បេសកកម្មតាមញ៉ែ crush

64 4 1
                                    

             
    ហាយ! សួស្តី! ខ្ញុំឈ្មោះម៉ៃ ជាសិស្សវិទ្យាល័យត្រៀមប្រឡងបាក់ឌុបឆ្នាំនេះ ខ្ញុំមិនចាំបាច់ប្រាប់ទៀតទេហ្ន៎! ហ៊ើយ...តែថាអាយុ២១ឆ្នាំហើយ ខ្ញុំមិនទាន់បានឆ្លងផុតវិទ្យាល័យផង។  អ្នកទាំងអស់គ្នាគិតថាខ្ញុំរៀនមិនចេះហ្អី ទើបបានជាត្រួតថ្នាក់? ណូៗ! បើខ្ញុំប្រាប់មូលហេតុពិត ប្រហែលអ្នកទាំងអស់គ្នាសើចកាច់កស្លាប់ហើយ ព្រោះមូលហេតុពិតហ្នឹងគឺថា ខ្ញុំចេះតែលួចក្រាស់ប៊យៗក្មេងៗ ទើបចេះតែមិនចង់ឡើងឱ្យផុតៗ ខ្លាចមិនបានជួបមុខ...ហុហុ! បើនិយាយទៅគួរឱ្យខ្មាសគេណាស់! ​តែធ្វើម៉េចបើព្រហ្មលិខិតទេវតាចារឱ្យយ៉ាងហ្នឹងហើយ ខ្ញុំទៅប្រឆាំងនឹងទេវតាយ៉ាងម៉េចបាន? មានតែបណ្តោយខ្លួន...
    ឃើញបែបហ្នឹង តិចច្រឡំថាខ្ញុំសាវា! ខុសហើយចា៎! ម៉ៃស្មោះលើសទេវតា អ្នកស្មោះល្មមៗប្រហែលចាញ់ម៉ៃហើយ គ្រាន់តែថារាងអភ័ព្វស្នេហ៍បន្តិច តែមិនបន្តិចទេ គឺខ្លាំងយកតែមែនទែន។ ដើមហេតុនោះគឺថា...
ត្រឡប់ទៅ៣ខែមុន...
    ទឹង!
    សំឡេងសារឮចេញពីទូរសព្ទមួយតឹករបស់ខ្ញុំ ដែលកំពុងតែសាកថ្មចោល ខណៈពេលដែលខ្ញុំកំពុងតែផ្លាស់ឯកសណ្ឋាន រៀបចំសៀវភៅត្រៀមទៅសាលា។ ចិញ្ចើមខ្ញុំចាប់ជ្រួញចូលគ្នាព្រោះចម្ងល់  តែក៏សម្រេចចិត្តផ្អាកសកម្មភាពសិន ដើម្បីឆែកមើលសារមួយនោះ ក្រែងលោជាសាររបស់កញ្ញាដាណេមិត្តរបស់ខ្ញុំ  ព្រោះយាយប៉ិហ្នឹងចូលចិត្តណាស់អារឿង chat មកដាស់ព្រោះគិតថាខ្ញុំដេកមិនទាន់ភ្ញាក់់។ ខ្ញុំបន្ធូរដង្ហើមធំមួយ រួចក៏សម្លឹងមើលទៅកញ្ចក់ទូរសព្ទ តែអ្វីដែលខ្ញុំឃើញ បានធ្វើឱ្យភ្នែកតូចៗរបស់ខ្ញុំបើកធំស្ទើរប៉ុនពងអូទ្រីសទៅហើយ។
    “ថ្ងៃនេះខ្ញុំខូចចិត្ត ម៉ៃអាចមកកំដរខ្ញុំបន្តិចបានទេ?”
    ព្រះអង្គអើយ! នេះគឺជាសាររបស់ភូកាន crush របស់ខ្ញុំទេតើ! តែខ្ញុំcrush គេមិនមែនគេ crush ខ្ញុំទេ ហុហុ! កាលពីយប់មិញ គេបាន add story ដោយសរសេរថា “លួច crush ម្នាក់វ៉ែនតា” ខ្ញុំអៀនអើយសែនអៀន ព្រោះខ្ញុំម្ញ៉ូបពាក់វ៉ែនតាស្ទើររាល់ថ្ងៃ  តែខ្ញុំមិនប្រាកដថាគេចង់សំដៅដល់អ្នកណាទេ ព្រោះថ្ងៃមុនខ្ញុំទើបតែដើរជួបគេក្នុងហាងកាហ្វេដែរ  ដូច្នេះក្នុងចិត្តខ្ញុំចេះតែមានទំនោរគិតថាខ្ញុំ crush គេ គេក៏ប្រហែលជា crush ខ្ញុំវិញ ហុហុ!
    អ៊ីចឹងចាំអង្កាល់ទៀត នាងម៉ៃខ្ញុំ សូមរើសដាក់ខ្លួនសិនហើយ!
    យប់នោះខ្ញុំបាន reply story គេថា៖
    “អួយអៀនណាស់!”
    ប៉ុន្តែអាប៉ិភូកានហ្នឹង បានត្រឹមតែចូល seen តែអត់ reply ខ្ញុំឯណេះគ្រាំចិត្តស្ទើរស្លាប់ ចង់តែលើកដៃ block ចោល ប៉ុន្តែដៃខ្ញុំចេះតែស្ពឹកៗ​រកលើក block មិនកើត ព្រោះថា...
    Crush ជាករណីលើកលែង!
