លោកស្រីដើរចូលខាងក្នុងឃើញជីមីនកំពុងតែអង្គុយនៅលើសាឡុងគាត់ក៏ដាក់ខ្លួនអង្គុយក្បែរកូន។ ភ្នែកក្រហមនៅលើថ្ពាល់មានទឹកបីបួនដំណក់ហូរកាត់ គាត់ក៏ឃើញកូនខូចចិត្តក៏មិនអាចជួយអ្វីបានដែរមានតែឱបផ្ដល់កម្លាំងចិត្តប៉ុណ្ណោះ។
"ម៉ាក់!! អ្ហឹកៗ"
"មិនអីទេ! ម៉ាក់នៅទីនេះហើយ កុំយំអី!" លោកស្រីលើកដៃអង្អែលខ្នងកូនថ្នមៗហើយនិយាយលួងលោមកូនបីមួយម៉ាត់។ គាត់មិនដឹងថារវាងយ៉ុនហ្គីនិងជីមីនមានបញ្ហាអីឡើយ បានម្នាក់យំម្នាក់ទៀតចាកចេញទាំងទឹកមុខក្រៀមក្រំ។ គាត់ពិតជាចង់ដឹងណាស់តែគាត់គោរពតាមការសម្រេចចិត្តរបស់កូន ហើយគាត់ក៏មិនទៅសួរដេញដោលដែរ លុះត្រាតែគេព្រមប្រាប់ដោយខ្លួនឯង។
ក្រោយពីបើកឡានចេញពីផ្ទះជីមីនបានមួយសន្ទុះ យ៉ុនហ្គីក៏លូកដៃចូលខោប៉ោវដើម្បីយកទូរសព្ទខលទៅគ្រីសឱ្យគេលុបចោលការណាត់នាថ្ងៃស្អែកផង តែក្នុងខោប៉ាវទទេស្អាតនាយក៏ឈប់ឡានរកទូរសព្ទសិនតែរកយ៉ាងណាក៏រកមិនឃើញដែរ ទើបនឹកឃើញថាភ្លេចនៅផ្ទះរាងតូច នាយក្រាស់ក៏បកក្រោយត្រឡប់ទៅផ្ទះជីមីនវិញ។
លោកស្រីដាក់ដាំបាយរួចក៏ដើរទៅបន្ទប់ទទួលភ្ញៀវដើម្បីរៀបចំសម្ភារៈរបស់ជីមីនទុកក្នុងប្រអប់តែក៏ក្រឡេកចំទូរសព្ទមួយគ្រឿងដែលទុកចោលនៅលើតុ។ គាត់យកមកកាន់ហើយពិនិត្យចុះពិនិត្យឡើងទើបដាច់ចិត្តសួរកូន។
"ជីមីន! ទូរសព្ទនៅលើតុនេះជារបស់កូនមែនទេ?" លោកស្រីស្រែកសួរពីខាងក្រោមទៅ
"អត់ទេ! ទូរសព្ទកូននៅខាងលើតើ! ទូរសព្ទរបស់ម៉ាក់ទេដឹង?"
