០២.
កាតព្វកិច្ច និងស្នេហា
✦✦✦ហាងសៀវភៅព្រះច័ន្ទ...
មាឌតូចច្រឡឹងពាក់អាវសាច់ក្រណាត់ពណ៌សស៊កជាមួយខោទឹកដោះគោរលុងជើងវែងបែបសាមញ្ញ បោះដៃបើកទ្វារហាងដែលតែងតែមកជាប្រចាំ ប៉ុន្តែគេខកខានមិនបានមកជាងបីសប្តាហ៍ទៅហើយដោយសារជាប់រវល់ប្រឡងបញ្ចប់ឆ្នាំសិក្សា។ ជីមីនក្រឡេកមើលនាឡិកាប៉ោលព្យួរជាប់ជញ្ជាំងឃើញថាម៉ោងប្រាំពីរយប់ហើយ នៅសល់តែមួយម៉ោងទៀតប៉ុណ្ណោះហាងនឹងបិទ ដូច្នេះគេប្រញាប់សំដៅទៅកាន់កន្លែងលោកតាម្ចាស់ហាងភ្លាមឥតបង្អង់។
ពេលមកដល់តុដែលលោកតាយូហានចំណាំតែអង្គុយគិតបញ្ជីរៀបសៀវភៅដូចរាល់ដងនោះ គេមិនបានឃើញវត្តមានគាត់ឡើយ ផ្ទុយទៅវិញបែរជាប្រទះនឹងបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានទាហានឈរបែរខ្នងដាក់គេទំនងជាកំពុងរៀបចំទុកដាក់របស់របរចាស់ៗ។ នាយតូចឈរគយគន់ផែនខ្នងកំលោះមិនយូរដាច់ចិត្តហាស្ដីរាក់ទាក់៖
"សួស្តីលោកពូ"
រាងក្រាស់ខ្ពស់ស្រឡះងាកមកតាមប្រភពសំឡេង ទាំងមុខមាំដូចផ្ទាំងទឹកកកកបាញ់ក្រសែភ្នែកពណ៌ខ្មៅត្រជាក់ស្រេងតម្រង់មកប្រុសតូច។ នាយកំលោះសម្បុរសតាមស្មានអាយុប្រមាណម្ភៃក្រាស់យ៉ាងតិច មិនទាន់ឮមាត់តបអ្វីសោះ ជីមីនក៏ផ្តើមសាកសួរជាថ្មីយ៉ាងគួរសម៖
"ខ្ញុំមករកលោកតាម្ចាស់ហាង តើលោកពូមានឃើញគាត់ដែរទេ?"
"គាត់មិននៅទេ"
"គឺខ្ញុំយកសៀវភៅមកសងគាត់..."
"ទុកត្រង់នេះហើយចាកចេញទៅ" អ្នកកាត់សម្ដីជីមីនយ៉ាងសោះកក្រោះគ្មានទឹកដម រួចបន្តធ្វើការរៀបទុកដាក់សៀភៅធ្វើព្រងើយ។
ជីមីនបូញមាត់លែងហ៊ានឆ្លើយឆ្លងកាលបើអ្នកម្ខាងទៀតបញ្ចេញឫកពាកាចមុឺងម៉ាត់គួរឱ្យរអា។ គេបានត្រឹមដាក់សៀវភៅលើតុលួចដៀងមើលនាយបន្តិច ហើយស្រាប់តែចាប់អារម្មណ៍នឹងស្លាកឈ្មោះនៅលើអាវទាហានរបស់នាយ។
(មីន យ៉ុនហ្គី?)
អាល្អិតឧទានក្នុងចិត្តនៅទ្រឹងគិតមួយអន្លើ រហូតទាល់តែឮសំឡេងរឹងកំព្រឹសហាបណ្តេញគេម្តងទៀត។
"ឆាប់ទៅវិញទៅ"
"ខ្ញុំដឹងហើយ! ខ្ញុំនឹងទៅឥលូវនេះហើយ តែ...លោកពូជាកូនប្រុសរបស់លោកតា មីន យូហាន មែនទេ?" ជីមីនភ្ជាប់សំណួរទាំងងឿងឆ្ងល់។
"មែន!"
"មិនអីទេ! កាលពីខែមុនលោកតាសន្យាថានឹងឱ្យសៀវភៅមួយមកខ្ញុំ ប៉ុន្តែពេលមកបែរជាមិនចួប អ៊ីចឹងខ្ញុំទៅវិញសិនហើយ"
និយាយចប់ ជីមីនទម្លាក់ទឹកមុខបម្រុងនឹងឈានជើងចេញទៅ មួយរំពេចនោះអ្នកកំលោះស្រាប់តែបន្លឺបង្អាក់ជំហានគេ៖
"ឈប់សិន!"
ជើងស្រលនទច់ងក់បែរមកវិញ ស្របពេលយ៉ុនហ្គីកាន់ប្រអប់ក្រដាសពណ៌គគីរដែលមានសរសេរឈ្មោះគេនៅលើនោះឡើង ព្រមទាំងសម្លឹងមកគេចំៗ៖
"ឯងឈ្មោះ ផាក ជីមីន អ្ហេស?"
"បាទ"
"នេះជារបស់លោកប៉ាផ្ដាំទុកឱ្យឯង មកយកចុះ"
"អូ!បាទ...អរគុណ" ជីមីនងក់ក្បាលរហ័សទទួលភ្លាម តែត្រូវភាំងនឹងសម្តីនាយម្តងទៀត។
"ហើយថ្ងៃក្រោយមិនបាច់មកទីនេះទៀតទេ"
"ម៉េចអ៊ីចឹង?"
យ៉ុនហ្គីប្រែស្ងៀមស្ងាត់ ដោយបង្វែរមើលទៅជ្រុងម្ខាង តម្រូវឱ្យរាងល្អិតរេភ្នែកសម្លឹងតាម នៅលើតុឈើប្រណីតមានស្លាកព្រលឹងថ្មីស្រឡាងតំណាងសេចក្ដីមរណភាព និងរូបថតបុរសចំណាស់ញញិមយ៉ាងស្រស់មកកាន់ពួកគេ។ ក្លិនផ្សែងធូបសុសសាយពេញហាងនៅឡើុយ ជាហេតុឱ្យជីមីនខ្ទប់មាត់តក់ស្លុតចំពោះដំណឹងសោកសៅស្ទើរតែនឹកស្មានមិនដល់ ព្រោះគេទើបនឹងបានចួបលោកតាលើកចុងក្រោយកាលពីខែមុនមិនគិតថាវាលឿនដល់ម្លុឹងនោះទេ។
✦✦✦
ឈូ!
មេឃភ្លៀងទៀតហើយ ភ្លៀងយំជំនួសមនុស្សខូចចិត្ត។ ថេយ៉ុងនិងជីមីន មិត្តសម្លាញ់ទាំងពីរវិលមកដល់មណ្ឌលដំណាលគ្នា ម្នាក់ៗខ្សោះកំលាំងអស់សភាពរៀងខ្លួន ទើបពេលញុំាបាយងូតទឹកសម្អាតខ្លួនរួចចូលគេងក្នុងបន្ទប់រួមគ្នា។ ក្នុងបន្ទប់មានតែពន្លឺភ្លើងពងមាន់ព្រាលៗ ជីមីនកំពុងគេងផ្គាប់ប្រាណលើគ្រែដាក់ដៃច្រត់ចង្កា រីឯថេយ៉ុងអង្គុយក្រាបមុខលើតុឈើយ៉ាងស្រគត់ស្រគំ។
"កុំគិតច្រើនអីបងប្រុសគាត់សន្យាហើយនឹងមកពុំខាន ឯងរង់ចាំគាត់ពីរឆ្នាំហើយ ចាំបន្តិចទៀតក៏មិនអីដែរ"
ស្តាប់ពាក្យជីមីនលួងលោម ថេយ៉ុងក៏ដកដង្ហើមធំបែបកង្វល់ចិត្ត៖
"ឯងក៏ដឹងដែរថា ពីដើមមកគាត់មិនធ្លាប់ខកសម្ដីទេ"
"គាត់ច្បាស់ជាមានហេតុផលខកខាន ម្យ៉ាងគាត់ជិតទទួលបានការតែងតាំងហើយអាចនឹងរវល់ពិបាកដកឃ្លា"
"មែនហើយ! ថ្ងៃនេះយើងបានចួបមនុស្សម្នាក់" ថេយ៉ុងងើបមុខឡើង ចោលភ្នែកមើលទៅស្ករសូកូឡាដែលប្រុសចម្លែកនោះឱ្យមកគេមុននឹងចែកផ្លូវគ្នា។
"អ្នកណាគេ?"
"មិនស្គាល់ទេ! ណ្ហើយ...មនុស្សដែលចង់ចួបបែរជាមិនបានចួប រីឯមនុស្សមិនរំពឹងថាចួបបែរជាចួបដោយចៃដន់"
ឮដូច្នោះជីមីនត្រដាងខ្លួនគេងផ្ងារ ឆ្លៀតចម្អន់លេងទាំងលួចអស់សំណើច៖
"គូព្រេងទេដឹង?"
"គូកម្មច្រើនជាង"
និយាយតែប៉ុណ្ណឹង ថេយ៉ុងរហ័សបង្វិលប្រាណដាក់ខ្លួនលើគ្រែសំងំបិទភ្នែកគេង ជីមីនញញិមបែបយល់ចិត្ត យកដៃអង្អែលសក់មិត្តស្រាលៗហាក់បំពេរគេឱ្យឆាប់លង់លក់។
✦✦✦
អង្គភាពទ័ពខេត្ត Gangwon ជាប់ព្រំដែនកូរ៉េខាងជើង...
ជំហានជើងមនុស្សពីរនាក់ដើរកាត់ដំណក់ទឹកសន្សើមសែនត្រជាក់នាវេលារាត្រីស្ងាត់ជ្រងំ នៅតាមបណ្តោយខ្សែព្រំដែនជាប់តំបន់គ្មានកងទ័ពយ៉ាងប្រុងប្រយ័ត្ន។ ជុងហ្គុក និង មីនយូ ត្រូវថ្នាក់លើចាត់ឱ្យមកប្រចាំការយាមល្បាតជាលើកចុងក្រោយមុននឹងធ្វើការតែងតាំងបុណ្យស័ក្តិជានាយទាហាន ភ្ជាប់ជាមួយនិងវិស្សមកាលពេញមួយខែ។
ដើរទន្ទឹមគ្នាបណ្តើរ មីនយូឆ្លៀតស្រដីតិចៗបណ្តើរ៖
"មិនផ្ញើសំបុត្រប្រាប់ម្នាក់នោះទេឬ ថាមិនទាន់បានទៅវិញពេលនេះ?"
"អត់នោះទេ"
ជម្រៅចិត្តជុងហ្គុកពិតជាជ្រៅ ថ្នាក់មីនយូពូកែអង្កេតចិត្តមនុស្សប៉ុណ្ណឹងហើយ នៅមិនអាចវាស់ស្ទង់ដឹងថានាយកំពុងគិតអ្វី។ មីនយូគ្រាន់តែមានបំណងចង់ក្រើនរំលឹក ដ្បិតពួកគេនៅសល់ភារកិច្ចច្រើនថ្ងៃទៀតឯណោះទម្រាំបានសម្រាក។
"បើអុីចឹងគេចាំមើលផ្លូវឯងស្លាប់ហើយ"
"មិនអើពើមិនមែនមានន័យថាមិនខ្វល់ទេ គ្រាន់តែចង់យកចិត្តទុកដាក់លើកិច្ចការដែលកំពុងប្រឈមឱ្យហើយសិន នឹងអាលឆាប់បានទៅរកគេនោះអី" មាត់ពោលថាដូច្នោះ តែក៏រអៀសក្នុងចិត្តដែលខកខានសន្យានឹងមនុស្សជាទីស្រលាញ់ ទន្ទឹមពេលកាតព្វកិច្ចមិនទាន់បានបញ្ចប់។
"ស្ងើចសរសើរស្នេហាពួកឯងណាស់! កាលពីមុនយើងធ្លាប់គិតថាលើលោកនេះគ្មានក្ដីស្រលាញ់ឯណាពិតប្រាកដទេ តែយើងប្រហែលជាគិតខុសហើយ" មីនយូនឹកអស់សំណើចនូវគំនិតផ្ដាច់ការខ្លួនឯងកាលពីមុន។ ដំបូងគេស្ទើរតែមិនជឿពេលដឹងថាគូស្នេហ៍របស់ជុងហ្គុកគឺជាមនុស្សប្រុស វាអាចទៅរួចដោយរបៀបណា ខណៈដែលជុងហ្គុកជាបុរសមុឺងម៉ាត់ពេញលក្ខណៈម្នាក់ ម្តេចនឹងស័ក្ដិសមចំពោះក្ដីស្រលាញ់ខុសនឹងច្បាស់ធម្មជាតិបែបនោះទៅ? ប៉ុន្តែគេបានគិតខុស តាមពិតក្ដីស្រលាញ់រវាងពួកគេគឺស្រស់ស្អាតបំផុត។
"ស្នេហាពិត ពិតជាមាននៅក្នុងលោក តែមិនមែនមនុស្សគ្រប់គ្នាក្នុងពិភពលោកសុទ្ធតែមានស្នេហាពិតទេ"
"ស្នេហាពិតអី គ្មាននិស្ស័យជាមួយយើងឡើយ"
"បើឯងចង់បានស្នេហាពិតពីនរណាម្នាក់ លុះត្រាតែឯងចេះប្រគល់ស្នេហាពិតឱ្យទៅគេដែរ! រឿងនេះមិនអាចរំពឹងតែម្ខាងបានទេ"
"ត្រូវហើយរំពឹងតែម្ខាងបានត្រឹមតែខូចចិត្ត"
"មុខឯងនេះធ្វើមនុស្សខូចចិត្តមិនសមទេ"
ជុងហ្គុកនិយាយហើយចេះតែបន្តដើរទៅមុខរឿយៗ និងបង្វែរអារម្មណ៍យកចិត្តទុកដាក់បំពេញតួនាទីរៀងខ្លួន។
បួនថ្ងៃក្រោយមក ពេលព្រឹកផ្ទៃមេឃបើកថ្ងៃស្រឡះល្អ ឃើញថានៅក្នុងបន្ទាយថ្ងៃនេះទាហានសុីវិលមួយចំនួនដល់កាលកំណត់ត្រូវអស់កាតព្វកិច្ចបម្រើយោធានិងប្រមូលនាំគ្នារៀបចំវិលត្រលប់ទៅស្រុកកំណើតចួបជុំក្រុមគ្រួសាររៀងខ្លួន។
ដោយឡែកនៅក្នុងការរិយាល័យរបស់ថ្នាក់លើវិញ កំលោះឯកយើងគ្រងឯកសណ្ឋាន Captain នាយទាហានថ្នាក់អនុសេនីយ៍នៃកងទ័ពជើងគោក ឈរបង្ហាញឫកពាយ៉ាងស្វាហាប់ស្ថិតនៅចំពោះមុខបុរសវ័យហាសិបប្លាយ ដែលរាល់គ្នាក្នុងវិស័យយោធាសុទ្ធសឹងតែបានស្គាល់អំពីកេរ្តិ៍ឈ្មោះល្បីល្បាញរបស់លោកនាយឧត្តមសេនីយ៍ ថាក សេអ៊ុន រហស្សនាមសិង្ហទឹកកក និមិត្តរូបអង់អាចនៃទាហានគ្រប់រូប។ ចំណែកឯមីនយូក៏មិនចាញ់គ្នាប៉ុន្មាននៅក្នុងឯកសណ្ឋានជា 1st Lieutenant បើប្រៀបធៀបពិន្ទុលើភាពសង្ហាឱ្យឈ្នះម្យ៉ាងម្នាក់ទេ។
លោកនាយឧត្តមសេនីយ៍ ឈរព័ទ្ធទៅក្រោយធ្វើមុខមាំកាច ស្រដីឡើងរឹងកំព្រឹស៖
"អនុសេនីយ៍ឯក ចន ជុងហ្គុក! អនុសេនីយ៍ទោ គីម មីនយូ!"
