ភាគទី៦៦

1K 48 1
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៦៦

"បានមាត់បានករណាស់ន៎ នាងច្រម៉ក់?"
"ក៏..ព្រោះលោកម្ចាស់ជាអ្នកបង្រៀនខ្ញុំនោះអី ហិ" ដៃតូចស្រឡូនលើកចុចពពុះសាប៊ូដែលនៅជាប់លើមុខស្វាមី នាងមើលគេម្ដងហើយម្ដងទៀត នាងប្រាប់ខ្លួនឯងថាឲ្យឈប់ខ្លាចគេ ឈប់រអៀសខ្លួនជាមួយនិងគេទៀត យប់មិញពួកគេទាំងពីរចំណាយពេលនៅជាមួយគ្នា និយាយគ្នាច្រើនណាស់ ការអោបថើបបង្ហាញពីការយល់ចិត្តនិងព្យាយាមផ្សះផ្សាស្នាមរបួសផ្លូវចិត្តពួកគេទាំងពីរនាក់ ជុងហ្គុកគេក៏កែប្រែច្រើនណាស់ដើម្បីនាង នាងក៏គួរតែហាត់ពត់ខ្លួនឯងដើម្បីគេដូចគ្នា។
"យើងបង្រៀនអីខ្លះ? និយាយទៅមើល" ជុងហ្គុកក្រសោបអោបទាញនាងមកកាន់តែកៀកជាប់ខ្លួនតែម្ដង មុខនាងក៏ខិតមកកាន់តែជិតៗនឹងផ្ទៃមុខស្វាមី ជិតដល់ថ្នាក់បើនាងងើបតែបន្តិច មាត់នាងក៏នឹងប៉ះបបូរមាត់ក្រាស់របស់គេ។
"លោកម្ចាស់បង្រៀនឲ្យខ្ញុំហ៊ានប្រឈមមុខនឹងកំហុសគ្រប់យ៉ាង បង្រៀនឲ្យខ្ញុំក្លាយខ្លួនជាមនុស្សធំដែលចេះនឹកគិតចង់ជួយនិងបំពេញតួនាទីជាប្រពន្ធម្នាក់ ហើយ.."
"ហើយយ៉ាងមិច? ហ៊ឹម!!!" លោកម្ចាស់និយាយសួរបំណងចង់ស៊កសៀតសម្ដីទៅកាន់នាង តែការសួរក៏បញ្ឈប់ត្រឹមពេលដែលមាល៍លីនងើបបបូរមាត់ថើបគេ ស្រីតូចថើបមួយខ្សឺតក៏ដកមាត់មកវិញ តែអ្នកដែលត្រូវគេថើបមិនព្រមបញ្ចប់នោះទេ គេចាប់កញ្ចឹងករនាងជាប់ហ្នឹងរួចក៏ថើបមាត់នាងយ៉ាងបុិនប្រសព្វជាទីបំផុត ការថើបកើតឡើងនៅកន្លែងមិនសាកសម តែចិត្តស្រឡាញ់នឹងអារម្មណ៍ត្រូវការក៏បង្ខំឲ្យពួកគេបញ្ចេញវានាពេលនេះ ជុងហ្គុកលើកដៃស៊កក្រោមចង្កេះបំណងចង់បីនាង តែមាល៍លីនក៏លូកដៃគោះស្មាគេតិចៗទាមទារចង់ឃាត់។
"ហ៊ឹម! ខ្ញុំត្រូវបោកអាវបន្តសិន"
"អ្នកណាឲ្យប្រពន្ធយើងមកអង្គុយអោនងើបៗបោកទាំងព្រឹកបែបនេះ មើលចុះស្រពន់ដៃអស់ហើយ" ដៃម្ខាងកាន់ទប់នាងឲ្យអង្គុយលើកៅអីតូច ចំណែកដៃម្ខាងទៀតក៏ទ្ររលើកដៃនាងយកមកមើលព្រមជាមួយនិងការចងចិញ្ចើមបែបបារម្ភ មាល៍លីនក៏សំឡឹងមើលទៅនាយព្រមជាមួយនិងស្នាមញញឹមដែលពោរពេញដោយក្ដីស្រឡាញ់។
"លោកម្ចាស់នឹងទៅធ្វើការទេ? ចាំខ្ញុំរៀបឈុតឯកសណ្ឋានជូន"
"មិនបាច់ទេ ចាំយើងធ្វើខ្លួនឯងចុះ ព្រោះព្រឹកនេះនាងធ្វើខ្លួនជាក្មេងល្អ"
"ចុះរាល់ដងខ្ញុំជាក្មេងមិនល្អមែនទេ?" មាល៍លីននិយាយទៅកាន់គេ នាំស្នាមញញឹមគេឲ្យរីកសុះសាយមកលើផ្ទៃមុខ ជុងហ្គុកក៏ទម្លាក់ការថើបមួយខ្សឺតទៀតនៅលើមាត់នាងរួចទើបដកមកវិញ ឲ្យនាងអង្គុយត្រង់ខ្លួន។