"មិនមែនរបស់ម៉ាក់ទេ! ឬមួយរបស់កូនយ៉ុន?" ឮម៉ាក់និយាយថាទូរសព្ទយ៉ុនហ្គី នាយតូចក៏ប្រញាប់ស្លៀកពាក់ចុះមកខាងក្រោមដើម្បីមើលឱ្យប្រាកដថាជាទូរសព្ទរបស់គេមែនឬអត់? ជីមីនចុចទូរសព្ទក៏ឃើញរូបរបស់ខ្លួននៅលើអេក្រង់នាយតូចមានអារម្មណ៍ថារំភើបរកអ្វីថ្លែងពុំបាន។ តាមពិតបីឆ្នាំកន្លងមកនេះនាយដែលបំភ្លេចគេឡើយ ចំណែកឯគេក៏មិនដែលភ្លេចនាយដូចគ្នា។
"ជាទូរសព្ទកូនយ៉ុនមែនទេ?" លោកស្រីសួរខណៈទូរសព្ទនៅលើដៃរបស់ជីមីន។
"បាទ ប្រហែលបន្ដិចគាត់មកយកវិញហើយ ម៉ាក់ទុកឱ្យគាត់ចុះកូនទៅខាងបន្ទប់ហើយ" ជីមីនរហ័សហុចទូរសព្ទឱ្យម៉ាក់មុននឹងប្រញាប់ឡើងទៅខាងលើ គេជាអ្នកដេញគាត់ឱ្យចាកចេញបើជួបគ្នាម្ដងទៀតគឺមិនសមឡើយ បើជ្រុលធ្វើជាមនុស្សចិត្តដាច់ហើយត្រូវតែកាត់ចិត្តឱ្យបានកុំឱ្យនៅអាល័យ។ លោកស្រីមិនទាន់នឹងតបថាយល់ព្រមផង ជីមីនក៏ដាក់ទូរសព្ទនៅលើដៃគាត់ហើយឡើងទៅបន្ទប់យ៉ាងលឿន លោកស្រីក្រវីក្បាលមុននឹងដាក់ទូរសព្ទនៅលើតុហើយចូលទៅផ្ទះបាយដើម្បីធ្វើម្ហូប។
មួយសន្ទុះឡានយ៉ុនហ្គីក៏ឈប់នៅពីមុខផ្ទះជីមីន រាងតូចសម្លេងឡានក៏អើតតាមបង្អួចមើលឃើញនាយក្រាស់កំពុងតែចុះពីលើឡានដើរសំដៅចូលមកខាងក្នុង។
"អា៎វ! កូនយ៉ុនមកយកទូរសព្ទមែនទេ? នេះទូរសព្ទកូន" លោកស្រីឮសម្លេងឡានគាត់ក៏ចេញពីផ្ទះបាយរួចយកទូរសព្ទឱ្យយ៉ុនហ្គី។
"បាទ អរគុណម៉ាក់! ចឹងខ្ញុំសុំលាទៅសិនហើយ" យ៉ុនហ្គីទទួលទូរសព្ទពីដៃរបស់ម៉ាក់ហើយក៏លាគាត់ត្រឡប់ទៅវិញ។
"ម៉េចក៏ប្រញាប់ម្ល៉េះ! នៅញុំាបាយទីនេះសិនហើយ ម៉ាក់ទើបតែធ្វើម្ហូបរួចមិញ" ម៉ោង១២ហើយតាមមើលគេក៏មិនទាន់បានញុំាបាយដែរលោកស្រីក៏បបួលជួនជាគាត់ធ្វើម្ហូបរួចល្មម។
"បាទ អត់អីទេ! ខ្ញុំមិនសូវឃ្លាន ម៉ាក់ពិសារចុះ!" យ៉ុនហ្គីយកលេសមិនឃ្លានមកបាំងព្រោះមិនចង់នៅខ្លាចធ្វើឱ្យរាងតូចមិនសប្បាយចិត្ត ម្យ៉ាងពួកគេទើបតែនិយាយគ្នាហើយ ហើយជម្រើសដែលពួកគេរើសគឺព្រមថយម្នាក់មួយជំហាន។
