ភាគទី៥១

1K 47 0
                                    

#មកដល់ហើយ

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៥១

ពន្លឺព្រះអាទិត្យចាប់អាប់រស្មី កម្ដៅថ្ងៃក្ដៅហែងត្រូវប្ដូរមកជំនួសដោយខ្យល់ត្រជាក់ស្រេបកាត់ស្បៃរាត្រីវិញ ផ្ទះដែលក់ទំនិញនាពេលថ្ងៃក៏ត្រូវបិទការលក់ដូរ ជំនួសវិញនូវអ្នកលក់ដែលតែងតែបើកតូបលក់គ្រឿងអាហារផ្សេងៗនាពេលយប់។
"ហ៊ឹម" សំឡេងចេចចាច៎របស់អ្នកលក់ទិញដូរនៅខាងក្រៅដូចជាកណ្ដឹងដាស់អ្នកដែលគេងឃ្លុំភួយលើពូកឯណោះឲ្យភ្ញាក់ពីដំណេកដ៏យូរលង់របស់នាង។
"នេះម៉ោងប៉ុន្មានហើយហ្នឹង? អឺម.." នាងតូចហើបត្របកភ្នែកឡើងទាំងធ្ងន់ក្បាលត្រដុក អាការៈនាពេលនេះក៏រំលឹកនាងទៅដល់ការផឹកសុីយ៉ាងជោគជាំរបស់នាងជាមួយនិងកូនចៅរបស់ដេនឌ្រីក៍ឯណោះ ស្រីតូចប្រញាប់រើបម្រាស់ខ្លួនក្រោក ព្រោះនាងភ្ញាក់ត្បិតពេលនេះវាយប់ងងឹតស្លុបបាត់ទៅហើយ។
"ព្រះអើយ! នេះយើងបានធ្វើស្អីខ្លះទៅ? យើងមានធ្វើឲ្យខូចការណ៍អ្វីរបស់លោកម្ចាស់ទេ? ហ៊ើយ! នាងមាល៍អើយ មិនគួរទេ មិនគួរផឹកជ្រុលថ្នាក់ហ្នឹងទេ ហ៊ឹស" ក្រោកពីដំណេកមិនទាន់ រឿងដំបូងដែលនាងខ្វាយខ្វល់មិនមែនជាសុខភាពរបស់ខ្លួនឯង តែជារឿងការងារដែលស្វាមីនាងកំពុងតែបំពេញនោះទៅវិញ មាល៍លីនទម្លាក់ជើងចុះជាន់នៅលើឥដ្ឋត្រជាក់ស្រេបយ៉ាងតក់ក្រហល់ នាងបោះជំហានបំណងចង់ឈានចេញទៅខាងក្រៅ តែទ្វារក៏របើកឡើងបង្ហាញវត្តមានរបស់មនុស្សម្នាក់ចូលមកវិញ។
"ដាលី?"
"នេះបងថ្លៃក្រោកហើយមែនទេ?" ដាលីបើកទ្វារចូលមកមិនមែនដៃទទេ នាងនាំយកនូវថាសអាហារដែលមានគ្រប់ដូចជាម្ហូបនឹងទឹកហាក់ដូចជាយកមកឲ្យនាងញ៊ាំនៅទីនោះ មិនឲ្យពិបាកចេញទៅខាងក្រៅបន្ទប់។
"លោកម្ចាស់មិននៅផ្ទះទេមែនទេ?" គ្រាន់តែមាល៍លីននិយាយរំលឹកដល់ជុងហ្គុកភ្លាម ទឹកមុខដាលីក៏ស្រាប់តែប្រែប្រួលមួយរំពេច ស្រីតូចទម្លាក់ទឹកមុខ មុននិងដាក់ថាសចុះលើតុក្បែរកន្លែងដែលមាល៍លីនកំពុងតែឈរ មាល៍លីនឯណេះវិញ ឃើញប្អូនថ្លៃបង្ហាញទឹកមុខបែបនេះ នាងក៏បែរមានអារម្មណ៍មិនស្រួលដែរ។
"បងប្រុសនៅខាងក្រៅឯណោះ តែគាត់ថាមិនចង់ជួបបងទេ" ពាក្យថាគេមិនចង់ជួបនាងតែប៉ុណ្ណេះ វាក៏អង្រួនចិត្តឲ្យមាល៍លីនអន្ទះអន្ទែងរកអ្វីប្រៀបផ្ទឹមពុំបានតែម្ដង ដំបូងនាងគិតថានាងប្រហែលជាមិនបានបង្ករឿងអ្វីធ្ងន់ធ្ងរនោះទេ តែអត់ទេ! នាងប្រហែលជាបង្កបញ្ហាធំអ្វីមួយហើយ មិនមែនសុខៗលោកម្ចាស់ប្ដូរផ្លាស់ទៅជាបែបនេះឡើយ។
"ហេតុអីទៅដាលី? បងធ្វើអ្វីខុសមែនទេ? បងធ្លោយមាត់និយាយរឿងអ្វីនាំឲ្យខូចការងារមែនទេ?"
"គឺ..បងស្រីធ្លោយមាត់និយាយរឿងខ្លះពិតមែន" ដោយឃើញថាបងថ្លៃអន្ទះអន្ទែងខ្លាំងពេក ដេនដាលីក៏និយាយបង្ហើបប្រាប់នាងបន្តិច មាល៍លីនឯណេះក៏ទម្លាក់ខ្លួនអង្គុយលើពូក លើកដៃទាំងសងខាងជ្រប់មុខខ្លួនឯងថ្នមៗទាំងភ្នែករលីងរលោងចង់យំ ដេនដាលីច្បូញមាត់មើលទៅបងស្រីបន្តិចរួចទើបចូលទៅដាក់ខ្លួនអង្គុយក្បែរមាល៍លីន។
"បងថ្លៃ.."
"បងមិនគិតថាខ្លួនឯងល្ងង់ថ្នាក់ហ្នឹងទេ ហ៊ឹក!" ការកាន់ប៉ះស្មារបស់ដេនដាលីកាន់តែជម្រុញឲ្យមាល៍លីននាងកម្សួលក្នុងទ្រូងលើសដើមថែមទៀត ស្រីតូចងើបមើលប្អូនថ្លៃទាំងទឹកភ្នែកដក់និងថ្នក់ភ្នែកតែម្ដង នាងសាកសមតែត្រូវលោកម្ចាស់ស្ដីបន្ទោសនិងហៅថាជាមនុស្សល្ងង់មិនខុសពិតមែន។
"មិនបានទេ! បងមិនអាចនៅយំបែបនេះទេ.." អង្គុយយំសោកសុខៗមាល៍លីននាងក៏ប្រញាប់ជូតទឹកភ្នែកខ្លួនឯង នាងលូកយកបូរចងសក់យកមកចងនិងក្បាលរួចដើរចេញទៅបាត់ ទុកឲ្យដេនដាលីនៅអង្គុយមើលនាងទាំងបើកភ្នែកម៉ក់ៗ នាងតូចក្រវីក្បាលថ្នមៗរួចលូកដៃទាញផ្លែឆេរីដាក់ចូលមាត់មួយគ្រាប់។
"បើមានបងប្រុសបែបនេះតែបីបួននាក់ទៀត យើងច្បាស់ជាឆ្កួតស្លាប់មិនខានទេ ហ៊ឹសៗ" មាល៍លីននាងនិយាយមិនខុសមែន បងប្រុសនាងជាមនុស្សប្រុស តែក៏រឿងច្រើនផុតលេខតែម្ដង រឿងច្រើនជាងមនុស្សស្រីទៅទៀតនោះ។

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now