ពេលយប់ប្រមាណជាម៉ោងប្រាំបី មេឃភ្លៀងរលឹមនៅក្នុងទីក្រុងដ៏សែនស្ងប់ស្ងាត់ ទោះបីជាថ្ងៃចុងសប្ដាហ៍ហើយក្ដី។នៅលើដងវិថីដ៏ធំល្វឹងល្វើយ ក្នុងតំបន់សេដ្ឋកិច្ចបែបតូចតាចមួយកន្លែងក្នុងទីក្រុងសេអ៊ូល មិនមានអ្នកដំណើរច្រើនឡើយដែរបើកបតឬធ្វើដំណើរតាមផ្លូវនេះ ដោយហេតុផលមួយគឺមេឃកំពុងរលឹមស្រិចៗមិនដាច់តំណក់។
ហាងលក់អាហារនិងរបស់របរមួយចំនួននៅតែបើកទ្វាររង់ចាំទទួលស្វាគមន៍ភ្ញៀវដដែល អំពូលភ្លើងបំភ្លឺទៅលើភ្លូវដែលមានទឹកដក់ ព្រមទាំងហូររលេញរហូតគ្មានពេលល្ហែល្ហើយ។ជើងតូចស្រឡូនមួយគូ កំពុងតែបោះជំហានយឺតៗ ថ្នមៗ ស្ទើរតែមិនបន្លឺសម្លេងអ្វីសោះ ទោះជាយ៉ាងណានៅតែអាចធ្វើអោយដំណក់ទឹកខ្ទាតចេញបាន។
ក្មេងប្រុសម្នាក់ ដើរតែម្នាក់ឯងនៅលើដងវិថីដ៏ស្ងប់ច្រងំក្រោមមេឃភ្លៀងរលឹម គេស្លៀកខោកាប៊យខ្មៅជើងវែង ស្បែកជើងប៉ាត់តា ពាក់អាវសាច់ក្រណាត់ក្រាស់ឃ្មឹកដៃវែងមានមួកគ្របក្បាលជិតសម្រាប់ការពារតំណក់ទឹក នៅខាងក្រោយមានស្ពាយកាតាបមួយផងដែរ។
គេដើរស៊កដៃចូលទៅក្នុងហោប៉ៅអាចកាត់បន្ថយភាពរងា ទឹកមុខស្ងប់ស្ងាត់និងសោះកក្រោះទំនងជាមនុស្សកំពុងមានទុក្ខ។ពេលដើរមកដល់កន្លែងមានចាំងចំមុខដោយពន្លឺនៃអំពូលភ្លើង ទើបយើងអាចមើលឃើញថាក្មេងប្រុសម្នាក់នេះមានទម្រង់មុខស្រស់ស្អាតខ្លាំងប៉ុណ្ណា។
ផ្ទៃមុខសម៉ត់ខៃនិងភ្លឺរលោង រាងកាយតូចល្អិត កម្ពស់កម្ពសមល្មមនឹងដងខ្លួនតូចច្រឡឹង ចិញ្ចើមក្រាស់ឃ្មឹក បបូរមាត់រូបបេះដូងពណ៌ស៊ីជំពូរ លេងម៉ូតសក់បែបសុីវិល័យ ថែមទាំងមានកែវភ្នែកពណ៌ខ្មៅល្អល្អះដូចនិលច្នៃ។ផ្ទុយមកវិញ គួរអោយស្ដាយដែលគេបែរជាមានទឹកមុខស្រពោន គេគួរតែញញឹមអោយបានច្រើនជាងនេះ។
1ម៉ោងមុន...
