ជំនោខ្យល់ត្រជាក់ បក់រវិចៗបោកផាត់វាំងននឲ្យមានចលនារេរាំទៅតាមកម្លាំងវាយោ!ពន្លឺព្រះចន្ទថ្លាដែលរះបំភ្លឺផែនពសុធានាពេលរាត្រីឆ្លុះចាំងចូលទៅតាមបង្អួចកញ្ចក់ដែលបើកចោល អមជាមួយនឹងខ្យល់បក់វាំងននពណ៍សរក្បោសចុះឡើង!បង្ហាញឲ្យឃើញស្រមោលនៃរាង្គកាយតូចច្រលឹងចាំងទៅលើជញ្ជាំង។
រាង្គតូចច្រលឹងអង្គុយផ្ទាល់នឹងឥដ្ឋការ៉ូ បញ្ឈរជង្គង់ដៃទាំងសងខាងឱបក្បាលជង្គង់ឈ្ងប់មុខជិតឈឹង!ត្រម៉ង់ត្រមោចតែម្នាក់ឯងនៅក្នុងបន្ទប់ធំទូលាយក្រោមពន្លឺព្រះចន្ទថ្លានិងហ្វូងតារារាប់រយដែលរះបង្អួតរាង្គនៅលើមេឃ។
ហ្អឹក...
យូរៗម្តង សម្លេង ខ្សឹកខ្សួលបង្ហាញពីភាពឈឺចាប់ដែលកប់ទុកនៅក្នុងក្រអៅបេះដូងលាន់លឺចេញមកកណ្តាលចំណោមនៃភាពស្ងប់ស្ងាត់។
ក្រាក...
សម្លេងទ្វាបន្ទប់របើក បន្លឺឡើងអមជាមួយពន្លឺដែលជះចូលមកពីខាងក្រៅបង្ហាញឲ្យឃើញស្រមោលរបស់បុរសរាងខ្ពស់ស្រឡះ មាឌប៊ាវខ្សាច់ បោះជំហានជើងវែងៗចូលមកក្នុងបន្ទប់យ៉សងស្ងៀមស្ងាត់។
ប៉ក់...
ដៃមាំលូកទៅចុចតុងតាក់បើកភ្លើង
បំភ្លឺបន្ទប់ដែលងងឹតសូន្យស្លុងឲ្យមានពន្លឺចចាំងចចាច បង្ហាញឲ្យឃើញរាងកាយតូចច្រលឹងអង្គុយឱបក្បាលជង្គង់ក្រវៀនៗនៅក្បែសាឡុង។
«តើនេះម៉ោងប៉ុន្មានហើយ?»សម្លេង ងុលៗបែបមនុស្សទើបនឹងយំរួចបន្លឺសំណួរឡើង បង្អាក់ដំណើរបុរសមាឌមាំដែលបម្រុងនឹងដើរទៅបន្ទប់ទឹកដោយមិនអើពើនឹងវត្តមានរាងតូចជីមីនដែលអង្គុយនៅក្បែសាឡុងទាំងដែលនាយបានមើលឃើញហើយ។
«យប់ថ្មើនេះហើយម៉េចក៏អូន
មិនចូលគេង?ក្រែងបងបានប្រាប់ហើយមិនអ៊ីចឹងថាហាមនៅដល់យប់ជ្រៅ!»នរៈសង្ហារបញ្ឈប់ដំណើរងាកមករករាងតូចខណៈចោលសំណួរទៅវិញយ៉ាងហូហែដោយគេចវែសមិនចង់ឆ្លើយនឹងសំណួររាងតូច។
«ឲ្យអូនគេងលក់បានយ៉ាងម៉េចបើបង ស្មើនេះហើយទើបនឹងចូលផ្ទះ?បងមានមើលម៉ោងទេជុង?នេះម៉ោង3ទៀបភ្លឺហើយណា!តើបងទៅណាពេញមួយយប់??»រាងតូចច្រលឹងក្រោកឈរអស់កម្ពស់ចោទសំណួរទៅរាងក្រាស់វិញទាំងទឹកភ្នែករលីងរលោង។
«អូនកុំរករឿងបងមួយថ្ងៃបានអត់? បងក៏ចេះហត់ដែរ!»ចិញ្ចើមក្រាស់ចងចូលគ្នាបង្ហាញទឹកមុខមិនពេញចិត្តនឹងសកម្មភាពរបស់រាងតូចជាខ្លាំង វិនាទីត្បកសំណួរយ៉ាងសោះកក្រោះ។
«បងហត់?ចុះអូនមិនហត់ទេហ៎ កាលដែលត្រូវមកអង្គុយចាំផ្លូវបងរាល់យប់បែបហ្នឹង?»
