- ហ្វ្រីន! ងើបឡើងកូនដល់ម៉ោងទៅរៀនហើយ។
សម្លេងម៉ាក់បន្លឺឡើងធ្វើឱ្យខ្ញុំដែលកំពុងលងលក់បង្ខំបើកភ្នែកឡើងមកទាំងត្រដរ។ ខ្ញុំងើបពត់ពែនខ្លួនទាំងខ្ជិលច្រអូស!
- ឱ្យលឿនឡើងម៉ាក់ទៅចាំនៅខាងក្រោមណានឹងអាលបានញុាំអីជុំគ្នា។
ម៉ាក់ដើរចេញទៅបាត់ ខ្ញុំក៏ទម្លាក់ជើងចុះពីពូកដ៏សែនកក់ក្ដៅរបស់ខ្ញុំដើម្បីចូលបន្ទប់ទឹកសម្អាតខ្លួន។ ប្រហែល20នាទីក្រោយខ្ញុំក៏ចុះមកក្រោមក៏ឃើញម៉ាក់អង្គុយចាំនៅតុអាហារតែម្នាក់ឯង។
- ម៉ាក់ប៉ាទៅណាហើយ?ខ្ញុំដាក់ខ្លួនអង្គុយហើយក៏សួរឡើងព្រោះមិនឃើញប៉ាមកញុាំអាហារ ឯដៃក៏លូកយកនំបុ័ងមកញាត់ទាំងប្រញាប់ប្រញាល់។
- ប៉ាទៅក្រុមហ៊ុនបាត់ហើយ ល្ងាចម៉ាក់និងប៉ាឯងទៅខេត្តពីរបីថ្ងៃ មើលថែខ្លួនផង។
- ចាសម៉ាក់ អ៊ីចឹងកូនទៅរៀនហើយ! ជម្រាបលាម៉ាក់!
និយាយចប់ខ្ញុំក៏រត់យ៉ាងលឿនសម្ដៅមកកាន់ឡានផ្ទាល់ខ្លួនរបស់ខ្ញុំ។ ចេញពីផ្ទះមិនបានប៉ុន្មានក៏ឃើញឡានម៉ូតូណែនតាន់តាប់ពេញផ្លូវ ហ៊ើយម៉ោងថ្មើរនេះផ្លូវស្ទះខ្លាំងណាស់! ចង់តែចេះបំបាំងកាយទេ...។មកដល់សាលាខ្ញុំក៏រហ័សរត់ទៅថ្នាក់យ៉ាងលឿនព្រោះតែខ្លាចខកម៉ោង។ ប៉ុន្តែមានមនុស្សដែលលឿនជាងខ្ញុំទៀត..
ផាំង!
មនុស្សរត់មកបុកមនុស្សរត់! ដួលបិះតែនឹងផ្កាប់មុខ! នរណា? ក៏ប្រញាប់អីណាស់ណាម្លេះចេះមកបុកមនុស្សទៅកើត។ បន្ទាប់ពីមានសតិបន្តិចខ្ញុំក៏ងាករកមើលមនុស្សដែលបានបុកខ្ញុំអម្បាញ់មិញ។ ក្មេងស្រីម្នាក់អាយុប្រហែលជាប្អូនខ្ញុំពីរឆ្នាំកំពុងតែអង្គុយឈ្ងោកមុខមើកជង្គង់ខ្លួនដែលមានឈាមចេញមករឹមៗ។ នាងបុកខ្ញុំតែបែរជាឈាមខ្លួនឯងទៅវិញ...អឺ! នេះនរណាជាអ្នករងគ្រោះពិតប្រាកដ?
- លើកក្រោយកុំរត់លឿនពេក! ម៉ោះងើបឡើងមកខ្ញុំជួយ
មាត់ស្ដីឱ្យគេ តែដៃខ្ញុំក៏ឈោងទៅឱ្យគេតោង។ នាងតោងដៃខ្ញុំទាំងមុខរកកលនឹងយំចេញមក..អេខ្ញុំធ្វើអីខុសឬ? ស្ដីឱ្យតែប៉ុន្មានម៉ាត់ក៏យំដែរអី!?
- ន៎ែកុំយំឯងជាអ្នកមកបុកខ្ញុំទេ
នាងងើយសម្លឹងមកកាន់ខ្ញុំហើយក៏...