    ប៉ុន្តែមើលចុះ ពេលនេះគេតបខ្ញុំហើយ នាំឱ្យខ្ញុំឯណេះអរដូចត្រូវឆ្នោត៣លាន។ ប៉ុន្តែអានសារគេហើយ មានអារម្មណ៍ថាសេដៗយ៉ាងម៉េចមិនដឹងទេ។ ប្រហែលជាគេខូចចិត្តរឿងបែកសង្សារទេដឹង? ឬរឿងអានសារខ្ញុំហើយរំភើបដល់កើតគ្រុន? ហ៊ើយ! យ៉ាងម៉េចក៏ស្រេចតែគេទៅ សំខាន់ថ្ងៃនេះខ្ញុំត្រូវទៅរៀន ព្រោះមេរៀនថ្ងៃនេះសំខាន់ៗណាស់។
    ទឹង!
    សំឡេងសារក៏ផ្តើមឮម្តងទៀត ខ្ញុំឆែកមើលក៏ឃើញថា ភូកានបានផ្ញើlocation ហាងកាហ្វេដែលយើងដើរជួបគ្នាដោយចៃដន្យនៅថ្ងៃមុន។ ខ្ញុំគក់ទ្រូងខ្លួនឯងឮសូរឌឹបៗ   ព្រោះមើលទៅដូចជាចង់ត្រដរខ្យល់យ៉ាងម៉េចមិនដឹង ឯដៃម្ខាងទៀតរវល់វាយអក្សរតបទៅកាន់គេវិញ ក្នុងន័យបដិសេធមិនទៅ ព្រោះជាប់រវល់រៀន។
    “អូខេ!”
    សូមទោសផង ដៃក្បត់ចិត្តហើយ!
.......
    ពេលនេះឯកសណ្ឋានសិស្ស ក៏ប្រែទៅជារ៉ូបពណ៌ផ្កាឈូកត្រឹមកំភួនជើង ឯកាតាបដែលធ្លាប់តែស្ពាយទៅរៀន     ក៏ត្រូវប្តូរមកកាន់ជាថង់ក្រណាត់ខ្ជូតៗ បែរមកមើលមុខខ្ញុំក៏ប្រែកាយទៅជាទេពធីតា ព្រោះបានmake up យោងសម្ផស្ស!
    នាងម៉ៃសូមគេចសាលាមួយថ្ងៃដើម្បីបង!
    “ពូៗ!ឈប់ត្រង់ហ្នឹងហើយ!”
    រវល់តែភ្លេចខ្លួន ពូ PassApp ជិះដឹកខ្ញុំស្ទើរតែហួសហាងកាហ្វេនោះបាត់ទៅហើយ គង់តែខ្ញុំឃើញទាន់ កុំអីចប់់ហើយ! ខ្ញុំចុះពីលើ PassApp រួចហុចលុយទៅឱ្យពូតៃកុន មុននឹងឈរបោសដីចេញពីខ្លួន រៀបរយខ្លួនឱ្យត្រឹមត្រូវ ទាញវ៉ែនតាតម្រង់ឱ្យត្រូវភ្នែក ទាញកញ្ចក់មកឆ្លុះមុខ ឃើញថាស្អាតហើយ ទើបដើរចូលក្នុង។
    រាងតាប៉ែ តែគ្រប់យ៉ាងម៉ៃធ្វើដើម្បីបង ហុហុ!
    គ្រាន់តែរុញទ្វារកញ្ចក់ដើរចូលខាងក្នុងភ្លាម  ស្រាប់តែភូកាន crush ខ្ញុំលើកដៃពីជ្រុងម្ខាងជាសញ្ញា  ព្រមទាំងបង្ហាញស្នាមញញឹមរំលេចស្នាមខួចក្រឡៅជាប់នឹងថ្ពាល់ខាងស្តាំ។
    អូយ! រលាយបេះដូង! >o<
    មិនបង្អង់យូរ  ខ្ញុំក៏ដើរសំដៅទៅរកតុរបស់គេ ហើយក៏ដាក់គូទអង្គុយទាំងអៀនប្រៀន។ ឯគេឯណោះក៏ចេះតែសម្លឹងមើលមុខខ្ញុំ  រួចក៏ឱនមុខសើច ធ្វើឱ្យខ្ញុំអង្គុយឡើងរឹងខ្លួនអស់។
    ហើយប្រុងហៅមកអង្គុយមើលមុខគ្នាលេងហ្អី?
    ដោយឃើញថាដូចជាឆ្គងផង ស្ងាត់ផង    ខ្ញុំក៏សុខចិត្តហាមាត់សួរមុន៖
    “បង...អូហ៍ ច្រឡំ! លោក...លោកហៅ...”
    “បើពិបាកហៅឈ្មោះខ្ញុំ ហៅបងសិនក៏បានដែរ!”
    អ្អា៎!! ចង់តែស្រែក! ប៉ិហ្នឹងប្រហែលជា crush ខ្ញុំដែរហើយ!>o<
    ឮបែបហ្នឹង ខ្ញុំអៀនឡើងក្រហមមុខអស់ តែក៏ប្រឹងសម្រួលអារម្មណ៍ខ្លួនឯងយ៉ាងវេទនា រួចក៏តបវិញបែបក្រែងចិត្ត។
    “ចុះបង...បងភូកាន នៅចាំខ្ញុំបានដែរហ្អី? ខ្ញុំគិតថាថ្ងៃមុខបងប្រហែលជាមិនបានឃើញខ្ញុំទេ!”
    មនុស្សគ្នាអៀនតិចៗដែរហ្នឹងណា...
    គាត់ញញឹម៖
    “រឿងដែលដើរជួបគ្នាក្នុងហាងកាលពីថ្ងៃមុនខ្ញុំមិនសូវជាចាំទេ  ប៉ុន្តែរឿង reply story ខ្ញុំយប់មិញហ្នឹងហើយ ដែលធ្វើឱ្យខ្ញុំចាំម៉ៃកាន់តែច្បាស់!”