"សូមគោរព!" ម្ចាស់ឈ្មោះទាំងពីរឆ្លើយព្រមគ្នា ជាមួយកាយវិការគោរពត្រង់ភ្លឹង។
"ដោយសារសមត្ថភាព និងចំណេះដឹងខ្ពស់ ទើបអាចឱ្យពួកលោកទាំងពីរទទួលបានការតែងតាំងឋានៈជានាយទាហានថ្នាក់អនុសេនីយ៍! វាមិនសំខាន់នោះទេថាពួកលោកឈរនៅលើតួនាទីតូចឬធំ ប៉ុន្តែនៅក្រោយការធ្វើសច្ចាប្រនិធានហើយ តើដឹងថាអ្វីសំខាន់បំផុតទេ?"
"ក្នុងនាមជាទាហានគោរពតាមច្បាប់និងតួនាទី ត្រូវពង្រឹងសមត្ថភាពកាយសម្បទា បញ្ញា ស្មារតី អនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ដើម្បីមើលខុសត្រូវវិន័យនិងរក្សាស្ថេរភាពកងទ័ព" ជុងហ្គុកសូត្រចាំមាត់ស្ទាត់ឥតទាក់ សម្ដីសំដៅធ្ងន់ច្បាស់បង្កប់ភាពមុឺងម៉ាត់ សូម្បីលោកនាយក៏លួចកោតសរសើរក្នុងចិត្តមិនបញ្ចេញ ព្រោះតែគេមានការតស៊ូខ្ពស់ជាងអ្នកដទៃទៀតឆ្ងាយណាស់ តាមដែលលោកធ្លាប់បានដឹងបានឃើញកន្លងមក។
"ឈរលើភាពក្លាហានគ្រប់កាលៈទេសៈ មិនប្រកាន់តួនាទី មិនបោះបង់ មិនរុញរា" មីនយូបន្ទរបន្ថែមមួយឃ្លាតាមក្រោយ។
លោកនាយងក់ក្បាលបន្តថា៖
"ប្រសើរហើយ! បើពួកលោកមានគំនិតស្នេហាភារកិច្ចប្តូរផ្តាច់យ៉ាងនេះ... ដឹងទេថា កងទ័ពគឺជាគ្រាប់បែកកំណត់ម៉ោងរបស់អំណាចនៃកូរ៉េ ដែលមិនដឹងថាផ្ទុះពេលណា! តែចងចាំថា មានឈ្មោះជាទាហានមួយរូប ស៊ូស្លាប់លើមនសិការការពារជាតិ ជីវិតគឺជាការពលីដើម្បីជាតិ ទោះស្លាប់ក៏ស្លាប់ក្នុងរង្វង់កិត្តិយសឱ្យសមតម្លៃដែរ"
"បាទទាន!"
"អនុសេនីយ៍ឯកចននៅទីនេះ ខ្ញុំមានកិច្ចការនិយាយជាមួយលោកផ្ទាល់ខ្លួន!"
លោកនាយចេញបញ្ជាដូច្នោះ មីនយូយល់ស្ថានការណ៍រហ័សឱនគំនាបចាកចេញទៅយ៉ាងស្ងៀមស្ងាត់ ទុកឱ្យជុងហ្គុកនៅតែពីរនាក់តទល់និងលោកនាយ។
"អង្គុយចុះសិនទៅ!"
មីនយូចេញផុតអ្នកទាំងពីរដាក់បង្គុយចុះទល់មុខគ្នា ជុងហ្គុករក្សាភាពស្ងប់មិននិយាយអ្វី រង់ចាំឱ្យលោកមេឋានៈខ្ពង់ខ្ពស់ជាអ្នកផ្តើមនិយាយមុន៖
"មិនបត់បែនច្រើនទេ! ចន ជុងហ្គុក ឯងជាកូនប្រុសបង្កើតរបស់អនុសេនីយ៍ឯក ចន ជុងយ្យ៉ុន មែនដែរទេ?"
មួយសំណួរចេញពីមាត់លោកនាយ បីដូចជាខ្សែចរន្តអគ្គិសនីឆក់រំញោចអារម្មណ៍ជុងហ្គុកមួយរំពេច និងសួរបកទៅវិញភ្លាមៗ៖
"ហេតុអីលោកនាយស្គាល់ប៉ារបស់ខ្ញុំ?"
