យប់រាត្រីពោរពេញដោយខ្យល់អាកាសត្រជាក់រហឹម។ នៅក្នុងដំណាក់តន្ត្រីរបស់អ្នកអង្គម្ចាស់នៀល ពេលនេះទ្រង់កំពុងលេងព្យាណូយ៉ាងកណ្ដោចកណ្ដែង បទដែលទ្រង់កំពុងធ្វើការប្រដេញមានចំណងជើងថា Suzume មកពីប្រទេសជប៉ុន។ អ្នកអង្គម្ចាស់ស្ថិតនៅក្នុងឈុតគេងយប់ពណ៌ខ្មៅរលោងស្រិល ទ្រង់ហាក់ពិបាកចិត្តទឹកមុខមិនស្រស់បោស អាចបណ្ដាលមកពីរឿងល្ងាចមិញទាក់ទងពីបិតា។
ទោះទ្រង់មានបន្ទូលថាស្អប់ មិនចូលចិត្តព្រះអង្គអាល់ម៉ាន់ត្រាមិនដាច់ពីមាត់ ប៉ុន្តែទ្រង់បីដូចកំពុងកុហកចិត្តខ្លួនឯងអ៊ីចឹង។ តាមពិតព្រះទ័យក៏បារម្ភពីបិតាបន្តិចបន្តួចដូចគ្នា តែទ្រង់មិនអាចទៅមើលព្រះអង្គឬក៏ចូលទៅក្បែរសូម្បីមួយជំហាន ទោះជាពេលនេះទទួលដំណឹងថាបិតាប្រឈួនក៏ដោយ។
ទ្រង់បន្តដេញរហូតដល់ពាក់កណ្ដាលបទ សម្លេងតន្ត្រីដ៏ពីរោះនោះបានពាំនាំឱ្យអែនតូនៀដែលមិនទាន់គេងលក់ ដើរមករកប្រភពសំឡេង ចង់ដឹង ចង់ឮថាថ្មើនេះម៉ោង១០កន្លះទៅហើយ នរណាម្ដេចក៏ទំនេរម្ល៉េះ មកលេងភ្លេងទាំងយប់។
"អ្នកអង្គម្ចាស់នៀល!?" អែនតូនៀស្ថិតនៅក្នុងរ៉ូបរាត្រីពណ៌ស មានស្បៃដណ្ដប់ស្មា ឈប់ឆ្ងក់នៅមុខបន្ទប់ដែលបិទទ្វារមិនជិត អាចធ្វើឱ្យឃើញផែនខ្នងមាំទាំរបស់អ្នកអង្គម្ចាស់។ នាងឈរមើលទ្រង់ក៏ដូចជាស្ដាប់ភ្លេងដ៏រណ្ដំរហូតមួយសន្ទុះ រហូតដល់បទក៏ចប់ទើបដាច់ចិត្តបើកទ្វារដើរចូលទៅ។
"ទ្រង់លេងបានពីរោះណាស់" ស្រីស្រស់បន្លឺសំដីកោតសរសើរ តាមធម្មតាទោះជានរណាក៏ដោយសូម្បីតែមនុស្សដែលនាងមិនសូវជាចូលចិត្ត ប្រសិនបើឃើញគេធ្វើកិច្ចការបានល្អនាងក៏ថាល្អ បើឃើញថាគេខ្ជះខ្ជាយធ្វើមិនល្អនាងក៏ថាអត់លើសពីនេះនៅរិះគន់គេដើម្បីស្ថាបនាទៀតផង។
"នាងចូលមកធ្វើអី?" ទ្រង់សួរទាំងមុខមាំទាំ ស្របជាមួយដៃប្ដូរប៉ារ៉ូលបទភ្លេងដើម្បីលេងបន្ត។
"ចូលមកមើលនោះអី" អែនតូនៀញញឹមតិចៗនាងដើរទៅយកកៅអីមកអង្គុយក្បែរអ្នកអង្គម្ចាស់ នឹងស្ដាប់សម្លេងភ្លេងចេញពីព្យាណូ វាពិតជាធ្វើឱ្យនាងនឹកដល់លោកប៉ាខ្លាំងណាស់។