"មិនសូវឃ្លានឬមួយខ្លាចកូនមីន? ម៉ាក់រៀបចំរួចហើយឆាប់ចូលអង្គុយទៅ ម៉ាក់ឡើងទៅហៅជីមីនមួយភ្លេត" លោកស្រីនិយាយចំកណ្ដាលមុខកូនតែម្ដង។ គាត់មិនខ្វល់ថាពួកគេមានរឿងអ្វីទាស់ទែងគ្នាឡើយសំខាន់គាត់បារម្ភពីសុខភាពកូនៗ បើឱ្យគេទៅពេលនេះមិនល្អមើលសោះ បើជ្រុលជាមកទៅហើយញុំាបាយមួយពេលសិនចាំត្រឡប់វិញ ចាត់ទុកថាអាហារមួយពេលនេះជាការអបអរដែលរាងតូចត្រឡប់មកវិញទៅចុះ។
"បាទ" យ៉ុនហ្គីដឹងទោះប្រកែកទៀតក៏គ្មានប្រយោជន៍ដែរ អ៊ីចឹងមានតែស្ដាប់តាមសម្ដីរបស់គាត់ប៉ុណ្ណោះ។
#ក្នុងបន្ទប់ជីមីន
តុកៗ តុកៗ
លោកស្រីគោះទ្វាជាសញ្ញាមុននឹងរុញទ្វាចូលទៅខាងក្នុង។ តាមក្រសែភ្នែករបស់ជីមីនដែលមើលមកម៉ាក់ដូចជាមានរឿងចង់និយាយ តែលោកស្រីនិយាយកាត់៖
"ម៉ាក់ដឹងថាកូនចង់និយាយអី! ចាត់ទុកថាម៉ាក់សុំទៅចុះ...បានទេ?" គាត់ធ្វើបែបនេះព្រោះមិនចង់ឃើញកូនៗបែរខ្នងមិននិយាយដាក់គ្នា។ ហេតុអីពេលមានឱកាសពួកគេមិនចេះឆក់យកដូច្នេះ ចិត្តជាម្ដាយគឺចង់ឃើញកូនរស់នៅមានសេចក្ដីជាមួយមនុស្សដែលគេស្រឡាញ់។
"បាទ" គាត់សុំទៅហើយជីមីនក៏មិនដាច់ចិត្តមិនចុះទៅដែរ ដូច្នេះមានតែព្រមតាមគាត់។
លោកស្រីនិងជីមីនក៏ចុះទៅក្រោមព្រមគ្នា ហើយដើរតម្រង់ទៅបន្ទប់អាហារដែលមានកំលោះសង្ហាអង្គុយរង់ចាំ ថ្វីបើទឹកមុខម្នាក់ៗមិនសូវរីកតែក្នុងចិត្តកំពុងតែត្រេកអរពេលបានរួមតុជាមួយគ្នាម្ដងទៀត។ លោកស្រីឃើញកូនៗអង្គុយធ្មឹងដូចរូបចម្លាក់មិនព្រមដួសម្ហូបញុំាគាត់ក៏ចាប់មុនរួចដាក់ក្នុងចានរបស់ពួកគេ។
"នៅអឹមអៀនដល់ណាទៀតឆាប់ញុំាទៅម្ហូបត្រជាក់អស់ហើយ" លោកស្រីឧទានបំបាត់ភាពស្ងៀមស្ងាត់ មិនចង់ឱ្យពួកគេម្នាក់ៗមានអារម្មណ៍ថាទើសទាល់។
"បាទ/បាទ" ពួកគេតបរួចក៏ញុំា។ បើនៅតែអង្គុយមើលទៀតមិនដឹងថាពេលណាបានញុំារួចនោះទេ។