    អូយព្រះអង្គអើយ mention ចំៗតែម្តងហ្អី? ខ្មាសគេស្លាប់ហើយ!
    ខ្ញុំអង្គុយខ្ញាំថង់ក្រណាត់ឡើងចង់ខ្ទេចទៅហើយ  ដ្បិតថាអាប៉ិហ្នឹងរកតែគន្លឹះណាដែលខ្ញុំស្ពឹកមុខទាល់តែបាន។  ខ្ញុំធ្វើជាសើចញឹមៗចាក់បណ្តោយថែមតែម្តងទៅ។
    “ហាហា! មិនបាច់យកចិត្តទុកដាក់ទេ មនុស្សខ្ញុំរួសរាយចូលចិត្តតែដើរតបគេប៉ុណ្ណឹងឯង!”
    “ខ្ញុំមិនសូវបានជួបនាងទេ  តែខ្ញុំមានអារម្មណ៍ថាចូលចិត្តចរិតរបស់នាង ចរិតពិតមិនចេះសម្តែង មិនដូចជាមនុស្សមួយចំនួនដែលចូលមកក្នុងជីវិតរបស់ខ្ញុំដើម្បីតែផលប្រយោជន៍!”
    សរសើរពេកហើយ     តែអ្វីដែលគេមិនដឹងនៅពេលនេះគឺខ្ញុំក៏កំពុងសម្តែងជារៀបឫករៀបពាដែរហ្នឹង!
    និយាយដល់នេះភ្លាម ភូកានក៏ញញឹមបែបចំអកឱ្យខ្លួនឯង។ ខ្ញុំមិនដឹងថាគេបានជួបរឿងអ្វី ឬមានរឿងជាមួយអ្នកណាទេ ខ្ញុំគ្រាន់តែអាចសង្កេតដឹងថា ប្រហែលមានរឿងជាមួយមនុស្សជិតដិតណាម្នាក់ហើយ។ ឃើញ crush របស់ខ្ញុំខូចចិត្ត ខ្ញុំក៏មានអារម្មណ៍ថាខូចចិត្តដូចគ្នា ទើបខ្ញុំរហ័សនិយាយលើកទឹកចិត្តរបស់គេ  ហើយលែងមានគំនិតចង់សួរដេញដោលរឿងគេចង់ឱ្យខ្ញុំមកកំដរទៀត។
    “ខ្ញុំយល់អារម្មណ៍របស់បង  ប៉ុន្តែយ៉ាងណាបងភូកានក៏ត្រូវតែនៅរឹងមាំ ព្រោះមានមនុស្សនៅចាំមើលបងជោគជ័យច្រើនណាស់!”
    “មានដែរ!” ភូកានលើកចិញ្ចើមសួរខ្ញុំ។
    “ក៏មានខ្ញុំហ្នឹងហើយ! បើបងអារម្មណ៍មិនល្អពេលណា អាចហៅខ្ញុំទៅកំដរបាន សម្រាប់បង ខ្ញុំទំនេរ២៤ម៉ោង!”
    “ប៉ិនណាស់!”
    គេនិយាយបណ្តើរញញឹមចេញថ្ពាល់ខួចបណ្តើរ  ធ្វើឱ្យខ្ញុំសែនធ្លាក់ជ្រៅទៅក្នុងអន្លង់ស្នេហ៍របស់គេ។   សង្ស័យតែមានសូត្រមន្តសារិកាលិនថោងតាមខ្លួនទេដឹង?
    ពួកយើងជជែកគ្នាពីនេះពីនោះ ផឹកកាហ្វេដូងត្រជាក់ៗ តែបេះដូងខ្ញុំដូចជាកក់ក្តៅមិនដូចផឹករាល់ដងសោះ (ព្រោះបានអង្គុយជិត crush នោះអី ហុហុ!) គាត់ចេះតែរៀបរាប់ជាហូរហែពីជីវិតផ្ទាល់ខ្លួន ព្រមទាំងជីវិតស្នេហារបស់គាត់ផង (ត្រង់កន្លែងនេះរាងឈឺឆៀបៗដែរ តែសំណាងហើយដែលគាត់បញ្ជាក់ថា គាត់បែកគ្នាហើយ) ឯខ្ញុំក៏មានរឿងសួរគាត់ជារឿយៗ គិតទៅគួរឱ្យសប្បាយម្យ៉ាងដែរ ប៉ុន្តែកំពុងតែជក់ស្តាប់សំឡេងរបស់ crush  ស្រាប់តែ...
    ទឺង...ទឺង...
    ទូរសព្ទរបស់ខ្ញុំក៏រោទ៍ឡើងក្នុងថង់ក្រណាត់    ធ្វើឱ្យដាច់អារម្មណ៍ខ្ញុំអស់។ ភូកានអាក់សម្តីរបស់ខ្លួន រួចសម្លឹងមើលខ្ញុំ។
    “ម៉ៃលើកទូរសព្ទសិនក៏បានណា!”
    ខ្ញុំមើលមុខគេរបៀបជាក្រែងចិត្ត    ព្រោះមិនចង់ឱ្យអស់អារម្មណ៍ទាំងពីរនាក់ ទើបខ្ញុំសម្រេចចិត្តចុចបិទទូរសព្ទជាប្រញាប់ទាំងសើចញឹមៗតបវិញ។
    “អត់អីទេ ដាណេប្រហែលជាតេមករំខានត្រចៀកទៀតហើយ!”
    ទឺត...ទឺត...