ត្បិតថាប៉ារបស់នាងរវល់ជាមួយការងារជាប់ដៃជើងយ៉ាងណាក៏ដោយ គាត់តែងតែព្យាយាមរកពេលវេលាកំដរកូនស្រី មិនចង់ឱ្យនាងរស់នៅក្នុងភាពឯកានិងខ្វះភាពកក់ក្ដៅឡើយ។ ពេលទំនេរៗពីការងារ គាត់តែងតែលេងព្យាណូនិងបង្ហាត់បង្រៀនឱ្យនាងលេងឧបករណ៍តន្ត្រីឱ្យតែនាងចូលចិត្ត ក្នុងនាមជាឪពុកគាត់សប្បាយចិត្តពេកកន្លងហើយ។
"នេះជាចម្រៀងច្រៀងដោយលោក jamie duffy មានចំណងជើងថាបទ goodnight មែនទេ?" អ្នកអង្គម្ចាស់ផ្អាកសកម្មភាព ទ្រង់មិនមានបន្ទូលអ្វីទាំងអស់គ្រាន់តែសម្លឹងមុខនាងបន្តិច សឹមបន្តលេងម្ដងទៀត ដោយសារអម្បាញ់មិញនាងសួរកាត់បង្វាក់ទ្រង់អស់រលីង។
ពីមួយចង្វាក់ទៅមួយចង្វាក់ អែនតូនៀព្យាយាមស្ដាប់ដោយដាក់អារម្មណ៍ជាទីបំផុត នាងមិនដែលដឹងសោះថាអ្នកអង្គម្ចាស់មានអត្តចរិតឆេវឆាវ បែរជាអាចលេងតន្ត្រីបានពិរោះគួរឲ្យស្ញើចសរសើរ។
"ហ្ហឹមមម"
រហូតមួយស្របក់ធំអ្នកអង្គម្ចាស់សម្រេចចិត្តឈប់លេងព្យាណូ ទ្រង់ក្រោយយាងទៅឈរនៅមាត់បង្អួចសម្លឹងមើលផ្ទៃមេឃដោយភាពសៅហ្មង។ យប់នូវរាត្រីនេះកណ្ដោចកណ្ដែងពេកហើយ មានតែព្រះចន្ទប៉ុន្តែបែរជាបាត់ផ្កាយរាប់ពានដួងទៅណាអស់រលីង ដូចជាទ្រង់ដែលស្ថិតនៅម្នាក់ឯង ឯកា ខ្វះភាពកក់ក្ដៅ ខ្វះក្ដីស្រឡាញ់ពីសំណាក់បិតា ទោះមានងារជាអ្នកអង្គម្ចាស់ មានលោហិតជារាជវង្សខ្ពង់ខ្ពស់ តែវាមិនបានធ្វើឱ្យទ្រង់សប្បាយព្រះទ័យសូម្បីបន្តិច។ ទ្រង់មានមានអារម្មណ៍ថាជីវិតមួយនេះសាបល្វែងពេកហើយ គ្មានរសជាតិអ្វីទាំងអស់ក្រៅពីភាពល្វីងចូរចត់។
"ទ្រង់មានអ្វីនៅក្នុងព្រះទ័យមែនទេ?"
អែនតូនៀដែលអង្គុយមិនទាន់ចេញទៅណា កាលបើឃើញអ្នកអង្គម្ចាស់ស្ងាត់ប្លែក នាងក៏ដើរទៅឈរពីក្រោយសួរទ្រង់ព្រមទាំងងើយមុខទៅមើលផ្ទៃមេឃដូចគ្នា។
"គ្មានទេ"
"ទ្រង់កុហក"
គ្រាន់តែទ្រង់មានបន្ទូលចប់ភ្លាម អែនតូនៀតបសម្ដីយ៉ាងលឿន។ នាងអាចមើលដឹងថាទ្រង់សោកសៅព្រះទ័យទើបមកលេងព្យាណូដើម្បីបន្ធូរអារម្មណ៍តានតឹង។
"ជារឿងរបស់យើង នាងទៅសម្រាកវិញទៅ" ទ្រង់បែរមករកនិងចេញបញ្ជាដេញឲ្យនាងទៅបន្ទប់គេង តែនាងធ្វើព្រងើយបោះជំហានឈរស្មើទ្រង់ ឱបដៃទាំងគូមើលព្រះចន្ទធ្វើមិនដឹង។
"គួរឱ្យស្អប់!!" នាងសើចតិចៗពេលឮអ្នកអង្គម្ចាស់មានបន្ទូលតិចៗថាឱ្យ។ ស្រីស្រស់ស្ងាត់មាត់បន្តិចទើបចាប់ផ្ដើមនិយាយ...
