« បងមិនដឹងថាវានឹងកើតឡើងពិតឬអត់ទេ តែបងបានឮលោកប្រធាននិយាយថា គាត់នឹងរៀបគម្រោងសម្លាប់អ្នកប្រុស Jake នៅថ្ងៃនេះហើយ »« ថាម៉េច?!! » រាងស្តើងហើបគូទពីកៅអីដៃញ័រទទ្រើក ញ័រមាត់គាំងកន្លើតនិយាយស្ទើរលែងចេញ ដូចចង់គាំងនឹងរឿងដែលនាងមិនគិតថានាងស្តាប់ត្រូវ
« បងនិយាយការពិត ពេលនេះគាត់ប្រហែលជាកំពុងនាំខ្លួនអ្នកប្រុស Jakeទៅកន្លែងនោះហើយ »
« កន្លែងណាទៅ បងស្រីឆាប់ប្រាប់ខ្ញុំមក » នាងចង់យំបន្តិចអីបន្តិចញ័រទ្រូង ញ័រដៃញ័រជើងអស់ហើយ ព្រោះស្រាប់តែឮរឿងមកភ្លាមៗបែបនេះ មិនដឹងថាគួរគិតយ៉ាងណាទេ
« បងពិបាកប្រាប់ណាស់ ពេលនេះប្អូននៅទីណាចាំបងទទួលប្អូនទៅជាមួយគ្នាវិញស្រួលជាង »
« ពេលនេះខ្ញុំនៅហាង »
« ហាងដឹអ៊ែនស្ត បង » រាងស្តើងនិយាយទាំងភ័យស្លុតស្លេកមុខ ជ្រាបទឹកភ្នែក ខណៈអ្នកម្ខាងទៀតតបមកយ៉ាងរហ័ស« ok បងទៅជិតដល់ល្មម ចាំបន្តិចណា »
« ចាំបងទទួលប្អូនយកទៅទីនោះ » ព្រោះកំពុងឈប់ឡាននៅជិតហាងស្រាប់ចាំតែរាងស្តើងយល់ព្រមនឹងអាលយកចេញទៅ ស្រីល្អមិនបណ្តោយឱ្យខាតពេលក៏ប្រញ៉ាប់បើកឡានសំដៅទៅរាងស្តើងដែលចេញមកឈរនៅមុខហាងបន្ទាប់ក៏បើកឡុកឱ្យនាងបើកទ្វារចូលមក រួចបើកចេញទៅយ៉ាងលឿន ខណៈរាងស្តើងចូលមកក៏មិនទាន់បានសួរនាំអីបន្ថែមព្រោះរវល់តែចុចតេទៅ Jakeញាប់ដៃ អ៉ឺននីឃើញហើយក៏ធ្វើជាសួរ
« កំពុងតេទៅអ្នកណាហ្នឹងប្អូនស្រី គឺអ្នកប្រុស Jake មែនទេ? »« ចា៎ មែនហើយបងស្រី ខ្ញុំបារម្ភណាស់ ខ្លាចតែគេមានរឿងទេ ព្រោះខ្ញុំតេគេអត់ចូលសោះ តេកូនចៅគេក៏អត់ចូលដូចគ្នា »
« អូ ធ្វើយ៉ាងម៉េចទៅ តិចគេកំពុងមានរឿងពិតមែនទៅប្អូនស្រី មិនកើតទេបងគួរតែបើកឱ្យលឿនជាងនេះទើបបាន » នាងធ្វើជាចូលតួភ័យស្លន់សំដែងសមលើសអ្នកអាជីព ធ្វើជាភ្ញាក់ផ្ញើលដែលឃើញរាងស្តើងតេទៅ Jakeមិនចូលទាំងដែលនាងដឹងច្បាស់ថាមិនចូលព្រោះហេតុអី ការពិតនាងបានបញ្ជូនមនុស្សឱ្យទៅស៉ើបបានដឹងច្បាស់ណាស់ថាថ្ងៃនេះ Jakeត្រូវចូលប្រជុំសំខាន់ចំនួនមួយម៉ោងពេញហើយទាំងគេនឹងកូនចៅរបស់គេក៏ត្រូវតែបិទទំនាក់ទំនងទូរសព្ទនៅក្នុងពេលប្រជុំនេះ ហេតុនេះទើបនាងផ្តើមធ្វើរឿងទៅដោយរលូន