    និយាយមិនទាំងទាន់ចប់ពីមាត់ស្រួលបួលផង  ទូរសព្ទខ្ញុំក៏រោទ៍ឡើងទៀត។ ម្តងនេះ    ខ្ញុំក៏លូកយកទូរសព្ទមកមើលឃើញថាជាលេខរបស់ដាណេមែន។ ខ្ញុំមិនមែនគ្រូទាយទេ តែខ្ញុំដឹងថាដាណេប្រហែលជាតេមកជេរខ្ញុំរឿងដែលគេចសាលាហ្នឹងហើយ។ ឃើញហើយ ខ្ញុំក៏ចុចមិនទទួល ហើយថែមទាំងចុចបិទទូរសព្ទតែម្តង    ដើម្បីកុំឱ្យដាណេចេះតែមករំខានសេចក្តីសុខរបស់ខ្ញុំទៀត។
    “ហេតុអីមិនលើកទូរសព្ទ? ខ្លាចរំខានខ្ញុំហ្អី?”
    សួរដូចដឹងចិត្តអ៊ីចឹងលោកអើយ...
    “អត់ទេ! ខ្ញុំប្រាប់បងហើយថាដាណេមិត្តខ្ញុំតេមករំខានខ្ញុំស្ទើរតែរាល់ថ្ងៃហើយ ដូច្នេះកុំលើកអីល្អជាង!”
    ភូកានមិននិយាយ បានត្រឹមតែងក់ក្បាលតិចៗបែបយល់។   ឃើញឱកាសល្អបែបនេះ ខ្ញុំក៏រកសារភាពរឿងក្នុងចិត្ត ប៉ុន្តែ...
    ទឺត...ទឺត...
    ម្តងនេះខ្ញុំស្ទើរតែបោកទូរសព្ទខ្លួនឯងចោលព្រោះក្នាញ់ពេក  ប៉ុន្តែខ្ញុំបែរជាភ្ញាក់ព្រើតពេលដែលដឹងថាទូរសព្ទខ្ញុំមិនបានរោទ៍  តែបែរជាទូរសព្ទរបស់ភូកានជាអ្នករោទ៍វិញម្តង។ គ្រាន់តែរោទ៍ឡើងភ្លាម ភូកានក៏រហ័សលើកទូរសព្ទភ្លែត​ ដូចជាខ្លាចខ្ញុំឃើញអ្វីម្យ៉ាង ប៉ុន្តែយ៉ាងណាភ្នែកខ្ញុំវៃ អាចមើលឃើញទាន់ ហើយវាក៏ជាអ្វីដែលធ្វើឱ្យស្នាមញញឹមរបស់ខ្ញុំបាត់ទៅមួយរំពេច។
    “ខ្ញុំសុំលើកទូរសព្ទមួយភ្លែត!”
    ខ្ញុំមិនបន្លឺសំឡេង  គ្រាន់តែងក់ក្បាលផ្ងក់ៗស្របតាមសំណើរបស់គេ។ បានបែបនេះ ភូកានកាន់ទូរសព្ទដើរទៅនិយាយនៅខាងក្រៅហាង។ តាមរយៈទ្វារកញ្ចក់ ខ្ញុំអាចមើលឃើញស្នាមញញឹមរបស់គេ ដែលហាក់មានសេចក្តីសុខណាស់  ចំណែកខ្ញុំបានត្រឹមញញឹមអំណរព្រោះឃើញគេសប្បាយចិត្ត។ ប្រហែលជាប្រាំនាទីក្រោយ ភូកានក៏ដើរចូលមកខាងក្នុងហាងវិញដោយអាការៈប្រញាប់ប្រញាល់យ៉ាងចម្លែក។
    “យ៉ាងម៉េចហើយ មានរឿងអីមែនទេបងភូកាន?” ខ្ញុំសួរបែបចង់ដឹងបន្ថែម។
    “ម៉ាក់ខ្ញុំ call មកប្រាប់ថាឱ្យទៅទទួលអ៊ំប្រុស ដែលទើបនឹងមកពីអាមេរិក! អ៊ឹម...ខ្ញុំប្រហែលជាមិនបាននៅនិយាយបន្តទេ...” គេនិយាយបែបស្ទាបស្ទង់​ ហាក់ក្រែងចិត្តខ្ញុំ។
    “អូហ៍! អត់អីទេ! ចាំលើកក្រោយក៏បានដែរ បងភូកានទៅចុះ!”
    “ខ្ញុំអរគុណម៉ៃច្រើនហើយដែលបានកំដរ!  អាហារមួយពេលនេះខ្ញុំជាអ្នកចេញ ទុកជាការអរគុណ! បើមានឱកាសយើងជួបគ្នាទៀត!”
    បញ្ចប់ប្រយោគរបស់ខ្លួនហើយ  ភូកានក៏ញញឹមយ៉ាងស្រស់ជាលើកចុងក្រោយ មុននឹងដើរចេញពីហាងកាហ្វេនេះទៅ។ ខ្ញុំទម្លាក់ខ្លួនចុះលើកៅអីទាំងទឹកមុខមិនប្រក្រតី។
    “ប្រហែលជាគ្មានលើកក្រោយទៀតទេ! ហ៊ឹម...”
    ខ្ញុំដកដង្ហើមធំ ទាំងអារម្មណ៍ប្រែជាល្ហល្ហេវ។ តាមពិតគេកុហកខ្ញុំគ្រប់យ៉ាង។ លេខទូរសព្ទនៅលើអេក្រង់ទូរសព្ទរបស់គេខ្ញុំបានឃើញយ៉ាងច្បាស់ថាជាសង្សាររបស់គេ ព្រោះថាគេ save ឈ្មោះថា “អូនសម្លាញ់”។ ពេលនេះប្រហែលជាគេត្រូវគ្នាវិញហើយ ដូច្នេះបានន័យថាចុងក្រោយ...
