នឹកបងថ្លៃពេក ចង់មកជួប មកដល់ជួបសត្រូវបងថ្លៃមុន ខិខិ
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៤៧(បើកទ្វារ!!!!!) សំឡេងស្រែកលាន់សន្ធឹកដូចជាកញ្ចែបន្លឺឡើងពីក្នុងបន្ទប់បិទជិតក្បែរនោះ កូនចៅរបស់ដេនឌ្រីក៍សំឡឹងមើលមុខគ្នាក្នុងន័យហត់ចិត្តជាទីបំផុត ដូចជានាងមិនមែនទើបតែស្រែកបែបនេះម្ដងនោះទេ។
"មិនដែលឃើញទេ ស្រីស្អីមានកម្លាំងស្រែកលះៗចង់មួយម៉ោងបែបនេះ" ពួកគេអង្គុយកាន់ចម្រៀកនំបុ័ងកាត់រៀងៗខ្លួន តែរឿងតែមួយដែលពួកគេគិតរួមគ្នានោះ គឺជាសំឡេងស្រែកគ្មានត្រាប្រណីរបស់ស្រីម្នាក់ដែលពួកគេចាប់យកមកនោះ។
"លោកបងយើងស្ត្រេស៍ជាមួយនាងនេះខ្លាំងពេក គាត់ឡើងម៉ូតូជិះដើរលេងបាត់ហើយ"
"លោកបងមិនទាំងទាន់បានឃើញមុខនាងម្នាក់នេះផង យើងថាពេលដែលលោកបងត្រឡប់មកវិញហើយលឺនាងស្រែកមិនឈប់បែបនេះ យើងគិតថានាងច្បាស់ជាមិនរួចខ្លួននោះ"
(ប្រាប់អាបងធំឯងនោះថាឲ្យបងទ្វារ! ២នាទីទៀតបើទ្វារមិនបើក...)
"អើ! បើមិនបើកវាយ៉ាងមិច?" ប្រុសៗដែលឈរយាមនោះក៏ឆ្លើយតប តែពួកគេក៏បែរភ័យកាលបើទ្វារនោះរង្គើលាន់គ្រាំង ដូចជាកម្លាំងយក្សធាក់បំប៉ើងអញ្ចឹង។
(បើមិនចង់អស់លុយដូរទ្វារក៏ឆាប់បើកឲ្យយើង)
នាងមិនត្រឹមតែមិនខ្លាចសំឡេងគម្រាមរបស់ពួកគេ នាងថែមទាំងស្រែកគម្រាមបកពួកគេពីខាងក្នុងមកវិញថែមទៀតផង។
"ធ្វើយ៉ាងមិចទៅ.. គ្រាំង! ហ៊ើយ" ពួកគេស្រែកអោបគ្នាកាលបើទ្វាររង្គើម្ដងទៀត នេះទ្វារពួកគេជាទ្វារដែក មាំដូចជាទ្វារឃ្លាំង តែនាងល្អិតនៅខាងក្នុងប្រើកម្លាំងធាក់ឡើងរង្គើបែបនេះ វាមិនមែនជារឿងធម្មតានោះទេ។
(សល់តែ១នាទីទេណា៎)
"យើងថា..គ្រាំង"
"បើកក៏បានៗ ឈប់ធាក់ទៅ យើងសុំចិត្តនាង" ដោយសារតែគម្រាមក៏មិនបានផល សម្លុតរឹតតែមិនបានផលថែមទៀត កូនចៅទាំងពីរនាក់ដែលមាននាទីចាំយាមទ្វារនោះក៏ចូលទៅចាក់បើកសោរទ្វារនោះ គ្រាន់តែបើកភ្លាមនាងតូចដែលស្រែកមុននោះក៏រត់ស្ររចេញមក តែពួកពីរនាក់ក៏ចាប់នាងក្រៀកជាប់រួចរុញស្រីតូចចូលទៅខាងក្នុងបន្ទប់វិញ។
"លែងយើង.."