ផាំង!ប្រាវ! សម្លេងបោករបស់របរបន្លឺចេញខាងក្នុងបន្ទប់អាហារជាផ្នែកមួយនៃភូមិគ្រឹះដ៏ធំស្កឹមស្កៃ ស្ថិតនៅកណ្ដាលទីក្រុងតែម្ដង។គ្រប់គ្នានៅក្នុងហេតុការណ៍នោះមានមិនច្រើនទេ សុទ្ធសឹងតែជាមនុស្សសំខាន់នៅក្នុងគ្រួសារអ្នកមានស្ដុកស្ដម្ភមួយនេះ។ក្នុងចំណោមអ្នកទាំងអស់គ្នានោះ ក៏មានកំលោះតូចរបស់យើងម្នាក់ដែរ។
« ប៉ាគ្មានសិទ្ធរើសផ្លូវសម្រាប់ជីវិតខ្ញុំទេ!!! » ហូប៊ីទប់កំហឹងលែងបានស្រែកគំហកទៅកាន់អ្នកជាឪពុកដែលបង្ហាញទឹកមុខមាំនិងដាក់សម្ពាធមកកាន់គេ។គេមិនត្រឹមតែស្រែកយ៉ាងកម្រោល ថែមទាំងហ៊ានបោករបស់របរនៅជិតដៃចោលទៅលើដីបែកខ្ចាត់ខ្ចាយអស់។
« យើងជាប៉ារបស់ឯង!!ឯងក៏គ្មានសិទ្ធមកបដិសេធជាមួយនឹងយើងដូចគ្នា!!! »
« បើប៉ាគិតថាព្រោះតែខ្ញុំជាកូនរបស់ប៉ាហើយប៉ាមានសិទ្ធិធ្វើគ្រប់យ៉ាងមកលើខ្ញុំនោះ ចាប់ពីពេលនេះទៅខ្ញុំនឹងមិនរស់នៅក្នុងផ្ទះនេះទៀតឡើយ! » អាល្អិតស្រដីយ៉ាងដាច់អហង្ការ មិនខ្វាយខ្វល់ថាអ្នកដែលស្ដាប់ឮមានប្រតិកម្មបែបណា គេដឹងត្រឹមតែម្យ៉ាងថាមិនអាចទ្រាំរស់ក្នុងគ្រួសារដែលដាក់សម្ពាធគ្រប់យ៉ាង សូម្បីតែការជ្រើសរើសជីវិតគូរអោយខ្លួនឯងទៅថ្ងៃអនាគត។
អ្នកស្រីជុងត្រូវជាម្ដាយនិងជាមនុស្សម្នាក់ដែលបាននៅក្នុងហេតុការណ៍ដ៏ស្មុគស្មាញមួយនោះដូចគ្នា ចាប់ផ្ដើមតក់ស្លុតក្រោយស្ដាប់ឮសម្ដីចេញពីមាត់កូនប្រុសរបស់ខ្លួន មិននឹកស្មានថាគេចិត្តដាច់ដល់ម្ល៉ឹង។
« អត់ទេកូន!ហូប៊ីកុំនិយាយបែបហ្នឹងអីកូន! »
« ឯងគិតថាឯងអស្ចារ្យខ្លាំងណាស់មែនទេបានជាឯងចិត្តខ្លាំងដល់ថ្នាក់ចង់ដើរចេញពីផ្ទះនេះ? » លោកជុងមិនបានយកសម្ដីរបស់ហូប៊ីជាសាច់ការ គាត់បែរជាគិតថាគេគ្រាន់តែនិយាយគម្រាមគាត់ មិនហ៊ានធ្វើវាឡើយ។
« កុំមើលងាយខ្ញុំអោយសោះ!ប៉ាក៏មិនបាច់តាមរកខ្ញុំអោយត្រឡប់មកវិញដូចគ្នា!ចាប់ពីថ្ងៃនេះទៅ ពួកយើងមិនត្រូវជាអ្វីនឹងគ្នាទៀតឡើយ! » សម្ដីមួយម៉ាត់ៗគឺច្បាស់ៗនិងពិតប្រាកដ ម៉ាត់ណាគឺម៉ាត់នឹង មិនបានក្លែងបន្លំឬគ្រាន់តែនិយាយអោយរួចផុតពីមាត់នោះទេ។ហូប៊ីសម្លឹងមុខឪពុកយ៉ាងអស់សង្ឃឹមនិងឈឺចាប់ គេពិតជាខកបំណងចំពោះគាត់ ព្រោះកន្លងមកសូម្បីតែពាក្យថាឪពុកល្អក៏គាត់មិនដែលធ្វើវាបានម្ដងណាឡើយ។
មិនរង់ចាំយូរ គេដើរទៅយកកាតារបស់ខ្លួនមកស្ពាយចាកចេញ មិនអាសូរដល់ទ្រូងអ្នកដែលជាម្ដាយកំពុងយំអង្វរកអោយកូនប្រុសចាកចោលខ្លួន។គាត់មានកូនតែម្នាក់ ស្រលាញ់ថ្នាក់ថ្នមដូចកែវភ្នែក ទម្រាំតែពេលនេះចង់អោយកូនឃ្លាតឆ្ងាយចេញពីទ្រូង គាត់ពិតជាធ្វើមិនបានឡើយ។
ហូប៊ីលើកដៃជូតទឹកភ្នែកដែលស្រក់ចុះព្រោះឮសម្លេងម្ដាយយំតែសម្រេចចិត្តមិនបកក្រោយ។ពេលគេចាកចេញ សូម្បីតែពាក្យហាមឃាត់ពីឪពុកបង្កើតរបស់ខ្លួនក៏មិនបានឮដែរ ធ្វើអោយគេកាន់តែយល់ថាគ្រួសារមួយនេះមិនសាកសមសម្រាប់ខ្លួនឡើយ។
បច្ចុប្បន្ន...
