ផ្តើមរឿង

465 13 0
                                    

គ្រឹង!!!
សម្លេងកូនកណ្តឹងបន្លឺឡើងស្របពេលដែលទ្វារឈើត្រូវបានរុញចូលមក។ ក្លឹនសៀវភៅដែលហើរមកប៉ះច្រមុះធ្វើអោយមុខតូចច្រមិចបិទភ្នែកញញឹមទាំងអារម្មណ៍ស្រស់ស្រាយ។ ចង់ថានាងជាចៃសៀវភៅក៏បានតែនាងពិតជាចូលចិត្តអានសៀវភៅខ្លាំងណាស់ហើយក្លឹនរបស់វាក៏ធ្វើអោយនាងញៀនសឹងតែដូចកាហ្វេពេលព្រឹកទៅហើយ។
« វ៉ាវ!! ទីនេះឡូយពិតមែនហេតុអីក៏យើងមិនដែលដឹងថាមានហាងសៀវភៅបែបនេះពីមុនមក?! » បន្ទាប់ពីបិទភ្នែកស្រូបយកក្លិនសៀវភៅចូលពេញសួត Aerin ក៏ប្តូរមកបើកភ្នែកធំៗដោយអារម្មណ៍ភ្ញាក់ផ្អើលលាយលំរំជើបរំជួលម្តងពេលបានឃើញការតុបតែងផ្នែកខាងក្នុងរបស់បណ្ណាគារ។ ទូរសៀវភៅឈើខ្ពស់ៗជាច្រើនជុងត្រូវបានរៀបយ៉ាងមានរបៀប ពីជាន់ទីមួយរហូតដល់ជាន់ទីពីរ, ចង្កៀងបុរាណពណ៌ទឹកក្រូចក៏ត្រូវបានរៀបដាក់ចន្លោះរវាងទូមួយទៅទូមួយ និងនៅលើតុនីមួយៗ ជាពិសេសការតុបតែងរូបគំនូរ ជណ្តើរឈើរលោងមានក្បូរក្បាច់ និងតុកៅអីផ្សេងទៀតដែលនៅក្នុងអគារនេះសុទ្ធតែធ្វើអោយនាងមានអារម្មណ៍ដូចជាបានឈានជើងចូលក្នុងពិភព Harry Potter មិនខុស....គួរអោយចង់នៅមិនចង់ចេញទៅវិញទេ។
« បានហើយល្មមឈប់ឈរភ្លឹកញាប់ញ័រហើយដើរចេញពីទ្វារមកបានហើយ មានឃើញដែរទេនោះមនុស្សឈរចាំនៅខាងក្រៅនោះ » Blair កំពូកមិត្តសម្លាញ់ដែលមានចំណង់ចំណូលចិត្តខុសដាច់ពីនាងនិយាយឡើងទាំងទឹកមុខងាប់។ ខុសដាច់ពី Aerin ដែលជាចៃសៀវភៅ ចូលចិត្តអាន ងប់និងកាហ្វេ ចំណាយពេលនៅបណ្ណាល័យច្រើនជាងនៅផ្ទះ Blair ជាមនុស្សចូលចិត្តសប្បាយ ទៅផាតធីច្រើនជាងចូលបណ្ណាល័យ ហើយក៏មិនសូវចូលចិត្តរៀនសូត្រប៉ុន្មានតែក៏នៅតែអាចរៀនពូកែបានលេខល្អគ្រប់ពេល ដល់ថ្នាក់ Aerin អត់ឆ្ងល់មិនបានពិតមែនថា Blair ធ្វើបែបនេះបានយ៉ាងម៉េច។
« អា៎ ពិតមែនហើយ សុំទោសផង ហិហិ » ពេលដែលដឹងខ្លួនថាកំពុងធ្វើអី នាងក៏ប្រញាប់ដើរចេញដោយមិនភ្លេចងាកមកសុំទោសតាមក្រោយ ទាំងបបូរមាត់នៅតែមានញញឹមមិនរលុបដល់ថ្នាក់អ្នកមើលដូចជា Blair សឹងតែរោយថ្ពាល់ជំនួសទៅហើយ។