"លោកប៉ាឯងជានាយទាហានស្មោះត្រង់ម្នាក់ ម៉ាក់របស់ឯងជាភ្នាក់ងារចរចាពិសេសក្នុងជួរយោធា អ្នកទាំងពីរបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ឆ្នាំនោះ គឺនៅទឹកដីកូរ៉េខាងជើង យើងជាអ្នកនាំឯងមកចិញ្ចឹម ប៉ុន្តែវិធីតែមួយគត់ដើម្បីរក្សាជីវិតឯងពីការតាមប្រម៉ាញ់ផ្ដាច់ពូជ យើងមានតែយកឯងទៅផ្ញើនឹងផ្ទះមណ្ឌល ធ្វើការលាក់អត្តសញ្ញាណឯង" លោកនាយសេអ៊ុន រៀបរាប់ដើមហេតុការពិតទាំងអស់ឥតលាក់លៀម រឿងក្ដីដែលធ្លាប់បានកើតឡើងកាលពីជាង១៥ឆ្នាំមុន វាធ្វើឱ្យខួរក្បាលលោកដិតដាមដោយរូបភាពឧក្រិដ្ឋកម្មខ្មៅងងឹតទៅលើគ្រួសារត្រកូលចន។ អាថ៌កំបាំងនៅតែជាចំណោទបញ្ហាគ្មានដំណោះស្រាយ រហូតលោកបានចួបជុងហ្គុកសារជាថ្មីម្តងទៀតក្នុងពេលបច្ចុប្បន្ន ដែលនាយកំលោះដាក់ប្រវត្តិរូបចូលឈ្មោះធ្វើកងទ័ពដំបូង។ អាចនិយាយបានថា លោកជាអ្នកលើកដាក់ដំណែងឱ្យជុងហ្គុកបានក្លាយជាអនុសេនីយ៍ឯកវ័យក្មេង ព្រោះនាយស័ក្តិសមនឹងឈរលើតួនាទីនេះបន្ទាប់ពីឳពុកផងដែរ បើក្រឡេកមើលសមត្ថភាពក៏លេចធ្លោមិនធម្មតា។
"តើលោកដឹងពីមូលហេតុការស្លាប់របស់ប៉ាម៉ាក់ខ្ញុំយ៉ាងរបៀបម៉េច? លោក... ត្រូវជាអ្វីនឹងពួកគាត់ទៅ?" ជុងហ្គុកចោទសំណួរដោយអាការៈយកដៃខ្ទប់ដើមទ្រូងខាងឆ្វេងដែលច្របាច់រន្ថាន់ដូចជាឈឺចម្លែក។ ចិញ្ចើមក្រាស់ឃ្មឹកចងចូលគ្នាច្របូកច្របល់ ដ្បិតមួយផ្នែកនៃក្បាលចាប់ដំណើរការលោតខ្ទោកៗគិតមិនយល់ ហាក់វិលវល់ដោយសារការចងចាំស្រពេចស្រពិលបានបិទបាំងសតិសម្បជញ្ញៈមួយចំនួនកាលនៅឆ្នាំនោះ។
"ការពិតយើងមិនមែនមិត្តសម្លាញ់ជាមួយប៉ារបស់ឯងទេ តែក៏មិនអាចថាជាសត្រូវផងដែរ ព្រោះការដែលយើងជួយនាំឯងគេចពីសេចក្ដីស្លាប់ គ្រាន់តែចង់សងគុណប៉ុណ្ណោះ"
អ្នកកំលោះស្ងាត់មាត់ កំពុងព្យាយាមរកនឹករឿងរ៉ាវ តែនឹកមិនចេញទាល់តែសោះ។ ស្របពេលនោះលោកនាយយកសឺមីពណ៌គគីរដាក់លើតុបង្ហាញ៖
"ឯកសារទាំងអស់នេះគឺមានភុស្តតាងទាក់ទងនឹងការស្លាប់របស់ប៉ាម៉ាក់ឯង វានឹងបញ្ជាក់ថា គ្រប់ម៉ាត់ដែលយើងនិយាយចេញមកសុទ្ធតែជាការពិត! ឆ្នាំនោះមុនយកឯងទៅទុកដាក់នៅផ្ទះមណ្ឌល ឯងត្រូវឧក្រិដ្ឋជនប្រម៉ាញ់ឱ្យមានរបួសធ្ងន់ណាស់ស្ទើរតែគ្មានសេសសល់ជីវិត ក្រោយគ្រូពេទ្យចាក់ថ្នាំព្យាបាលឯងហើយ បាននិយាយថាឯងអាចនឹងបាត់បង់ការចងចាំមួយផ្នែកថ្មី ហេតុនេះទើបឯងមិនអាចចាំបានច្បាស់" លោកបកស្រាយបញ្ជាក់ឱ្យអស់ចម្ងល់សង្ស័យ។ លើសពីនេះ លោកតែងតែឧស្សាហ៍លួចទៅមើលសុវត្ថិភាពជុងហ្គុកពីចម្ងាយ ទោះបីនាយមិនអាចចាំលោកបានក៏ដោយ។
"សម្រាប់ខ្ញុំ ភាពចងចាំស្រពេចស្រពិលនោះ គឺជាសុបិន្តអាក្រក់មករាប់ឆ្នាំ" ការររស់នៅកំព្រាឯកាដោយព្យាយាមស្វែងរកការពិតអំពីខ្លួនឯងរាប់ឆ្នាំ ជារឿងធ្វើឱ្យគេហត់នឿយខ្លាំង ទន្ទឹមពេលដឹងការពិតហើយកាន់តែយល់ថាអយុត្តិធម៌បំផុត។
លោកនាយយល់សភាពផ្លូវចិត្តរបស់កំលោះច្បាស់ នាយប្រាកដជាពិបាកទទួលយកនូវរឿងហេតុអតីតកាលទាំងនោះណាស់ ទើបលោកក្រោកមកដាក់ដៃប៉ះស្មានាយតិចៗស្រដីលើកទឹកចិត្ត៖
"យើងសប្បាយចិត្តនៅពេលឃើញកូនប្រុសលោកនាយចនធំដឹងក្ដីឡើងរឹងមាំលើសអ្វីដែលយើងរំពឹងទុក សង្ឃឹមថាថ្ងៃមុខឯងនឹងប្រើសមត្ថភាពវែកអាថ៌កំបាំងនៅពីក្រោយឧក្រិដ្ឋកម្មនោះឱ្យបាន។ ម្យ៉ាងវិញទៀត ទ្រព្យសម្បត្តិប៉ាម៉ាក់ឯងបន្សល់ទុក អាចយកទៅប្រើប្រាស់បាន"
✦✦✦
រសៀលថ្ងៃត្រង់ ក្រោយបញ្ចប់កិច្ចការជាមួយលោកនាយឧត្តមសេនីយ៍រួចហើយ អ្នកកំលោះទាំងពីរនាក់ផ្លាស់សម្លៀកបំពាក់សុីវិលធម្មតារៀបដំណើរទៅសេអ៊ូលទាំងល្ងាចតែម្តង។ មីនយូគ្មានគម្រោងទៅផ្ទះនោះទេ គេសុំស្ម័គ្រធ្វើជាអ្នកបើកឡានជូនជុងហ្គុក ព្រមទាំងមានកូនទាហានពលបាលម្នាក់ស្នើផ្ញើខ្លួនជាមួយផងដែរ ព្រោះថាគេគ្មានកន្លែងដែលត្រូវទៅ។ រថយន្តមួយបាំងកន្លះពណ៌ខ្មៅវិលកង់ចាកចេញពីបន្ទាយ បរលឿនស្លេវលើដងវិថីផ្លូវជាតិក្រវាត់ក្រុងសម្បូរដោយដើមឈើធំៗព័ទ្ធសងខាង ខណៈតៃកុងទទួលបន្ទុកបញ្ជាចង្កូតជាកំលោះមុខស្រស់មីនយូ។
"អនុសេនីយ៍ទោ គីម មីនយូ ពិតជាស្ទាត់ជំនាញបើកបរមែន" ពលបាលឈ្មោះ វ៉ុនវ៉ូ មើលទៅរៀងល្ងីល្ងើបន្តិច ប៉ុន្តែគេនិយាយស្មោះត្រង់ណាស់។
"ប្រាកដហើយ... តែអាល្អិតឯងថ្ងៃក្រោយហៅយើងថាបងប្រុសទៅងាយស្ដាប់បន្តិច"
"បាទ! បងប្រុសមីនយូ"
ពួកគេជជែកគ្នាស្របពេលជុងហ្គុកសំងំគេងពាក់វ៉ែនតាខ្មៅបាំងពន្លឺធ្វើរំភើយ។ ដល់ផ្លូវបំបែកខាងមុខ លោកតៃកុងមានបទពិសោធន៍ស្ទាត់ជំនាញដកជើងបន្ថយល្បឿនសឹមៗរេចង្កូតបត់ស្ដាំចូលច្រកតូចមួយ។ តាមបណ្តោយផ្លូវមានដើមផ្កាសាគូរ៉ាដុះធម្មជាតិរីកបែកមែកស្គុះស្គាយ ចោលក្លិនក្រអូបពិដោរសាយភាយលាយខ្យល់បរិសុទ្ធបីដូចវិមានសួគ៌ ញុំាងឱ្យអារម្មណ៍អ្នកដំណើរទាំងបីស្រស់ស្រាយនឹងទេសភាពដ៏កម្រនេះ។
✦✦✦
ល្ងាចថ្ងៃដដែល...