«អូនត្អូញត្អែធ្វើអី? ក្រែងបងបានហាមអូនហើយថាមិនបាច់ចាំផ្លូវបងទេ!នោះគឺអូនមានៈដោយខ្លួនឯងបន្ទោសបងយ៉ាងម៉េចនឹងបាន?»ជុងហ្គុកកាន់តែមិនពេញចិត្តនឹងសកម្មភាពរបស់សង្សារខ្លួនដែលមកយំយ៉ែក វែកញ៉ែករកភាពស្មើគ្នាអីទាំងដែលគេប្រាប់ហើយប្រាប់ទៀតមិនឲ្យចាំផ្លូវគេនោះទេ។
«អូនត្អូញត្អែឬ?តែនេះមិនមែនមកពីអូន ស្រលាញ់បងមិនអ៊ីចឹង?បងបាត់ពីផ្ទះទៅរាល់យប់តើចិត្តសង្សារម្នាក់ណាដែលអាចគេងលក់បាននោះ?ចុះបើបងមានបញ្ហាអ្វីកើតឡើងទៅតើធ្វើយ៉ាងម៉េច?»តំណក់ទឹកថ្លាៗដែលដក់ជាប់នៅក្នុងកែវភ្នែកស្រទន់ស្រក់ចុះមករមាលកាត់ផែនថ្ពាល់ក្រពុំ បបូរមាត់ស្អាតចោទសំណួរឡើងដោយហួសចិត្តជាខ្លាំងមិនសមណាគេមកបន្ទោសខ្លួនដែលមានចិត្តបារម្ភក្នុងនាមជាសង្្សារសោះ?បើគេមិនស្រលាញ់គេក៏មិនបារម្ភ មិនឆ្កួតមកនៅអង្គុយចាំផ្លូវយើងរាប់ម៉ោងនោះដែរ។
«អូននិយាយមើលតែបង ក្មេងអាយុមួយខួប!បងប្រាប់អូនហើយថាមិនចាំបាច់បារម្ភពីបងទេ!បងធ្វើអីបងដឹងខ្លួនឯងហើយ អូនឯងដឹងថាសកម្មភាពខ្លួនឯងរាល់ថ្ងៃនេះវាគួរឲ្យធុញអត់?បងហត់បងStressរឿងការងារ មកដល់ផ្ទះហើយនៅអូនឯងរករឿងទៀត!ចង់រស់នៅជាមួយគ្នាឲ្យបានយូរអូនត្រូវចាំពាក្យសម្តីដែលបងបាននិយាយផងមីន!!»សម្លេងធំគ្រលរគំហ៊កខ្លាំងៗដាក់រាងតូចរួចក៏បម្រុងនឹងបែរខ្នងដើរទៅបន្ទប់ទឹកជាថ្មីម្តងទៀត តែក៏ត្រូវបញ្ឈប់ដំណើរជាល់កទីពីរក្រោយពីលឺសំណួរបន្ទាប់របស់រាងតូច។
«អញ្ចឹងបងចង់បែកគ្នាមែនទេ? សួរត្រង់ចុះតើមានពេលណាមួយដែលបងស្រលាញ់អូនទេ?មានពេលណាដែលបងទុកអូនជាសង្សារទេ?ឈ្មោះជាសង្សាររបស់ពួកយើងទាំងពីរនាក់នេះវាយ៉ាប់ជាងអ្នកដទៃផង!»រាងតូចច្រលឹងឈរទប់លំនឹងខ្លួនឯងស្ទើតែមិនជាប់ រីឯទឹកភ្នែកក៏ស្រក់ហូរដូចទឹកបាក់ទំនប់ ទុក្ខសោកដែលខំលាក់នៅក្នុងចិត្តទាំងប៉ុន្មានត្រូវផ្ទុះចេញមកទាំងអស់នៅក្នុងពេលនេះ ព្រោះតែមើលទៅទំនាក់ទំនងស្នេហាមួយនេះគឺត្រូវបញ្ចប់នៅក្នុងយប់នេះហើយ!បបូរមាត់ស្អាតហើបឡើងញ័រទទាត់សួរទៅកាន់រាងក្រាស់ដោយសេចក្តីចង់ដឹងជាពន់ពេក។មិនដឹងថាជីមីនខំលាក់ទុក្ខសោកនៅក្នុងចិត្តខ្លាំងប៉ុណ្ណា!លាក់តាំងពីពេលណាមកនោះទេ ប៉ុន្តែយើងក៏អាចស្មានដឹងថាចិត្តដែលឈឺចាប់នោះគឺធំប៉ុនមហាសមុទ្រ។
«បើបងមិនស្រលាញ់អូនមិនមែនបង រស់នៅជាមួយអូនបានមកដល់ពេលនេះទេ!ពួកយើងជិតរៀបការហើយបងសុំចុះអូនកុំព្យាយាមធ្វើឲ្យទំនាក់ទំនងយើងល្អកកករអី!»