- ហឹក! ហឹក! ខ្ញុំខ្លាចឈាម...ជួយខ្ញុំផង
ពុទ្ធោ ខ្ញុំស្មានតែនាងយំព្រោះសម្ដីរបស់ខ្ញុំ ប៉ុន្តែនាងបែរជាយំព្រោះឈាម។ ស្អីក៏ខ្ញុំមិនដឹងដែរ ដឹងត្រឹមថាយឺតម៉ោងបាត់ទៅហើយ។ ខ្ញុំប្រុងដើរចេញតែដៃនាងតោងអាវខ្ញុំជាប់។
- បងខ្ញុំភ័យណាស់ ខ្ញុំញ័រជើងអស់ហើយ ដើរទៅមុខមិនរួចទេហឹកហឹក ជួបខ្ញុំផង។
នាងនិយាយផងយំផងបែបនេះឱ្យខ្ញុំដើរទៅណារួច? ហ៊ើយនេះបានថាពិតជាស៊យពិតមែន។ ខ្ញុំងក់ក្បាលហើយក៏គ្រានាងទៅអង្គុយនៅនឹងបង់ដែលនៅក្បែរនោះ មើលទៅនាងពិតជាភ័យដោយសារឈាមពិតមែនហើយបានជាដល់ថ្នាក់នេះ។
- អង្គុយត្រង់នេះហើយខ្ញុំដើរទៅយកថ្នាំលាងរបួសនៅបន្ទប់គ្រូសិន។
នាងងក់ក្បាលទាំងបិទភ្នែក។ ខ្ញុំក៏ដើរចេញទៅយកថ្នាំមកឱ្យនាង។ មួយសន្ទុះក្រោយខ្ញុំក៏ដើរមកវិញ នាងនៅតែបន្តយំ។
- ល្មមជូតទឹកភ្នែកចេញហើយ រំខានណាស់។
ថាហើយខ្ញុំក៏ដាក់ខ្លួនលត់ជង្គង់ដើម្បីលាបថ្នាំហើយឱ្យនាង។ ខ្ញុំក៏មិនយល់ពីអ្វីដែលខ្លួនឯងធ្វើដែរ ខ្ញុំមិនដែលធ្វើបែបនេះពីមុនមកទេ ជាពិសេសជាមួយមនុស្សដែលមិនធ្លាប់ស្គាល់គ្នាខ្ញុំសឹងតែមើលមុខ។ ប៉ុន្តែខ្ញុំបែរជាមកអង្គុយលាបថ្នាំឱ្យនាងដោយស័គ្រចិត្តបែបនេះទៅវិញ។ ប្រហែលជាពិបាកមើលនាងក្នុងសភាពគួរឱ្យអាណិតពេកទេដឹង?
- ឯងឈ្មោះអី? រៀនមុខជំនាញអី? ឆ្នាំទីប៉ុន្មាន?
ខ្ញុំសួរនាងពីរបីសំណួរកុំឱ្យស្ងប់ស្ងាត់ពេក។ នាងក៏ព្រមបើកភ្នែកហើយឱនមកមើលខ្ញុំតែនៅក្នុងសភាពភ័យដដែលគ្រាន់តែប្រសើរជាងមុន។
- ឈ្មោះ ប៊េកគី ហៅប៊េកក៏បាន។ ខ្ញុំជារៀនផ្នែកច្បាប់ឆ្នាំទី2។
នេះរៀនក្រោមខ្ញុំតែ2ឆ្នាំសោះ ម៉េចក៏មើលទៅចរិតដូចកូនក្មេងម្លេះ?
មួយសន្ទុះមកខ្ញុំក៏រុំបង់នឹងជើងឱ្យនាងរួចរាល់ ខ្ញុំងើបឡើងទាំងឈរអស់កម្ពស់។
- ហើយៗលើកក្រោយប្រយ័ត្នផង
និយាយចប់ខ្ញុំក៏ដើរបកក្រោយបម្រុងនឹងដើរចេញពីនាងដើម្បីទៅថ្នាក់។ តែនាងក៏ហៅខ្ញុំឱ្យឈប់។
- ឈប់សិនអរគុណបងច្រើនហើយ អេហើយមួយទៀតខ្ញុំមិនទាន់ស្គាល់ឈ្មោះបងទេ?
- ឈ្មោះហ្វ្រីន សិស្សឆ្នាំទី4ផ្នែក Business
ខ្ញុំបោះជំហានចេញទៅទាំងមិនងាកក្រោយ ខ្ញុំយឺតម៉ោងគ្រូកាច! បើមិនត្រូវមាត់ក៏ឈរមុខថ្នាក់ដែរ.. ហ្អាក!!! ម៉េចក៏ក្នុងថ្នាក់គ្មានមនុស្ស? គេអត់រៀនទេអី? ខ្ញុំងាកឆ្វេងងាកស្ដាំមុននឹងទាញទូរស័ព្ទមកមើលសារដែលមិត្តរបស់ខ្ញុំផ្ញើរមក! ពុទ្ធោ! គ្រូសុំច្បាប់មិនបានមកបង្រៀនទេ។ ហើយខ្ញុំអីក៏ឧស្សាហ៍យ៉ាងនេះ?

YOU ARE READING
បេះដូងតែមួយ
Romance"បេះដូងតែមួយ" ជាប្រលោមលោកដែលរៀបរាប់ពីស្នេហារបស់មនុស្សស្រីពីរនាក់។ វាជាស្នេហាដ៏ស្រស់ស្អាតដែលគ្រប់គ្នាមិនធ្លាប់បានដឹង...ហើយស្នេហារវាងពួកគេនឹងផ្លាស់ប្ដូរការគិតមនុស្សមួយចំនួន។