- ហ្វ្រីនអើយ! ឯងនេះឧហ្សាហ៍អីពេលនេះហ្អាស?
ខ្ញុំសួរខ្លួនឯងហើយក៏យកដៃញីសក់ស្ទើរតែជ្រុះអស់ពីក្បាលទៅហើយ។
ដោយខ្ជិលគិតច្រើនខ្ញុំក៏សម្រេចចិត្តហួសទៅកាន់បណ្ណាល័យរបស់សាលាដើម្បីធ្វើកិច្ចការដែលគ្រូបានដាក់ឱ្យ។ ដើរមកដល់បណ្ណាល័យខ្ញុំក៏ដើរសម្ដៅទៅកាន់ម្ខាងនៃបណ្ណាល័យដែលខ្ញុំតែងតែអង្គុយនោះ។ ទីនេះមានសភាពស្ងប់ស្ងាត់ល្អងាយស្រួលក្នុងការអានសៀវភៅ និងធ្វើកិច្ចសាលា។ ខ្ញុំទម្លាក់ខ្លួនអង្គុយហើយក៏ចាប់ផ្ដើមទាញកុំព្យូទ័រចេញពីក្នុងកាតាប និងមានសៀវភៅប៉ុន្មានក្បាល។ ខ្ញុំងាកចុះងាកឡើងក៏នឹកឃើញថាភ្លេចទិញកាហ្វេ! ដូច្នេះហើយខ្ញុំក៏ងើបឡើងដើរទៅទិញកាហ្វេដែលនៅក្បែរបណ្ណាល័យ។
ឌឹប!
ទៀត! នរណាទៀតហើយដើរមកបុកខ្ញុំពីក្រោយបិះតែផ្កាប់មុខដួលនឹងទ្វាហាងកាហ្វេ? ខ្ញុំងាកបែរក្រោយរកមើលអ្នកដែលបុកខ្ញុំអម្បាញ់មិញ។ ពុទ្ធោអើយ! គឺនាងទៀតហើយ!
- ឯងទៀតហើយ?
ខ្ញុំនិយាយទាំងជ្រួញចិញ្ចើម វាមិនចៃដន្យពេកទេឬ?
- សូមទោសផងបងរត់លឿនពេករអិលស្បែកជើងទប់មិនជាប់
នាងនិយាយទាំងឱនមុខមើលស្បែកជើង អើខ្ញុំទៅធ្វើអីនាងកើតក្រៅពីដើរចេញ?
- អាយឡាតេស្ករ៣០ មួយបង
ខ្ញុំនិយាយទៅកាន់អ្នកលក់ ហើយអ្នកលក់ក៏ងក់ក្បាលបញ្ជាក់ថាឮហើយ។
- ខ្ញុំដូចគ្នាបង
សម្លេងដដែល មនុស្សដដែល។ គឺក្មេងស្រីឈ្មោះប៊េកហ្នឹងហើយ។ ដោយឮបែបនេះខ្ញុំក៏ងាកក្រោយមើលទៅកាន់នាង នាងក៏ញញឹមយ៉ាងស្រស់មកកាន់ខ្ញុំធ្វើហីមិនដឹងមិនឮ។
តាំងចិត្តឱ្យស្ងប់! ព្រោះគេមិនបានធ្វើខុសគេគ្រាន់តែទិញតាមចំណង់ចំណូលចិត្តរបស់គេ...។មួយសន្ទុះក្រោយអាយឡាតេរបស់ខ្ញុំក៏បានមករួចរាល់។ ខ្ញុំហុចលុយឱ្យអ្នកលក់ហើយក៏ដើរចេញទៅបណ្ណាល័យ។ ខ្ញុំអង្គុយក្រេបអាយឡាតេទាំងអារម្មណ៍ល្អសែនល្អ។ មានតែកាហ្វេទេទើបអាចធ្វើឱ្យជីវិតខ្ញុំមានន័យហាហា។
ជីវិតជានិស្សិតរបស់ខ្ញុំគ្មានអីធំដុំទេ តែបើគ្មានកាហ្វេទើបជារឿងធំដុំ។ ខ្ញុំលូកយកទូរស័ព្ទនិងកាសចេញមកដើម្បីដាក់បទចម្រៀងកំដរអផ្សុក បន្ទាប់ខ្ញុំបើកកុំព្យូទ័រហើយធ្វើកិច្ចការបន្តទាំងសភាពស្ងប់ស្ងាត់។
- សុំអង្គុយផង
ដោយឮប្រយោគនេះ ខ្ញុំក៏រហ័សងាកមើលម្ចាស់សម្លេងព្រោះថាអម្បាញ់មិញដាក់កាសស្ដាប់មិនដឹងថាជានរណា។
- ឯងមានចេទនាមកក្បែរខ្ញុំ?
មាត់ដ៏សែនរអិលរបស់ខ្ញុំក៏សួរសំណួរទាំងនេះឡើងតាមដែលចិត្តបញ្ជា។ នាងនៅតែរក្សាទឹកមុខញញឹមមកកាន់ខ្ញុំ ដែលវាផ្ទុយពីទឹកមុខរបស់ខ្ញុំដាច់។
- អត់ទេ ថ្ងៃនេះគ្រូខ្ញុំមិនរៀនហើយក៏ទៅកាហ្វេផឹករួចមកក៏ជួបបង បន្ទាប់មកខ្ញុំថាមកអានសៀវភៅហើយក៏ឃើញបងម្ដងទៀតទើបមកសុំអង្គុយ។ ព្រោះខ្ញុំមិនចូលចិត្តនៅក្បែរមនុស្សមិនធ្លាប់ស្គាល់គ្នា ណាមួយតុផ្សេងៗមានមនុស្សពេញអស់ហើយ។
- ចុះឯងស្គាល់ខ្ញុំពីពេលណា?
- មួយម៉ោងមុននេះនោះអី!
ចម្លើយរបស់នាងក៏ធ្វើឱ្យខ្ញុំស្ងាត់មាត់ រកអ្វីតបតមិនបាន។ ខ្ញុំក៏ងក់ក្បាលបញ្ជាក់ថាតល់ព្រម ព្រោះតុពិតជាពេញពិតមែន។ នាងញញឹមមកកាន់ខ្ញុំហើយក៏អង្គុយទល់មុខខ្ញុំ។ ខ្ញុំថាមិនចង់ខ្វល់នឹងនាងនោះទេ ព្រោះនៅមានការងារដែលត្រូវធ្វើ ប៉ុន្តែសៀវភៅរបស់នាងហាក់ធ្វើឱ្យខ្ញុំនៅស្ងៀមមិនកើត។
- ហ្អាស! សៀវភៅនេះគេដាក់លក់ហើយឬ?
- ចាស បងក៏ជាអ្នកតាមដានរឿងនេះដែលឬ? ខ្ញុំខំឈរចាំជិត២ម៉ោងឯណោះទម្រាំតែបានហត្ថលេខាពីអ្នកនិពន្ធ។
- មិនបានទេខ្ញុំទៅទិញដែលសិន!
ថាហើយខ្ញុំក៏រហ័សយកកុំព្យូទ័រ និងសៀវភៅទុក។ ជាតិជាអ្នកស្នេហាប្រលោមលោកគឺពិបាកបែបនេះ! ហាហា។
- ខ្ញុំទៅដែរបានទេ ខ្ញុំចង់ទៅទិញសៀវភៅផ្សេងទៀត។
មិនបាច់គិតច្រើនខ្ញុំក៏ងក់ក្បាលយល់ព្រមភ្លាមតែម្ដង យ៉ាងណាៗនាងក៏ជាប្រភេទមនុស្សដូចខ្ញុំ។ ពួកយើងអាចនឹងងាយចុះសម្រុងនឹងគ្នា។
បន្ទាប់ពីនោះពួកយើងទាំងពីរក៏នាំគ្នាឡើងឡានរបស់ខ្ញុំ។ ហើយខ្ញុំក៏បើកសម្ដៅទៅកាន់ហាងសៀវភៅដ៏ធំមួយកន្លែងដែលល្បីនៅទីនោះ។ គ្រាន់តែមកដល់អារម្មណ៍របស់ខ្ញុំក៏ហោះហើរលើវេហាស៍អស់ទៅហើយ។ នេះជាឋានសួគ៌! ជាឋានសួគ៌ាសម្រាប់អ្នកអានដូចជាពួកខ្ញុំ។ ខ្ញុំ និងប៊េកក៏ដើរចូលទៅទាំងអារម្មណ៍រំភើប រំភើបនឹងសៀវភៅដ៏ច្រើនសន្ធឹកសន្ធាប់ផង រំភើបនឹងបានឃើញអ្នកនិពន្ធសំណព្វចិត្រផង។ មានអ្វីមានន័យជាងនេះទៀតទេ?
