ទីក្រុងសៀមរាប...
«អេឡា!» សម្លេងរបស់អ្នកណាម្នាក់ បានដាស់ខ្ញុំឲ្យងាកទៅរកម្ចាស់សម្លេងយ៉ាងលឿន និងស្តាប់សម្លេងនេះឡើងស៊ាំត្រចៀកទៅហើយ។
«???» ជើងរបស់ខ្ញុំសន្សឹមៗបញ្ឈប់ដំណើរ ទឹកមុខនៅតែបន្តចងចិញ្ចើមដាក់មិត្តសម្លាញ់ បន្ទាប់ពីការរៀនមួយថ្ងៃត្រូវបានបញ្ចប់ដោយការនឿយហត់។
«ទៅញ៉ំាអាហារថ្ងៃត្រង់ជាមួយគ្នាទេ?» ស្នាមញញឹមរបស់វាយោបានផុសឡើងមកយ៉ាងសប្បាយចិត្ត ទាំងដែលម្សិលមិញមុខឡើងដូចមានអ្នកណាចាប់វាយប៉ុន្មានកំផ្លៀងអ៊ីចឹង។
«ចិត្តល្អម្ល៉េះ?»
ជាធម្មតាមិត្តសម្លាញ់នឹងគ្នា ប្រាកដជាត្រូវនិយាយផ្ចាញ់ផ្ចាល ឌឺដងគ្នា ឬក៏សួរចង់ដឹងរឿងរបស់មិត្តតែប៉ុណ្ណឹង! ណាមួយខ្ញុំនិងវាយោស្គាល់គ្នាតាំងពីនៅក្មេងម្ល៉េះ បញ្ចប់វិទ្យាល័យក៏មករៀនមហាវិទ្យាល័យជាមួយគ្នាទៀត ប្រហែលជាត្រូវធ្វើមិត្តភក្តិយេនសិនហើយមើលទៅ!
«គឺយើងទើបនឹងត្រូវគ្នាជាមួយសង្សាររបស់យើងវិញ» វាយោបំបុកស្មារបស់ខ្ញុំតិចៗ ផ្ទៃមុខសង្ហារបស់គេនៅតែបន្តញញឹមរាយមន្តស្នេហ៍មកកាន់ខ្ញុំឥតឈប់។
«ស្អីគេ? នេះឯងត្រូវគ្នានឹងសង្សាររបស់ឯង ម៉េចក៏មិននាំលីនទៅញ៉ំាបាយថ្ងៃត្រង់ទៅ? ម៉េចក៏មកហៅយើងវិញ?» អារម្មណ៍នៅក្នុងខ្លួនរបស់ខ្ញុំហាក់ដូចជាខុសប្រក្រតីទៀតហើយ ខ្ញុំចងចិញ្ចើមសួរទៅកាន់វាយោ។
ទើបតែត្រូវគ្នាជាមួយសង្សារហើយមកបបួលមិត្តទៅញ៉ំាអី ចុះបើលីនឃើញអន់ចិត្តឬក៏ប្រចណ្ឌខ្ញុំនោះ? ពួកយើងនឹងបាត់បង់មិត្តភាពទៅហើយទេ?
«ក្រែងឯងជាមិត្តភក្តិនឹងយើងមិនអ៊ីចឹង?» សំណួរសួរបកចេញពីក្រអូមមាត់របស់វាយោ ធ្វើឲ្យខ្ញុំស្ងាត់មាត់និងងក់ក្បាលតិចៗជាការយល់ព្រមនឹងចម្លើយរបស់គេនេះឯង។
«ឯងមិនចង់អបអរយើងនិងលីនទេឬ? កុំយល់ច្រឡំអី! យើងហៅឯងនេះណា លីនក៏ទៅដែរ» វាយោរហ័សបកស្រាយឲ្យខ្ញុំយល់កាន់តែច្បាស់ថា គេមិនមែនចង់ណាត់ខ្ញុំតែពីរនាក់នោះទេ។
គេប្រហែលជាឲ្យខ្ញុំទៅអង្គុយមើលគេនិងលីនសាសងគ្នាច្រើនជាង
«មិនទៅទេ! យើងមិនទាន់បានធ្វើគម្រោងដែលលោកគ្រូដាក់មកទេ ណាមួយទៀតពីរនាក់ឯងដេតតែពីរនាក់ទៅប្រហែលជាល្អ។ នៅពេលមានយើងទៅ វាអាចនឹងទើសទាល់ច្រើនជាងទៅអបអរជាមួយពួកឯង»
មិនមែននិយាយតែមាត់ទេ ខ្ញុំព្យាយាមបន្ថែមល្បឿនជើងឲ្យដើរកាន់តែលឿនទ្វេដង។ នៅក្នុងខ្លួនរបស់ខ្ញុំបែរជាមានអារម្មណ៍ថា កាន់តែមិនស្រួលចិត្ត ប្រហែលជាគ្មានអ្នកណាដឹងពីមូលហេតុនេះក្រៅពីខ្ញុំទេ។
«តាមតែឯងទេ! បើជ្រុលជាឯងធ្វើហើយ រកចំណុចសំខាន់ៗទុកឲ្យយើងផង! មិនរំខានឯងទៀតទេ យើងទៅសិនហើយ» ដៃរបស់វាយោបានបក់លាមកកាន់ខ្ញុំជាមួយស្នាមញញឹមរៀងទម្លាក់ចុះជាងមុននេះបន្តិច និងទុកឲ្យខ្ញុំដើរទៅផ្ទះវិញតែម្នាក់ឯង ព្រោះផ្ទះរបស់ខ្ញុំក៏នៅមិនឆ្ងាយពីសាលាប៉ុន្មានដែរ។
