រមុំព្រហ្មចារីកាលណានឹងមានជីវិតអមតៈ!”បុរសម្នាក់ក៏និយាយឡើងដោយសម្លឹងមើលនួននារីដែលដេកសន្លប់នោះមិនព្រិចដូចជាចង់ស៊ីនាងទាំងរស់។
“ថ្លើមធំ! ឈាមស្រីក្រមុំនេះជារបស់យើង ពួកឯងគ្មានសិទ្ធិប៉ះទេ!” សំឡេងរបស់ស្ត្រីនោះឮខ្ទ័ររំពងពេញព្រៃរហូតដាស់អារម្មណ៍នាងក្រមុំដែលដេកមិនដឹងអីឲ្យភ្ញាក់ឡើងបើកភ្នែកសន្សឹមៗមើលទៅជុំវិញខ្លួន រួចក៏ឃើញពួកមនុស្សចម្លែកអស់នោះកំពុងអង្គុយជុំវិញខ្លួន ចំណែកមើលទៅដៃជើងរបស់នាងក៏ត្រូវគេចងរឹតរើទៅណាក៏មិនរួច។ នរនាថចាប់ផ្តើមភ័យបុកពោះនៅពេលដែលឮថាគេចង់ផឹកឈាមរបស់នាង ប៉ុន្តែឲ្យធ្វើម្ត៉េចបើខ្លួនជាប់ចំណងកម្រើកមិនទាំងរួចផង។មាណវីរហ័សធ្វើពុតជាសន្លប់វិញនៅពេលដែលឃើញស្ត្រីម្នាក់ស្រាប់តែក្រឡេកមកមើលខ្លួន។ មានតែវិធីនេះទេដែលអាចស្តាប់ឲ្យយល់ការណ៍រួចឆ្លៀតឱកាសលួចរត់ឲ្យបាន។
YOU ARE READING
រឿង នាងញាណពិសេស
Fantasyធ្លាប់តែរស់នៅដោយប្រើប្រាស់ជីវិតធម្មតាដូចមនុស្សទូទៅ តើនាងនឹងផ្លាស់ប្តូរខ្លួនបែបណានៅពេលដឹងថា...នាងមានញាណពិសេស?