ដើរចុះដើរឡើងខ្ញុំក៏ខំណាយពេលអស់១ម៉ោងជាងទៅហើយ។ មានអារម្មណ៍ថាមិនចង់ចាកចេញពីទីនេះសោះ តែក៏ត្រូវបង្ខំចិត្តព្រោះជិតដល់ម៉ោងរៀនទៀតហើយ។
- ឯងបានអីខ្លះ?
- គឺបាន៥ក្បាលហិហិ ចុះបង? ម៉េចក៏ច្រើនម្លេះ?
នាងហាក់ភ្ញាក់ផ្អើលនៅពេលដែលឃើញសៀវភៅនៅកន្រ្តកប្រហែលជាង២០ក្បាលនៅនឹងមុខរបស់នាង។ ខ្ញុំក៏ធ្លោយញញឹមហើយញាក់ចិញ្ចើមដាក់នាងហាក់ដូចជាស្និតស្នាលនឹងគ្នាណាស់អ៊ីចឹង។
- ក៏ខ្ជិលមកទៀត ទិញម្ដងក៏ហើយ
ថាហើយខ្ញុំក៏សម្ដៅទៅកន្លែងគិតលុយ អ្នកលក់ក៏គិតឱ្យរបស់ខ្ញុំមុន។ បន្ទាប់មកក៏គិតឱ្យនាងតាមក្រោយ។ ខ្ញុំហិចកាតឱ្យគេដើម្បីគិតលុយរួចក៏និយាយ។
- គិតទាំងរបស់នាងទៅ
អ្នកលក់ងក់ក្បាលយល់ព្រម តែអ្នកនៅក្បែរដៅក៏ជ្រួញចិញ្ចើមហាក់ចងជាសំណួរមកកាន់ខ្ញុំ។ ខ្ញុំក៏ហាក់យល់សាច់ការក៏ឆ្លើយមុននឹងនាងសួរ។
- ថ្លៃឯងកំដរខ្ញុំមក
- បើដឹងហ្វ្រីអ៊ីចឹងខ្ញុំយក២០ក្បាលអីហើយ មិនល្ងង់យក៥ក្បាលបែបនេះទេ
មើលសម្ដីនាងចុះ ស្មានតែមិនសុខចិត្តព្រោះតែខ្ញុំចេញលុយឱ្យតាមពិតនឹកស្ដាយសោះ។
ក្រោយគិតលុយហើយពួកខ្ញុំក៏ដើរមកកាន់ឡានវិញ ហើយក៏បើកសម្ដៅមកសាលារៀនវិញ។ ពេលនៅក្បែរនាងខ្ញុំមានអារម្មណ៍ថាហាក់ដូចជាត្រូវដៃត្រូវជើងជាមួយគ្នាណាស់។ ពួកយើងក៏ផ្ដើមនិយាយពីសៀវភៅដែលពួកយើងចូលចិត្ត ហើយការសន្ទនាក៏រលូនទៅមុខ។ ពួកយើងនិយាយបណ្ដើរសើចបណ្ដើរ រហូតមកដល់សាលា។
- ខ្ញុំទៅមុនហើយ ស្អែកចេញពីរៀនខ្ញុំទៅជួបបងនៅបណ្ណាល័យ!
ថាហើយនាងក៏ដើរចេញទៅមុនខ្ញុំទាំងទឹកមុខញញឹម នាងញញឹមស្អាតណាស់!។ តែចរិតនៅក្មេងសុទ្ធតែម្ដងហើយ មិនសមជានិស្សិតអ្វីបន្តិច។ ខ្ញុំក្រវីក្បាលហើយក៏ដើរចុះពីលើឡានរួចក៏ដើរទៅកាន់កង់ទីនដើម្បីទិញអីញុាំ។
YOU ARE READING
បេះដូងតែមួយ
Romance"បេះដូងតែមួយ" ជាប្រលោមលោកដែលរៀបរាប់ពីស្នេហារបស់មនុស្សស្រីពីរនាក់។ វាជាស្នេហាដ៏ស្រស់ស្អាតដែលគ្រប់គ្នាមិនធ្លាប់បានដឹង...ហើយស្នេហារវាងពួកគេនឹងផ្លាស់ប្ដូរការគិតមនុស្សមួយចំនួន។