ដើរប្រមាណជាប្រាំនាទីមក ខ្ញុំក៏បានមកដល់ផ្ទះ ព្រមទាំងបើកទូទឹកកកយកនំប៉ុន្មានកញ្ចប់ជាមួយនឹងទឹកសុទ្ធត្រជាក់មួយដបឡើងទៅលើបន្ទប់។
បើកទ្វារបន្ទប់ភ្លាម រូបថតដែលខ្ញុំ លីន និងវាយោបានថតជាមួយគ្នាជាច្រើនសន្លឹកបានបិទពាសពេញជញ្ជាំងបន្ទប់របស់ខ្ញុំ។ ឃើញហើយអារម្មណ៍សោកសៅទាំងប៉ុន្មានក៏បានរត់ចូលមករកក្នុងខ្លួនរបស់ខ្ញុំគ្មានសល់ឡើយ។ ខ្ញុំទម្លាក់រាងកាយទៅលើពូកទន់ល្មើយ និងបើកម៉ាស៊ីនត្រជាក់ឲ្យត្រជាក់បន្តិច ព្រោះនៅក្នុងបន្ទប់រៀងក្តៅ។
ខ្ញុំទទួលស្គាល់អារម្មណ៍របស់ខ្លួនឯងថា ខ្ញុំបានស្រឡាញ់វាយោដែលត្រូវជាមិត្តភក្តិតាំងពីតូចៗជាមួយគ្នា ហើយក៏ត្រូវជាសង្សាររបស់មិត្តសម្លាញ់ខ្ញុំតែម្នាក់គត់នោះគឺលីន។
«គ្រាន់តែស្រឡាញ់មនុស្សតែម្នាក់ជាមួយមិត្តសម្លាញ់មិនខុសទេមែនទេ?» នេះគឺជាសំណួរដែលខ្ញុំតែងតែសួរខ្លួនឯងរហូត ចាប់តាំងពីដឹងថា លីននិងខ្ញុំបានស្រឡាញ់មនុស្សតែមួយ...
សាលារៀន...
ខ្ញុំគឺជានិស្សិតឆ្នាំទីពីរខាងផ្នែក Interior Design។ គ្រាន់តែឮឈ្មោះការងារនេះហើយ ខ្ញុំស្ទើរតែកើតជំងឺបាក់ទឹកចិត្តមកទៅហើយ។ គ្រាន់តែនៅរៀនទេ ក៏ពិបាកណាស់ទៅហើយ ចុះទម្រាំតែចេញទៅធ្វើការទៀតនោះ?
ការងារនេះជាការងារដែលគ្រួសាររបស់ខ្ញុំចង់ឲ្យខ្ញុំធ្វើ ព្រោះបងប្រុស និងបងស្រីរបស់ខ្ញុំសុទ្ធតែធ្វើទាំងអស់។ ការពិតទៅការងារក្តីស្រម៉ៃរបស់ខ្ញុំនោះ ខ្ញុំចង់បើកហាងសៀវភៅមួយ មានលម្អដោយផ្កា អាចថតរូបលេងបានតែប៉ុណ្ណឹង គ្រាន់តែគ្រួសាររបស់ខ្ញុំដូចជាមិនសូវជាពេញចិត្ត ទើបខ្ញុំមិនអាចសម្រេចវាបាន។
«លីន!» និយាយត្រឹមនេះបានហើយ ខ្ញុំបានឃើញលីនឈរសម្លឹងមើលមកខ្ញុំក្នុងក្រសែភ្នែកដ៏ចម្លែកមួយ នាងមើលមកខ្ញុំបែបនេះចាប់តាំងពីនាងនិងវាយោក្លាយជាសង្សារគ្នាមកម្ល៉េះ! ខ្ញុំសម្រេចចិត្តហៅនាងមុន ក៏ព្រោះតែនាងគឺជាមិត្តជិតស្និតរបស់ខ្ញុំតែម្នាក់គត់នៅមហាវិទ្យាល័យមួយនេះ។
«អេឡា! ឯងមានអ្វីឲ្យខ្ញុំជួយឬ?» មិនចម្លែកទេដែលលីនសួរមកកាន់ខ្ញុំបែបនេះ ព្រោះពួកយើងរៀនថ្នាក់ជាមួយគ្នា ហើយក៏ចាប់បានក្រុមជាមួយគ្នាទៀត។
តើអាចទេ ដែលពួកយើងទាំងបីមាននិស្ស័យយ៉ាងនេះន៎?
«អរ! អត់ទេ! ខ្ញុំធ្វើរួចហើយ ចាំតែពួកឯងមើលនិងកែសម្រួលទេ» ខ្ញុំមិនបានកុហកទេ ខ្ញុំពិតជាបានធ្វើរួចពិតមែន គ្រាន់តែល្អឬមិនល្អមិនដឹងទេ!
«ចាំគ្នាមើល» លីនញញឹមស្រាលៗមកកាន់ខ្ញុំ រួចពួកយើងក៏បានដើរចូលទៅខាងក្នុងបន្ទប់រៀនជាមួយគ្នាយ៉ាងស្ងប់ស្ងាត់។