"ស្ងាត់មាត់!" សំឡេងស្រួយស្រៈបន្លឺឡើងមិនទាន់បានអស់មួយសំឡេងផងក៏ត្រូវបុរសប៉ុន្មាននាក់ស្រែកគំហកដាក់នាងទាំងកម្រោលតែម្ដង ស្រីតូចក្នុងឈុតអាវចាក់ សក់ក្រងបើកភ្នែកមូលក្រឡង់សំឡឹងមើលទៅបុរសៗសម្ដីអាក្រក់ទាំងនោះ មើលមិនដាក់ភ្នែកសោះហាក់បីដូចជាខឹងសម្បារដែលពួកគេហ៊ានមកស្រែកគំហកដាក់ខ្លួន។
"មើលមុខស្អី? តិចត្រូវ.."
"សាកទៅ! បងប្រុសយើងច្បាស់ជាមកដំក្បាលពួកឯងបោះចូលត្រែងបន្លែជាមិនខានទេ.." ពួកគេគិតថានាងជាស្រីទន់ខ្សោយ ខ្លាំងបានតែពេលចាប់បានលើកដំបូង តែអត់ទេ! នេះពួកចាប់នាងមកអស់មួយស្រប៉ក់ធំហើយ នាងក៏នៅតែមាត់រឹងដដែល។
"ពូកែណាស់នាងនេះ! ស្មានតែយើងមិនហ៊ានហ្អេស៎?"
"យើងរកតែអាអ្នកហ៊ានហ្នឹងតើ! មិចក៏មិនចូលមក"
(បានហើយ!)
"លោកបងដេនឌ្រីក៍!" ការប៉ះពារពាក្យសម្ដីរវាងពួកគេនឹងនាងល្អិតជាជនប្លែកមុខនោះក៏ត្រូវបានបញ្ចប់ កាលបើមានវត្តមានមនុស្សប្រុសម្នាក់ទៀតចូលមក កាយមាំខ្ពស់ ទ្រូងហាប់ពើងដូចជាអ្នកមានកម្លាំងពលាំងនិងចំណាប់ខាងកីឡា ដេនឌ្រីក៍ដើរចូលមកមុននិងទាញមួកសុវត្ថិភាពពីក្បាលបង្ហាញឲ្យអ្នកឈរមើលឃើញសក់ពណ៌ទង់ដែងដ៏សែនរលាស់របស់គេឯណោះ។
"ក្នុងផ្ទះក៏ពាក់មួក លោកខ្លាចគេចូលមកកាប់ដល់ក្នុងផ្ទះមែនទេ?" មិនត្រឹមតែមិនខ្លាចកូនចៅរបស់គេទេ សូម្បីតែអ្នកដែលជាមេកើយគេក៏ស្រីតូចមិនទុកមុខឲ្យដែរ ដេនឌ្រីក៍ងាកបែរមើលទៅរាងកាយតូចដែលឈរនៅជ្រុងម្ខាងឆ្ងាយពីពួកគេនោះ គេមិនគិតច្រើនក៏បោះជំហានមួយៗចូលទៅរកនាង ការដើរទៅទាំងមុខស្មើគឺគេមានបំណងចង់បំភ័យស្រីជើងល្អម្នាក់នោះ តែនាងខុសពីអ្វីដែលគេគិតតែម្ដង នាងក្លាហាន នាងមិនខ្លាចគេសូម្បីតែបន្តិចតែម្ដង គេដើរចូលនាងក៏ដើរមករកគេ ថែមទាំងមើលមុខគេជាប់មិនដកភ្នែកទៀតផង។
"នាងមកពីណា? ចង់បានស្អី?" ដេនឌ្រីក៍បញ្ឈប់ដំណើរខ្លួនឯងរួចបន្ទន់ខ្លួនដើម្បីអាចឲ្យមុខគេសំឡឹងមើលចំមុខនាង មុខមាត់នាងបែបធម្មជាតិ គ្មានជាតិម៉្សៅក្រែមអីជាប់បន្តិចសោះ តែក៏ភ្លឺថ្លាទាក់ទាញគេឲ្យមើលនាងមិនទម្លាក់ភ្នែកចុះ ស្រីម្នាក់នេះមើលទៅដូចជាមិនមែនជាក្មេងធម្មតាទេ។
"យើងមករកបងប្រុសយើង! ហើយពួកលោកឯងជានរណា? បានជាគ្រាន់តែអ្នកដំណើរដើរហើរចូលមកក៏ចាប់ជម្រិតបង្ខិតបង្ខំធ្វើដូចគេជាជនល្មើសនោះ?"
