ភាគទី៨០

933 37 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៨០៖ ការពិតខ្លះ..

តាមផ្លូវទៅកាន់ប្រទេសជប៉ុន ជុងហ្គុកនិងមាល៍លីនក៏មិនបានសម្រាកខ្លួនអ្វីច្រើនដែរ ពួកគេគេងតែប៉ុន្មានម៉ោង សល់ប៉ុន្មានទៀតពួកគេនៅអង្គុយកៅអីអ្នកដំណើរក្បែរគ្នា ព្យាយាមពិនិត្យមើលទៅកាន់ថេបលេតតែមួយដោយយកចិត្តទុកដាក់ប្រៀបបីដូចជាកំពុងតែផ្ចង់អារម្មណ៍ទៅលើអ្វីម៉្យាងអញ្ចឹង។
"អញ្ចឹងនេះគឺជាលោកប៉ាខ្ញុំត្រូវទេ?"
"ឃ្លូស! បើមិនមែនជាលោកប៉ានាងអញ្ចឹងគាត់ចាំបាច់ពរនាងហើយសើចស្ញេញធ្វើអី? ក្មេងនេះចំពិតមែន" កាលបើខួរក្បាលនាងមានតែចម្ងល់ខ្លាំងពេក ជុងហ្គុកគេទ្រាំមិនបានក៏ខោកក្បាលនាងមួយដៃលាន់ឃ្លូស មាល៍លីនដកខ្លួនពីការច្រត់កៅអីរួចលើកដៃម្ខាងអង្អែលប៉ះក្បាលខ្លួនឯងត្រង់កន្លែងត្រូវគេខោកបន្តិច។
"ខ្ញុំចង់តែខឹងឯងទេ! ហ៊ឹស" ឲ្យតែពេលដែលនាងខឹងគេម្ដងៗ ភាសាសមរម្យដែលហៅគេថាលោកៗក៏រលាយអស់គ្មានសេសសល់តែម្ដង មានតែពាក្យឈ្លើយ វ៉ៃស្មើហៅគេថាឯងៗដូចជាមិត្តសម្លាញ់អាយុស្របាលៗគ្នាអញ្ចឹង។
"បើគិតតាមអាយុយើងអាចហៅនាងថាក្មួយបានណានាងច្រម៉ក់"
"ចេះមកស្រឡាញ់ស្រីក្មេង ក៏គួរតែចេះទទួលយកការពិតខ្លះផងទៅ ដឹងអត់?" មាល៍លីននិយាយឌឺដងផ្លែផ្កាឲ្យគេរួចទាញយកកាបូបដៃខ្លួនយកមកបើកមើលបន្តិច។
"រកមើលអី? ធ្វើដូចខ្លួនឯងចាំថាស្អីនៅកន្លែងណាកន្លែងណីអញ្ចឹង"
"មិនចងចាំតែក៏អាចមានអារម្មណ៍ដឹង! បើមិនបានជួយទេ កុំមាត់ច្រើនតិចខ្ញុំចាប់ឯងបោះតាមបង្អួចទៅ" ដឹងហើយលឺហើយថាបើសិនជាគេលូកសម្ដីទៅ នាងក៏នឹងបកសម្ដីឈ្លោះត្រឡប់មកវិញ តែជុងហ្គុកនាយមិនបានខ្លាច រឹតតែព្យាយាមស៊កសៀតសម្ដីឲ្យនាងខឹងសម្បារទៀត ព្រោះគេចូលចិត្ត ចូលចិត្តដែលឃើញនាងខឹងបែបនេះ។
មាល៍លីននាងនៅអង្គុយរុករើកាបូប ក្រោមភ្នែកសំឡឹងមើលជាប់ពីលោកម្ចាស់ជុងហ្គុក នាងតូចជ្រឹមចិញ្ចើមខ្លួនឯងបន្តិចមុននិងទម្លាក់កាបូបចុះ ព្រោះអស់លទ្ធភាពនឹងរកទៀតហើយ។
"កុំគិតច្រើន ចាំយើងឡើងទៅឆុងទឹកដោះគោក្ដៅៗឲ្យចុះ" ឃើញនាងស្មុគស្មាញ ជុងហ្គុកក៏លូកដៃម្ខាងក្ដាប់ស្មានាង ផ្ដែផ្ដាំតិចតួចមុននិងក្រោកឡើងទៅកាន់កាប៊ីនដែលមានកន្លែងឆុងទឹកក្ដៅឯណោះ មាល៍លីននាងក្ដាប់មាត់តិចៗរួចទម្លាក់សម្បកកាបូបដែលគ្មានអីវ៉ាន់ប្រោកនៅលើកម្រាលក្រោមកៅអី។
ឆឹប!
សម្បកកាបូបដែលនាងគិតថាគ្មានអ្វីនោះក៏ធ្លាក់នូវរូបថតមួយសន្លឹកចេញមក មាល៍លីននាងចងចិញ្ចើមបន្តិចរួចលូករើសវាឡើងមកមើល តែនាងក៏ប្រញាប់ប្រញាល់ស៊កវាចូលហៅប៉ៅវិញ កាលបើអ្នកទើបចេញទៅមុននោះត្រឡប់មកវិញ។
"ទឹកដោះគោរបស់នាង!"
"អរគុណ" មាល៍លីនប្រញាប់លូកដៃទាំងសងខាងក្ដាប់កែវទឹកគោលើកយកមកផឹកតិចៗរួចមើលទៅក្រៅបង្អួចយន្តហោះវិញតាមធម្មតា យន្តហោះសំកាំងខ្លួនពីលើអាចឲ្យនាងបានឃើញពីផ្ទៃកោះដែលពួកគេឆ្លងកាត់នោះ នៅមិនប៉ុន្មានម៉ោងទៀតនាងក៏នឹងទៅដល់តូក្យូជួបលោកប៉ានាង។
"និយាយអញ្ចឹងលោកដឹងថាលោកប៉ានៅទីណាពិតទេ?"
"រឿងនាងមួយណាដែលថាយើងមិនដឹងនោះ?" ជុងហ្គុកអង្គុយអោបដៃគងអន្ទាក់ខ្លា ផ្អែកខ្នងនឹងកៅអីអ្នកដំណើរ ភ្នែកទាំងសងខាងបិទចុះ តែមាត់ក៏នៅអាចនិយាយឆ្លើយឆ្លងជាមួយមាល៍លីនបានដដែល។
"ដឹងគ្រប់រឿងបែបហ្នឹង ប្រហែលជាស្រឡាញ់កូនស្រីគេខ្លាំងហើយមែនអត់?"
"ស្អប់ច្រើនជាង"
"នែ!!!!" អ្នកដេកបិទភ្នែកនោះក៏អស់សំណើចពេលលឺនាងស្រែកចាច៎ ខឹងនឹងគេ មាល៍លីនក្ដាប់មាត់សម្លក់រហូតទាល់តែជុងហ្គុកទាញនាងយកមកអោបរួចអង្អែលបង្ខំនាងឲ្យដេកកើយទ្រូងគេ អ្នកទាំងពីរក៏ចំណាយពេលជាមួយគ្នានៅលើឧត្ថម្ភចក្រនោះរហូតទាល់តែដល់ពេលចុះចតនៅឯតូក្យូ។

