រសៀលមួយនៅក្នុងផ្សារម៉ាតថង មានការប្រកាសជ្រើសរើសអង្គរក្សមួយរូប ដើម្បីការពារអ្នកនាងតូចថារ៉ាក់វង្សា ដែលជាកូនស្រីពៅក្នុងគ្រួសារអ្នកមានស្ដុកស្ដម្ភ ដែលនរណាៗក៏ស្គាល់នឹងខ្លាចរអាដោយសារអំណាចរបស់គ្រួសារមួយនេះ។ ការប្រកួតជ្រើសរើសមួយនេះ នឹងប្រព្រឹត្តឡើងនៅបីថ្ងៃខាងមុខ។ ការប្រកាសនេះ បានឮទៅដល់ប្រជាជនគ្រប់រូបក្នុងទីក្រុង ថែមទាំងបានឮទៅដល់នារីស្រស់ស្អាតមួយរូបដែលមានឈ្មោះថាឆុងស៊ី។ ឆុងស៊ីគឺជាអ្នកគុននិយមដ៏ខ្លាំងពូកែមួយរូបដែលគ្រប់គ្នាក៏បានស្គាល់នាង តាមរយៈដែលនាងជួយអ្នកទន់ខ្សោយ។ ប៉ុន្តែគ្រប់គ្នាមិនស្គាល់ឈ្មោះពិតរបស់នាងទេ គេតែងហៅនាងថា នារីក្លាហានរបាំងមុខ។ ឆុងស៊ីតែងតែពាក់របាំងមុខរាល់ពេលដែលនាងចេញទៅប្រយុទ្ធជាមួយជនអាក្រក់។ និយាយពីការជ្រើសរើសអង្គរក្សវិញ ថ្ងៃប្រកួតក៏បានមកដល់មានការចូលរួមពីអ្នកគុននិយមល្បីៗជាច្រើន តែគួរឲ្យស្ដាយ ឆុងស៊ីនាងមិនចូលរួមនោះទេព្រោះនាងមិនចូលចិត្តរឿងបែបនេះ ហើយក៏មិនមានចំណាប់អារម្មណ៍ធ្វើជាអង្គរក្សអ្វីឡើយ នាងគ្រាន់តែចង់ជួយជនទន់ខ្សោយប៉ុណ្ណោះ។ ប៉ុន្តែចៃដន្យអ្វី ថ្ងៃនោះឆុងស៊ីបានទៅបេះផ្លែឈើលើភ្នំ ហើយនាងបានដើរកាត់ទីលានប្រកួតនោះ។ដោយការចង់ឃើញពីសមត្ថភាពជនល្បីៗនោះ ឆុងស៊ីក៏បាននៅឈរមើលការប្រកួតនោះទៅ។ ការប្រកួតបានប្រព្រឹត្តទៅយ៉ាងរលូន ប៉ុន្តែបានតែមួយម៉ោងស្រាប់តែមានជនខិលខូចមួយក្រុមមកអុកឡុកធ្វើឲ្យខូចនូវកម្មវិធីប្រកួត។ ជនខិលខូចនោះបានទៅប្រយុទ្ធនឹងអ្នកគុននិយមគ្រប់រូប ហើយបានធ្វើឲ្យពួកគេរងរបួសជាច្រើននាក់។ ពួកវាបានស្រែកជាមួយនឹងសម្ដីអសីលធម៌ជាច្រើន ដោយមេរបស់ពួកវាបាននិយាយថា "រើសអង្គរក្សស្អីទេហា៎! គ្មានអាណាមួយវ៉ៃឈ្នះអញផង យល់ល្អយកអញធ្វើប្ដីនាងវង្សាតែម្ដងទៅបានទាំងប្ដីបានទាំងអ្នកការពារ ហាហា៎ ហាហា៎"។ ដោយឆុងស៊ីក៏នៅទីនោះ ហើយបានឃើញនូវទង្វើជាមួយសម្ដីអាក្រក់របស់វាផង នាងក៏បានឡើងទៅទីលានប្រយុទ្ធ ដើម្បីប្រដៅពួកវា។ គ្រាន់តែឆុងស៊ីឡើងទៅដល់ភ្លាម ដោយសារតែពួកវាមិនដឹងថានាងជានារីក្លាហានរបាំងមុខ ពួកវាក៏បានសើចចំអក និងមើលងាយនាង មិនត្រឹមតែប៉ុណ្ណោះមេរបស់ពួកវាបាននិយាយឲ្យឆុងស៊ីថា "នែ៎! ឡើងមកធ្វើស្អីមីអូន ចង់បានប្ដីដែរមែន?"