    ខ្ញុំជាតួកំដរគេ sad មួយពេលប៉ុណ្ណោះ!
   
    នេះហើយជាមូលហេតុ ដែលខ្ញុំហៅខ្លួនឯងថាជានារីអភ័ព្វស្នេហ៍ ព្រោះមនុស្សដែលខ្ញុំដាក់ចិត្តស្រឡាញ់សុទ្ធតែជារបស់អ្នកផ្សេង  ខណៈដែលខ្ញុំបានត្រឹមតែដើរតួកំដរ ហើយបន្ទាប់ពីនោះគេក៏ទុកខ្ញុំចោល។ អ្នកខ្លះក៏ធ្វើជាស្រឡាញ់ ទាំងដែលការពិតបំណងបោកយើងទាំងរស់។
    ហ៊ើយ...វ័យកំពុងតែពេញសប្បាយបែរជាត្រូវប្រុសបោកឯណាឆ្កុយ!
......
    ថ្ងៃនេះមេឃបើកស្រឡះល្អ  មិនខុសអ្វីពីចិត្តរបស់ខ្ញុំដែលបើកចំហធ្លុងស្ទើរតែគ្រប់ពេល ព្រោះថាខ្ញុំជាមនុស្សដែលចូលចិត្តរាប់អាន គឺប្រកាន់ពាក្យមួយដែលថាចងមិត្តប្រសើរជាចងសត្រូវ។  ដោយសារតែពាក្យហ្នឹងហើយ ទើបខ្ញុំចេះតែបើកបេះដូង ឃើញអ្នកណាក៏ស្អាត ឃើញអ្នកណាក៏ស្រឡាញ់ ដល់យូរៗទៅ...
    គេបោកម្តងម្នាក់ៗ! មិនដឹងគួរយំ ឬគួរសើចទេ!
    បើយកបេះដូងឱ្យគ្រូពេទ្យពិនិត្យ មិនដឹងជាប៉ុន្មានរយបំណះទេ បើតែយ៉ាងហ្នឹង! តែណ្ហើយ...កើតជាមនុស្សបើមិនបានភ្លក់គ្រប់រសជាតិដូចវាមិនសម!
    រវល់តែគិតមមីមមើបែកអូរហូរស្ទឹង  អារម្មណ៍ហោះចេញទៅក្រៅបង្អួច ស្រាប់តែមានបាតដៃរន្ទះនរណាម្នាក់ មកទូងនឹងខ្នងរបស់ខ្ញុំឮដូចលោកទូងស្គរ។
    “ចុម! កន្តុំឆែប!”
    បាតដៃរន្ទះព្រះយូឡាយអម្បាញ់មិញ  ចាប់ទាញយកព្រលឹងដែលហោះហើរពេញអាកាសឱ្យមកចូលខ្លួនលឿនដូចផ្លេកបន្ទោរ  រហូតធ្វើឱ្យខ្ញុំភ្ញាក់មួយវ៉ាសផ្អើលអស់សិស្សពេញមួយថ្នាក់។    ពួកគេបង្វែរក្រសែភ្នែកពីក្តារខៀនតម្រង់មករកខ្ញុំជាចំណុចតែមួយ។
    ធ្វើមើលតែមនុស្សមិនដែលស្គាល់គ្នាលោកអើយ!
    ចំណែកឯអ្នកគ្រូខ្មែរឈ្មោះ  ចន្ធូ ដែលកំពុងតែសរសេរអក្សរលើក្តារខៀនទាក់ទងនឹងរឿងរាមកេរ្តិ៍ក៏បង្អាក់សកម្មភាពរបស់គាត់  រួចបែរមករកខ្ញុំយឺតៗ។ ចិញ្ចើមរបស់គាត់ចាប់ជ្រួញចូលគ្នាដូចមានទំនាញ ហើយក៏ទាញវ៉ែនតាម្ញ៉ូបរបស់គាត់ទម្លាក់មកត្រឹមពាក់កណ្តាលច្រមុះ  ដើម្បីសម្លឹងមកមើលខ្ញុំទាំងមុខមាំ។
    និយាយមែន ខ្លាចជាងគេគឺពេលគាត់សម្លឹងបែបហ្នឹង! កាលចូលរៀនថ្ងៃដំបូង គ្រាន់តែគាត់សម្លឹងបែបហ្នឹង ហើយសម្លុតមួយម៉ាត់ ខ្ញុំឯណេះគ្រុនបីថ្ងៃ! ខ្លាចហើយបារមីគ្រូខ្មែរ!
