សុបិនអាក្រក់

15 0 0
                                    

​      ជំរាបសួរមិត្តអ្នកអានទាំងអស់គ្នា ខ្ញុំឈ្មោះចន្ទ័ ចក្រាវង្ស ឆ្នាំថ្មីនេះខ្ញុំអាយុ៤៣ឆ្នាំហើយ ត្រូវហើយរៀងចាស់បន្តិចហើយ បច្ចុប្បន្នខ្ញុំជាសាស្រ្តចារ្យផ្នែកបុរាណវិជ្ជាម្នាក់នៅសកលវិទ្យាល័យមួយកន្លែង។យប់នេះខែពេញវង់ល្អណាស់សម្លេងសត្វយំបាននាំអារម្មណ៍ខ្ញុំរំលឹកទៅដល់អតីតកាល កាលនៅជាយុវ័យអាយុជាង២០ ក៏ជាពេលដែលខ្ញុំបានជួបនិងបានស្គាល់រសក្លិននៃស្នេហាដំបូងផងដែរ។

  រំលឹកទៅ២០ឆ្នាំមុនសកលវិទ្យាល័យខ្ញុំបានរៀបចំទស្សនកិច្ចមួយសម្រាប់សិស្សនិស្សិតមុននិងបញ្ចប់ឆ្នាំចុងក្រោយរបស់សិស្សនិស្សិតទាំងអស់គ្នា ខ្ញុំក៏ជាម្នាក់ក្នុងចំណោមនោះដែរ។គេបានរៀបចំអោយយើងទៅខេត្តសៀមរាបព្រោះជាទីកន្លែងដែលពោរពេញទៅដោយប្រវត្តិសាស្រ្តដ៏ល្អផូរផង់រួមទាំងលក្ខណៈសំបូរបែបផ្សេងៗ ដែលជាគន្លឹះកាន់តែងាយស្រួលដល់អ្នកដែលចូលចិត្តប្រវត្តិសាស្ត្រដូចជាខ្ញុំ។យើងចាប់ផ្ដើមចេញដំណើរនៅដើមខែកក្ដឹកស្របពេលដែលព្រះអាទិត្យមិនទាន់រះអស់ផងនោះ ខ្យល់ត្រជក់អមដោយចម្រៀងរាត្រីពីសំណាក់វិទ្យុឡានទៀតនោះបានបំពេរយុវជនយុវតីផ្សេងៗអោយលង់លក់ក្នុហដំណេកយ៉ាងមានក្ដីសុខ បើតាមចាំពេលនោះមានតែខ្ញុំនិងលោកគ្រូដែលជាអ្នកដឹកនាំផងជាតៃកុងឡានផងទេដែលមិនបានទរទន់ទៅតាមភាពងងុយនោះ ហេតុដូចនេះយើងក៏ជជែកគ្នាពីនេះពីនោះកុំអោយចេះតែស្ងាត់ពេក។និយាយចុះនិយាយឡើងគាត់ក៏បានសួរមកកាន់ខ្ញុំថា"ចក្រាវង្សកូនឯងជឿលើអបិយជំនឿអត់?" តាមពិតខ្ញុំក៏រៀងឆ្ងល់និងសំនួរនេះដែរតែក៏មិនគិតច្រើន ហើយក៏ឆ្លើយបែបធម្មតាទៅគាត់វិញ "សម្រាប់ខ្ញុំ៥០/៥០លោកគ្រូមិនជឿណាស់ណា តែក៏មិនហ៊ានប្រម៉ាត"គាត់ស្ដាប់ហើយសើចញឹមៗ រួចបន្លប់ទៅរឿងផ្សេងបាត់។មិនយូរប៉ុន្មានពួកយើងក៏មកដល់ទឹកដីសៀមរាប គឺពេលបាយព្រឹកល្មមដូច្នេះលោកគ្រូក៏អោយគ្រប់គ្នា១ម៉ោងហូបបាយនៅផ្សារលើមុននិងបន្តដំណើរទៅដើរមើលតាមប្រាសាទ។យើងដើរពីមួយប្រាសាទទៅមួយប្រាសាទ អង្គរតូចអង្គរធំថ្ងៃនេះយើងដើរសព្វហើយ កម្លាំងកាយក៏រលាយទៅតាមនោះដែរ តែបែរទៅលោកគ្រូវិញថ្វីត្បិតតែគាត់អាយុច្រើនជាងគេប៉ុន្តែគាត់ដូចជាមិនហត់សោះ គាត់ថែមទាំងបបូលពួកយើងទៅប្រាសាទនាង១២ ទីលានជល់ដំរីទៀតផងតែបែរមកសិស្សម្នាក់ៗវិញមិនថាខ្ញុំមិនថាគេពេលនេះសឹងតែលត់ជង្គង់អង្វរគាត់ហើយ ព្រោះម្នាក់ៗស្ទើរតែអស់ពីខ្លួនហើយ។មើលទៅគាត់ក៏មិនចង់ធ្វើបាបពួកយើងដែរ ហេតុនេះក៏សម្រេចចេញឡានមកម្ដុំផ្សារលើវិញដើម្បីរកផ្ទះសំណាក់ដែលបានកក់។នៅក្រោយផ្សារលើប្រហែល១០០ម៉ែត្រ ផ្ទះមួយឈរជារាងអគារថ្ម៣ជាន់បាំងទៅដោយសួនរុក្ខាជាតិស្ទើរមើលមិនឃើញពីផ្លូវចូលឬចេញសោះឡើយ ប៉ុន្តែពេលចូលទៅដល់ក្នុងគ្រប់យ៉ាងហាក់ផ្ទុយស្រឡះពីសភាពខាងក្រៅ ពោលគឺមានការរៀបចំតុបតែងបែបបទបុរាណលាយឡំនិងសម័យដោយបានរំលេចក្បូរក្បាច់រចនាតាមបែបអង្គរមើលទៅសែនថ្លៃថ្នូរគួរអោយចង់គយគុណ។បន្ទាប់ពីបានរៀបចំចែកបន្ទប់គ្នារួចរាល់ហើយ ពួកយើងក៏ទៅតាមបន្ទប់រៀងៗខ្លួនដោយខ្ញុំត្រូវស្នាកនៅជាមួយមិត្តភក្ដិ៣នាក់ទៀតមាន អាសាល ប្រុសហេង និងបងបញ្ញាដែលគាត់ជាប្រធានថ្នាក់យើងផងដែរ។ប្រហែលជាពួកគេអស់កំលាំងពេកហើយ ទើបពេលដែលខ្ញុំចេញពីបន្ទប់ទឺកមក អ្នកទាំង៣មិនដឹងដេកលក់តែងពីស្មារណាឃើញចឹងខ្ញុំក៏មិនហ៊ានដាស់ដែរណាមួយមិនចង់រំខានផង ខ្ញុំក៏ទាញកាសទាញទូរសព្ទ័ចេញមកក្រៅបន្ទប់។នៅក្រៅមេឃងងឹតបាត់ទៅហើយ ខ្ញុំអាចសម្លឹងឃើញច្បាស់តាមកន្លែងដោយសារថាមពលភ្លើងអគ្គីសនីប៉ុណ្ណោះ ខ្ញុំក៏សម្រេចចិត្តទៅអង្គុយកៅអីមួយនៅក្បែរអាងទឹកណាមួយកន្លែងនេះក៏នៅក្បែរបន្ទប់ខ្ញុំដែរ។ស្ថានភាពពេលនេះស្ងាត់ច្រលំលឺតែសម្លេងសត្វយំល្វើយៗយ៉ាងគ្រលួច ខ្ញុំមិនចាប់អារម្មណ៍អ្វីច្រើនទេ ព្រោះគិតថាប្រហែលជាអ្នកដទៃគេអស់កម្លាំងហើយចង់សម្រាកហើយមើលទៅ ទើបបានជាស្ងាត់យ៉ាងនេះ តែក៏មានកូនចិត្តមួយរឿងឆ្ងល់ដែរថាចុះភ្ញៀវដទៃគេយ៉ាងម៉េចដែរ។កំពុងតែអង្គុយគិតស្រាប់តែកន្ទុយភ្នែកខ្ញុំបានចាប់អារម្មណ៍ដឹងថាមានមនុស្សដើរឡើងរហ័សចូលទៅបន្ទប់ប្ដូរខោអាវនៅឯខាងស្ដាំដៃខ្ញុំ ប៉ុន្តែមិនដឹងថាគេរហ័សយ៉ាងណាទេបានជាខ្ញុំក្រឡេកទៅអត់ឃើញមានមនុស្សសោះ តែក៏មិនបានចាប់អារម្មណ៍អីច្រើនព្រោះគិតថាប្រហែលជាភ្ញៀវដទៃគេចុះមកលេងទឹកហើយ ព្រោះកុំទាន់យប់ណាស់ដែរម៉ោងទើបតែ ៧ជាង។អង្គុយយូរទៅចេះតែយូរទៅខ្ញុំដែលអត់ឃើញមានអ្នកដើរចេញពីបន្ទប់នោះមកវិញសោះ ខួរក្បាលខ្ញុំក៏ប្រាប់ខ្ញុំម្ដងទៀតថាប្រហែលជាបុគ្គលិកគាត់ចូលទៅហើយ តែក្នុងពេលទន្ទឹមគ្នានោះសំឡេងឆ្កែលក់ចាប់ផ្ដើមបន្លឺឡើងយ៉ាងគ្រលួចដែលមុននេះស្ងាត់មិនជ្រាបអត់មានអីសោះ ស្របពេលគ្នានោះស្រាប់តែក្លិនស្អីមិនដឹងដឹងត្រឹមតែវាស្អុយខ្លាំងណាស់ បានមួយប៉ះនឹងច្រមុះខ្ញុំធ្វើឱ្យខ្ញុំចង់ក្អួតភ្លាមៗ ហើយដៃមួយបានមកទះស្មាខ្ញុំពីក្រោយ ធ្វើឱ្យខ្ញុំភ្ញាក់ទៅធ្លាក់ទូរសព្ទពីដៃ តែពេលបែរទៅក៏រៀនធូរចិត្តវិញព្រោះគាត់ជាបងបញ្ញា។គាត់ស្លៀកខោខ្លីហើយមានខោអាវមួយសម្រាប់ជាប់ដៃ ធ្វើឱ្យខ្ញុំគិតថាមនុស្សដែលចូលបន្ទោសផ្លាស់ខោអាវមិញហ្នឹងប្រហែលជាគាត់ហើយ ហើយភ្លាមៗខ្ញុំក៏ចាប់អារម្មណ៍ដឹងថាក្លិនដែលស្អុយមុនហ្នឹងមិនដឹងវាបាត់ទៅណាវិញទេ។ប្រហែលបានបន្តិចក៏មានមនុស្សផ្សេងៗទៀតមកបន្តបន្ទាប់ហើយក៏នាំគ្នាលេងទឹកយ៉ាងសប្បាយមួយភ្លែតហ្នឹងទៅ ឃើញអញ្ចឹងខ្ញុំទ្រាំមិនបានក៏ចុះលេងនឹងគេដែរ។មកប្រហែលជា 9 ពួកយើងឈប់លេងទឹកហើយនៅគ្នាត្រឡប់មកបន្ទប់រៀងៗខ្លួនវិញ បន្ទប់ខ្ញុំគ្រែពីរអញ្ចឹងគ្រែមួយត្រូវគេងពីរនាក់ ខ្ញុំគេងជាមួយនឹងអាសាលហើយបងបញ្ញាគាត់គេងជាមួយនឹងប្រុសហេង ប្រហែលជាខ្ញុំអស់កម្លាំងហើយបានពេលហ្នឹងដាក់ខ្លួនដល់គ្រែភ្លាមខ្ញុំគេងលក់ភ្លាម។ពាក់កណ្តាលយប់ខ្ញុំភ្ញាក់មកវិញថារកបន្ទប់ទឹកខ្ញុំចាំច្បាស់ណាស់សភាពបន្ទប់ពេលហ្នឹងងងឹតស្លុប ខ្ញុំមើលអ្វីអត់ឃើញទេក៏ស្រវេសេវារកទូរសព្ទដៃមួយបើកពិល ដើម្បីរកផ្លូវទៅបន្ទប់ទឹកខ្ញុំទាញទូរសព្ទមកចុចបើកពិល ក៏ប្រទះនឹងស្រមោលមនុស្សម្នាក់ឈរនៅក្រៅបង្អួចតែខ្ញុំមិនដឹងថាជាប្រុសឬស្រីទេព្រោះមានវាំងនន តែពេលដែលខ្ញុំញីភ្នែកមើលម្ដងទៀតក៏មិនឃើញមានអីដែរ។បន្ទាប់ពីជួបបន្ទប់ទឹករួច ខ្ញុំគេងលែងលក់ហើយក៏បើកទូរសព្ទអូសចុះអស់ឡើងលើ facebook ម៉ោង 2 យប់ជាធម្មតាថ្មើរនេះម៉ោងគេពេញដេក តែខ្ញុំបែរជាឮសំឡេងមនុស្សកំពុងប្រឡែងគ្នានៅឯអាងទឹកមុខបន្ទប់ខ្ញុំវិញខ្ញុំឆ្ងល់ដែរ តែចិត្តមួយខ្លាចមានតែក្រលំភួយហើយប្រឹងសម្ងំដេកទៅវិញទៅ។ភ្ញាក់ម្ដងទៀតខ្ញុំមានអារម្មណ៍ថាក្តៅទៅក្ដៅទៅ
