♦️Lost love ♦️

280 10 0
                                    

     នៅក្នុងផ្ទះតូចមួយដែលពោលពេញទៅដោយភាពកក់ក្ដៅមានសួនច្បារផ្ការីកស្គុះស្គាយបង្ហាញយ៉ាងជាក់ច្បាស់ថាម្ចាស់វាចូលចិត្តធម្មជាតិ និងភាពស្រស់បំព្រងជាខ្លាំង។
     កម្លោះតូចអង្គុយនៅក្រោមដើមឈើនៅជិតរបងផ្ទះ ប៉ាក់កន្សែងរូបនាគដែលជាស្នាមសាក់ដំណាងលើដៃខាងស្ដាំរបស់ប្ដីជាទីស្រឡាញ់របស់ខ្លួន ស្នាមញញឹុមផ្កាត្រកួនបង្ហាញលើថ្ពាល់មិនរលត់ កែវភ្នែកថ្លាយង់សម្លឹងមើលទៅរាងកាយមាំដែលកំពុងកាប់គាស់ជីកស្មៅដើម្បីដាំផ្កានិងដំណាំមួយចំនួនទុកសម្រាប់ផ្គត់ផ្គងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។
   "បង! នេះទឹក"
    អ្នកជាប្ដីញញឹមហើយទទួលទឹកត្រជាក់ពីដៃប្រពន្ធ កាយប្ដីហូរញើសសស្រាក់ហូរកាត់សាច់ដុំទ្រូងដែលអាក្រាតកាយខាងមើល បង្ហាញអោយប្រពន្ធឃើញ។
   "ក្ដៅដែរទេ?"
   មាត់សួរតែដៃកំពុងយកក្រមាជូតញើសអោយអ្នកជាប្ដី ទាំងអៀនប្រៀនជាខ្លាំង។ ពួកគេរៀបការរស់នៅជាមួយគ្នារយ:ពេលពីរឆ្នាំមកហើយ ដោយរឿងនេះមិនប៉ុន្មានអ្នកប៉ុណ្ណោះដែរដឹងឮ ព្រោះពួកគេជាកូនកំព្រាអត់គ្រួសារសាច់ញាតិទាំងពីរនាក់។
     ថ្វីត្បិតថាជីវភាពគ្រួសារមិនសូវធូរធារក៏ពិតមែនតែសុភមង្គលរបស់ពួកគេទាំងពីរនាក់តែងតែផ្ដល់អោយគ្នាទៅវិញទៅមក មិនអោយខ្វះចន្លោះកន្លែងណាមួយឡើយ។
   "មុនដំបូងក្ដៅដល់ពេលបានទឹកដែលអូនអោយអំបាញ់មិញនេះ មិនដឹងភាពក្ដៅវារត់ទៅណាអស់ហើយទេ! ត្រជាក់អើយសែនត្រជាក់..."
    សម្ដីលេបខាយ បូកផ្សំជាមួយស្នាមញញឹុមឌឺដងរបស់ប្ដីធ្វើអោយអ្នកជាប្រពន្ធឥតគ្រឺតខ្នាញ់មិនបាន ពូកែណាស់ខាងអែបអបយកមុខប្រពន្ធ ដៃតូចលើកឡើងវែកសក់ដែលវែងបាំងភ្នែករបស់ប្ដីចេញ បន្ទាប់មកយកក្រមាផ្ដិតញើសតិចៗទាំងកាយវិការថ្នាកថ្នមអ្នកជាប្ដីដូចពេជ្រចរណៃ។
  "តោះទៅសម្រាកសិនទៅ មេឃក្ដៅណាស់ហើយ    ចាំល្ងាចត្រជាក់បន្តិចចាំធ្វើបន្តក៏បាន"
    និយាយហើយកម្លោះតូចក៏រៀបរបស់របរម្ជុលអំបោះទុកដាក់ក្នុងប្រអប់អោយបានត្រឹមត្រូវមុននឹងដើរចូលផ្ទះរបស់ពួកគេ
   "បាទ!"
   សែនស្រឡាញ់ ប្ដីម្នាក់នេះមិនដែលនិយាយឡើយពាក្យត្រគោះបោះបោក សម្ដីផ្អែមស្រឡាញ់ប្រពន្ធ មើលតែកាយវិការអំបាញ់មិញក៏ដឹង សុខចិត្តអោយខ្លួនឯងនៅកណ្ដាលថ្ងៃក្ដៅរាប់អង្សារក៏មិនអោយសាច់សខ្ចីរបស់ប្រពន្ធមករងកម្ដៅដោយសារការងារទាំងអស់នេះដែរ។

Short Novel Where stories live. Discover now