< នាងល្ងង់អ៉ើយ ខំស្រូបខ្យល់ដង្ហើមពីផែនដីជាលើកចុងក្រោយទៅ ព្រោះវាជិតដល់ពេលស្លាប់របស់នាងហើយ > ស្រីចិត្តពស់វែកបានគិតក្នុងចិត្តយ៉ាងពិសពុលមាត់ក៏លួចញោចញញឹមពេលទៅជិតដល់កន្លែង រាងស្តើងអង្គុយក្នុងឡានទាំងភ័យព្រួយក្នុងចិត្តលួចបន់ស្រន់មិនឈប់កុំឱ្យមានអ្នកណាកើតអីជាពិសេសគឺ Jake នាងបារម្ភគេណាស់ នាងមិនជឿទេថាទេថាសុងហ៊ុនអាចមានគំនិតបែបនោះ បើគេនៅតែជាសុងហ៊ុនដែលនាងធ្លាប់ស្គាល់កាលពីមុនពិតមែនទោះវ៉ៃនាងឱ្យស្លាប់ក៏នាងមិនជឿដែរ ប៉ុន្តែវាទាស់ត្រង់ថាគេបានចេញទៅក្រៅប្រទេសពីរឆ្នាំហើយ នាងពិតជាមិនហ៊ានសន្មត់ថាគេនៅតែដូចដើមទេ នាងខ្លាចណាស់ខ្លាចពេលគេចេញទៅក្រៅហើយមកវិញកើតម៉ាហ្វៀរដើរសម្លាប់គេឯងតាមអំពើចិត្ត អូ អត់ទេ បើបែបហ្នឹងមែនគេពិតជាគួរឱ្យខ្លាចណាស់ ហុឹកៗ កាន់តែគិតនាងកាន់តែចង់ទៅឱ្យឃើញផ្ទាល់ភ្នែកកាន់តែឆាប់ព្រោះបេះដូងដែលភ័យស្លន់លោតញាប់ខ្លាំងស្ទើរទុកក្នុងទ្រូងលែងនៅហើយ ។ ពេលជិះបានមួយសន្ទុះក្រោយមកឡានអ៉ឺននីក៏បានបត់លឿនដូចព្យុះចូលទៅតំបន់អគារចាស់ដែលគេទុកចោលហើយឈប់ង៉ក់នៅមុខអគារនោះ សភាពអគារមើលទៅចាស់ខាងក្នុងក៏រាងងងឹតពិតជាគួរឱ្យខ្លាចខ្លាំងណាស់ តែរាងស្តើងមិនចាប់អារម្មណ៍អ្វីឡើយ គ្រាន់តែឡានឈប់ភ្លាមនាងបើកទ្វារចុះហើយរត់ចូលអគារដ៏គួរឱ្យខ្លាចញញើតនោះដោយមិនរារែក រត់បណ្តើរនាងយកទូរសព្ទបើកពិលបញ្ជាំងមើលបណ្តើរព្រោះចូលដល់អគារវារាងងងឹត នាងខ្លាចណាស់បេះដូងលោតឌឹបៗ នាងភិតភ័យខ្លាំងតែខំជំនះព្រោះក្នុងខួរក្បាលនាងមានតែរឿងម្យ៉ាងគឺត្រូវជួយJake និងត្រូវហាមសុងហ៊ុនឱ្យបានព្រោះនាងមិនចង់ឃើញគេក្លាយជាមនុស្សអាក្រក់ទេ
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...