ស្រមោលសូរិយាពណ៌ក្រហមកំពុងចោលពន្លឺស្រទន់ហៀបអស្ដង្គតមកកាន់ផ្ទៃពសុធា អំឡុងកំលោះមាឌល្អិតពីរនាក់អង្គុយលើកៅអីឡានក្រុងសាធារណៈឆ្ពោះទៅមុខតាមគោលដៅ។ ពេញមួយថ្ងៃថេយ៉ុងនិងជីមីនបានចំណាយពេលមកមើលលទ្ធផលប្រឡងយកអាហាររូបករណ៍ការសិក្សាថ្នាក់បរិញ្ញាប័ត្រលើជំនាញមហាវិទ្យាល័យវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យប្រចាំតំបន់ ហើយពួកគេពិតជាអាចធ្វើវាបានជោគជ័យ។
ជីមីនកាន់សៀវភៅប្រលោមលោកមួយក្បាល ម្រាមដៃស្រឡូនរបស់គេបើកសន្លឹកទំព័រនីមួយៗអានយ៉ាងជក់ចិត្ត។ ទន្ទឹមនោះថេយ៉ុងក៏ចាប់ភ្លឹកសួរ៖
"ឯងអានសៀវភៅអី?"
"សៀវភៅថ្មីហ្នឹងណា"
"ឃើញឯងអានហើយញញិមរហូត"
"បើជាឯងអានក៏ញញិមដែរ" ជីមីនងាកមុខមកយកសៀវភៅបង្ហាញអ្នកជាមិត្ត តាមពិតទៅវាជាអំណោយចុងក្រោយដែលគេមានឱកាសទទួលបានពីលោកតាយូហាន។
"សៀវភៅនេះនិពន្ធដោយលោកតាយូហាន?" ថេយ៉ុងលាន់មាត់។
"មិនខុសទេ! ម្យ៉ាងវាជាសាច់រឿងស្នេហាមួយដែលសមបំណង ជាស្នាដៃចុងក្រោយបន្សល់ទុកពីកំណត់ហេតុសោកសៅរបស់គាត់"
"និយាយអ៊ីចឹងពួកយើងដូចជាខានទៅលេងហាងគាត់យូរដែរហើយ"
"ភ្លេចប្រាប់ឯង, ម្សិលមិញយើងទៅហាងបានដំណឹងថាគាត់ទទួលមរណៈភាពហើយ..."
ឮដូច្នោះថេយ៉ុងឧទានដោយការភ្ញាក់ម្តងទៀត៖
"អូ! ពិតមែន?"
"អ្ហឹម... យើងបានចួបកូនប្រុសរបស់គាត់ គេប្រគល់សៀវភៅនេះមកយើងថែមទាំងប្រាប់ថាវាជាអំណោយចុងក្រោយ" ជីមីនរៀបរាប់ខ្សាវៗទាំងមុខស្ងួត មុននឹងព្រលែងខ្យល់ដង្ហើមធំមួយឃូស ស្របពេលឡានក្រុងបញ្ឈប់ចំណតល្មម។
ពួកគេម្នីម្នាចុះចេញមកបន្តដំណើរថ្មើរជើង គាប់ជួនចៃដន់ចួបមនុស្សប្រុសម្នាក់ដើរស្របផ្លូវជាមួយពួកគេដែរ គ្រាន់តែក្រឡេកភ្នែកថេយ៉ុងចំណាំបានភ្លាម។
"គឺលោក?"
"ចៃដន់ណាស់!" កំលោះអ៊ុនវ៉ូ ទច់ងក់ហើយញញិមរាក់ទាក់ដាក់យុវនិស្សិតទាំងពីរតាមទម្លាប់ និងអត្តចរិតរួសរាយមានពីកំណើត។ នាយស្លៀកពាក់សាមញ្ញរបៀបអាវយឺតខោសាច់កំណាត់រលុងប្រដាប់ដោយកាបូបស្ពាយនឹងដៃ ទំនងជាទើបតែចេញពីធ្វើការ។
"ឯងស្គាល់គេឬថេយ៍?" ជីមីនកេះសួរមិត្តតិចៗ ព្រមនិងលួចមើលមុខនាយចំណូលថ្មីមិនដាក់ភ្នែក តម្រូវឱ្យថេយ៉ុងឆ្លើយតបភ្លាម។
"មិនអាចនិយាយថាស្គាល់ទេ គឺធ្លាប់ចួបម្ដងដោយចៃដន់ប៉ុណ្ណោះកាលពីម្សិលមិញ"
"ពិតមែនហើយ" នាយបន្ទរបន្ថែមលើសម្ដីថេយ៉ុង។
ថេយ៉ុងបែរមកសួរយកគួរ៖
"ចុះលោកបម្រុងចង់ទៅណាហ្នឹង?"
"កន្លែងស្នាក់នៅរបស់ខ្ញុំគឺនៅម្ដុំនេះ"
"នោះគឺស្របផ្លូវតែមួយនឹងពួកខ្ញុំដែរ"
"បើមិនយល់ទាស់ទេ អ៊ីចឹងយើងដើរទៅជាមួយគ្នាតែម្តងទៅ?"