ខ្ញុំក៏ក្រវាសភួយចេញឃើញក្នុងបន្ទប់សុទ្ធតែអណ្តាតភ្លើង ខ្ញុំភ័យស្លុតអស់រត់ទៅដាស់អ្នកទាំងបីហើយបើកទ្វារចេញទៅក្រៅគោះទ្វារគេគ្រោះទ្វារឯង តែពួកគេហៅត្រូវថ្នាំសណ្ដំដេកអត់ដឹងភ្លើងអីទេដាស់ក៏អត់ភ្ញាក់អ្នកផ្សេងទៀតគោះទ្វារក៏អត់បើក ដល់ដំណាក់កាលនេះចុះអ្នកណាថាខ្ញុំអាត្មានិយមគាត់ថាទៅតែខ្ញុំព្យាយាមអស់ពីសមត្ថភាពហើយ ដាស់អ្នកណាក៏មិនភ្ញាក់ខ្ញុំក៏សម្រេចចិត្តរូបចេញទៅក្រោយរួចខ្លួនម្នាក់ឯងសិន ណាមួយប្រហែលអ្នកក្រៅមកជួយផង។
ខ្ញុំរត់កាត់អាងទឹកខ្ញុំស្លុតចិត្តស្ទើរតែរត់ទៅមុខលែងរួច សាកសពជាច្រើនអណ្ដែតពេញអាចទឹកដែលអ្នកខ្លះខ្ញុំស្គាល់អ្នកខ្លះក៏អត់ ប៉ុន្តែអ្វីដែលខ្ញុំគិតពេលនេះគឺរត់ចេញទៅក្រៅឲ្យខានតែបាន ខ្ញុំរត់មួយទំហឹងដែលកម្លាំងខ្ញុំមានទៅដល់ខ្លោចទ្វារចេញ តែខ្ញុំចេញអត់ផុតពីក្រោយទ្វារទេព្រោះដូចមានកម្លាំងអីមួយមកចាប់ខ្ញុំជាប់ ខ្ញុំក៏សម្លឹងទៅរកប្រភពខ្សែយ៉ាងវែងឡាយពណ៌ខ្មៅគ្រឹបចង់ជើងខ្ញុំ ខ្ញុំខំសម្លឹងឱ្យច្បាស់ដើម្បីរកប្រភពដើមខ្សែ គ្រាន់តែឃើញហើយខ្ញុំស្រែកសឹងរកពុទ្ធោ។មនុស្សស្រីម្នាក់ស្លៀកពាក់សរបស់ខ្ញុំមើលអត់ឃើញមុខទេ អង្គុយនៅជាន់លើគេបង្អស់នៃអគារហើយទម្លាក់សក់យ៉ាងវែងចុះមកចងជាប់មួយជើងខ្ញុំ។ខ្ញុំទន់ជើងអស់ឯដៃទាំងគូខំប្រឹងទាញចេញទាញយ៉ាងណាក៏មិនចេញ ទាញដាច់បន្តិចក៏មានអាច្រើនទៀតមួយព័ទ្ធថែម សក់នោះដំបូងនៅត្រឹមក៏ជើងបន្ទាប់មកវារាលមកដល់កំភ្លួនជើង ចង្កេះ ពោះ ដើមទ្រូង ក ធ្វើឱ្យខ្ញុំស្ទើរដាច់ដង្ហើមមួយម្តងៗ។ដល់ពេលចុងក្រោយបង្អស់ខ្ញុំនឹកឃើញគុណម៉ែគុណឪគុណព្រះពុទ្ធធម៌ព្រះសង្ឃ ហើយទន្ទេញពុទ្ធោពុទ្ធោផង សូត្រធម៌ដែលបានចេះចាំផង មួយដង្ហើមចុងក្រោយខ្ញុំប្រឹងឡើងអស់ពីខ្លួន។

ចំប៉ាកែវWhere stories live. Discover now