ថ្ងៃថ្មីក៏ឈានមកដល់ ខ្ញុំភ្ញាក់ដឹងខ្លួនឡើងក្រោយសម្រាកអស់ជាច្រើនម៉ោង។ ព្រឹកថ្ងៃនេះខ្ញុំមានអារម្មណ៍ជ្រះស្រឡះល្អណាស់ ទោះបីជាយប់មិញនៅបង្ហើយប្រលោមលោកដល់យប់ជ្រៅក៏ពិតមែន។ តែថាមពលពេញបឹប! ខ្ញុំងើបឡើងចូលបន្ទប់ទឹកដើម្បីងូតទឹក និងផ្លាស់ប្ដូរសម្លៀកបំពាក់ដើម្បីទៅសាលា។
ប្រហែលកន្លះម៉ោងក្រោយខ្ញុំក៏រួចរាល់។ ខ្ញុំដើរចេញពីបន្ទប់សម្ដៅទៅកាន់ចង្ក្រានបាយ។ ម៉ាក់មិននៅគ្មានអ្វីក្រៅពីនំបុ័ងអាំងឡើយ ហិហិម្ហូបអុឺរ៉ុបគ្រប់ពេលឱ្យតែម៉ាក់មិននៅ។ ខ្ញុំចំណាយពេលអស់មួយសន្ទុះដើម្បីធ្វើវា ហើយក៏ដើរទៅឆុងកាហ្វេ។ ក្រោយពីចាត់ការរួចខ្ញុំក៏ចេញទៅសាលាដោយមិនបង្អង់យូរ។ តាមពិតទៅថ្ងៃនេះខ្ញុំគ្មានម៉ោងរៀននោះទេ ហើយខ្ញុំក៏គ្មានហេតុផលដែលត្រូវមកដូចគ្នា។ តែប្រហែលនាងជាហេតុផលដែលធ្វើឱ្យខ្ញុំត្រូវមកសាលាហើយមើលទៅ..។
មកសាលាខ្ញុំសម្ដៅទៅបណ្ណាល័យភ្លាមៗ ខ្ញុំងាកឆ្វេងងាកស្ដាំក្រែងលោនាងមកចាំប៉ុន្តែការចងចាំរបស់ខ្ញុំក៏ត្រឡប់មកវិញប្រាប់ថានាងរវល់រៀន!។ យ៉ាប់អើយសែនយ៉ាប់! ខ្ញុំក្រវីក្បាលហួសចិត្តនឹងខ្លួនឯងបន្តិចហើយក៏ទៅអង្គុយនៅតុដូចរាល់ដង។ គ្មានអ្វីធ្វើខ្ញុំមានតែធ្វើកិច្ចការសាលាតែប៉ុណ្ណឹង។
កន្លងទៅជាច្រើនម៉ោង នេះខ្ញុំអង្គុយពីរម៉ោងជាងទៅហើយ។ ខ្ញុំងើបមុខចេញពីកុំព្យូទ័រទាំងពត់ពែនខ្លួនតាមរបៀបមនុស្សហត់នឿយ។ មុននេះសម្លឹងកុំព្យូទ័រយូរ វាធ្វើឱ្យភ្នែកខ្ញុំក្រហាយនិងផ្សាបន្តិច។ ដូច្នេះហើយខ្ញុំក៏បិទភ្នែកក្រាបលើតុដើម្បីសម្រាកតែម្ដងទៅ។
តុក តុក!!
សម្លេងគោះតុបានធ្វើឱ្យខ្ញុំភ្ញាក់ពីភាពលង់លក់ទាំងមមីមមើ។ ខ្ញុំខំបើកភ្នែកព្រមទាំងយកដៃញីហាក់មិនទាន់អស់ងងុយ។ ខ្ញុំខំប្រឹងមើលអ្នកដែលឈរចំពោះមុខ តែភ្នែកខ្ញុំហាក់ព្រឹលមើលមិនដឹងថាជានរណាឡើយ។ ខ្ញុំព្យាយាមបើកភ្នែករហូតបានច្បាស់ទើបដឹងថាគេជាមិត្តរួមថ្នាក់។- មកគេងអីត្រង់នេះ? មិនដឹងទេឬថាគេមិនរៀន?
ដំបូងគេសើចនឹងសភាពរបស់ខ្ញុំ ហើយក៏ចាប់ផ្ដើមសួរឡើងទាំងទឹកមុខឆ្ងល់។ គេជាមិត្តរួមថ្នាក់ខ្ញុំបីឆ្នាំទៅហើយ គ្រាន់តែមិនសូវបាននិយាយរកគ្នា។
YOU ARE READING
បេះដូងតែមួយ
Romance"បេះដូងតែមួយ" ជាប្រលោមលោកដែលរៀបរាប់ពីស្នេហារបស់មនុស្សស្រីពីរនាក់។ វាជាស្នេហាដ៏ស្រស់ស្អាតដែលគ្រប់គ្នាមិនធ្លាប់បានដឹង...ហើយស្នេហារវាងពួកគេនឹងផ្លាស់ប្ដូរការគិតមនុស្សមួយចំនួន។