"ល្អ"
បន្ទាប់មកពួកគេបីនាក់សម្រេចចិត្តបន្តដំណើរថ្មើរជើងបានជាគ្នាជជែកលេងផង ចេះតែបន្តដើរទាល់តែមេឃប្រែបាក់ងងឹតបន្តិចម្តងសឹងមើលចាក់ភ្នែកមិនយល់ ដ្បិតនៅក្នុងសង្កាត់មួយច្រកនេះមិនសូវមានផ្ទះប្រជាជនអ៊ូអរប៉ុន្មាន តែក៏អរគុណដល់បង្គោលភ្លើងបញ្ឈរខ្លួនតាមដងផ្លូវជាខ្សែជួយបំភ្លឺដល់ដំណើរពួកគេជារឿយៗ។
"រដូវផ្ការីកនៅសេអ៊ូលពិតជាស្រស់ស្រាយមែនទែន" អ៊ុនវ៉់ូពោល។
"លោកបងនិយាយដូចជាទើបតែមកនៅទីនេះថ្មីថ្មោង" សម្ដីរបស់ជីមីន ធ្វើឱ្យកំលោះយើងស៊កដៃចូលហោប៉ៅខោហើយសើចតិចៗ។
"ព្រោះខ្ញុំទើបតែមកនៅទីនេះមែន"
"អូ...លោកជាជនជាតិបរទេសអ្ហេស?" មិត្តយើងទាំងពីរលាន់មាត់ដំណាលគ្នា។
"មិនមែនទេ ខ្ញុំរស់នៅបារាំងតាំងពីតូចមិនទម្លាប់មកកូរ៉េញឹកញាប់ឡើយ" នាយបកស្រាយ ហើយក៏សួរត្បក។
"ហើយចុះផ្ទះអ្នកទាំងពីរនៅឯណា?"
"ពួកយើងរស់នៅផ្ទះមណ្ឌលស៊ុនអូ មិនឆ្ងាយពីច្រកផ្លូវនេះប៉ុន្មានទេ ដើរប្រហែលដប់នាទីដល់ហើយ" ថេយ៉ុងចង្អុលប្រាប់ផ្លូវ។
អ៊ុនវ៉ូងក់ក្បាលបែបកាត់ន័យយល់៖
"ពីរនាក់ឯងជាមិត្តនឹងគ្នាឬ?"
"បើប្រាប់ថាជាបងប្អូនជឿទេ?" ស្របនឹងនិយាយ ថេយ៉ុងធ្វើជាទាញជីមីនមកកៀកកថែមទាំងបង្ហាញទឹកមុនបែបប្រាកដប្រជា។ ប៉ុន្តែគិតចង់បោកអ៊ុនវ៉ូមិនមែនរឿងងាយស្រួលឡើយ!
"មិនមែនទេដឹង? មុខមិនដូចគ្នាផង!"
"ថាលេងទេ! ខ្ញុំឈ្មោះថេយ៉ុង ចំណែកមិត្តគឺជីមីន"
"ត្រូវហើយជីមីនមិនសូវខ្ពស់ទេ"
"យ៉ា! ម៉េចក៏ថាឱ្យខ្ញុំអ៊ីចឹង?" ជីមីនស្រែកចាចបែបមិនសុខចិត្ត ប៉ុន្តែអ្នកកំលោះគ្រាន់តែបំណងញ៉ោះលេងប៉ុណ្ណោះ។
"មើលទៅលោករៀបចំខ្លួនដូចជាគ្រូពេទ្យ" ចម្ងល់នេះថេយ៉ុងលួចឆ្ងល់យូរហើយទើបតែដាច់ចិត្តបង្ហើបសំណួរ។
"មិនខុសទេ ខ្ញុំគឺជាគ្រូពេទ្យ"
"ហីយ៉ា! ពួកខ្ញុំពីរនាក់ក៏កំពុងសិក្សានៅមហាវិទ្យាវេជ្ជសាស្ត្រដែរ ជាការគួរណាស់ដែលបានស្គាល់រៀមច្បងនោះ" កាន់តែនិយាយកាន់តែចូលធ្លុងគ្នា។ ថេយ៉ុងស្ដីចប់ ជីមីនបន្តតាមក្រោយ៖
"បើអាចថ្ងៃក្រោយសុំចែករំលែកបទពិសោធន៍ផងរៀមច្បង"
"អ្ហា!កុំគួរសមអី ខ្ញុំគ្រាន់តែជាដុកទ័រដាច់យៃម្នាក់ទេ" កំលោះរាដៃញញិមស្ងួតពោលឡើងកំប្លែង ជាហេតុឱ្យយុវនិស្សិតងឿងឆ្ងល់ភ្លែត។
"អ្វីទៅជាដុកទ័រដាច់យៃ?"
"មិនលាក់បាំងទេ! ខ្ញុំជាដុកទ័របញ្ចប់ការសិក្សានៅប្រទេសបារាំង ធ្វើការល្បីឈ្មោះរាប់ឆ្នាំ តែមកដល់សេអ៊ូលមិនបាន៣ខែផង ត្រូវគណកម្មការនៅនាយកដ្ឋានពេទ្យព្យួរទោសបិទមិនឱ្យកាន់កាំបិតវះកាត់៦ឆ្នាំ ដោយសារបញ្ហាមួយ"
"យ៉ាងណានៅតែជាពេទ្យអាចព្យាបាលអ្នកជំងឺបានទេតើ?" ថេយ៉ុងនៅតែមិនអស់ចម្ងល់ចង់ដឹងចង់ឮ។
"ណ្ហើយ...អាល្អិតឯងមិនដឹងទេ ការកាន់កាំបិតចូលបន្ទប់វះកាត់គឺជាសរសៃឈាមបេះដូងរបស់គ្រូពេទ្យ បើពាក់ឈុតសដើម្បីឈរមើលអ្នកជំងឺខ្លួនឯងអស់ដង្ហើមដោយមិនអាចជួយសង្គ្រោះបាននោះ តើបានន័យអីទៅ?" អ៊ុនវ៉ូរៀបរាប់ប្រកបដោយផ្ទៃមុខស្រស់ញញិមដដែលតែខ្សែភ្នែកមួយគូវាលាក់កំបាំងនូវរឿងរ៉ាវហួសចិត្តយ៉ាងច្រើនឥតគណនា។ យើងមិនដឹងឡើយថាគេបានចួបប្រទះអ្វីមកខ្លះ។
✦✦✦
ពេលយប់...
ផ្ទៃមេឃទាំងមូលគ្របដណ្ដប់ដោយស្បៃអន្ធិកា មានតែព្រះច័ន្ទមួយដួងគត់បណ្ដែតពន្លឺយ៉ាងស្រស់ស្អាតក្នុងលំហវេហា។ នារាត្រីដ៏សែនស្ងប់ស្ងាត់នេះ មនុស្សម្នាទាំងឡាយប្រហែលលង់លក់ស្កប់ស្កល់នឹងដំណេកអស់ទៅហើយ នៅឡើយតែកំលោះតូចថេយ៉ុងគយគន់សម្រស់ព្រះច័ន្ទក្បែរមាត់បង្អួត រំពៃនឹកគិតដល់មនុស្សម្នាក់ប្រចាំដួងចិត្ត។ អារម្មណ៍មួយនេះវាកើតឡើងស្ទើរតែរាល់យប់ គឺអារម្មណ៍នឹក... អារម្មណ៍ស្រលាញ់... អារម្មណ៍ដែលត្រូវរង់ចាំ... មានពាក្យពេចន៍សោកសៅក៏បានត្រឹមតែបន្លឺត្អូញត្អែប្រាប់ដួងច័ន្ទរាប់មិនអស់។ អ្នកណានិយាយថា មនុស្សឃ្លាតកាយណាយចិត្ត? បើជាគេកាន់តែឃ្លាតឆ្ងាយកាន់តែនឹក នឹកចង់ប្រេះទ្រូងទៅហើយ ចង់ចួប ចង់ឱបជាប់កាយឥលូវនេះ។
ក្ឌុក!