ម៉ោង៧នឹង៤០នាទីព្រឹក
ពួកគេចំណាយពេលជាង១០ម៉ោងទម្រាំតែអាចធ្វើដំណើរមកដល់ទីក្រុងធំបំផុតដែលស្ថិតក្នុងប្រទេសជប៉ុន ឧត្ថម្ភចក្រហោះសំកាំងនៅលើផ្ទះបែបចំការមួយដែលមានសណ្ឋានដីទ្រវែង អ្វីដែលអាចឃើញច្បាស់នោះគឺដីទាំងមូលមានសុទ្ធតែដើមផ្លែប៉េស។ វាជាទស្សនីយភាពស្រស់ត្រកាលទាក់ទាញរង្វង់ភ្នែកនាងតូចមាល៍លីនឲ្យសំឡឹងមើលមិនដកភ្នែករហូតទាល់តែឧត្ថម្ភចក្រចុះចតដល់លើដីចំការភ្លាម។
"កូនមាល៍!" គ្រាន់តែទ្វារឧត្ថម្ភចក្របើក សំឡេងបុរសម្នាក់ក្នុងឈុតជាអ្នកចម្ការក៏បន្លឺហៅមាល៍លីនភ្លាម ស្រីតូចដែលធ្វើខ្លួនមិនត្រូវកាលពីប៉ុន្មានម៉ោងមុន ពេលនេះនាងក៏រំជើបរំជួលដល់ថ្នាក់យំ នាងតូចប្រញាប់ចុះយ៉ាងលឿនរួចរត់ចូលទៅរករង្វង់ដៃអ្នកដែលលាចាំនោះជាស្រេច។
"កូនមាល៍!"
"លោកប៉ា..ហ៊ឹក"នាងតូចយំគឃូសអោបបុរសចំណាស់ដែលនាងមិនអាចចំណាំបានក្នុងខួរក្បាល តែចិត្តនាងក៏កញ្ជ្រោលកាលបើឃើញគាត់ឈរនៅចំពោះមុខ មនោសញ្ចេតនាជាអ្នកនាំនាងឲ្យចូលមកអោបគាត់ យំសោកសង្រែងព្រោះតែគាត់ជាឪពុកបង្កើតរបស់នាង។
"កូនមិនអីទេហ្អេស៎? ចុះស្វាមីកូន-"
"លោករេអាន់?" សំឡេងគ្រលរបន្លឺពីក្រោយខ្នងមាល៍លីននាំឲ្យបុរសចំណាស់ងាកមើលទៅគេ តែគាត់ក៏ផ្លាស់ប្រែមកជាបើកភ្នែកធំៗប្រញាប់លូកដៃឃាត់ឃាំងមាល៍លីនឲ្យនៅក្រោយខ្នងគាត់ទៅវិញ។
"មាល៍! ហេតុអីក៏មកជាមួយគេ?"
"លោកប៉ា នេះគឺលោកឧត្តមសេនីយ៍ ស្វាមីកូនណា៎" កុំថាតែមាល៍លីនដែលងឿងឆ្ងល់ សូម្បីតែជុងហ្គុកឯណោះគេក៏ឆ្ងល់មិនខុសពីនាងដែរ នាយព្យាយាមចូលមកជិតតែលោករេអាន់ក៏លើកកណ្ដៀវច្រូតស្មៅចង្អុលមុខគេ។
"លោកប៉ា គេមិនបានអាក្រក់ទេ"
"តែម្ដាយគេជាអ្នកធ្វើឲ្យម៉ាក់កូនស្លាប់ កូនគួរតែភ្ញាក់ខ្លួនឡើងមាល៍.."
"ថាម៉េច?"

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now