។ បន្ទាប់មកពួកវាក៏សើចយ៉ាងខ្លាំង ប៉ុន្តែឆុងស៊ីមិនតបអ្វីឡើយ ហើយនាងក៏បានចូលទៅហក់វ៉ៃពួកវាយ៉ាងចាស់ដៃតែម្ដង មិនប្រើពេលយូរប៉ុន្មាននាងក៏បានផ្តួលពួកវាឲ្យសន្លប់គ្រប់គ្នា។ ប្រជាជនដែលកំពុងតែឈរមើលយ៉ាងជក់ចិត្តស្រាប់តែនាំគ្នាស្រែកហូរយ៉ាងខ្លាំង ហើយអ្នកគុននិយមនៅទីនោះក៏បានអរគុណដល់ឆុងស៊ីទៀតផង។ ចំណែកឯអ្នកនាងតូចថារ៉ាក់វង្សាក៏មើលមិនព្រិចភ្នែកដែរ ដោយសារតែសម្រស់និងក្បាច់គុនដ៏ល្អពិសាររបស់ឆុងស៊ីក៏បានធ្វើឲ្យអ្នកនាងតូចចង់បាននាងធ្វើជាអង្គរក្សផ្ទាល់ខ្លួននិងនៅជិតនាង។ អ្នកនាងតូចថារ៉ាក់វង្សាមិនចាំយូរក៏បានរត់ចូលទៅជិតឆុងស៊ីហើយបាននិយាយទៅកាន់នាងថា "នាងមានក្បាច់គុណខ្លាំងពូកែអញ្ចឹង ហេតុអ្វីមិនចូលរួមប្រកួតធ្វើជាអង្គរក្សរបស់ខ្ញុំ? បើនាងបានធ្វើជាអង្គរក្សរបស់ខ្ញុំ នោះនាងចង់បានអ្វីក៏បានដែរព្រោះថាគ្រួសាររបស់ខ្ញុំមិនខ្វះទេប្រាក់"។ ឆុងស៊ីមិននិយាយឬតបស្ដីអ្វីឡើយ តែនាងបានសម្លឹងមើលអ្នកនាងតូចជាមួយទឹកមុខយ៉ាងមុតមាំរួមនឹងក្រសែភ្នែកយ៉ាងទាក់ទាញ រួចក៏ដើរចេញមក។ ការប្រកួតក៏បានបន្តរហូតរើសបានបុរសម្នាក់មកធ្វើជាអង្គរក្សអ្នកនាងតូច ប៉ុន្តែអ្នកនាងតូចថារ៉ាក់វង្សាមិនសប្បាយចិត្តទេ ព្រោះនាងចាប់ចិត្តនឹងចង់បានឆុងស៊ីធ្វើជាអង្គរក្សផ្ទាល់ខ្លួនរបស់នាង។ ប៉ុន្មានថ្ងៃក្រោយមក អ្នកនាងតូចចង់ទៅផ្សាដើរលេងនិងទិញអីវ៉ាន់មួយចំនួន អ្នកនាងតូចក៏បានសុំឪពុកទៅជាមួយអ្នកបម្រើនិងអង្គរក្សរបស់នាង។ នៅតាមផ្លូវទៅផ្សារម៉ាត់ថង អ្នកនាងក៏បានជួបជាមួយជនខិលខូចមួយក្រុម។ ពួកវាបានរករឿងនិងចង់បំពានទៅលើអ្នកនាងតូច តែសំណាងល្អពួកវាមានគ្នាតិចវ៉ៃមិនឈ្នះអង្គរក្សរបស់អ្នកនាងឡើយ បន្ទាប់មកពួកវាក៏រត់បាត់ទៅ។ សំណាងអាក្រក់អ្វី ពួកវាបានរត់ទៅហៅគ្នារបស់ពួកវាមកបន្ថែម ដើម្បីវ៉ៃសងសឹកទៅនឹងអង្គរក្សនោះ។ ដោយពួកវាមានគ្នាច្រើនពេក អង្គរក្សរបស់អ្នកនាងតូចប្រយុទ្ធមិនឈ្នះពួកវាឡើយ ដោយឃើញដូច្នេះអង្គរក្សក៏បានស្រែកប្រាប់ឲ្យអ្នកនាងតូចរត់ទៅ ព្រោះខ្លាចពួកវាបំពានលើរូបរាងកាយអ្នកនាងតូច។ អ្នកនាងតូចថារ៉ាក់វង្សាភ័យខ្លាំងណាស់ ដូចនេះអ្នកនាងបានរត់យ៉ាងលឿនសំដៅទៅរកអ្នកជួយ ហើយក៏មានរឿងចៃដន្យមួយបានកើតឡើងមក ដែលអ្នកនាងតូចបានរត់ទៅបុកនឹងឆុងស៊ីមួយទំហឹង នឹងបានដួលទៅលើឆុងស៊ីយ៉ាងនឹកស្មានមិនដល់។ អ្នកនាងតូចបានងើបមុខឡើង ហើយបានសម្លឹងមើលទៅមុខរបស់ឆុងស៊ីយ៉ាងភ្លឹកតែម្ដង រហូតទាល់តែឆុងស៊ីប្រាប់ថា"នាងគួរតែក្រោកហើយ នាងមិនមែនស្រាលដូចក្មេងទេណា៎"។ ឆុងស៊ីនិយាយរួចទើបអ្នកនាងតូចក្រោកឡើងដោយការអៀនខ្មាសចំពោះឆុងស៊ី។ ឆុងស៊ីបានសង្កេតឃើញថា មានហេតុការណ៍មិនស្រួលក៏បានសួរនាំទៅអ្នកនាងតូចនូវដំណើររឿងទាំងនោះ។ អ្នកនាងតូចថារ៉ាក់វង្សាបានរៀបរាប់ពីដំណើររឿងទាំងអស់ ជាមួយនឹងភាពភិតភ័យទៅកាន់ឆុងស៊ី។ ដោយមិនចាំយូរឆុងស៊ីក៏បានស្ទុះទៅជួយអ្នកបម្រើនិងអង្គរក្សរបស់នាងយ៉ាងលឿន។ ជាមួយនឹងក្បាច់គុណដ៏អស្ចារ្យគ្មានគូប្រៀបរបស់ឆុងស៊ី ក៏បានធ្វើឲ្យជនខិលខូចទាំងនោះខ្លាចរអានិងរត់បះជើងទៅបាត់អស់។ ហើយនាងក៏បានជួយសង្គ្រោះពួកគេទាន់ពេលវេលាផងដែរ ដោយគ្មាននរណាម្នាក់ត្រូវគេបំពាននិងបាត់បង់ជីវិតឡើយ។ ការជួយជាលើកទីពីររបស់ឆុងស៊ីទៅកាន់អ្នកនាងតូចថារ៉ាក់វង្សា បានធ្វើឲ្យអ្នកនាងតូចកាន់តែចាប់ចិត្តទៅលើឆុងស៊ីកាន់តែខ្លាំងឡើងៗ។ អ្នកនាងតូចមិននៅរួញរាយូរក៏បានទៅសួរនាំឈ្មោះ និងទីកន្លែងស្នាក់នៅរបស់ឆុងស៊ី។ ទោះបីឆុងស៊ីមិនចង់និយាយមិនចង់ប្រាប់យ៉ាងណាក្តី អ្នកនាងតូចថារ៉ាក់វង្សាមួយនេះមិនចុះចាញ់ឡើយ សួររហូតទាល់តែឆុងស៊ីអស់ពាក្យប្រកែក ហើយក៏បាននិយាយប្រាប់អ្នកនាងតូចថា "សួរច្រើនដងអញ្ចឹងអត់ហត់ទេអី