«វេចនានុក្រមពាក្យថាស្រលាញ់របស់បង គឺបែបហ្នឹងមែនទេ?មិនឲ្យនឹកមិនឲ្យបារម្ភមិនឲ្យប្រច័ណ្ឌចង់ស្និតស្នាលក៏មិនបាន!នេះឬជាអ្វីដែលបងនិយាយថាស្រលាញ់អូន??»រាងតូចសួរបន្តដោយហួសចិត្តជាខ្លាំងនូវចម្លើយរបស់ជុងហ្គុម កោតតែគេចេះឆ្លើយបែបហ្នឹងមករួចទាំងដែលទង្វើរបស់គេរាល់ថ្ងៃនេះវាដូចអ្នកដទៃសុទសាតទៅហើយ!និយាយបណ្តើយកដៃទៅវាសទឹកភ្នែកដែលស្រក់ចុះមកឥតឈប់ចេញពីថ្ពាល់បណ្តើ។
«អូនហត់ណាស់ជុង! ពួកយើងបញ្ចប់ត្រឹមហ្នឹងចុះ!ចាំអូនជាអ្នកទៅនិយាយប្រាប់ម៉ាក់ឲ្យផ្តាច់ពាក្យពួកយើងវិញ!»មិនចាំឲ្យជុងហ្គុកនិយាយអ្វីបន្ត ដៃស្រឡូនលើកមកវាសទឹកភ្នែកចេញពីថ្ពាល់អស់មុននិយាយហាស្តីសុំបញ្ចប់ទំនាក់ទំនងមួយនេះត្រឹមយប់នេះតែម្តង។ព្រោះគេពិតជាហត់ណាស់ ហត់នឹងខំប្រឹងរក្សារទំនាក់ទំនងតែម្ខាង!កន្លងមកខ្លួនទ្រាំខ្លាំងណាស់ទោះបីជាឈឺចាប់ប៉ុណ្ណាក៏មិនដែលហ៊ាននិយាយស្តីចេញមកដែរហេតុផលតែម្យ៉ាងគឺខ្លាចបាត់បង់ទំនាក់ទំនហមួយនេះ ប៉ុន្តែឥឡូវគេបានយល់ច្បាស់ហើយថាការខិតខំតែម្ខាងវាគ្មានន័យនោះទេ ទង្វើគេបង្ហាញមកយ៉ាងច្បាស់ហើយថាគេមិនស្រលាញ់ខ្លួនផង!មនុស្សស្រលាញ់គ្នាឯណាដែលហាមមិនឲ្យសូម្បីតែខលឬផ្ញើសារបើគ្មានការសំខាន់ស្លាប់រស់នោះ?មិនដែលសូម្បីតែនាំចេញទៅក្រៅបង្ហាញឲ្យគ្រប់គ្នាបានស្គាល់ម្តងផងតើរៀបការបានប្រយោជន៍អ្វី?ទាន់នៅជាសង្សារវាមិនទាន់វែងឆ្ងាយបែកគ្នាឲ្យហើយក៏ល្អ ទោះរៀបការទៅក៏គ្មានអ្វីផ្លាស់ប្តូដែរ។ទទួលស្គាល់ថាពេលនេះខ្លួនពិតជាឈឺចាប់ ឈឺស្ទើតែស្លាប់ទៅហើយ ប៉ុន្តែសុខចិត្តបញ្ចប់វាពេលនេះប្រសើរជាងនៅឈឺរាំរៃដោយមិនអាចធ្វើអ្វីបានក្រៅពីសង្ងំបៀមទុក្ខម្នាក់ឯង!បញ្ចប់ពេលនេះទោះឈឺចាប់ប៉ុណ្ណាក៏ឈឺត្រឹមតែមួយរយះពេលវែងឬខ្លីប៉ុណ្ណោះបន្ទាប់មកវានឹងលែងអីហើយដូចពាក្យចាស់លោកពោលថា"ក្រោយភ្លៀងមេឃនឹងស្រឡះ"។
ត្រូវរៀនធ្វើជាមនុស្សចិត្តដាច់ ទើបអាចរកសេចក្តីសុខឲ្យខ្លួនឯងបាន!កុំខ្លាចនឹងហែលឆ្លងបញ្ហាអី ព្រោះបញ្ហាវានឹងមិនជៀសពីយើងឡើយបើយើងខ្លួនឯងមិនខំប្រឹងជម្នះវានោះ។ចប់ដោយបរិបូរណ៍💜

YOU ARE READING
ហាម💔
Short Storyស្នេហាដែលទទួលបានការហាមប្រាមហួសហេតុ ហាមមិនឲ្យធ្វើសូម្បីតែសកម្មភាពដែលគូរស្នេហ៍ទូទៅគេធ្វើដាក់គ្នា!បារម្ភ នឹក ប្រច័ណ្ឌ សួុរនាំ សុទ្ធតែមិនអាចធ្វើបាន!តើស្នេហាមួយនេះនឹងទៅជាយ៉ាងណា?តើភាគីដែលទទួលបានការហាមខាត់នេះអាចបន្តរក្សារទំនាក់ទំនងនេះបានឬយ៉ាងណា??