Tattoo Artist - [ 1 ]

2.4K 65 4
                                    

Jimin's POV

ទីបំផុត...ខ្ញុំបានណាត់ជួបជាមួយនឹងវិចិត្រករសាក់រូបល្បីល្បាយតាំងពីយូរយារមកហើយ។ ហាងសាក់រូបដែលខ្ញុំត្រូវទៅ គឺជាហាងមួយក្នុងចំណោមកន្លែងដែលល្បីបំផុតនៅខាងក្រៅទីក្រុង ដូច្នេះវាពិតជាលំបាកខ្លាំងណាស់ទម្រាំតែខ្ញុំអាចណាត់ជួបបាន។ ខ្ញុំស្រឡាញ់ និងចង់បានស្នាមសាក់នៅលើខ្លួនរបស់ខ្ញុំយូរណាស់មកហើយ ប៉ុន្តែខ្ញុំមិនហ៊ានទេ និយាយដោយស្មោះត្រង់ទៅ ខ្ញុំខ្លាចម្ជុលណាស់ នេះជាមូលហេតុចម្បងដែលខ្ញុំមិនហ៊ាន តែខ្ញុំក៏សម្រេចចិត្តធ្វើវា។ វាអាចឈឺតែពេលដំបូង បន្ទាប់មកខ្ញុំប្រហែលជាចូលចិត្តស្នាមសាក់របស់ខ្ញុំ។

ថ្ងៃនេះជាថ្ងៃដែលខ្ញុំបានណាត់ជួប។ ខ្ញុំរៀបចំខ្លួនទៅតាមរបៀបរៀបរយ ដោយមិនភ្លេចយកកាបូបស្ពាយតូចរបស់ខ្ញុំទៅជាមួយ។ ខ្ញុំធ្វើដំណើរតាមឡានក្រុងទៅខាងក្រៅទីក្រុងតែម្នាក់ឯង ខ្ញុំចូលចិត្តទៅណាមកណាម្នាក់ឯង មិនចូលចិត្តមានគ្នារញ៉េរញ៉ៃនោះទេ បែបនេះក៏ល្អម្យ៉ាងសម្រាប់ខ្ញុំ ព្រោះវាក្លាយជាទម្លាប់ទៅហើយ។

ប្រហែលជាមួយម៉ោងកន្លងផុត ខ្ញុំក៏បានមកដល់គោលដៅរបស់ខ្ញុំ ហើយមនុស្សភាគច្រើនដែលរស់នៅតំបន់នេះគឺជាតារាសម្ដែង តារាចម្រៀង តារាបង្ហាញម៉ូដ និងអ្នកល្បីល្បាញជាច្រើនរូប។ ទាំងនេះក៏ជាមូលហេតុមួយដែលលំបាកក្នុងការណាត់ជួប ព្រោះហាងសាក់រូបទាមទារថ្លៃខ្លាំងណាស់ ប៉ុន្តែខ្ញុំក៏មិនខ្លាចនឹងចំណាយ ព្រោះល្បីមកថាហាងនេះគឺអស្ចារ្យបំផុត ចង់បានរូបបែបណាគឺចេញមកបែបនោះ ឬក៏ស្អាតជាងអ្វីដែលចង់បាន វិចិត្រករសាក់រូបមិនដែលធ្វើឲ្យអតិថិជនខកបំណងឡើយ។

ខ្ញុំចុះពីលើឡានក្រុងដើរមកដល់មុខហាងសាក់រូប នៅខាងមុខមានជញ្ជាំងលាបថ្នាំពណ៌សរ ទ្វារកញ្ចក់មានស៊ុមឈើអមមើលទៅស្រស់ស្អាត និងថ្លៃថ្នូរ យីហោឈ្មោះហាងលើកឡើងលើខ្ពស់ស្រឡះ ងាយស្រួលសម្លឹងមើល សូម្បីតែការតុបតែងលំអផ្នែកខាងក្រៅក៏បង្ហាញពីភាពទាក់ទាញ ទាន់សម័យ បញ្ជាក់ឲ្យឃើញថាម្ចាស់ហាងមួយនេះប្រហែលជាត្រូវចំណាយប្រាក់អស់ច្រើនខ្លាំងណាស់ទើបអាចក្លាយជាម្ចាស់ ប៉ុន្តែវាជាការវិនិយោគដ៏ល្អ។

Tattoo Artist (18+)Where stories live. Discover now