"បងនាងជានរណា? វាជាអ្នកណានិយាយមក.."
(គឺខ្ញុំលោកបង..)
ការស្រែកគំហករបស់ដេនឌ្រីក៍ត្រូវបានកាត់ផ្ដាច់ត្រឹមសំឡេងអ្នកដែលឧទានទទួលស្គាល់ជាសាច់ញាតិរបស់ក្មេងម្នាក់នេះបន្លឺឡើងពីក្រោយខ្នងគេ ដេនឌ្រីក៍ងាកបែរទៅក៏ឃើញថាជាជេខេនិងភរិយារបស់គេ។
"បងថ្លៃ ហិហិ" ការដែលបងប្រុសបង្កើតចូលមកជួយជីវិតស្រីតូចវាមិនបានធ្វើឲ្យនាងរំភើបដូចជាបានឃើញបងថ្លៃនាងមកជាមួយជាគ្នានោះទេ នាងប្រញាប់រត់បំបុកស្មាដេនឌ្រីក៍រួចចូលទៅអោបមាល៍លីនជាប់។
"ខ្ញុំនឹកចង់ជួបបងថ្លៃណា៎ អឺម! សុំថើបថ្ពាល់មួយទៅមើល"
"លូសុី! លូសុីកុំទាន់ បងគិតថាពេលនេះមិនល្អទេ" មាល៍លីនទោះជានាងចង់ស្វាគមន៍ប្អូនថ្លៃបែបណា នាងក៏នៅគិតថាពេលនេះវាមិនមែនជាពេលដែលសាកសមដែរ។
"លូ..លូសុីហ្អេ៎?" នាងតូចកាលបើលឺសព្វនាមដែលបងថ្លៃហៅនាង ស្រីតូចក៏រៀងភ្ញាក់បន្តិច។
"ឃើញទេ? ប្រាប់ហើយថាឲ្យលេបថ្នាំឲ្យទៀងទាត់មិនស្ដាប់ សុំទោសណា៎លោកបងដេន ប្អូនស្រីខ្ញុំនាងមានការភ្លេចភ្លាំងច្រើន ហើយសម្ដីក៏មិនសូវជាល្អ បើសិនជាមុននោះនាងនិយាយអ្វីរឺក៏ធ្វើអ្វីប៉ះពាល់ដល់បង ឲ្យពួកយើងសុំទោសជំនួសនាងផង លូសុី! ឆាប់សំពះសុំទោសលោកបងទៅ" ជុងហ្គុកគៀសដៃប្អូនស្រី បង្ខំនាងឲ្យទម្លាក់ភាពឆ្មើងឆ្មៃដោយការលើកដៃសំពះសុំទោសប្រុសម្នាក់នោះ នាងតូចក៏មិនប្រកែកហើយលើកដៃឡើងសំពះសុំទោសដេនឌ្រីក៍ អ្នកដែលឈរឲ្យគេសំពះនោះក៏រៀងបានចិត្តដែរ គេឈរស្ងៀមពើងទ្រូងបែបក្នុងនាមជាអ្នកឈ្នះ។
"អ៊ីចឹងពួកយើងសុំលាលោកបងទៅផ្ទះសិនហើយ មេឃវាដូចជាចង់ងងឹតហើយ" ម្ដងនេះមាល៍លីននាងក៏ជាអ្នកឆ្លើយតបជំនួសម្ដង ដេនឌ្រីក៍មិនបាននិយាយអីច្រើនក៏ងក់ក្បាលយល់ព្រមឲ្យនាងព្រមទាំងគ្រួសារស្វាមីចេញទៅ។