អាហារថ្ងៃត្រង់បានបញ្ចប់យ៉ុនហ្គីសម្រាកនៅផ្ទះជីមីនមួយសន្ទុះធំ ទើបសុំលាលោកស្រីនិងជីមីនទៅវិញសេអ៊ូលវិញ។ ដោយសារតែគ្រីសទាក់ទងមកប្រាប់ថាស្អែកមានណាត់ជាមួយម្ចាស់ភាគហ៊ុននិយាយគម្រោងសំខាន់ទើបត្រូវប្រញាប់ទៅវិញ។ លោកស្រីចង់ខាតគេឱ្យនៅសម្រាកទីនេះសិនដែរ តែដោយសារនាយរាងក្រាស់អះអាងហើយ គាត់ក៏មិនហានទៀតដែរបានត្រឹមតែញុំាអាហារមួយពេលនេះគាត់ក៏អស់ចិត្តដែរ។
"ម៉ាក់ខ្ញុំទៅសិនហើយ" នាយនិយាយលាលោកស្រីមុននឹងចាកចេញ។
"ចាស៎ ធ្វើដំណើរដោយសុវត្តិភាព" លោកស្រីតបរួចអង្អែលខ្នងកូនតិចៗ។
"លាសិនហើយ ជីមីន!" ពេលឃើញជីមីនឈរសម្លឹងខ្លួននាយក៏និយាយពាក្យលា។
"បាទ បើកបរប្រយ័ត្នផង" នាយតូចតបទាំងបារម្ភ។ គេមិនចង់ឱ្យនាយទៅប៉ុន្មានទេព្រោះជីមីនបារម្ភពីនាយក្រាស់ធ្វើដំណើរម្នាក់ឯងហើយផ្លូវឆ្ងាយទៀត។ យ៉ុនហ្គីញញឹមមុននឹងចាកចេញ។
"បើមាននិស្ស័យពួកយើងនឹងបានជួបគ្នាម្ដងទៀត" នាយឧទានខណៈពេលកំពុងបោះជំហានទៅមុខ។ ជីមីនឈរមើលនាយក្រាស់រហូតគេចេញទៅបាត់ទើបដើរទៅអង្គុយលើសាឡុងទាំងដកដង្ហើមធំ។ ពេលយ៉ុនហ្គីទៅគេគួរតែសប្បាយចិត្តព្រោះនេះជាអ្វីដែលគេចង់បាន តែហេតុអីក៏មកអង្គុយខូចចិត្តទៅវិញ គេពិតជាមិនយល់នឹងខ្លួនឯងសោះ។ លោកស្រីឃើញអាការៈកូនហើយគាត់ក្រវីក្បាលតិចៗទាំងហួសចិត្ត តាមពិតមិនចង់ឱ្យគេទៅប៉ុន្មានទេតែមាត់រឹង ក្មេងៗសម័យនេះពិបាកយល់ចិត្តមែន។
#ទីក្រុងសេអ៊ូល
ទម្រាំធ្វើដំណើរមកដល់សេអ៊ូលមេឃងងឹតល្មម យ៉ុនហ្គីចតឡានរួចក៏ចូលទៅខាងក្នុងឃើញម៉ាក់កំពុងតែអង្គុយនិយាយជាមួយអ៊ែលលីនៅបន្ទប់ទទួលភ្ញៀវ។
"អា៎វ! កូនយ៉ុនមកល្មម ចឹងពួកកូននិយាយគ្នាចុះម៉ាក់ចូលទៅផ្ទះបាយរៀបចំអាហារសិន" លោកស្រីមិនចង់នៅរំខានកូនៗក៏សុំទៅផ្ទះបាយមើលអ៊ំស្រីមេផ្ទះនិងក្មេងរៀបចំអាហារ។
"ម៉េចក៏នៅទីនេះ?" នាយសួរទាំងជ្រួញចិញ្ចើមពេលឃើញវត្តមានស្រស់ស្រីនៅទីនេះ។
"គឺខ្ញុំមករកបង...មានរឿងខ្លះចង់ពិភាក្សា គឺរឿងមង្គលការពួកយើង" គ្រាន់តែឮពាក្យមង្គលការយ៉ុនហ្គីស្ងាត់។
"គឺលោកប៉ាផ្ដាំឱ្យពួកយើងត្រៀមខ្លួន គាត់នឹងរៀបចំពិធីមង្គលការនៅខែក្រោយ" អ៊ែលលីនិយាយប្រាប់ពីមូលហេតុដែលនាងនៅទីនេះ។
