ពេលវេលាដែលត្រូវសង
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៨៣"មាល៍លីន? នេះនាងចងចាំគ្រប់យ៉ាងពិតដែរទេ?" សំនួរមួយដ៏សែនចាក់ដោតបន្លឺចេញពីមាត់អ្នកកំពុងតែមានទោសកំហុសពេញខ្លួនឯណោះ ជុងហ្គុកសំឡឹងមើលនាងទាំងមានមន្ទិលរយលានក្នុងខួរក្បាល នាងនិយាយធ្វើដូចជាខ្លួននាងចងចាំបានគ្រប់យ៉ាង ទាំងដែលធ្វើដំណើរពេញមួយថ្ងៃមកនេះនាងគឺនៅអង្គុយក្បែរចាំស្ដាប់គេបកស្រាយគ្រប់សព្វ។
"ខ្ញុំមិនចេះកុហកបោកប្រាស់ដូចជាលោកទេ ដាច់ខាត!" មុនពេលដឹងរឿងគ្រប់យ៉ាងនាងមិនបានខ្លាចរិទ្ធិអំណាចរបស់គេសូម្បីតែបន្តិច ពេលនេះនាងបានដឹងលឺគ្រប់យ៉ាង ដឹងពីភាពកុហកបោកប្រាស់របស់គេទៀត នាងក៏កាន់តែលែងក្លបខ្លាចថែមទៀត មាល៍លីនកិលខ្លួនថយចេញពីគ្រែរនាប ចំពេលដែលជុងហ្គុកនាយចុះរួចតាមចាប់ករដៃនាងជាប់ដូចគ្នា។
"មាល៍លីន!" ក្រសែភ្នែកពោរពេញទៅដោយអារម្មណ៍ស្រពិចស្រពិល ភាពរងាឯកោក៏បង្ហាញឡើងក្នុងភ្នែកគេដែរ មកដល់ដំណាក់កាលមួយនេះ ទោះបីជាគេសាងកំហុសដ៏ធំមកលើនាង តែគេក៏មិនអាចដោះលែងនារីម្នាក់នេះទៅបានដែរ គេគ្មាននរណាទៀតឡើយក្រៅពីនាង។
"ស្ដាប់យើង! យើងដឹងថាយើងខុស.."
"លែងដៃកូនស្រីខ្ញុំ" ក្នុងពេលនេះមិនមែនតែមាល៍លីនម្នាក់ទេដែលហួងហែងខ្លួន សូម្បីតែលោករេអាន់ ឪពុករបស់នាងក៏ស្រែកបញ្ជាគេមិនឲ្យប៉ះពាល់នាងដែរ។
"អត់ទេ!" មិនថាឪពុកក្មេកស្ដីថា ភរិយារើបម្រាស់ខ្លាំងបែបណា ក៏មិនមែនជាបញ្ហាប្រឈមសម្រាប់មនុស្សប្រុសម្នាក់នេះដែរ គេកាន់ក្រសោបតែដៃនាងមិនអស់ចិត្ត ដៃមាំក្រលាស់ទាញកាយនាងមកអោបរឹតជាប់ដៃថែមទៀត គេកាន់ដៃនាងដោយដៃម្ខាង ចំណែកដៃម្ខាងទៀតក៏អោបរឹតនាងជាប់រកតែនាងដកដង្ហើមសឹងតែមិនដល់គ្នា។
"លែង! អឹស..លែងខ្ញុំទៅ ហ៊ឹស"
"អត់ទេ.."
"បងគ្មានថ្ងៃលែងអូនជាដាច់ខាត" សព្វនាមមួយដែលនាំកាយដែលរើបម្រាស់នោះឲ្យនៅស្ងៀមមិនរើបម្រាស់ មាល៍លីនស្ងៀមទ្រឹង ព្រោះនាងមិនរំពឹងថានឹងបានលឺគេហៅខ្លួនឯងបែបនេះ ជុងហ្គុកកាលបើអ្នកម្ខាងទៀតនៅស្ងៀម គេក៏គិតថានាងប្រហែលជាយល់ព្រមទទួលស្ដាប់ ទើបគេដកខ្លួនពីការអោប ដោះលែងដៃនាងឲ្យមានសេរីភាពវិញ។
ផាច់! ឌឿក..