បើនាងមិនហត់ខ្ញុំក៏ចេះហត់ដែរ"។ ឆុងស៊ីនិយាយបែបនេះហើយ ក៏បានដាច់ចិត្តប្រាប់អ្នកនាងតូចពីខ្លួនរបស់គេ ព្រោះឆុងស៊ីបានឃើញថានាងជាក្មេងរលាមអញ្ចឹង បើមិនប្រាប់មិនដឹងកាលណាបានទៅដល់ផ្ទះទេ។ បន្ទាប់មកឆុងស៊ីក៏បាននិយាយបន្តថា"ខ្ញុំឈ្មោះឆុងស៊ី ហាមច្រលំហៅខ្ញុំថាជាស៊ីឆុងឮដែរទេ! ផ្ទះរបស់ខ្ញុំនៅជិតផ្សារនេះឯងគ្រាន់តែទៅត្រង់តាមផ្លូវនេះបន្តិចហើយបត់ស្ដាំទៅឃើញហើយ។ អូ៎! សូមប្រាប់មួយទៀត ហាមទៅរញ៉េរញ៉ៃប្រយ័ត្នខ្ញុំវ៉ៃមិនដឹងក្មេងណា៎"។ ឆុងស៊ីនិយាយអញ្ចឹងទេ តែក្នុងចិត្តចង់ឱ្យតែអ្នកនាងតូចទៅលេងទេ ព្រោះនាងក៏ចូលចិត្តអ្នកនាងតូចដែរ ដោយសារតែចរិកគួរឱ្យខ្នាញ់នឹងឯង។ បន្ទាប់មកពួកគេក៏បានបំបែកផ្លូវរៀងៗខ្លួនធ្វើដំណើរទៅផ្ទះរបស់ពួកគេ។ ថ្ងៃស្អែកឡើង ព្រឹកមិនទាន់ព្រលឹមស្រួលបួលផងអ្នកនាងតូចថារ៉ាក់វង្សាកំពូលរលាមមួយនេះ បានទៅគោះទ្វារផ្ទះរបស់ឆុងស៊ីបាត់ទៅហើយ។ គ្រាន់តែបានស្គាល់ផ្ទះគេភ្លាមអ្នកនាងតូចនេះចាំយូរមិនបានទេត្រូវមកឲ្យទាន់ចិត្តខ្លួនឯងតែម្ដង ព្រោះតែចង់ឃើញមុខរបស់ឆុងស៊ីឆាប់ៗ។ ចាប់ពីពេលនោះមក ពួកគេកាន់តែស្និតស្នាលទៅៗ ហើយអ្នកនាងតូចថារ៉ាក់វង្សាតែងតែទៅផ្ទះរបស់ឆុងស៊ីជារៀងរាល់ថ្ងៃ មិនដែលខានមួយថ្ងៃណាឡើយ។
_នេះជាការសរសេរលើកដំបូងរបស់នាងខ្ញុំ បើមានកំហុសខុសឆ្គងត្រង់កន្លែងណាមួយ សូមបងប្អូនជួយអធ្យាស្រ័យផង ហើយនាងខ្ញុំក៏សូមសំណូមពរឲ្យបងប្អូនជួយផ្ដល់មតិបន្ថែម ដើម្បីនាងខ្ញុំយកមកសិក្សាកែតំរូវកំហុសទាំងនោះ។
សូមអរគុណណា៎🙏🏻🥰
YOU ARE READING
ឆុងស៊ីនិងអ្នកនាងតូចថារ៉ាក់វង្សា
Storie breviជាប្រភេទរឿងខ្លីដែលនិយាយអំពី អ្នកគុននិយមស្រីដ៏ខ្លាំងពូកែដែលតែងតែជួយអ្នកដទៃជាមួយនឹងការលាក់មុខដោយរបាំងមុខរបស់ខ្លួន ហើយមនុស្សគ្រប់គ្នាអោយរហ័សនាមនាងថានារីក្លាហានរបាំងមុខ ហើយនាងបានទៅប្រយុទ្ធនៅក្នុងកម្មវិធីជ្រើសរើសអង្គរក្សរបស់អ្នកនាងតូចថារ៉ាក់វង្សាដោយចៃដន្...