ខណៈដែលពួកគេបែរខ្នងចាកចេញទៅ ដេនឌ្រីក៍ក៏តាមមើលមុននិងប្រទះឃើញនាងល្អិតដែលគេចាប់មកនោះ លើកម្រាមដៃកណ្ដាលនៃដៃទាំងសងខាង បង្ហាញមកគេពីក្រោយខ្នងយ៉ាងព្រហើន នាយមិនបាននិយាយអីច្រើនមានតែទល់អណ្ដាតខ្លួនឯងក្រោយឃើញរឿងនោះ។
"ស្រីព្រហើនម្នាក់នេះជានរណាឲ្យប្រាកដ? យើងចង់ដឹង..ហើយក៏ចង់សាក"ត្រឡប់ទៅកាន់ផ្ទះវិញ កាលបើពួកគេចូលហួសមកក្នុងផ្ទះជុងហ្គុកក៏ប្រញាប់ងាកមើលឆ្វេងស្ដាំរួចទាញទ្វារបិទលាន់គ្រាំង។
"ខ្ញុំអាចអោបបងថ្លៃបានហើយមែនទេ? ហិហិ" គ្រាន់តែចូលមកដល់ក្នុងផ្ទះ ស្រីស្រស់ក៏អោបមាល៍លីនជាប់ណែន អ្នកម្ខាងទៀតក៏លែងប្រកែក មានតែញញឹមរួចលាដៃអោបប្អូនថ្លៃស្រីវិញទាំងសប្បាយចិត្ត។
"ឯងនេះគ្មានដឹងគ្រោះថ្នាក់ស្អីសោះ ប្រាប់ប៉ុន្មានដងហើយថាបើគ្មានបញ្ជាហាមមក" ជុងហ្គុកក្រៅពីសប្បាយចិត្តដែលបានជួបប្អូនស្រី គេក៏នៅឆ្លៀតស្ដីថាឲ្យភាពក្លាហានហួសហេតុរបស់នាងថែមទៀត។
"អ្នកណាឲ្យបងក្រចេញបញ្ជាធ្វើអី? ប្អូនស្រីមកពីបរទេសទាំងមូល សូម្បីតែទៅទទួលនៅព្រលានយន្តហោះក៏គ្មាន នេះនៅហ៊ានមកស្ដីថាឲ្យពេលខ្ញុំមករកទៀត?"
"ដេនដាលី!!!" ដេនដាលី ហ្សាម៊ែនតូស, នេះទើបជាឈ្មោះដែលស្រីតូចទទួលយក ហើយវាក៏ជាឈ្មោះពិសេសដែលម្ដាយឪពុកនាងបានដាក់ឲ្យតាំងពីកើតមក។
"ហើយបងកើតអីបានជាសុខៗហៅខ្ញុំថាលូសុីបែបនោះ?"
"វាជាឈ្មោះរបស់ឯងចាប់ពីពេលនេះ ដរាបណាឯងមិនទាន់ចេញពីទីនេះ ឈ្មោះរបស់ឯងគឺលូសុី.. ស្ដាប់បានទេ?"
"បងកុំសម្លុតដាលីពេក.."
"នាងបិទមាត់ទៅ!" ជុងហ្គុកគំហកដាក់មាល៍លីនទាំងនៅខឹង។
"សម្លុតបងថ្លៃខ្ញុំហ្នឹង តិចទះបែកមាត់អាលូវ" ដាលីនិយាយរួចក៏អោបមាល៍លីនជាប់ដៃ ជុងហ្គុកក្រវីក្បាលហួសចិត្តនិងស្រីៗទាំងពីរនាក់នេះ ជួបគ្នាមិនទាន់បានមួយល្ងាចផងក៏ការពារគ្នាថ្នាក់ហ្នឹងទៅហើយ៕
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romanceភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