គ្រប់យ៉ាងក៏ខុសពីការរំពឹងទុករបស់គេ គ្រាន់តែមាល៍លីនមានឱកាសបានរួចខ្លួនភ្លាម នាងក៏យារដៃទះគេមួយកំផ្លៀង ជើងវិញក៏យារទាត់ចំណុចសំខាន់គេមួយទំហឹងដល់គេដួលព្រូសអុកនឹងដៃ មាល៍លីនគ្មានពាក្យថាអាណិតរឺស្ដាយក្រោយដែលនាងធ្វើបែបនេះជាមួយគេនោះទេ។
"មនុស្សដូចជាលោក សាកសមនិងទទួលបែបនេះ" មាល៍លីនបញ្ចប់ការសន្ទនានិងការអោបលួងលោមរបស់គេត្រឹមនេះ នាងដើរទៅរកផ្ទះចំការដែលជាកន្លែងស្នាក់របស់ឪពុកនាង លោករេអាន់ឯណោះ កាលបើកូនស្រីគាត់ចាត់ការមនុស្សប្រុសមាឌមាំឲ្យដួលទ្រោមបែបនេះ គាត់ក៏រៀងភាំងមិនតិចដែរ តែគាត់ក៏មិនបាននៅនិយាយប្រាស្រ័យទាល់ទងអ្វីដែរ មានតែប្រញាប់រត់ទៅតាមពីក្រោយខ្នងកូនស្រីជាប់។
"មាល៍..មាល៍លីន ស្ដាប់បង.. អឹស" ការចាកចេញរបស់នាង កើតឡើងព្រមជាមួយនិងការស្រែកហៅខ្សាវៗរបស់អ្នកដេកននៀលនៅលើដីឯណោះ ជុងហ្គុកលាដៃហៅឃាត់នាង ស្របនិងកាយព្យាយាមវារនៅលើដីទាំងកូនប្រុសចុកអួលសឹងតែស្លាប់ខ្លួន។
"លោកម្ចាស់! លោកម្ចាស់យ៉ាងមិចហើយទាន៎?" នាយជំនិត កាលបើឃើញចៅហ្វាយដេកដួលឯណោះ គេប្រញាប់ស្ទុះចូលមកជួយលើកគ្រាចៅហ្វាយ តែគេមកដល់ក៏ដូចជាឈើច្រត់សម្រាប់ឲ្យជុងហ្គុកច្រត់ឡើងអញ្ចឹងដែរ ជុងហ្គុកសង្កត់ស្មាកូនចៅដល់គេទ្រោមសឹងតែដួលចុះដល់ដីជំនួសឲ្យការដែលគេក្រោកឡើងឯណោះវិញ។
"អ..អូយ៎! យ៉ាងមិចហើយទាន៎? ត្រូវការពេទ្យពិនិត្យទេ?"
"មិនចាំបាច់ទេ..យើង..យើងគ្មានកើតស្អីទេ" មាត់និយាយប្រកែកថាមិនអី តែរាងកាយក៏ដើរសឹងតែអូសដំណើរខ្លួនទៅមុខមិនចង់កើតផង ជុងហ្គុកព្យាយាមអូសជើងនាំខ្លួនឯងដើរទៅរកផ្ទះឪពុកក្មេកទាំងក្នុងអារម្មណ៍គ្មានសង្ឃឹមអ្វីសូម្បីតែបន្តិចសោះ គេដូចជាយល់អារម្មណ៍របស់មាល៍លីនកាលពីមុនហើយ អារម្មណ៍ដែលក្លាយខ្លួនជាអ្នកទទួលកំហុសជួសឲ្យមនុស្សចាស់ទាំងដែលខ្លួនមិនមែនជាអ្នកផ្ដើមរឿងទាំងនោះសោះ។មាល៍លីនឯណេះ កាលបើគេចពីគេមកនាងក៏ចូលមកក្នុងផ្ទះបិទទ្វារចាក់សោរជាប់គ្មានសល់ចន្លោះ លោករេអាន់សំឡឹងមើលទៅកូនស្រីទាំងចងចិញ្ចើមបន្តិច។
"ប៉ាមិនគួរណាជឿជាក់ព្រមបញ្ជូនកូនទៅអាល្លឺម៉ង់សោះ ប៉ាគិតខុស"
"មិនមែនជាកំហុសរបស់ប៉ាទេ បើកូនមិនទៅកូនក៏ប្រហែលជាមិនបានសាងភាពស្អាតស្អំឲ្យម៉ាក់ដែរ" មាល៍លីនកាន់តែនិយាយ នាងកាន់តែធ្វើឲ្យលោកប៉ានាងកើតភាពសង្ស័យឡើងថែមទៀត គាត់បំណងចង់ហាមាត់និយាយតែសំឡេងគោះទ្វារពីខាងក្រៅក៏កាត់ផ្ដាច់រាល់ពាក្យដែលគាត់ចង់និយាយអស់។
តុក!តុក
(មាល៍..មាល៍បើកទ្វារឲ្យបង..)