សំឡេងរបស់អ្វីម្យ៉ាងហោះទង្គិចមកប៉ះជញ្ជាំងទ្វារបង្អួតលាន់សូរដូចមាននរណាគប់ដុំថ្ម ដាស់សោតវិញ្ញាណម្ចាស់បន្ទប់ឱ្យភ្ញាក់តិចតួច មុននឹងអើតរកមើលដើមចម។
"សំឡេងអី?"
បរិយាកាសស្ងប់ល្អពុំមានធ្លាក់ខ្យល់ទេ ចម្លែកអ្វីឮសូរសម្រិបជើងមនុស្សជាន់លើស្លឹកឈើក្រៀមស្ងួតលាន់ប៉ប្រោកជារឿយៗពីរយៈបរិវេណខាងក្រោម។ ថេយ៉ុងខំផ្ទៀងត្រចៀកស្ដាប់សឹងពុំចង់ដកដង្ហើម ចិញ្ចើមទាំងគូចងចូលគ្នាគួចចិត្តសង្ស័យមួយរំពេច។
"ចោរទេដឹង?" មិនអស់ក្ដីសង្ស័យ អំឡុងចិត្តមួយចង់ដឹងការពិត ចិត្តមួយចង់រត់ទៅដាស់ជីមីនដើម្បីចុះទៅមើលជាមួយគ្នា តែចុងក្រោយគេសម្រេចថាប្រមូលភាពក្លាហានចុះទៅម្នាក់ឯងឱ្យខានតែបាន។
ពេលមកដល់ខាងក្រោមគេលែងឮសំឡេងអ្វីប្លែកទៀតហើយ ចក្ខុរំពៃមើលជុំវិញពុំឃើញអីសោះក៏រៀងធូរទ្រូងខ្លះ។ នោះបើគង់តែបានអំណាចបង្គោលអំពូលភ្លើងបញ្ឈរជាប់ដើមផ្កាសាគូរ៉ាជះសាចពន្លឺពេញវាលទេ ទើបគេមិនសូវជាខ្លាច។ មាឌល្អិតហៀបនឹងបែរខ្នងដើរចេញត្រលប់ចូលទីសម្រាកវិញ ស្រាប់តែស្រមោលនរណាម្នាក់ប្រាកដឡើងនៅពីក្រោយខ្នងក្នុងចម្ងាយមិនដល់ដប់ម៉ែត្រ កំពុងរំកិលជំហានមកកាន់តែជិតខ្លួន។
"នរណា?" រាងកាយស្ដើងបង្អាក់ជំហានផ្ដើមញ័រចំប្រប់ បេះដូងលោតច្របាច់ញាប់រន្ថាន់ ជំនះចោទសួរពេញដោយសេចក្ដីភ័យខ្លាច។ ដៃជើងប្រែជារឹងកម្រើកលែងរួច ព្យាយាមតាំងស្មារតីងាកទៅប្រឈមនឹងមនុស្សម្នាក់នោះឱ្យដឹងការពិត តែក៏បែរជាត្រូវគាំងទ្រឹងនិយាយអ្វីមិនចេញពេលបានឃើញថាគេជានរណា!
ស្ងាត់!
ពេលវេលាហាក់ឈប់នឹងថ្កល់មួយកន្លែង ទុកឱ្យគ្រប់យ៉ាងធ្លាក់ក្នុងសភាពស្ងប់ស្ងាត់ ឮសូរតែចង្វាក់បេះដូងលោតដុកដាក់ប្រជែងគ្នា ស្របពេលកែវភ្នែកទាំងគូប្រសព្វគ្នាទៅវិញទៅមកលាក់បង្កប់ន័យសែនជ្រាលជ្រៅ។ ស្រទាប់ផ្ការុះរោយកាត់ស្នាមញញិមផ្អែមល្ហែមដែលខកខានឃើញអស់រយៈពេលជាងពីរឆ្នាំ ពេលនេះវិលត្រលប់មកសារជាថ្មី។
ទីបំផុតគេមកវិញហើយ...
"សុំទោសដែលឱ្យរង់ចាំយូរ" ម្ចាស់រាងកាយខ្ពស់ស្រឡះពាក់អាវយឺតពណ៌ស បង្ហើរសំនួនកក់ក្ដៅ ថេយ៉ុងតែងតែចំណាំសំឡេងនេះមិនភ្លេច។
ភឹប!
មិនសូញសាញគំនិត រាងស្រលនស្ទុះចូលខ្លួនទៅឱបរាងក្រាស់ណែនដៃជំនួសឱ្យសម្ដីនឹករឭកទាំងប៉ុន្មាន។ ជុងហ្គុកលើកដៃក្រសោបសង្សារសំណព្វបេះដូងជាប់ដើមទ្រូង នាយក៏អាចដឹងដល់ចំហាយខ្សឹកខ្សួលរបស់គេ។ រំលងច្រើននាទីទាល់តែស្ងប់ចិត្ត ពួកគេព្រលែងចេញពីការឱបប្តូរមកសម្លឹងមុខគ្នាហាក់មានពាក្យជាច្រើនចង់បរិយាយ។
"ខ្ញុំនឹកបងដល់ថ្នាក់យល់សប្តហើយ..." កាយតូចស្រដីទាំងរលីងរលោងរំភើបចិត្ត។ ប្រអប់ដៃមាំក្រសោបភក្ត្រតូចថ្នមៗ បញ្ជាក់គេថាការពិតមិនមែនយល់សប្តឡើយ។
"ថេយ៍មិនបានយល់សប្ត បងឈរនៅត្រង់នេះគឺជាការពិត"
"ខ្ញុំនឹកបងណាស់ដឹងទេ?"
"បងដឹង" ទោះបីមិនប្រាប់ក៏នាយអាចដឹង ព្រោះកែវភ្នែកមួយគូនោះវាបញ្ជាក់ច្បាស់ណាស់។
"ម្តេចក៏បងមកយូរម្ល៉េះ? ខ្ញុំខំចាំបងនៅច្រកស្ថានីយ៍ស្ទើររាល់ថ្ងៃ ចាំបាត់ៗគ្មានដំណឹង ឯសំបុត្រក៏បងមិនផ្ញើប្រាប់ឱ្យដឹង! ខ្ញុំខំតែបារម្ភខ្លាចបងមានបញ្ហាអ្វីកើតឡើង"
"បងនៅទីនោះមិនអីទេ! គ្រាន់តែជាប់រវល់បំពេញភារកិច្ចមុនវិស្សមកាល ពុំមានពេលសរសេរសំបុត្រផ្ញើមក"
"អ៊ីចឹងបងមកលើកនេះប៉ុន្មានថ្ងៃ?"
