ភាគទី៥ : ចាប់ផ្ដើមជាថ្មី

422 93 37
                                    

-Bible POV-
មិនយូរប៉ុន្មានព្រះអាទិត្យក៏លិចបាត់ទៅ ខ្ញុំអង្គុយនៅខាងមុខតង់សម្លឹងមើលទៅព្រះអាទិត្យដែលលិចទៅម្ដងបន្តិចៗតាមពេលវេលានោះមិនដាក់ភ្នែក ម្ដងម្កាលខ្ញុំក៏លើកយកកាហ្វេដែល ប៊ីវ ឆុងឱ្យមកក្រេបតិចៗផង។ ខ្ញុំបានញ៉ាំមីដែល ប៊ីវ ធ្វើឱ្យអស់ហើយព្រមទាំងញ៉ាំថ្នាំដែលខ្ញុំខ្ចប់មករួចហើយដែរ។ ខ្ញុំដកភ្នែកពីព្រះអាទិត្យដែលបញ្ចេញពន្លឺក្រហមរងាលនោះមកមើលកញ្ចប់ថ្នាំដែលខ្ញុំក្ដាប់ជាប់នឹងដៃម្ដង។ ខ្ញុំមិនដឹងថាខ្ញុំត្រូវរស់នៅដោយពឹងលើវាដល់ពេលណានោះទេដឹងត្រឹមតែខ្ញុំធុញនឹងវា លែងចង់រស់នៅដោយសារវា។ បើសិនជាអាចខ្ញុំនឹងហក់ពីលើភ្នំនេះសម្លាប់ខ្លួនមិនខាន តែដោយសារ ប៊ីវ ទើបខ្ញុំមិនធ្វើ។ ដោយសារ ប៊ីវ ទើបខ្ញុំអាចទ្រាំរស់មកដល់ពេលនេះបាន។
«ម៉េចហើយ? រងារអត់?» ប៊ីវ ចូលមកអង្គុយក្បែរខ្ញុំដោយមិនភ្លេចសួរពីអាការៈខ្ញុំ។ បេះដូងខ្ញុំលោតញាប់ខ្លាំងណាស់ដោយគ្រាន់តែមើលទៅកាន់គេ គេជាមនុស្សតែម្នាក់ដែលបេះដូងខ្ញុំដង្ហោយហៅរកអស់រយៈពេលច្រើនឆ្នាំមកនេះ។ គេនៅតែនៅក្នុងចិត្តខ្ញុំទោះពេលវេលាកន្លងផុតទៅយូរប៉ុណ្ណាក៏ដោយ។
«អត់អីទេ! ចុះប៊ីវ? រងារទេ?»
«បើលោកមិនរងារខ្ញុំក៏គ្មានហេតុផលអីដែលត្រូវរងារដែរ» ខ្ញុំភ្ញាក់នឹងអ្វីដែល ប៊ីវ និយាយដាក់ខ្ញុំបន្តិចដែរ។ ពីថ្ងៃហៅខ្ញុំឯងៗពេញៗមាត់ធ្វើដូចស្និទ្ធស្នាលគ្នាណាស់រសៀលឡើងក៏ហៅខ្ញុំថាលោកវិញដូចជាមនុស្សមានគម្លាតនឹងគ្នាណាស់អ៊ីចឹង។
«ថ្ងៃនេះខ្ញុំ check google គេថាគ្មានផ្កាយរះទេ» ពួកយើងស្ងាត់មួយសន្ទុះទើប ប៊ីវ និយាយឡើង។ ខ្ញុំងាកទៅមើលមុខ ប៊ីវ បែបមានសញ្ញាសួរពេញក្បាលតែម្ដង។ បើ ប៊ីវ check google បញ្ជាក់ថា ប៊ីវ បានដឹងតាំងពីដំបូងហើយថាយប់នេះគ្មានផ្កាយទេតែគេនៅតែហុចកាហ្វេមកឱ្យខ្ញុំផឹកដើម្បីកុំឱ្យងងុយដេក។ ឬគេមានល្បិចអី?
«ខ្ញុំចង់និយាយរឿងខ្លះឱ្យដាច់ស្រេចជាមួយលោក» ប៌ីវ និយាយដោយសំឡេងខ្សាវៗបំផុតសឹងតែស្ដាប់មិនឮទៅហើយ។ ខ្ញុំមិនមាត់ដោយទុកឱ្យ ប៊ីវ អ្នកនិយាយតែហាក់បីដូចជា ប៊ីវ មិនទាន់ព្រមនឹងនិយាយទេទើបបណ្ដោយឱ្យបរិយាកាសស្ងប់ស្ងាត់ទៅបានយូរបែបនេះ។