ដើរបណ្ដើរគិតទៅដល់រឿងដែលបានកើតឡើងកាលពីមួយម៉ោងមុនបណ្ដើរ ធ្វើអោយអាល្អិតត្រូវដកដង្ហើមធំជាច្រើនដង ថែមទាំងលួចពិបាកចិត្ត រកកលចង់ចេញទឹកភ្នែកម្ដងម្ដាលដែរ។សូម្បីតែពិភពលោកនេះក៏បានយល់អំពីទុក្ខសោករបស់គេ។មេឃភ្លៀងរលឹមមិនខុសអ្វីពីពេលដែលគេកំពុងលួចយំនៅក្នុងចិត្ត ទីក្រុងស្ងប់ស្ងាត់ដូចជាទុកពេលអោយគេបាននៅម្នាក់ឯងអោយបានធូរស្បើយចិត្ត។
គ្រប់រឿងទាំងអស់ មិនមែនសុទ្ធតែល្អសម្រាប់យើងទាំងអស់នោះទេ នៅមានរឿងមួយចំនួនដែលវាអាក្រក់លើសពីការគិតទៅទៀត។រស់នៅក្នុងគ្រួសារពោរពេញទៅដោយសម្ពាធ មិនអាចធ្វើអោយជីវិតប្រសើរឡើងនោះទេ ផ្ទុយទៅវិញកាន់តែធ្វើអោយជាប់នៅក្នុងគុកងងឹតដែលគ្មានជញ្ជាំងឬរនាំងបាំង យ៉ាងណាក្ដីវានៅតែមានឈ្មោះថាជាគុកសម្រាប់ឃុំឃាំងជីវិតមនុស្ស។
ហូប៊ីដើរទៅឈរនៅក្បែរផ្លាកសញ្ញាមួយ បម្រុងឆ្លងផ្លូវទៅកាន់កន្លែងដែលនៅម្ខាងទៀត គឺជាម៉ាតលក់របស់ញ៉ាំព្រមទាំងរបស់របរផ្សេងៗ ប៉ុន្តែរំពេចនោះគេស្រាប់តែបានឮសម្លេងស្រែកអ៊ូអររបស់មនុស្សមួយក្រុមចេញពីខាងក្នុងច្រកផ្លូវមួយនៅជិតនោះ។
វាមិនមែនជាសម្លេងស្រែកនៃការអបអរអ្វីមួយនោះទេ គឺដូចកំពុងមានជម្លោះដ៏ខ្លាំងក្លាមួយកំពុងកើតឡើងនៅក្បែរខ្លួនរបស់គេ។ជើងទាំងគូរចាប់ផ្ដើមបោះជំហានថយក្រោយ ស្របពេលកំពុងប្ដូរទិសដៅសម្ដៅទៅរកច្រកផ្លូវតូចមួយនោះវិញ។គេដើរចូលទៅខាងក្នុងនោះទាំងមិនខ្លាចរអា វាងងឹតសូន្យឈឹងនឹងស្ងប់ស្ងាត់ មានតែអគារខ្ពស់ៗនៅជុំវិញនោះ គ្មានសូម្បីតែមនុស្ស។
លុះពេលដើរចូលទៅខាងក្នុងកាន់តែជ្រៅ ទើបទៅដល់កន្លែងមួយផ្សេងទៀតដែលជាផ្លូវទល់ច្រកគ្មានច្រកចេញ វាស្ថិតនៅផ្នែកខាងក្រោយអគារទាំងអស់។សម្លេងមនុស្សជាច្រើន ព្រមទាំងសម្លេងស្រែកថ្ងូរដោយក្ដីឈឺចាប់ហោះចូលមកក្នុងត្រចៀករបស់ហូប៊ីដែលកំពុងលបមើលនៅជ្រុងម្ខាងទៀតយ៉ាងស្ងប់ស្ងាត់។
គេឃើញមានក្មេងស្ទាវមួយក្រុមកំពុងព្រួតគ្នាវៃក្មេងប្រុសម្នាក់រហូតដល់គេត្រូវខ្ទប់ទៅគៀនជញ្ជាំង មុខមាត់និងខ្លួនប្រាណបែកសាច់ចេញឈាម សភាពដុនដាបមើលលែងយល់ ប៉ុន្តែបែរជាមិនព្រមរត់គេចពីក្រុមក្មេងស្ទាវទាំងអស់នោះ ជំនួសមកវិញគេបែរជាញញឹមដូចជាពេញចិត្ត តែមាត់បែរជាស្រែកថាឈឺ។