"ទ្រង់ដឹងទេនៅលើលោកនេះមានអ្វីចម្លែកច្រើនណាស់ ខ្ញុំម្ចាស់តែងតែគិតថាទ្រង់ជាមនុស្សអាក្រក់គួរឱ្យស្អប់ ប៉ុន្តែពេលមកនៅក្បែរទ្រង់បានត្រឹមមួយថ្ងៃខ្ញុំម្ចាស់ក៏បានយល់ថាការពិតទ្រង់ជាមនុស្សល្អ មានបេះដូងស្មោះត្រង់មួយ ហើយពូកែលាក់អារម្មណ៍ដែលពិបាកចិត្ត"
"ទ្រង់គឺស្រដៀងជាមួយខ្ញុំម្ចាស់នៅត្រង់ចំណុចនេះខ្លាំងណាស់ ពួកយើងគឺដូចគ្នា ខ្ញុំម្ចាស់មិនដែលបង្ហាញពីអារម្មណ៍សោកសៅឲ្យអ្នកណាបានដឹងឮនោះទេ... ទ្រង់ដឹងថាហេតុអ្វីឬអត់?"
និយាយមកដល់ចំណុចនេះនាងងាកមុខមកមើលអ្នកអង្គម្ចាស់ ធ្វើឲ្យទ្រង់ដែលកំពុងស្ដាប់កើតចម្ងល់រហ័សគេចមុខចេញ មិនចង់ឲ្យនាងដឹងថាមុននេះទ្រង់សម្លឹងមើលផ្ទៃមុខនាងរហូតភ្លឹកឡើយ។
"និយាយបន្តមក" នាងសើចតិចៗឃើញព្រះភក្ត្រអ្នកពេលខ្មាសអៀនគួរឱ្យស្រឡាញ់ពេក។
"មកពីខ្ញុំម្ចាស់រកមនុស្សដែលខ្ញុំម្ចាស់ចង់ចែករំលែករឿងក្នុងចិត្តជាមិនបានហ្នឹងណា"
"អរររ..."
ក្រោយបញ្ចប់សម្ដីទាំងនាងនិងអ្នកអង្គម្ចាស់ស្ងាត់គ្រប់គ្នា មិនមាននរណានិយាយអ្វីតទៅទៀត។ ពេលនេះក្នុងបន្ទប់គឺស្ងាត់ជ្រាប មានបើកតែភ្លើងអំពូលរចនាស្រស់ស្អាតបង្ហាញពីរចនាបទនៃបន្ទប់ទាំងមូលធំទូលាយ។
"ទ្រង់ចូលបម្រើកងទ័ពទាហានជើងទឹកមែនទេ?!!"
ដោយសារបរិយាកាសស្ងប់ស្ងាត់ខ្លាំងពេក អែនតូនៀដើរទៅមើលគំនូរក៏ដូចជារូបភាពផ្សេងនៅក្នុងបន្ទប់ រហូតដល់ផ្ទាំងរូបភាពធំដាក់តាំងនៅជាប់ជញ្ជាំងមានព្យាណូរំលេចដោយពណ៌មាសនៅទល់មុខ។
"យ៉ាងម៉េច?!" អ្នកអង្គម្ចាស់សួរបកក្នុងន័យចង់ដឹងតើមានបញ្ហាអ្វីមែនទេ ប្រសិនបើទ្រង់ចូលបម្រើកងធោទាទាហានជើងទឹកនោះ។ ឬមួយនាងគិតថាទ្រង់ជាអ្នកអង្គម្ចាស់នៃខ្សែរាជវង្សទាំងមូល មិនចាំបាច់ត្រូវធ្វើការងារ?!!
"គ្មាននោះទេគ្រាន់តែភ្ញាក់ផ្អើល" នាងនិយាយតែមាត់ កែវភ្នែកផ្ចិតផ្ចង់មើលរូបភាពរហូតដឹងថាអ្នកអង្គម្ចាស់មានឋានៈជាឧត្តមសេនីយ៍ទោត្រឹមព្រះជន្ម២៦ឆ្នាំប៉ុណ្ណោះ។
"ឡើងតាមខ្សែទេដឹង?!!"