"នាងជាក្មេងដែលខូច យើងចង់តែប្រដៅនាងដូចកាលពីយប់មិញទៀតទេ ហ៊ឹស" លោកម្ចាស់ក៏ឈ្លីក្បាលនាងតិចៗរួចក្រោកដើរចេញទៅបាត់ ស្រីតូចក៏បានត្រឹមតែញញឹមរួចធ្វើការរបស់នាងបន្ត នាងលើកដៃប៉ះមាត់ខ្លួនឯងរួចភ្ញាក់បន្តិច ត្បិតនាងភ្លេចខ្លួនថានាងបានលាបក្រែមតាំងពីព្រឹក។
"ចុះលោកម្ចាស់ថើបញក់ញីយើងមុននោះ មាត់គេច្បាស់ជាប្រឡាក់ដែរហើយ" មាល៍លីនគិតហើយក៏លួចសើចបន្តិច នេះគេប្រហែលជាមិនបានដឹងខ្លួននោះទេ ច្បាស់ជាខ្មាសគេស្លាប់ហើយ។
...
៣០នាទីក្រោយ..
ដំណើរបោះជំហាននាំនាយសង្ហាក្នុងឈុតឯកសណ្ឋានឧត្តមសេនីយ៍ចុះមក គេឲ្យហ្វាន៍លីងមកប្រាប់ហ្វ្រេដថាគេឡើងទៅជាន់លើដើម្បីរៀបខ្លួនយកឯកសារមួយភ្លែត តែគេក៏ឡើងបាត់ស្ងាត់ដល់ទៅជិតកន្លះម៉ោងឯណោះ ទើបតែពេលនេះគេត្រឡប់មកវិញ។
"លោកឧត្តមសេនីយ៍-អូ..." អារម្មណ៍និងសម្ដីដែលរៀបចំចង់សួរទៅកាន់ចាស់ទុំក៏ត្រូវខ្ជប់ទុក ព្រោះតែថាលោកម្ចាស់ចុះមកលើនេះនាំយកនូវស្នាមប្រឡាក់គួរឲ្យសង្ស័យចុះមកជាប់និងបបូរមាត់តែម្ដង។
"ញ៊ាំអាហារទៅនិងអាលបានទៅបន្ទាយបន្ត" ជុងហ្គុកដាក់ខ្លួនអង្គុយចុះ រៀបចំកាន់ស្លាបព្រាសម មុននិងនិយាយទៅកាន់ហ្វ្រេដ តែគេក៏បែរជាងាកបែរមកឃើញហ្វ្រេដអង្គុយភាំងចំហមាត់មើលមកគេវិញ។ នាយទម្លាក់ដៃម្ខាងប៉ះមាត់ខ្លួន មុននិងទល់អណ្ដាតញញឹមបន្តិច។
"លោកឧត្តមសេនីយ៍ទៅប្រឡាក់អីមកហ្នឹង?"
"ឆ្មាខាំ.."
"អូ! ផ្ទះនេះមានឆ្មាដែររឺ? ខ្ញំមិនដែល-"
"ឆ្មាឈ្មោះមាល៍លីន" ចម្លើយឆ្លើយតបរបស់ជុងហ្គុកក៏ធ្វើឲ្យហ្វ្រេដខ្ជឹបមាត់ រមួលខ្លួន នេះមិនស្មានថាលោកឧត្តមសេនីយ៍និងប្រពន្ធសុីជម្រៅនិងគ្នាដល់ថ្នាក់នេះសោះ។
ជុងហ្គុកឯណោះគេក៏ញញឹមរួចដួសអាហារដាក់ចូលមាត់ ការញ៊ាំអាហាររបស់ពួកគេក៏បន្តរហូតទាល់តែម្នាក់ៗញ៊ាំអស់ពីចានតែម្ដង ជុងហ្គុកក៏ជូតមាត់រួចក្រោកឡើងព្រមគ្នាជាមួយនិងហ្វ្រេដទីក៍។
"កុំទាន់ទៅបងសម្លាញ់" សំនួនភាសាស្រែកឃាត់នោះប្រៀបដូចជាច្រវ៉ាក់ឃាំងឃាត់លោកម្ចាស់មិនឲ្យចេញ នាយងាកបែរមកមុននិងឃើញមាល៍លីនកាន់យកសក្ដិយកមកពាក់លើអាវរបស់គេ។
"មិញនាងហៅយើងថាបងសម្លាញ់ហ្អេស៎?"
"ហៅបងសម្លាញ់ហើយក៏ចង់មកប្រាប់ថាស្រឡាញ់ខ្លាំងដែរ ជុប៎"នាងតូចនិយាយរួចក៏ជំទើតជើងថើបថ្ពាល់ស្វាមីមួយខ្សឺត ជុងហ្គុកឯណោះក៏រីកទ្រូងដូចជាគេសប់បំប៉ោង។
"នាងធ្វើឲ្យយើងអស់អារម្មណ៍ទៅធ្វើការហើយមាល៍លីន"
"ឆាប់ត្រឡប់មកវិញ អូនចាំ"

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now