ហូប៊ីគ្រវីក្បាលហួសចិត្តដែលមនុស្សមួយក្រុមមកវៃមនុស្សតែម្នាក់ វាហាក់ដូចជាអយុត្តិធម៌ពេកហើយ។គេមើលទៅបុរសមាឌធំម្នាក់មានសាក់ពេញខ្លួន ទំនងជាមេក្រុមឬបងធំអីបែបនោះ ឈរជក់បារីបង្ហុយផ្សែងពេញមេឃ ញញឹមចុងមាត់មើលទៅកាន់កូនចៅខ្លួនធ្វើបាបបុរសម្នាក់នោះយ៉ាងពេញចិត្តពេញថ្លើម។គេសម្លឹងកាន់តែយូរមានអារម្មណ៍ថាកាន់តែស្រដៀង និងព្យាយាមមើលយ៉ាងយកចិត្តទុកដល់រហូតបានឃើញមុខរបស់បុរសមាឌធំម្នាក់នោះច្បាស់ៗពេញៗភ្នែក។
មិនចង់រង់ចាំយូរ ហូប៊ីដើរចូលទៅក្នុងទីកន្លែងកំពុងមានរឿងនោះយ៉ាងអង់អាចក្លាហាន មិនខ្វល់ថាប្រសិនបើពួកក្មេងស្ទាវមួយក្រុមបកមកធ្វើបាបខ្លួនវិញ គេក៏មិនរួចខ្លួនដូចគ្នា។ពេលដែលដើរជិតទៅដល់ទៅហើយ អាល្អិតស្រែកយ៉ាងឮផ្អើលដល់អ្នកគ្រប់គ្នានៅទីនោះ បង្អែរចំណាប់អារម្មណ៍មកកាន់គេវិញ។
« ឈប់ភ្លាម!!!! »
ហូប៊ីសម្លឹងទៅកាន់បងធំដែលមានអំណាចខ្លាំងជាងគេដោយក្រសែភ្នែកគួរអោយខ្លាច នៅពេលវាងាកមកមើលគេ ស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង។
« អ្នកប្រុសតូច? »
រាងតូចដើរទៅរកបងធំនៃក្រុមក្មេងស្ទាវ ព្រមទាំងខ្សឹបដាក់ត្រចៀករបស់វាដោយប្រើសម្លេងដ៏ត្រជាក់ស្រេប។
« ឆាប់នាំគ្នីគ្នារបស់ឯងទៅវិញទៅប្រសិនបើឯងមិនចង់ស្លាប់! »
បងធំម្នាក់នោះហាក់ដូចជាខ្លាចហូប៊ីខ្លាំងណាស់ព្រោះថាគ្រាន់តែហូប៊ីបញ្ជាបែបនោះភ្លាមគេក៏ធ្វើតាមភ្លែត ចាប់ផ្ដើមនាំគ្នីគ្នានិងកូនចៅរបស់ខ្លួនត្រលប់ទៅវិញអស់។បុរសដែលត្រូវគេវៃសម្លឹងមកកាន់អាល្អិតដោយចម្ងល់ មិនដឹងថាគេមានឥទ្ធិពលឬវេទមន្តអ្វីធ្វើអោយពួកនោះរត់អស់ត្រឹមតែមួយពព្រិចភ្នែក។
កាយតូចដើរមកជិតអ្នកម្ខាងទៀត ព្រមទាំងឈោងដៃទៅរកអ្នកដែលអង្គុយផ្ទាល់ដៅដើម្បីអោយគេតោងដៃខ្លួនងើបឈរ ព្រោះមើលទៅត្រូវធ្ងន់ណាស់ទំនងជាងើបមិនរួចនោះឡើយ។ថេយ៉ុងមើលទៅដៃរបស់ហូប៊ីយ៉ាងយូរឆ្លាស់គ្នាជាមួយនិងមុខរបស់អាល្អិតដែលកំពុងសម្លឹងមកកាន់នាយដូចគ្នា។ចុងក្រោយ នាយបែរជាជ្រើសរើសយកការងើបឡើងដោយពឹងកម្លាំងខ្លួនដែលនៅសេសសល់ មិនត្រូវការជំនួយពីអ្នកណា។
