ផ្តើមរឿង

90 7 0
                                    

        •នៅថ្ងៃទី៨ ខែ វិច្ឆិកា គ.ស ១៩៥៣

        ព្រះបាទនរោត្តម សីហនុបានត្រៀមខ្លួនត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ក្រោយពីធ្វើការចរចាជាមួយបារាំង។នាខេត្តសៀមរាប ប្រជារាស្ត្របានឈររង់ចាំរហង់តាមដងផ្លូវរហូតដាច់កន្ទុយ។ ពួកគេមានពន្លឺក្តីសង្ឃឹមជាប់ជានិច្ចមកលើព្រះមហាក្សត្រក្នុងការទាមទារឯករាជ្យពីនឹមត្រួតត្រាបារាំងសេស។ បើក្រឡេកមកមើលទីក្រុងភ្នំពេញឯណោះវិញ ប្រជានុរាស្ត្រត្រៀមអបអរសាទរនូវវត្តមានព្រះមហាក្សត្រទ្រង់យាងត្រឡប់មកវិញ ដោយឥតបានខ្វាយខ្វល់អំពីកម្តៅក្តៅហួតហែងពីព្រះទិនករសោះឡើយ។

        •នៅថ្ងៃទី៩ ខែ វិច្ឆិកា គ.ស១៩៥៣

        ជាពេលាជ័យជំនះមហាអស្ចារ្យក្រៃលែង ដែលប្រទេសកម្ពុជាទទួលបានឯករាជ្យបរិបូរណ៌ពីបារាំង ក្រោមស្នាព្រះហស្ថដ៏ល្អឯកនៃព្រះបាទនរោត្តមសីហនុ ចារទុកជាប្រវត្តិសាស្ត្រតរៀងទៅ ឲ្យនឹកឃើញដល់គុណូបការៈទ្រង់ ដែលបានតស៊ូទាំងប្រថុយប្រថានចាប់តាំងពីវត្តមាននៃប្រទេសជប៉ុននាឆ្នាំ១៩៤៥ មកម្ល៉េះ។ តំណាលគ្នាផងដែរ ការរួបរួមគ្នាជាមួយប្រជារាស្ត្រ និងកងជីវពល និងកងនារីក្លាហាន ក៏ជាកត្តារួមផ្សំទទួលបានសមិទ្ធផលតាមសេចក្តីប្រាថ្នា។

        ពិធីផ្ទេរអំណាចយោធាពីសាធារណរដ្ឋបារាំងទៅកាន់ប្រទេសកម្ពុជាបានឧប្បត្តិកឡើងមកនៅមុខព្រះបរមរាជវាំង។ គ្រានោះហើយ ជាទីអវសាននៃព្យុះហយាត្រារបស់កងទ័ពបារាំង និងកងទ័ពខេមរភូមិន្ទ មុននឹងដកថយខ្លួនជាស្ថាពរ។

        "ប្រទេសកម្ពុជាទីបំផុតបានក្លាយជាបូរណភាពទឹកដី អធិបតេយ្យភាព កំណត់ជោគវាសនានៃប្រទេស ជយោ!"

        សម្លេងត្រេកអរបន្លឺឆ្វាចពេញហាងកាត់ដេរ ទាក់ទាញចំណាប់អារម្មណ៍អ្នកធ្វើការដទៃកំពុងសញ្ជឹងធ្វើការងារ ប្តូរមកចាប់អារម្មណ៍នឹងប្រយោគអំបាញ់មិញ។ នោះគឺជា កញ្ញាឆ្នាស់ឆ្នើម សុនីនេះឯង។

        "ពិតមែនឬ?" នាងបុប្ផាស្រែកសួរបញ្ជាក់។

        "អ្ហឹម! ពេលនេះព្រះបាទនរោត្តមសីហនុត្រូវបានប្រជារាស្ត្រទាំងអស់ ប្រសិទ្ធនាមជាបិតាឯករាជ្យជាតិ"

ឋានសួគ៌អស្តង្គត࿐Where stories live. Discover now