    រវល់តែភ័យ ខ្ញុំភ្លេចអស់អារម្មណ៍ឈឺខ្នង ទើបដឹងខ្លួនយកដៃទៅអង្អែលថ្នមៗលើខ្នង ដែលក្តៅផង ក្រហាយផង។ អ្នកគ្រូសម្លឹងមើលខ្ញុំមួយសន្ទុះ រួចក៏ក្រឡេកទៅមើលស្តាំដៃខ្ញុំ ដោយរក្សាទាំងមុខដដែលមិនមាត់សូម្បីមួយម៉ាត់។ ឃើញអ្នកគ្រូសម្លឹងទៅទិសដៅនោះ វាហាក់ធ្វើឱ្យខ្ញុំយល់កាន់តែច្បាស់ថា អ្នកដែលគាត់សម្លឹងនោះ ប្រាកដជាអ្នកដែលវាយខ្ញុំមួយដៃនោះហើយ។ ដោយសារតែភាពចង់ដឹង លាយឡំនឹងកំហឹងផង ខ្ញុំក៏ងាកខ្វាច់ទៅស្តាំ ហើយនាងម្នាក់នោះស្រាប់តែសើចស្ញេញដាក់ខ្ញុំចេញធ្មេញមួយក្រាស់ មិចភ្នែកដាក់ខ្ញុំឡើងញាប់ស្អេក ដូចត្រូវសរសៃទាញ។ ម្ចាស់បាតដៃដែលយកខ្នងខ្ញុំធ្វើដូចជាថ្មហ្នឹង គ្មានអ្នកណាក្រៅពីដាណេ មិត្តចម្កួតរបស់ខ្ញុំទេ! តែគិតៗទៅ បើនាងឆ្កួត ចុះខ្ញុំមិនឆ្កួតទៅតាមនាងទៅហើយទេហ្អី?
    មិនទាន់ទាំងបានហាមាត់ជេរដាណេពីរបីម៉ាត់ផង  ស្រាប់តែសំឡេងកាចៗរបស់អ្នកណាចន្ធូ បន្លឺកាត់មុន ធ្វើឱ្យសិស្សទាំងអស់ រួមទាំងខ្ញុំ និងដាណេត្រូវតែងាកទៅរកគាត់ជាដាច់ខាត។
    “ម៉ោងហ្នឹងពួកឯងដឹងថាម៉ោងអីអត់?”
    គ្រាន់តែអ្នកគ្រូសួរភ្លាម នាងដាណេមិត្តខ្ញុំ ស្រាប់តែកេះដៃខ្ញុំជាសញ្ញាឱ្យខ្ញុំឆ្លើយ។ ដោយសារមិនចង់ឱ្យអ្នកគ្រូកាន់តែខឹង ទើបខ្ញុំជម្នះភាពភ័យខ្លាចឆ្លើយជំនួសទាំងខ្ញុំឱនមុខចុះ  ទាំងដែលខ្ញុំដូចជាមិនបានខុសបន្តិចសោះ។
    “ចាស៎! អ្នកគ្រូ ដឹង! ម៉ោងហ្នឹងយើងរៀនអក្សរសាស្រ្តខ្មែរ!”
    “ចុះឯងពីរនាក់គិតថាម៉ោងហ្នឹងលេងហ្អី បានជាមិនរៀនមិនសូត្រ?”
    ឮហើយ ខ្ញុំនេះស្ទើរតឹងទ្រូង អួលពេញឱរ៉ា ព្រោះមិនចង់ឱ្យអ្នកគ្រូសួរនាំអ្វីច្រើនទេ  ព្រោះខ្លាចថាចម្លើយដែលឆ្លើយទៅខុសពីការចង់បានរបស់គាត់ ដូច្នេះវាធ្វើឱ្យទោសកាន់តែធ្ងន់។ ប៉ុន្តែខ្ញុំក៏ដូចជាមិនត្រូវបារម្ភអីដែរ ព្រោះថាដាណេជាអ្នកលេងហ្នឹង!
    “តែអ្នកគ្រូ! ខ្ញុំអង្គុយស្ងៀមៗតើ តែដាណេមកវាយខ្នងខ្ញុំ! អ៊ីចឹងខ្ញុំខុសដែរ?”
    ដោយមិនចង់មានទោស ឬត្រូវអ្នកគ្រូកាត់ពិន្ទុ ទើបខ្ញុំប្រមូលសេចក្តីក្លាហាន ងើបឈរឆ្លើយនឹងអ្នកគ្រូទាំងមានជំនឿចិត្តថាអ្នកគ្រូនឹងយល់។  ប៉ុន្តែភ្លាមនោះ ស្រាប់តែដាណេ ងើបឈរភ្លែត ហើយឆ្លើយបន្ត៖
    “អ្នកគ្រូ! ម៉ៃក៏ខុសដែរ ព្រោះខ្ញុំឃើញនាងអង្គុយសម្លឹងបង្អួចមិនគិតកត់មេរៀនទេ ទើបខ្ញុំបំណងល្អចង់់ដាស់ តែក៏ជ្រុលដៃបន្តិច...”
    បន្តិច? បន្តិចយ៉ាងម៉េច? ព្រះអើយ មួយដៃចង់ធ្លាក់ថ្លើម!
    ខ្ញុំរកតែហាមាត់ និយាយបន្ត តែអ្នកគ្រូក៏លាដៃមកបង្អាក់សកម្មភាពហាមាត់ចំហធ្លុងរបស់ខ្ញុំ ដែលជាហេតុធ្វើឱ្យខ្ញុំត្រូវប្រញាប់បិទមាត់ ហើយលេបសម្តីចូលទៅក្នុងពោះវិញជាប្រញាប់។
    “ឯងពីរនាក់ចេញមកណេះ!”
    កាលបើអ្នកគ្រូហៅដូច្នេះហើយ ខ្ញុំ និងដាណេនាំគ្នាងាកទៅមើលមុខគ្នាភ្លឹះៗ ទើបដាច់ចិត្តដើរចេញពីតុទាំងស្ទាក់ស្ទើរ។ មកដល់ខាងមុខហើយ អ្នកគ្រូក៏បន្តសម្តីរបស់គាត់៖
    “ចេញទៅឈរជើងមួយក្រៅថ្នាក់ពីរម៉ោង!”
    ពិតជារង្វាន់មិនខុសមែន រង្វាន់ធ្វើឱ្យភ្នែកខ្ញុំបើកស្ទើរលៀនចេញមកក្រៅ។
    “តែអ្នកគ្រូ ខ្ញុំអត់ខុសផង!”
