Part 92 : លែងវិលត្រឡប់

327 37 41
                                    

« ដល់ពេលហើយតើមែនទេ? » ទាំងសម្លេងទាំងកែវភ្នែកគេគឺសែនសោកសៅណាស់ គេក្រៀមក្រំខ្លាំង ពេលចុចទទួលនិងបាននិយាយជាមួយអានចូរួច ដួងព្រលឹងនិងវិញ្ញាណរបស់គេហាក់លែងមាននៅក្នុងខ្លួនទៀតហើយ ទឹកភ្នែករបស់គេស្រក់ចុះម៉ាត់ៗ គេឈឺចុកអួលណែនពេញទ្រូង មិននឹកស្មានថាពេលវេលាដើរទៅលឿនយ៉ាងនេះទេ នៅទីបំផុតថ្ងៃនេះ ថ្ងៃដែលគេខ្លាចបំផុតវាបានមកដល់ហើយ Jakeនៅសម្ងំយំម្នាក់ឯងយ៉ាងយូររហូតទាល់តែគេតាំងចិត្តបានហើយទើបសម្រួលអារម្មណ៍ពង្រឹងស្មារតីនិងជូតទឹកភ្នែកឱ្យស្អាតរួចនៅអង្គុយក្នុងនោះទាល់តែភ្នែកបាត់ក្រហមបានចេញទៅក្រៅដូចមនុស្សគ្មានវិញ្ញាណ គេឈរស្ងៀមសម្លឹងមើលរាងស្តើងដែលកំពុងអង្គុយរៀបផ្កាដាក់ថូ គេសម្លឹងនាងដោយក្រសែភ្នែកស្រណោះស្រណោកមិនដាច់អាល័យបំផុត មើលទាល់តែរាងស្តើងងាកទៅឃើញទើបគេផ្លាស់ប្តូរទឹកមុខទៅជាញញឹមដាក់នាងវិញ តែទោះជាគេខំញញឹមយ៉ាងណាក៏ស្នាមញញឹមមួយនោះនៅតែមិនដូចជាស្នាមញញឹមដែលមានភាពសប្បាយចេញពីចិត្តឡើយ Jakeចុះទៅរកប្រពន្ធទាំងប្រឹងញញឹមស្រស់ គេលូកដៃឱបនាងពីក្រោយរូចដាក់មុខលើស្មានាងហើយនិយាយសម្លេងស្រាល
« កក់ក្តៅណាស់ បងសុំនៅបែបនេះឱ្យបានយូរបន្តិចតើបានទេ? » រាងស្តើងញញឹមស្រាលរួចលើកដៃម្ខាងប៉ះអង្អែលមុខប្តីថ្នមៗ

« បងចង់នៅយូរប៉ុណ្ណាក៏បានដែរ  សម្រាប់ប្តីសម្លាញ់ចិត្តរបស់អូន អូនយល់ព្រមគ្រប់យ៉ាង »

« អរគុណណាស់ប្រពន្ធសម្លាញ់ » គេនិយាយជាមួយស្នាមញញឹម ខណៈទឹកថ្លាៗ2ដំណក់កំពុងស្រក់ចុះពីនេត្រារបស់គេមកដោយមិនអាចទប់បាន Jakeទើបភ្ញាក់ខ្លួនដឹងថាទឹកភ្នែកបានហូរចេញមកគេក៏រហ័សជូតចេញភ្លាមមិនឱ្យរាងស្តើងដឹងឡើយ ដាក់មុខលើស្មានាងបណ្តើរគេឆ្លៀតថើបស្រង់ក្លិនបណ្តើរ
« ក្រអូបណាស់ បងពិតជាមានសំណាងមែនដែលបានស្រូបក្លិននេះរាល់ថ្ងៃ »
< ប៉ុន្តែចាប់ពីស្អែកនេះទៅ បងលែងមានឱកាសទៀតហើយ > កាន់តែនឹកឃើញភ្នែកគេកាន់តែក្រហម គេខំទប់ណាស់ តែទប់មិនជាប់ទេ ទឹកភ្នែកគេស្រក់មកទៀតរហូតខ្ទាតទៅលើដៃអ្នកជាប្រពន្ធ ទើបនាងភ្ញាក់ផ្អើលរើខ្លួនចេញដើម្បីងាកមើលគេ

My two boyfriends ( Completed )Where stories live. Discover now