"ប្រហែលមួយខែ"
ថេយ៉ុងខំញញិមទាំងមិនសូវសម៖
"ឥលូវនេះបងក្លាយជាលោកនាយទាហាន ការងារប្រាកដជាមមាញឹក ហោចណាស់បានចួបមុខបងបន្តិចក៏ខ្ញុំសប្បាយចិត្តដែរ"
"ពេលនេះបងនៅចំពោះមុខហើយទេតើ ខ្លួនប្រាណបងប្រគល់កម្មសិទ្ធិឱ្យអូនទាំងអស់ ចង់ឱប ចង់ថើប ឱ្យបាត់នឹកស្រេចតែចិត្តចុះ" ជុងហ្គុកនិយាយមុខស្មើធម្មតា តែធ្វើឱ្យក្មេងអៀនឡើងក្រហមថ្ពាល់ដល់គុម្ពត្រចៀក។
"យ៉ាងម៉េច! មិនចង់ឱបបងឱ្យបាត់នឹកទេ?" នាយឱនមុខស្រស់សង្ហាកាន់តែជិត សួរបញ្ជាក់ដោយភ្នែកសម្លឹងមើលបបូរមាត់តូចពណ៌សុីជម្ពូរឥតដាក់។
ម្ចាស់កាយតូចព្យាយាមគេចវេសពីភាពញាប់ញ័រ ធ្វើជាស្រវាឱបដើមដៃមាំម្ខាងបណ្តើរនាយចូលក្នុងផ្ទះ បន្លប់ការអៀន៖
"យប់ណាស់ហើយ ចូលទៅខាងក្នុងសម្រាកសិនទៅ ស្អែកសឹមនិយាយគ្នាទៀតល្អដែរទេ?"
"តែអូនមិនទាន់បានឱបបងទេ" នាយធំប្រកែកតបតមិនសុខចិត្ត រីឯជើងវែងៗចេះតែឈានតាមគេអូសដៃរហូត។
"អម្បាញ់មិញឱបហើយតើ!"
"ឱបបងម្តងទៀត ឱបឱ្យខ្លាំងៗទើបយកជាផ្លូវការ"
"ចន ជុងហ្គុក! បងកុំបុិនពេក!!"
ថេយ៉ុងថាឱ្យមួយម៉ាត់ ប្រញាប់បណ្តើរគ្នាត្រសងមកដល់បន្ទប់ចាស់របស់នាយ។ បើទោះបីជុងហ្គុកលែងរស់នៅទីនេះទៀតហើយ ក៏គេតែងតែធ្វើការសម្អាតជាប្រចាំ ហេតុនោះទើបវាស្រឡះស្អាតគ្មានធូលីតោងជាប់។ នៅស្ងាត់ៗតែពីរនាក់បែបនេះ ជុងហ្គុករក្សាភាពស្ងប់មិនហែកច្បាប់សុភាពបុរស មិនស្និតស្នាលលើសលស់ដាក់ថេយ៉ុងឡើយ ព្រោះគេប្រៀបបានជាផ្កាមួយទងដែលនាយខំដាំដុះថែទាំឱ្យរីកស្រស់ស្អាតមានតម្លៃក្នុងដួងចិត្តជានិច្ច។
"ថ្មើរនេះគ្រប់គ្នាគេងលក់អស់ហើយ តែបើលោកតាដឹងថាបងមកគាត់ច្បាស់ជាសប្បាយចិត្តមិនខាន" វាចាស្រទន់គួរឱ្យចង់ស្ដាប់ ស្របនិងកាយវិការទន់ភ្លន់កំពុងរៀបចំភួយខ្នើយឱ្យនាយធំមួយចប់សព្វគ្រប់។
"រួចរាល់ហើយ បងគេងចុះ!"
ហៀបនឹងចេញទៅវិញហើយ ស្រាប់តែនាយលូកចាប់ដៃគេឃាត់ជាមុន៖
"មិនបាច់ទៅបន្ទប់វិញទេ គេងទីនេះហើយ"
ថាចប់ រាងក្រាស់យកភួយខ្នើយមកទម្រេតខ្នងគេងនៅខាងក្រោមផ្ទាល់ឥដ្ឋ ដោយទុកឱ្យកាយតូចសម្រាកនៅលើគ្រែ។ ថេយ៉ុងក៏យល់ព្រមមិនឱ្យហួសព្រំដែន ពួកគេគេងបើកភ្នែកសម្លឹងមើលពិដានរៀងខ្លួន ឆ្លៀតឆ្លើយឆ្លងគ្នាខ្សាវៗហាក់មិនទាន់មានអ្នកណាងងុយសោះ។
"ត្រូវហើយ! ខ្ញុំមានរឿងមួយចង់ប្រាប់បង"
"និយាយមក" ជុងហ្គុកតបទាំងដាក់ដៃម្ខាងគងថ្ងាស ឯត្រចៀកក៏ទទួលចាំស្តាប់គ្រប់សម្តី។
"ខ្ញុំនិងជីមីនសម្រេចចិត្តច្បាស់ហើយ! ពួកយើងនឹងរើចេញពីមណ្ឌលនៅថ្ងៃស្អែកនេះ ទៅស្នាក់នៅខាងក្រៅ ដើម្បីធ្វើការ និងរៀនសូត្រ" គេគិតថា ពួកគេធំដឹងក្តីគ្រប់គ្រាន់ល្មមអាចរំពឹងខ្លួនឯងបាន មិនចង់នៅជាបន្ទុករបស់លោកតាស៊ុនទៀតនោះទេ។ អ្នកគ្រប់គ្នានៅទីនេះសុទ្ធតែដូចគ្នា ដល់ពេលដែលត្រូវស្វះស្វែងរកអនាគតក៏ត្រូវចាកចេញ។
"ចង់ធ្វើការអី?"
"ជីមីនប្រាប់ថាគេចង់សុំកូនប្រុសលោកតាយូហានធ្វើការនៅហាងសៀវភៅ ចំណែកខ្ញុំមិនទាន់ដឹងទេ ប្រហែលជាធ្វើការងារក្រៅម៉ោងបន្តិចបន្តួចអី...បែបហ្នឹងឯង"
"....."
"ជុងហ្គុក?"
ស្ងាត់លែងឮមាត់តបត ថេយ៉ុងស្ទុះអើតមើលឃើញនាយគេងលក់តាំងពីពេលណាមិនដឹង ប្រហែលធ្វើដំណើរឆ្ងាយល្វើយពេកហើយ។
"សុបិន្តល្អណា..."
✦✦✦BY: Komnu Prach (MoGen)
Enjoy your reading♥️✨
YOU ARE READING
សំណោកដួងចិត្ត ||TAEKOOK||
Romanceរឿងរ៉ាវស្នេហានាយទាហានអនុសេនីយ៍ឯក និងនិស្សិតពេទ្យមួយរូប បានចារក្នុងកំណត់ហេតុគូស្នេហ៍នានិទាឃរដូវវិលវិញ ថ្វីដ្បិតតែពោរពេញទៅដោយភាពសោកសៅ ប៉ុន្តែវាជានិទានស្នេហ៍ដ៏ស្រស់ស្អាតបំផុតនៅក្នុងលោក- Jeon Jungkook - Kim Taehyung ប្រលោមលោកបែបបរទេស (កូរ៉េ) ប្រភេទ÷ មនោ...