ផ្តើមរឿង

117 3 0
                                    

បន្ទាប់ពីទទួលបានទឹកដី ៤០ ភាគរយរបស់ប្រទេស វេសឡង់ រួចហើយ   ប្រទេសវីនណាលេន បានពង្រឹងអំណាចខ្លួនកាន់តែខ្លាំងឡើងហើយក៏បានវិវត្តខ្លួនក្លាយជាចក្រភពដ៏រុងរឿងមួយព្រមទាំងជាប្រទេសដ៏មានឥទ្ធិពលមានអំណាចលើ ចក្រភពសាំងរ៉េ ទៀតផង។ ពេលនេះ ចក្រភពសាំងរ៉េ  ប្រែក្លាយជាប្រទេសដែលស្ថិតក្រោមការគ្រប់គ្រងរបស់ វីនណាលេន ដោយសារតែខ្លួនហ៊ានប្រកាសសង្គ្រាមបបួលព្រះអង្គនៃ វីនណាលេន ដើម្បីប្រយុទ្ធ ចុងក្រោយក៏ត្រូវទទួលបានភាពបរាជ័យហើយត្រូវធ្លាក់ខ្លួនក្លាយជាប្រទេសចំណុះរបស់ វីនណាលេន។
  ដើមឡើយទឹកដីរបស់ប្រទេស វេសឡង់ ទាំងមូលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេស រេតឌឺលេន ដែលបានមកពីការធ្វើសង្គ្រាមច្បាំងឈ្នះ
ក្រោមការដឹកនាំរបស់ព្រះអង្គមេលសុី និង ព្រះអង្គម្ចាស់ ខៃ ទ្រង់និងកងទ័ពទ្រង់ចូលវាយលុកយក ប្រទេសនេះបានដោយជោគជ័យ។
  ប្រទេសរេតឌឺលេន សម្រេចផ្តល់ទឹកដីអោយ ប្រទេសវីនណាលេន ព្រោះតែមានហេតុផលពីរ។ ហេតុផលទីមួយ ការផ្តល់ទឹកដី ៤០
ភាគរយនេះក្នុងគោលបំណងដើម្បីប៉ះប៉ូវសងជំងឺចិត្តដែលទ្រង់ធ្វើខុសកិច្ចសន្យា
មិនបានបង្រួបបង្រួមទឹកដី រេតឌឺលេននិង វីនណាលេន ចូលគ្នា។ ព្រះអង្គនៃ រេតឌឺលេន ធ្វើនេះដើម្បីកុំឲ្យប្រទេស វីនណាលេន មានចិត្តខឹងសម្បាដល់ការផ្លាស់ប្រែសន្យារបស់ទ្រង់។ ហេតុផលទីពីរ ដែលព្រះអង្គ ចែកទឹកដីអោយ វីនណាលេន ព្រោះទ្រង់ចង់ឲ្យប្រទេសនោះជួយកាន់កាប់ថែរក្សាព្រោះទ្រង់ (ស្តេច រេតឌឺលេន) មិនអាចគ្រប់គ្រងទឹកដីវេសឡង់ ទាំងអស់បានឡើយ ព្រោះវាមានទំហំធំហើយក៏មានប្រជាជនច្រើន ប្រសិនបើមានការបះបោរទ្រង់ក៏ពិបាកនឹងទប់ទល់ដែរ។
  មួយវិញទៀតព្រះអង្គរេតឌឺលេន ក៏បានប្រទានព្រះនាងអេមើរ៉ល ដែលជាបុត្រីពៅរបស់ទ្រង់អោយរៀបអភិសេកជាមួយព្រះបុត្រា លូមៀ  ជំនួសម្ចាស់ បងគ្រីស្តាល់ របស់ទ្រង់។
  បន្ទាប់ពីចូលរួមពិធីអភិសេករបស់ម្ចាស់បងរបស់ទ្រង់រួចហើយ ព្រះនាងអេមើរ៉ល បានយាងចាកចេញពី រេតឌឺលេន
ជាមួយនឹងព្រះរាជបុត្រលូមៀ ដើម្បីយាងទៅឯប្រទេស វីនណាលេន ដើម្បីរៀបអភិសេក។
  រាជរថកំពុងតែធ្វើដំណើរទៅកាន់ រាជាណាចក្រ វីនណាលេន ដោយមានមនុស្សពីរនាក់នៅក្នុងនោះ។
ម្ចាស់រាងក្រាស់បែរភក្រ្តទតសម្លឹងមើលម្ចាស់រាងស្តើងដែលកំពុងតែផ្ទំលង់លក់ផ្អែកលើព្រះកាយរបស់ទ្រង់។ យុវក្សត្រាគង់ស្ងៀមបង្ហើរស្នាមញញឹមជាប់នៅលើព្រះភក្ត្រខណៈដែលទតមើល វង់ភក្ត្រដ៏ផូរផង់របស់អនាគតមហេសីទ្រង់។
ព្រះរាជបុត្រា លូមៀ នេះគឺជាព្រះរជ្ជទាយាទដែលនឹងក្លាយជាប្រមុខនៃ វីនណាលេន នាពេលអនាគត។
«...»
  ចិញ្ចើមរបស់យុវក្សត្រី អេមើរ៉ល លើកឡើងខណៈដែលទ្រង់តើនដឹងស្មារតីហើយក៏បានឃើញថាទ្រង់កំពុងតែកៀកកើយព្រះកាយរបស់ព្រះរាជបុត្រ លូមៀ។
«ភ្ញាក់ហើយឬ?»
  ព្រះរាជបុត្រលូមៀ មានព្រះបន្ទូលថែមទាំងញញឹមស្រាលមកកាន់នារីនៅចំពោះមុខ។ ផ្ទុយស្រឡះពីព្រះបុត្រា ព្រះនាងអេមើរ៉ល បង្ហាញទឹកព្រះភក្រ្តស្មើធេង ចំណែកឯខ្សែព្រះនេត្រពោរពេញទៅដោយទុក្ខសោកធ្វើឲ្យយុវក្សត្រាត្រូវងឿងឆ្ងល់ជាខ្លាំង ប៉ុន្តែមិនទាន់បានសួរនាំព្រោះគិតថា មកពីព្រះនាងនឹករលឹកដល់ព្រះមាតាបិតានិងម្ចាស់បងរបស់ទ្រង់។
«យើងមកដល់ណាហើយ?»
  ព្រះនាងដកខ្លួនឆ្ងាយពីព្រះបុត្រាដោយបែរទតទៅក្រៅបង្អួចដើម្បីគន់មើលចង់ជ្រាបថាពួកទ្រង់យាងដល់កន្លែងណាហើយ។
«សល់តែប៉ុន្មានម៉ោងទៀត យើងនឹងទៅដល់ វីនណាលេន ហើយ!»
«...»
  ព្រះនាងអេមើរ៉ល ញញឹមស្រាលតបទៅកាន់ ព្រះរាជបុត្រ ដែលទ្រង់តែងតែហៅថា ម្ចាស់បង ជាមនុស្សដែលទ្រង់គោរពស្រលាញ់រហូតមក ហើយក៏ជាបុរសដែលធ្វើឲ្យទ្រង់ត្រូវឈឺចាប់ផងដែរ។ មិនដឹងថាជីវិតក្រោយរៀបអភិសេកហើយនឹងទៅជាយ៉ាងណានោះទេ។

រឿង ស្រមោលស្នេហ៍ព្រះនាងម្ចាស់ (Khmer Novel)Where stories live. Discover now