« តោះ ល្មមឈប់ញញឹមហើយដើររកសៀវភៅបានហើយ និងអាលបានទៅវិញ » Aerin មិនចាប់អារម្មណ៍សម្តីមិត្ត នាងនៅតែបន្តដើរញញឹមសម្លឹងមើលនេះមើលនោះដោយអារម្មណ៍ល្អ។ ដើរចូលពីបណ្តុំប្រភេទសៀវភៅមួយទៅបណ្តុំប្រភេទសៀវភៅមួយរហូតមកដល់បណ្តុំទូរដែលសម្រាប់ដាក់ប្រភេទសៀវភៅចាស់ៗ Aerin ក៏លើកដៃអូសតាមគម្របមួយៗរបស់វារហូតមកទាក់និងសៀវភៅមួយក្បាល។ នាងដកសៀវភៅនោះចេញមកមើលហើយក៏ឃើញថាវាជាសៀវភៅដែលមានគម្របពណ៌ខ្មៅក្រាស់គ្មានចំណងជើងគ្មានរូប សភាពក៏ចាស់ណាស់ដែរព្រោះតាមគែមៗឡើងរបកអស់ទៅហើយ ចំណែកសន្លឹកខាងក្នុងក៏ឡើងត្នោតនិងមានស្នាមអុចៗតិចៗតាមប្រភេទសៀវភៅដែលទុកចោលយូរ។ ព្រោះតែចាប់អារម្មណ៍ទើបនាងបើកមើលលេងៗ ពីមួយទំព័រទៅមួយទំព័ររហូតមកដល់ទំព័រទីប្រាំ។ នៅលើទំព័រទីប្រាំជារូបមេអំបៅស្លាបពណ៌ខ្មៅ.....ខ្មៅសុទ្ធតែម្តងរហូតនាងគិតថាវាជារូបគំនូរសខ្មៅបើមិនមែនមកពីភ្នែករបស់វាមានពណ៌ស្វាយដែលដឹតខ្លាំងសឹងតែក្លាយជាពណ៌ខ្មៅដូចគ្នា។ មេអំបៅនោះជាប្រភេទដែលនាងមិនធ្លាប់ឃើញព្រោះចុងស្លាបរបស់វាមិនមូលដូចជាមេអំបៅទូទៅតែ រាងដូចជាទឹករលកទៅវិញ។ កាន់តែមើលក៏កាន់តែឃើញចំណុចតូចៗគួរអោយចាប់អារម្មណ៍នៅលើរូបនោះ.....នាងមើលដល់ថ្នាក់ភ្លេចខ្លួនមិនសូម្បីតែចាប់អារម្មណ៍មិត្តដែលដើរមកឈរក្បែរអីបន្តិច
« ឆ្ងោកមុខសឹងតែដល់សៀវភៅទៅហើយ យ៉ាងម៉េចស្រឡាញ់ខ្លាំងពេកចង់លេបចូលពោះឬ? » សម្លេងដែលស្រាប់តែបន្លឺឡើងភ្លាមៗក្បែរត្រចៀកធ្វើអោយអ្នកដែលកំពុងផ្ចង់អារម្មណ៍ភ្ញាក់កន្ត្រាក់ទម្លាក់សៀវភៅចុះពីដៃទៅចោលទៅលើដីមួយរំពេច។
ប្រូស*
« ព្រះជាម្ចាស់ជួយ!!! ស្លាប់ហើយ មកអោយសម្លេងខ្លះផងមិនបានឬ នេះបើយើងគាំងបេះដូងអ្នកណាទទួលខុសត្រូវ?! » Aerin រអ៊ូ វែងជាខ្សែរ ខ្លួនក៏អោនទៅរើសសៀវភៅមកបោសមុននិងបែរប្រុងទៅស្តីអោយបន្តតែនាងបែរជាត្រូវមកទល់មុខនិង Blair ដែលឈរស្ងៀមសម្លឹងមកជិតទាំងមិនកម្រើកទៅវិញ។