"ខែក្រោយ! ម៉េចក៏លឿនម្ល៉េះ?" នាយក្រាស់ឧទានទាំងភ្ញាក់ផ្អើល នេះវាលឿនពេកហើយសម្រាប់នាយ ព្រោះគេនៅមិនទាន់ត្រៀមខ្លួនទេ។
"ខ្ញុំមិនដឹងទេ! ខ្ញុំគ្រាន់តែមកប្រាប់បងប៉ុណ្ណោះអស់កិច្ចការហើយខ្ញុំលាទៅសិនហើយ"
"អ៊ែលលីឈប់សិន! បងមានរឿងចង់ប្រាប់ គឺបង..." យ៉ុនហ្គីចង់ប្រាប់រឿងគ្រប់យ៉ាងឱ្យនាងបានដឹងថានាយមានមនុស្សដែលខ្លួនស្រឡាញ់ហើយ ចំណែករឿងមង្គលការនាយមិនចង់ឱ្យវាកើតឡើងទេ ព្រោះមិនចង់ធ្វើបាបចិត្តរបស់នាង។ តែមិនទាន់នឹងបកស្រាយគ្រប់យ៉ាងប្រាប់អ៊ែលលីផងសម្លេងទូរសព្ទនាងក៏រោទិ៍៖
រ៉ីងៗៗ
នាងលើកទូរសព្ទរួចនិយាយ "អាឡូម៉ាក់!"
(អ៊ែលលី! អ្ហឹកៗ ឆាប់មកមន្ទីរពេទ្យមកមានរឿងហើយ...អ្ហឹកៗ!!)
"ម៉ាក់! អាឡូម៉ាក់! តើមានរឿងអី?"
(គឺជំងឺបេះដូងប៉ារបស់កូនស្រាប់តែរើឡើង ពេលនេះកំពុងនៅបន្ទប់សង្គ្រោះបន្ទាន់)
"ម៉ាក់ស្ងប់អារម្មណ៍សិន ប៉ាប្រាកដជាមិនកើតអ្វីទេ! បន្តិចទៀតកូនដល់...."
គ្រាន់តែអ៊ែលលីដាក់ទូរសព្ទចុះភ្លាមនាយក្រាស់ក៏សួរនាំព្រោះទឹកមុខនាងដូចជាភ័យស្លន់ស្លោរ។
"អ៊ែលលី! លោកពូកើតអី?" យ៉ុនហ្គីសួរទាំងបារម្ភ។
"ជំងឺបេះដូងប៉ារើឡើង ពេលនេះកំពុងនៅមន្ទីរពេទ្យ ខ្ញុំទៅសិនហើយ" នាងប្រាប់ជំងឺលោកប៉ាដល់រាងក្រាស់រួចក៏ប្រញាប់លានាយទៅមន្ទីរពេទ្យ។
"ចឹងចាំបងជូនទៅ..." ពេលនេះនាងអារម្មណ៍មិននៅនឹងខ្លួនបើកឡានម្នាក់ឯងទាំងយប់នាយមិនទុកចិត្តឡើយទើបស្ម័គ្រចិត្តជូនអ៊ែលលីទៅ ម្យ៉ាងនាយក៏ចង់ពីអាការៈជំងឺរបស់លោកពូផងដែរ។

YOU ARE READING
រឿង ពង្រាត់បេះដូង Ss2
Short Storyរយៈពេលបីឆ្នាំដែលជីមីនចាកចេញ យ៉ុនហ្គីក្លាយជាមនុស្សម្នាក់ស្ងៀមស្ងាត់ ឈាមត្រជាក់ ឃោរឃៅ ដែលគ្រប់កោតខ្លាចមិនហ៊ានសូម្បីតែនៅក្បែរ។ តែនាយក៏ជាមនុស្សម្នាក់ក៏គួរឱ្យអាណិតផងដែរ ព្រោះតែនូវនឹកមនុស្សជាទីស្រឡាញ់គេតែងតែឆ្លៀតពេលទំនេរទៅអង្គុយកំដរជីមីន។ មីន យ៉ុនហ្គី...