ព្រោះតែមិនចង់ជឿណាមួយក្នុងកែវភ្នែកនាងអ្នកអង្គម្ចាស់នៀលប្រៀបដូចជាមនុស្សគ្មានប្រយោជន៍ ហេតុអ្វីទ្រង់មានឋានៈជាឧត្តមសេនីយ៍ទោទាំងវ័យក្មេងបែបនេះ។ នាងពិតជាមិនយល់លើសពីនេះនៅគិតអាក្រក់ថាទ្រង់ឡើងដំណែងតាមអំណាចនៃរាជវង្សទៀតផង។
"យើងដឹងថានាងកំពុងគិតអ្វី..."
"ទ្រ... ទ្រង់?!!" អែនតូនៀបើកភ្នែកធំៗប៉ុណាណីកាលបើងាកទៅរកអ្នកអង្គម្ចាស់ឃើញថាទ្រង់បានដោះអាវរលោងស្រិលចេញពីខ្លួន ដើរសំដៅមករកនាង។
តើទ្រង់ចង់ធ្វើអ្វី? ឬមួយចង់ធ្វើដូចពីថ្ងៃមិញ? ប្រសិនបើវាជាការពិតលើកនេះនាងនិងប្ដូរស្លាប់ហើយដើម្បីសងសឹក។
"យើងមិនរំលោភនាងទេ" អ្នកអង្គម្ចាស់មានបន្ទូលទាំងមុខមាំពេលឃើញអែនតូនៀធ្វើមុខភ័យ។ តាមពិតទ្រង់គ្មានបំណងអាក្រក់ឬលេងសើចអ្វីទេ ទ្រង់គ្រាន់តែចង់ឱ្យនាងមើលអ្វីម្យ៉ាងដែលនៅលើព្រះកាយតែប៉ុណ្ណោះ។
"មើលទៅ!!" ដើរមកដល់ក្បែរ ទ្រង់ឱ្យនាងសម្លឹងមើលរាងកាយល្វែងលើរបស់ទ្រង់ ដែលមានស្លាកស្នាមរបួសជាច្រើន បន្សល់ពីការហ្វឹកហាត់កំឡុងពេលចូលបម្រើកងទ័ព។
ទ្រង់ព្យាយាមណាស់ទម្រាំបានឡើងដំណើងពីមួយថ្នាក់ៗទៅមួយថ្នាក់ ដោយសារតែភាពឈ្លាសវៃនិងរហ័សរហួន វាជាស្ពានតែមួយដែលជួយចម្លងទ្រង់មកកាន់ដំណែងមួយគួរឱ្យស្ញប់ស្ញែង ជាពិសេសទ្រង់ពិតជាមានមោទនភាពមកលើខ្លួនឯង ដែលអាចទាញយកសមិទ្ធផលដោយការប្រើកម្លាំងញើសឈាមផ្ទាល់។
"ទ្រង់ឈឺទេ!??"
ស្នាមរបួសទាំងនោះមានច្រើន ជាពិសេសនៅមានផ្លែគ្រាប់កាំភ្លើងនៅស្មាខាងស្ដាំ។
ម្រាមស្រឡូនៗលើកមកប៉ះស្នាមនោះទាំងមិនដឹងខ្លួន។ មុននេះនាងមានអារម្មណ៍ថាភ័យនិងខ្លាច តែឥឡូវនាងបែរជាអាណិតទ្រង់ទៅវិញ។
"របួសក្រៅបេះដូងគ្មានអ្វីអស្ចារ្យនោះទេ"
----------------
To be continued...
Ara
YOU ARE READING
វិវាទបេះដូង
Storie d'amoreស្នេហាដែលមានរាងជាចតុកោណកែងបានធ្វើឱ្យពួកគេទាំងបួននាក់ទទួលការឈឺចាប់គ្រប់គ្នា។ នៀល រ៉ាហ្វាដាសៀរ៍ក្រេសហ៍ ស្កាអូឡែត&អែនតូនៀ ចេដិន អាល់បឺត រ៉ាហ្វាដាសៀរ៍ក្រេសហ៍ ស្កាអូឡែតxមេឡូនី គ្រីស្ទីអែនណា BG NOVEL