« អេ៎ ធ្វើស្អីរបស់ឯង? » នៅជិតពេករហូតដល់នាងត្រូវឈានជើងថយក្រោយ តែថា Blair បែរជាមិនកម្រើកសូម្បីតែព្រិចភ្នែកក៏មិនព្រិចផង
« Blair?! » Aerin លូកដៃទៅបក់តិចៗនៅចំពោះមុខតែដដែលគេឈរស្ងៀមទ្រឹងដូងមនុស្សត្រូវចុចអោយស្កុបអញ្ចឹង ទាំងទឹកមុខនិងភ្នែកដែលសម្លឹងមើលមកក៏មិនផ្លាស់ប្តូរ ដល់ថ្នាក់ចាប់ផ្តើមធ្វើអោយ Aerin មិនស្រួលចិត្តនិងភាពមិនប្រក្រតីរបស់មិត្តហើយ
« នែ៎ឮយើងនិយាយឬអត់? Blair? » លើកនេះនាងលូកដៃទៅអង្រួនម្តងតែលទ្ធផលដដែល នេះបើកុំតែស្បែកដែលប៉ះនោះក្តៅទេកុំអីនាងគិតនេះជារូបក្រមួនទៅហើយ
« ព្រះជាម្ចាស់ ហើយឯងកើតអីអោយប្រាកដនេះ?! » ពេលដែលកំពុងតែមីងមាំងធ្វើអ្វីមិនចេញក៏ស្រាប់តែមានស្អីមិនដឹងហោះមកឆាបថ្ពាល់ធ្វើអោយនាងត្រូវងាកទៅលឿនសឹងតែគ្រិច.ក
« ស្អីហ្នឹង? » ពន្លឺភ្លឺភ្លែកដូចអំពិតអំពែកដែលកំពុងហើរកាត់ទៅរកជណ្តើរជាអ្វីដែលនាងឃើញ ភាពស្រស់ស្អាត និងចម្លែករបស់វាធ្វើអោយ Aerin ចាប់ភ្លឹកដើរទៅតាមដូចជាត្រូវមន្តសណ្តំភ្លេចអស់រឿងមិត្តមុននេះ។ នាងដើរទៅតាមការហៅដែលឮនៅក្នុងខួរក្បាលហើយពេលនេះឯងដែលនាងបានឃើញពេញភ្នែកថាមិនមែនមានតែ Blair ទេដែលចម្លែកព្រោះអ្នកឯទៀតដែលនៅទីនេះសុទ្ធតែឈរទ្រឹងនៅមួយកន្លែងដូចគ្នា។
មានរឿងអ្វីកើតឡើង នាងកំពុងយល់សប្តិមែនទេ?
ជើងឈានឡើងជណ្តើរទាំងអារម្មណ៍រវើរវាយ នាងដើរទៅតាមដំណើរហោះហើររបស់ពន្លឺចំពោះមុខរហូតមកឈប់នៅតុមួយដែលមានមនុស្សប្រុសកំពុងអង្គុយឆ្ងោកមុខអានសៀវភៅ នាងមិនដឹងថាគេមានមុខមាត់បែបណា ហូឌីខ្មៅដែលគ្របមុខនោះបិតបាំងអោយឃើញត្រឹមសក់ខ្មៅរលោងដែលធ្លាក់គ្របភ្នែកប៉ុណ្ណោះ។ តែអ្វីដែលកាន់តែចម្លែកនោះគឺ កាយវិការ នាងឃើញគេមានកាយវិការមិនបានស្កុបនៅមួយកន្លែងដូចអ្នកឯទៀតទេ ចំណែកពន្លឹដែលហោះហើរពេញអាកាសមុននេះក៏មកព័ទ្ធជុំវិញខ្លួនរបស់គេ ហើយក៏សន្សឹមៗប្តូររូបរាងពីគ្រាប់ពន្លឺពណ៍ស្វាយទៅជាក្រុមមេអំបៅពណ៌ខ្មៅទៅវិញ។
« លោក-»
« Aerin!!! »

_________________

The Black Butterfly ( JK FF ) Where stories live. Discover now