«ប៊ីវ មានរឿងអីមែនទេ?»
«លោកដែលនឹកខ្ញុំអត់?» ខ្ញុំបើកភ្នែកធំៗមើលទៅអ្នកម្ខាងទៀតបែបមិនចង់ជឿថានឹងបានឮសំណួរបែបនេះ។ គេនៅមិនទាន់កាត់ចិត្តដាច់ពីខ្ញុំមែនទេ? បន្ទាប់ពីខ្ញុំបានធ្វើរឿងអាក្រក់ដាក់គេបែបនោះហើយគេនៅតែលើកលែងទោសឱ្យខ្ញុំទៀតមែនទេ? ប៊ីវ ដឹងទេថា ប៊ីវ ល្អពេកហើយល្អដល់ថ្នាក់ខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាភាវៈដែលអាក្រក់ណាស់អ៊ីចឹង។
«ប៊ីវ»
«ដឹងទេថាខ្ញុំនឹកលោករាល់ថ្ងៃ! គ្មានមួយថ្ងៃណាដែលខ្ញុំមិននឹកលោកទេ អ្ហឹក» ប៊ីវ ចាប់ផ្ដើមយំ។ ខ្ញុំមិនដឹងថាគួរចាប់និយាយពីត្រង់ណាទៅទេខួរក្បាលខ្ញុំចាប់ផ្ដើមស្ពឹក បេះដូងក៏លោតញាប់ទៅៗ។ ខ្ញុំមានអារម្មណ៍មិនល្អឡើយពេលឃើញ ប៊ីវ យំបែបនេះ។
«ខ្ញុំសុំទោស ប៊ីវ សុំទោសដែលធ្វើបាប ប៊ីវ! ខ្ញុំអាក្រក់ខ្លាំងណាស់ ប៊ីវ មិនគួរណាមកនឹកមនុស្សដូចខ្ញុំទេ»
«បៃបឺន»
«បាទ»
«យើងចាប់ផ្ដើមជាមួយគ្នាជាថ្មីបានទេ? បានទេ? ខ្ញុំរស់នៅដោយគ្មានលោកមិនបានពិតមែន បៃបឺន កន្លងមកនេះខ្ញុំនៅតែស្រឡាញ់លោក!»
«ប៊ីវ» ខ្ញុំគាំងអណ្តាតនិយាយអ្វីមិនចេញ។ ខ្ញុំសម្លឹងមុខ ប៊ីវ យ៉ាងយូរមិនហ៊ានសូម្បីគ្រលាសភ្នែកចេញ។ តើនេះពិតជាអ្វីដែល ប៌ីវ ចង់បានមែនឬយ៉ាងណា?
«ខ្ញុំចង់ឱ្យពួកយើងដូចពីមុន។ តើបានទេ?» ប៌ីវ សួរខ្ញុំម្ដងទៀត។ ខ្ញុំមិនដឹងថាគួរឱ្យឆ្លើយបែបណាឡើយ។ បេះដូងខ្ញុំចង់ឆ្លើយថាបានព្រោះខ្ញុំក៏នៅស្រឡាញ់ ប៌ីវ មករហូតដូចគ្នាតែខួរក្បាលវិញវាហាមឃាត់ខ្ញុំ។ វាឃាត់ខ្ញុំមិនឱ្យនៅជិត ប៊ីវ ព្រោះគង់នឹងមានថ្ងៃមួយដែលខ្ញុំនឹងធ្វើបាប ប៊ីវ ជាថ្មីម្ដងទៀត។ ចុះបើខ្ញុំប្រើពេលដែលនៅសល់ដ៏ស្ដួចស្ដើងមួយនេះនៅក្បែរ ប៊ីវ វាល្អដែរទេ? វាល្អសម្រាប់ពួកយើងដែរទេ?
«អូខេ! ពួកយើងត្រឡប់ទៅដូចពីមុនវិញ។ ខ្ញុំស្រឡាញ់ ប៊ីវ ណា ស្រឡាញ់មករហូត» ខ្ញុំសម្រេចចិត្តយ៉ាងលំបាកចុងក្រោយក៏ជ្រើសរើសធ្វើតាមបេះដូង ធ្វើតាមបេះដូងម្ដង។ ខ្ញុំសង្ឃឹមថាជម្រើសមួយនេះនៅតែជាជម្រើសដ៏ល្អដូចពេលដែលខ្ញុំជ្រើសធ្វើកាលពីប្រាំឆ្នាំមុន។

You Left ME Behind 2 {ចប់}Where stories live. Discover now