ការដែលយើងមិនយល់ពីអ្វីដែលហៅថាសិទ្ធរបស់យើង វាធ្វើអោយយើងបាត់បង់សេរីភាពមួយភាគធំ។ វាមិនមែនជារឿងធំ ជាដុំកំភួនអ្វីនោះទេ ប៉ុន្តែដោយសារតែមនុស្សរាល់គ្នាគិតថាវាមិនមានបញ្ហាអ្វីចោទមកនោះហើយ ទើបម្នាក់ៗចេះតែ ហីអើៗ មិនសូវជាយកមកដាក់ក្នុងចិត្ត។ តើពួកគេកំពុងគិតពីអ្វីអោយប្រាកដ ទើបបានជាមិនខ្វល់ពី សំនួរអស់ទាំងនោះ? ហើយសំនួរទាំងនោះបានបង្កប់អត្ថន័យ ដែលបានកប់ជ្រៅដល់បាតចិត្តរបស់មនុស្សបែបណាខ្លះទៅ? តើមានអ្នកណាដឹងទេ?
....
ខ្ញុំអង្គុយម្នាក់ឯង នៅលើបង់ចាស់មួយ នៅចំពីមុខអាគារសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ម៉ោង ២:៣៤ នាទីល្ងាចទៅហើយ ... មេឃបើកថ្ងៃចេស បណ្តាលអោយមនុស្សម្នារអ៊ូរទាំ ធុញទ្រាន់នឹងកម្តៅដ៏មហិមារបស់ព្រះអាទិត្យ លាយឡំនឹងខ្យល់ដែលស្ងប់ឈឹង។ អាកាសធាតុបែបនេះ គួរណាតែគ្រប់គ្នារហ័សកាយចូលក្នុងបន្ទប់សិក្សាដែលបំពាក់ដោយកង្ហារ និងម៉ាស៊ីនត្រជាក់ តែបើក្រលេកទៅមើលនិស្សិតប្រុសស្រី នៅឡើយមិនទាន់រូតរះចូលក្នុងបន្ទប់សិក្សាទេ។ អ្នកខ្លះកំពុងអង្គុយអានសៀវភៅដោយជ្រកក្រោមដើមឈើធំៗតាមបណ្តោយផ្លូវចូលធ្លាសាកលនេះ ខ្លះទៀតអង្គុយជជែកគ្នាជាមួយមិត្តភក្តិ ជាមួយនឹងម្ជូរលាងមាត់មួយស្បោង។ ខ្ញុំកាន់ទូរសព្ទ័ និពន្ធសាច់រឿងខ្លីមួយនេះ ក្នុងអត្ថន័យចង់បង្ហាញពី សំនួរមួយចំនួន ដែលមនុស្សស្រីដូចជាខ្ញុំ ភាគច្រើន តែងតែឆ្ងល់ប៉ុន្តែមិនហ៊ានសួរ ហើយក៏មិនដឹងគួរសួរអ្នកណា នៅទីណាផងទេ។ អម្បាញមិញនេះ មានគូស្នេហ៍មួយគូ បានជិះកាត់ តែអ្វីដែលចំឡែក គឺប្រុសម្នាក់នោះមានទឹកមុខដូចជាធុញថប់រកថាមិនត្រូវ ហាក់ដូចជាធុញនឹងមិត្តស្រីរបស់ខ្លួន ខណ:ពេលដែលស្រីនោះឈ្ងោកមុខចុះ ដៃទាំងពីរដាក់នៅលើភ្លៅរបស់ខ្លួនក្តាប់ដៃណែន ប្រៀបដូចជា កំពុងរងនូវការឈឺចាប់។ ចំពេលដែលខ្ញុំកំពុងតែសញ្ជឹងគិតថាមានរឿងអ្វីកើតឡើងដល់គូស្នេហ៍នេះ ប្រុសនោះក៏និយាយខ្សឹបៗប្រាប់មិត្តស្រីរបស់ខ្លួន "បងប្រាប់អូនឯងហើយតើ! ថាបងអត់ទាន់ចង់គិតរឿងហ្នឹងទេ បងស្រលាញ់អូនឯងមែន ហើយក៏មិនមែនលេងសើចអីដែរ ប៉ុន្តែបងមិនទាន់ដែលគិតសោះដល់អារឿងរៀបការអីហ្នឹង!"
...ប្រុសនោះដកដង្ហើមធំលឺសូរឃូស! បញ្ចេញអក្ការ:មិនពេញចិត្តខ្លាំងលើមិត្តស្រីរបស់ខ្លួន ពេលឃើញថា នាងបានញ័រទាំងខ្លនប្រាណខ្សឹកខ្សួលដោយទឹកភ្នែកខ្លួនឯង។
"អូនដឹងហើយ..." នាងតបដោយសម្លេងខ្សោយ អួលដើមក។
ពាក្យបីម៉ាត់ ស្តាប់ទៅដូចជាមិនមានន័យណាស់ណាទេ តែបីម៉ាត់នោះហាក់បញ្ជាក់ថានាងបានទទួលដឹងឮ ទទួលយកអ្វីគ្រប់យ៉ាងដែលបុរសនោះបានប្រាប់នាង។
YOU ARE READING
វេលាមួយ ការចងចាំមួយ
Short Storyពេលដែលយើងនៅម្នាក់ឯង យើងចូលចិត្តគិតអីអណ្តែតអណ្តូង ស្រមៃនេះ ស្រមៃនោះ ។ ជាក់ស្តែងដូចខ្ញុំចឹង ទំនេរណាស់ក៏យកពេលចេញពីរៀនទៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីសម្រាកខួរក្បាលលេង តែមិននឹកស្មានសោះថា ខ្ញុំបានជួបផ្ទាល់នឹងរឿងរ៉ាវ ស្មុគស្មាញពពាក់ពពូនអីបែប...