Part 95 : មាត់ក្បត់ចិត្ត

243 36 19
                                    

« ផាក សុងហ៊ុន ហេតុអីលោកដណ្តើមកូនពីដៃខ្ញុំ?!! »
« ឆាប់ឱ្យកូនខ្ញុំមកខ្ញុំវិញភ្លាម!! » នាងរត់តាមដណ្តើម គេគិតតែដើរទៅមុខមិនឈប់ ត្រដាក់ត្រសងគ្នារហូតដល់បន្ទប់ទទួលភ្ញៀវ ទើបរាងស្តើងជ្រួញចិញ្ចើមព្រោះកើតក្តីងឿងឆ្ងល់

< ស្អីគេហ្នឹង? > មានកេសក្រដាសធំៗដាក់តម្រៀមលើគ្នាត្រៀបពេញបន្ទប់មិនដឹងជាក្នុងនោះមានរបស់អ្វី
« ទាំងនេះជាកេសដាក់អ្វីហ្នឹង? » ឆ្ងល់ផងនាងក៏មិនភ្លេចដើរទៅរកកូនបណ្តើរ ខណៈគេឈប់នៅត្រឹមហ្នឹងហើយព្រមឱ្យកូនមកនាងវិញ  ដែលគេខំដណ្តើមមកមុននេះព្រោះខ្លាចនាងសស្លាក់សស្លើតដើរជំពប់ជើងទៀតទើបជួយបីមកឱ្យផុតដល់ក្នុងផ្ទះ នាងយកកូនមកបីណែនជាប់ដៃរួចឈរសម្លឹងមើលកេសឆ្លាស់ជាមួយមុខគេ បញ្ជាក់ឱ្យឃើញថានាងកំពុងឆ្ងល់តែមិនហ៊ានហើបមាត់សួរ គេលើសពីមើលដឹងទើបដើរទៅក្បែរកេសទាំងនោះ

« នៅក្នុងនេះជាម្សៅទឹកដោះគោនិងខោទឹកនោមកូនក្មេង ខ្ញុំទិញឱ្យកូននាង »

« ម្សៅទឹកដោះគោនិងខោទឹកនោម? »

« ត្រូវហើយ »

« ហេតុអីទើបលោកទិញឱ្យកូនខ្ញុំ? » នាងមិនយល់ក្រែងគេមិនចូលចិត្តកូននាងហើយគេទិញរបស់ហ្នឹងឱ្យធ្វើអី?

« ទិញឱ្យព្រោះចង់ទិញ ខ្ញុំមានលុយច្រើនចាយមិនអស់ទើបចង់បំផ្លាញលេងខ្លះ យ៉ាងម៉េចមិនបានមែនទេ? » គេឆ្លើយអាងយ៉ាងធ្វើព្រងើយគ្មានខ្វល់ធ្វើដូចមែនទែន ទាំងដែលការពិតគេទិញរបស់ទាំងនោះមកដោយសារគេបានឃើញថានាងប្រើជិតអស់ហើយ គេឃើញម្សៅទឹកដោះគោកូននាងនៅសល់តែមួយកំប៉ុងប៉ុណ្ណោះ ចំណែកខោទឹកនោមក៏ជិតអស់ដូចគ្នា

« ខ្ញុំដឹងថាលោកមានលុយច្រើន ហើយបើលោកចង់បំផ្លាញលេងអី វាក៏ជាសិទ្ធិរបស់លោក តែមិនចាំបាច់យកមកឱ្យកូនខ្ញុំទេ របស់ទាំងអស់នេះខ្ញុំអាចទិញឱ្យកូនខ្ញុំដោយខ្លួនឯងបាន ខ្ញុំមិនត្រូវការរបស់លោកទេ អញ្ជើញយកទៅវិញចុះ » គិតថានាងជាមនុស្សរហាមគ្មានលទ្ធភាពទិញទឹកដោះគោនិងខោទឹកនោមឱ្យកូនឬយ៉ាងម៉េច បានសុទ្ធតែធ្វើឯងណាជះកាកលុយមកទិញឱ្យកូននាង ហើយគិតថានាងនឹងទទួលដៃដប់? នាងមិនចង់បានបន្តិចទេសូមប្រាប់  នាងប្រកាន់គោលជំហរឹងប៉ឹងដោយមិនបានដឹងទេថា សំដីក្អេងក្អាងរបស់នាងធ្វើឱ្យគេឆេះទ្រូងមួម៉ៅ

My two boyfriends ( Completed )Where stories live. Discover now