    អ្នកគ្រូចន្ធូសង្កត់ខ្សែភ្នែកដាក់ខ្ញុំ មុននឹងនិយាយ៖
    “មិនយកចិត្តទុកដាក់រៀន ស្មើនឹងមិនបានរៀន! ឬក៏ឯងចង់ឱ្យអ្នកគ្រូដក១០ពិន្ទុពេលប្រឡង?”
    អ្នកគ្រូលើកចិញ្ចើមខ្ពស់ៗដាក់ខ្ញុំជាការបញ្ជាក់  ធ្វើឱ្យខ្ញុំមិនអាចបដិសេធបាន មានតែទៅឈរហ្នឹងហើយ ដែលជាជម្រើសល្អបំផុត! បើកាត់១០ពិន្ទុពេលប្រឡង ឱ្យខ្ញុំបានពិន្ទុឯណាទៅយោង បើខ្ញុំប្រឡងរាល់ខែត្រឹមតែមួយជាប់ៗ មានតែខ្មែរហ្នឹងហើយ ដែលបានពិន្ទុលើសគេតែរហូត។
    ខ្ញុំ និងដាណេ ដើរក្តោបដៃឱនមុខសំដៅទៅខាងមុខថ្នាក់ ដូចចោរដែលគេចាប់វាយបាន៣ដំបង។  រៀបចំឥរិយាបថឈរជើងមួយបានរួចរាល់ហើយ ខ្ញុំក៏ងាកទៅនិយាយខ្សឹបៗបន្ទោសនាងស្រីជើងល្អ ដែលនាំសំណាងអាក្រក់ឱ្យខ្ញុំទាំងព្រឹក។
    “បើមិនដោយសារតែឯង  ក៏យើងមិនត្រូវមកឈរជើងមួយដូចចាបបាក់ជើងដែរ!”
    ដាណេសើចលឹបភ្នែក រួចងាកមកលៀនអណ្តាតដាក់ខ្ញុំ បែបឌឺបន្ថែម ឃើញហើយគួរឱ្យចង់ធាក់។
    “ដាក់មួយដៃកុំឱ្យឯងរវើរវាយពេកហ្នឹងហើយ! តែមានអី ឈរអ៊ីចឹងសប្បាយម្យ៉ាងដែរតើ! ក្រែងលោបានឃើញមុខក្រាស់កាន់តែច្បាស់ ព្រោះតាមធម្មតាក្រាស់ឯងចូលចិត្តដើរកាត់ថ្នាក់យើង!”
    “នាងឆ្កួត! ឱ្យគេឃើញធ្វើអី នាំតែបាក់មុខទទេ!”
    ខ្ញុំគ្រវីក្បាលតតាត់ដូចត្រូវស្រាំងទិច  ព្រោះនាងដាណេហ្នឹងរកតែក្រឡាខ្មាសគេទាល់តែបាន។ តែថា crush ដែលដាណេលើកឡើងមុននេះ ខ្ញុំមិនដឹងថាជាអ្នកណាទេ ព្រោះជាធម្មតាខ្ញុំដើរ crush គេតែពាសហ្នឹង បើគិតជាអតិបរមា ប្រហែលខ្ញុំ crush មនុស្ស៥នាក់ដោយប្រើពេលតែមួយថ្ងៃ ហុហុ!
    “នែ៎ម៉ៃ!” ស្ងាត់ៗដាណេក៏សួរតិចៗ។
    “ហ៊ឹម?”
    “គ្នាឃើញឯងសារភាពទៅ crush ឯងប៉ុន្មាននាក់ហើយ តែត្រូវគេបដិសេធរហូត!”
    “យ៉ាងម៉េច សួរចង់ឌឺ ឬបញ្ឈឺឱ្យខូចចិត្តថែម!” ឮសំណួរហើយចង់តែចាប់គ្រញិចទេ ប៉ុន្តែវាជាការពិត ដែលសារភាពទាំង១០០ គេបដិសេធទាំង១០០នាក់។
    មិនចង់អួតទេ!
    “អត់ទេ! គ្នាចង់និយាយថា ប្រហែលជាតិចនិចនៃការញ៉ែរបស់ឯងនៅខ្សោយពេកទេដឹង?”
    ស្តាប់ទៅគួរឱ្យអស់សំណើច តែមានអី ប្រហែលដូចដែលដាណេនិយាយនោះហើយ។ ខ្ញុំមិនមាត់ ទុកឱកាសឱ្យនាងនិយាយបន្ត។
    “នែ៎! គ្នាទើបតែរកឃើញតិចនិចញ៉ែថ្មី ដែលគេបង្រៀនតាម tiktok ហើយទទួលបានប្រសិទ្ធភាពមែន!  បើសិនជាឯងយកទៅអនុវត្តប្រហែលជាបាន crush ធ្វើសង្សារទុកកាន់ដៃមើលកាំជ្រួច...”
    និយាយដល់ត្រឹមនេះ ដាណេបង្អូសសំឡេងរបស់ខ្លួន ហើយធ្វើជាដៀងមើលមកខ្ញុំ។ ឯខ្ញុំវិញ គ្រាន់តែឮតិចនិចថ្មីដូចជាមានចំណាប់អារម្មណ៍ភ្លែត ទើបខ្ញុំរហ័សសួរ ហើយចាំផ្ទៀងត្រចៀកស្តាប់វិញម្តង។
    “និយាយមក គ្នាចង់ស្តាប់!”
    “ផ្ទៀងត្រជាក់ស្តាប់ឱ្យទាន់ ព្រោះព័ត៌មានផ្សាយបានតែម្តងៗទេ បើផ្សាយច្រើនដងលែងល្អមើលហើយ!”