លោករេអាន់ងាកមើលមុខកូនស្រីបន្តិច មាល៍លីននាងក៏ដើរចូលមកឈរពីក្រោយទ្វាររួចអោបដៃខ្លួនឯងបន្តិច។(អត់ទេ!) អ្នកខាងក្នុងស្រែកឡើងព្រមជាមួយសំឡេងរឹង មិនខុសពីចិត្តខឹងស្អប់ដែលខ្លួនមាននាពេលនោះ ជុងហ្គុកលើកដៃម្ខាងឈ្លីចិញ្ចើមខ្លួនឯង រួចលើកខ្មងដៃគោះទ្វារបន្ត។
"ចង់ឲ្យបងធ្វើបែបណា? មាល៍..." មិនថានាងជេរស្ដីគេ រឹងទទឹងដាក់គេបែបណា ពាក្យថាការចុះចាញ់គ្មានក្នុងវចនានុក្រមរបស់នាយឧត្តមសេនីយ៍ជុងទេ។
(ប្រុសពេស្យា!)
"មាល៍!!!" សព្វនាមដែលនាងដាក់ឲ្យគេវារៀងហួសហេតុបន្តិច ទើបជុងហ្គុកគេប្រញាបឧទានហាមឃាត់នាង គេលើកដៃបំណងចង់គោះទ្វារម្ដងទៀត តែទ្វារក៏បើកឡើងល្មម មាល៍លីនឈរសំឡឹងមើលទៅគេរួចទល់អណ្ដាតខ្លួនឯងបន្តិច។
"លោកក៏ធ្លាប់ហៅខ្ញុំបែបហ្នឹង! បើមិនអូខេនិងសព្វនាមនេះក៏អញ្ជើញចេញពីផ្ទះខ្ញុំ"
"បងព្រម" ដោយសារតែគ្មានជម្រើស ជុងហ្គុកក៏មានតែឆ្លើយយល់ព្រម គេលូកដៃបំណងចង់ចាប់នាងតែមាល៍លីនក៏ដកដៃចេញម្ដងទៀត។
"មាល៍ចង់ឲ្យបងធ្វើបែបណា ចង់វាយ ចង់ជេរស្ដីបែបណាក៏ធ្វើចុះ ឲ្យតែអូនព្រមស្ដាប់ការបកស្រាយរបស់បង"
"អ្វីក៏ព្រមអញ្ចឹងហ្អេស៎?"
"ពិតមែន"
"លោកប៉ា..ផ្ទះយើងមានផ្ដៅទេ?" ជុងហ្គុកងើបមើលមុខនាង មើលទាំងឃើញពីក្រសែភ្នែកស្រែកឃ្លានការសងសឹកមកលើគេ ផ្ដៅមែនទេ? គេមិនខ្លាចហ្នឹងប្រឈមមុខជាមួយវាទេ ឲ្យតែនាងសប្បាយចិត្ត៕៥០០ ៥០នាទីអេតមីនផុសមួយភាគទៀត៕
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Storie d'amoreភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