"បងធំប៉ុណ្ណាណីហើយ ម៉េចក៏នៅមានរបួសជាប់ខ្លួនទៀត?"សម្លេងរបស់ក្មេងតូចវ័យ7ឆ្នាំ បន្ទាប់ពីរត់ត្រុកៗយកប្រអប់ថ្នាំមកឲ្យអ្នកជាបងដើម្បីលាងរបួសនោះ គេក៏និយាយទាំងនំនៅពេញមាត់។ថេយ៉ុងលើកដៃចង្អុលដាក់នៅលើមាត់បំណងជាសញ្ញាហាមកុំឲ្យគេនិយាយឮពេក ឃើញដូច្នោះក្មេងតូចក៏យកដៃខ្ទប់មាត់បង្ហាញថ្ពាល់ប៉ោងៗរបស់គេយ៉ាងគួរឲ្យស្រឡាញ់។
"បងគ្រាន់តែមានបញ្ហាតិចតួចនៅសាលា កុំប្រាប់ប៉ាម៉ាក់ឮអត់?ចាំបងទិញសូកូឡាឲ្យឯងញ៉ាំ បើម៉ាក់ហៅបងឲ្យទៅញ៉ាំបាយល្ងាចនឹង ប្រាប់ទៅថាបងគេងលក់ហើយ កុំឲ្យគាត់ចូលបន្ទប់បងអី"
"បញ្ហាអីបានជាដល់ថ្នាក់ហ្នឹង?"
"គឺបងដើរបុកជញ្ជាំង!"
"បុកជញ្ជាំងចាំបាច់មានស្នាមជាំលើមាត់ ហើយនឹងកដៃដែរឬ?អ្ហេ៎-ករបស់បងក៏មានស្នាមដែរ"វាដូចជាស្នាមរឹត!តែហេសុងនៅក្មេង គេមិនស្គាល់អំពីស្នាមទាំងនោះទេ។
"អ្ហឹម!វាអាចជាំធ្ងន់ធ្ងរ អញ្ចឹងហើយហេសុងត្រូវប្រយ័ត្នកុំឲ្យដើរបុកជញ្ជាំងដូចបងឮអត់?"ហេសុងងក់ក្បាល។គេធ្វើមុខភ្លឹសៗមើលកម្លោះវ័យ17ឆ្នាំអង្គុយលាងរបួសខ្លួនឯង។រំពេចនោះហេសុងក៏ដកនំចេញពីថង់យកទៅបញ្ចុកថេយ៉ុង
"សឺត-ហេសុងរបស់បងគួរឲ្យស្រឡាញ់ណាស់"ស្នាមថើបដ៏កក់ក្ដៅដែលបានពីបងប្រុសជាទីស្រឡាញ់ ធ្វើឲ្យហេសុងមុខក្រហមរួចញញឹមទាំងមានក្ដីសុខ
"ថេយ៉ុងឈឺខ្លាំងអត់?"
"ឈឺតិចៗ"
"ហេសុងចង់ជួយបង"
"ជួយលាងរបួសឲ្យបងមែនទេ?"ហេសុងងក់ក្បាល។
"អូនចេះដែរឬ?បើចង់ចេះ ចាំបងបង្រៀនណា៎"ថេយ៉ុងកាន់ដៃហេសុងឲ្យកាន់សំឡីនិងបន្តក់ទឹកក្រហមនៅលើសំឡីរួចជូតលើកែងដៃដែលរហែកស្បែកចេញឈាមរបស់គេ។ហេសុងចាប់ផ្ដើមខ្លាចនឹងរបួសទាំងនេះ តែគេខំក្រវីក្បាលបណ្ដេញភាពវ័យខ្លាចរួចផ្ដោតទៅលើរបួសថេយ៉ុងទាល់តែរួចរាល់។
ព្រឹត្តិការណ៍ចាស់ៗទាំងនេះបានរំលេចពេញខួរក្បាលរបស់ថេយ៉ុងឲ្យភ្លឹកនឹកទៅដល់ក្មេងប្រុសជាទីស្រឡាញ់ដែលគេធ្លាប់បានឱបក្រសោបពោរពេញដោយសេចក្ដីស្រឡាញ់។ទឹកភ្នែកមួយដំណក់បានហូរចេញពីកែវភ្នែកដ៏ភ្លឺរបស់គេ អ្វីៗគ្រប់យ៉ាងចាប់ផ្ដើមរសាត់បន្ទាប់ពីមានបាតដៃមាំក្រាស់លើកទៅជូតទឹកភ្នែកលើថ្ពាល់របស់គេ នាំឲ្យអារម្មណ៍ទាំងប៉ុន្មានត្រូវទាញត្រឡប់មករកបច្ចុប្បន្នកាលវិញទាំងអស់។