    យាយប៉ិហ្នឹងតាប៉ែណាស់!
    “ថាឱ្យនិយាយម៉ោ!” (ត្រង់នេះ អ្នកនិពន្ធសូមប្រើគ្រាមភាសាបន្តិចហើយ)
    ដាណេមនុស្សកំពូលបូរបាច់ គ្រហែមពីរបីដង មុននឹងបើកទំព័រប្រធានបទរបស់ខ្លួន៖
    “នៅពេលដែល crush របស់ឯងផុសរូប ជំហានដំបូងឯងត្រូវចូលទៅ comment ថា “ស្អាតណាស់បងប្រុសរបស់អូន!” ហើយឯងត្រូវបន្តធ្វើបែបនេះលើគ្រប់ផុសរបស់ crush ឯង បើក្នុងករណីដែលគេមិនតប ជំហានបន្ទាប់ឯងត្រូវ chat ទៅ privateវិញម្តង​ ហើយសរសេរថា “ស្អាតណាស់បងប្រុសរបស់អូន តើវេលាថ្មើរនេះបងប្រុសញ៉ាំបាយហើយឬនៅ?” គ្រាន់តែឃើញប៉ុណ្ណេះ crush ឯងដឹងតែបាក់ស្រឹបងើបមុខលែងរួចហើយ!”
    ដាណេនិយាយហើយញញឹមលាក់កំណួច បែរមកមើលខ្ញុំឯណេះ កំពុងធ្វើមុខដូចលេបខ្វិតទាំងមូល។ ក្រោយពីស្តាប់ការពន្យល់បកស្រាយពីតិចនិចយ៉ាងស្ទាត់ជំនាញនៃការញ៉ែ crush របស់ដាណេហើយ  ខ្ញុំមានអារម្មណ៍ដូចយ៉ាងម៉េចមិនដឹង ព្រោះតិចនិចហ្នឹងវាប្លែកពេក ប្លែករហូតរកលេខដាក់គ្មាន។
    ប៉ុន្តែសូមបញ្ជាក់បន្តិចថា អ្នកដែលផ្តល់ទាំងទ្រឹស្តីស្នេហា និងតិចនិចញ៉ែ crush ទាំងដុលហ្នឹង មិនទាន់រកសង្សារឃើញនៅឡើយទេ! ប្រហែលជាគូព្រេងមិនទាន់ចាប់បដិសន្ធិ ឬស្លាប់បាត់ហើយក៏មិនដឹង ហុហុ!
    ខ្ញុំងាកមើលមុខដាណេបែបមិនជឿបន្តិច ជឿបន្តិច រួចក៏ដាច់ចិត្តលើកចិញ្ចើមសួរ៖
    “វិធីហ្នឹងប្រើការបានដែរហ្អី?”
    ឮភ្លាម ដាណេរលាស់សក់ភ្លែត រួចយកដៃគក់ទ្រូងខ្លួនឯងតិចៗ(ព្រោះខ្លាចគ្រូឮ ម្យ៉ាងខ្លាចឈឺផង ហាហា!)។
    “ឯងទៅភ័យអីម្ល៉េះ រឿងអីដែលនាងណេខ្ញុំត្រួសត្រាយផ្លូវឱ្យហើយ ធានាថាបានសម្រេចស័ក្តិសិទ្ធិដូចបានស្រោចទឹកប្រាំពីរវត្ត!”
    “ទ្រង់ស័ក្តិសិទ្ធិជាងគ្រូចូលរូបទៀតហ្ន៎? ចុះម៉េចក៏លើកមុនៗ ឯងប្រាប់យើងដែរ សុទ្ធតែត្រូវគេបដិសេធ? យើងចាំថាមានលើកនោះទៅញ៉ែប៉ះសង្សារគេ សង្សារគេដឹងជេរឡើងគ្នាកើតគ្រុន តបសូមទោសគេវិញឡើងញ័រមាត់! មើល៍! ជួយបងស្រាយតិចមើល៍ អាហ្នឹងវាយ៉ាងម៉េចវិញ?”
    ដាណេស្តាប់សម្តីរបស់ខ្ញុំហើយ ធ្វើមុខដូចជុះមិនចេញ ហើយក៏ប្រែទឹកមុខជាសើចញឹមៗ៖
    “មកពីកាលហ្នឹងបារមីមិនទាន់ចូល ប៉ុន្តែឥឡូវបារមីចូលស៊ប់ នាងណេធានាស័ក្តិសិទ្ធិមួយរយភាគរយ! ឥឡូវសួរថាសាកឬអត់?”
    ខ្ញុំដូចជារារែកចិត្តដល់ហើយ  ខ្លាចមិនស័ក្តិសិទ្ធិដូចដែលដាណេនិយាយហើយ ត្រូវគេជេរដូចលើកមុនទៀត។
    “អ៊ើ...សាកក៏សាក! ចុះបើប្រើការមិនបាន?”
    “ថាកុំភ័យ ចាំគ្នាជួយ! គាំងត្រង់ណា chat មកសួរមក​ ចាំគ្នាជួយរកទំនុកក្នុងការនិយាយកុំឱ្យគេជេរ!”
    ឮបែបនេះហើយ ខ្ញុំមានអារម្មណ៍ថាធូរចិត្តបន្តិច ហើយក៏អរព្រោះឮថាតិចនិចថ្មីមានប្រសិទ្ធភាព។
    តែប៉ុណ្ណេះ crush ងើបមុខលែងរួចហើយ ហ៊ឹះៗ!
.......

បេសកកម្មតាមញ៉ែ crush Where stories live. Discover now