ហូប៊ីសើចដើមកនិងអស់សំណើចចំពោះរាងក្រាស់ ជិតស្លាប់ទៅហើយនៅធ្វើរឹកខ្លាំងទៀតឬ?អ្នកកំលោះដើរបាក់ប៉ើកៗទៅរើសអាវក្រៅដែលជ្រុះនៅជិតនោះទាំងសភាពពិបាកមើល ចំណែកឯហូប៊ីនៅឈរមើលគ្រប់សកម្មភាពមិននិយាយអ្វីឡើយ រហូតដល់ពេលដែលថេយ៉ុងរៀបនឹងដើរចេញដោយមិនបានស្ដីរកខ្លួនឬអរគុណមួយម៉ាត់ គេចាប់ផ្ដើមប្រតិកម្មភ្លាមៗ÷
« លោកអត់ចិត្តដល់ម្ល៉ឹងឬ?មិនគិតអរគុណខ្ញុំដែលបានជួយលោកទេមែនទេ?មនុស្សស្អីក៏រមិលគុណយ៉ាងនេះ » គេស្ដីអោយនាយនៅចំពោះមុខមិនរអាដល់ម្ចាស់សាមីខ្លួនបន្តិចសោះ។ថេយ៉ុងបែរក្រោយងាកមើលមកអាល្អិតដោយទឹកមុខសោះកក្រោះ រឹកពារក៏ឆ្មើងឆ្មៃ អោយរាងតូចគិតក្នុងចិត្តថាពួកក្មេងស្ទាវទាំងអស់នោះវៃគេមិនខុសឡើយ។
« អរគុណ! » ថេយ៉ុង,អោយអរគុណក៏អរគុណ មិនសួរនាំ មិនញញឹម រឹងដូចថ្ម ស្ដាប់ហើយស្រគៀរត្រចៀកខ្លាំងណាស់។
« តែពីរម៉ាត់នឹងទេឬ? »
« ឯងចង់បានអ្វី?ខ្ញុំគ្មានប្រាក់អោយឯងទេ!បើសិនជាមានក៏មិនចាំបាច់អោយគេវៃដល់ទ្រោមខ្លួនបែបនេះដែរ »
ហូប៊ីកាត់ន័យយល់អំពីហេតុផល ធ្វើអោយក្រុមក្មេងស្ទាវទៅទាំងអស់នោះមកវៃធ្វើបាបថេយ៉ុង។ឮនាយនិយាយរឿងលុយគេសើចដើមកម្ដងទៀត តបទៅវិញ÷
« ខ្ញុំមិនត្រូវការលុយរបស់លោកឡើយ »
« ចង់បានអ្វី? » ថេយ៉ុងសួរមកវិញទាំងធុញទ្រាន់។
« លោកឈ្មោះអី? »
« គីម ថេយ៉ុង »
អាល្អិតញញឹមខ្ជឹប ដើរមកជិតអ្នកម្ខាងទៀត។
« ខ្ញុំគឺ ជុង ហូប៊ី »
« ឯងប្រាប់ខ្ញុំធ្វើអី? »
ហូប៊ីទម្លាក់ទឹកមុខចុះ ខ្នាញ់នឹងអ្នកកំលោះដែលផ្ចាញ់ដាក់ខ្លួន ហើយក៏រអៀសខ្លួនខ្លះដែរ។
« ចង់ប្រាប់គឺគ្មានហេតុផលទេ!មុននេះខ្ញុំបានជួយលោកដូច្នេះហើយលោកត្រូវតែសងគុណខ្ញុំវិញ »To be continued...
រឿងនេះមិនវែងនោះទេ មានតែប៉ុន្មានភាគ Post កំដរអារម្មណ៍អ្នកទាំងអស់ព្រោះខ្ញុំកំពុងតែបញ្ចប់រឿង You broke me first អោយរួចរាល់សិន។
YOU ARE READING
Love In The End - vhope
Short Storyស្នេហារបស់ពួកយើងវាកើតឡើងនៅក្នុងពេលវេលានៃទីបញ្ចប់បាត់ទៅហើយ!