ពេលយប់ចូលមកដល់ ជីមីនដេកលើគ្រែបម្រាស់ទៅមកមិនឈប់ ប្រឹងបិទភ្នែកយ៉ាងណាក៏មិនលក់ ភ្នែកស្រឡះធេងដូចបានផឹកកាហ្វេដប់កែវ ខួក្បាលនៅតែគិតវល់ៗជាមួយរឿងដែលហារីផ្គាប់ឲ្យធ្វើកាលពីថ្ងៃមិញនេះ។
<<គ្រាន់តែចង់មានស្នេហា ម៉េចក៏យល់ថាពិបាកយ៉ាងនេះ>>
ជីមីនរអ៊ូរទាំ ភ្នែកដៀងមើលនាឡិកាបន្ដិច ឃើញថាចូលកណ្ដាលអធ្រាត្រទៅហើយ ក៏ដកដង្ហើមធំមួយហឿក ស្រវ៉ាយកខ្នើយមកខ្ទប់មុខខ្លួនឯង ខ្លួនរុំវិញភួយពេញនោះ។
<<កុំគិត...កុំពីគេឲ្យសោះ>>
ផ្សែងឡានហុយត្រឡោមរត់កាត់មុខផ្ទះ ទម្លាក់មនុស្សម្នាក់ចុះហើយ ក៏បំផ្លាយដីបត់ត្រឡប់ក្រោយវិញ ។ ជីមីនឈរអោបដៃមុខរបរផ្ទះ ភ្នែកសម្លឹងមើលកណ្ដឹងចុច ដៃច្រត់ចង្កា ខួក្បាលគិតថា គួរចូលទៅក្បែរគេ ដើម្បីដាក់ការពិសោធន៍ឬអត់ ប៉ុន្តែបេះដូងបែរជាប្រឆាំង។ គិតយ៉ាងណាគំនិតក៏នៅប្រទាក់ក្រឡាគ្នាដូចដើម។
<<ណ្ហើយចុះ...សាកក៏សាក>>
គិតច្បាស់រួច ក៏ដកដង្ហើមមួយហឿកយ៉ាងធំ ចូលក្នុងសួត មុននឹងសម្រេចចិត្តចុចកណ្ដឹងផ្ទះ3ដង។ ឈរចាំយូមួយសន្ទុះ ដូចមិនឃើញស្រមោលម្ចាស់ផ្ទះមកបើកឲ្យសោះ ក៏ប្រែជារុញរា ចង់បកក្រោយវិញ ត្បិតថា នៅចងចាំពាក្យគេពីម្សិលមិញ ដែលថាហាមមិនឲ្យមកទីនេះទៀត។ ប៉ុន្តែគំនិតមួយទៀត ស្រាប់តែចូលមកប្រឆាំង នឹកឃើញដល់ពាក្យហារី ដែលឲ្យទ្រាំធ្វើខ្លួនជាមនុស្សមុខក្រាស់មួយរយះសិន ដើម្បីយកចម្លើយការពិត។
<<បើជ្រុលលូកទៅហើយ លូកឲ្យដល់ខ្លៀកតែម្ដងទៅ ឲ្យបានដឹងគ្នាម្ដង>>
ជីមីនខាំមាត់ បញ្ចេញសម្លេងខ្សឹបៗចេញមកក្រៅ។ ភ្នែកមើលទៅទ្វារបង រួចដើរទៅជិត សាកទាញវាលោមើល ឃើញថាមិនបានជាប់សោ ស្រាប់អរភើតឡើងមកភ្លាម រហ័សចូលទៅខាងក្នុង រួចបិទទ្វាឲ្យជិតវិញ បន្ទាប់មកបែរខ្នង បោះជំហានចូលទៅខាងក្នុងផ្ទះ។ ប៉ុន្តែពេលចូលមកដល់ ហាក់ស្ងប់ស្ងាត់យ៉ាងចម្លែក ក្រលេករកមើលមនុស្ស ក៏មិនឃើញ ដូចគ្មានមនុស្សនៅសោះ។
ក្ដុក!!
ប្រាវ!!
សម្លេងធ្លាក់ជ្រុះរបស់ខាងជាន់លើ បន្លឺឡើង ជាហេតុជីមីនងាកសម្លឹងមើល មិនអែអង់យូ រហ័សរត់ឡើងភ្លាម ដោយបេះដូងយោលដុបដាប់ៗ ព្រោះខ្លាចលោកយក្សចូលមន្ទីពេទ្យម្ដងទៀត។
ផាំង!!
ជីមីនសម្រុកបើកទ្វាមួយទំហឹង សឹងតែរង្គោះបាក់ខ្ទេច តែពេលមិនបានឃើញមនុស្ស ក៏មិនបានខ្វល់ច្រើន រហ័សសម្ដៅទៅរកបន្ទប់មួយទៀត ដែលនៅស្លាបខាងស្ដាំដៃ មានរូបគំនូរមួយ តាំងនៅជំហៀងក្បែរនោះ។
ហឹប!!
ផាំង!!
រូបភាពនៅចំពោះមុខ ធ្វើឲ្យជីមីនគាំងស្ដូក កម្រើកខ្លួនមិនចង់កើត បេះដូងដូចជាឈប់ដំណើរការ ទាំងមនុស្សកំពុងដកដង្ហើមម៉េចក៏មិនដឹង។
<<សុំ...សុំទោស ខ្ញុំមិនដឹងថាលោកទើបងើបទឹករួច ទ...ទើប>>
ជីមីនងាកខ្លួនបែរខ្នង ចេញវឹង គ្រលាស់អណ្ដាតមិនចេញ មុខក្ដៅភាយៗស្ទើរតែផ្ទុះទ្រាំមិនបានទៅហើយ។ ចំណែកស៊ូហ្គាម្នីម្នា ស្រវ៉ាចាប់យកកន្សែងដែលបានធ្លាក់របូតពីចង្កេះមករុំវិញយ៉ាងណែន រួចដើរដំណើរអ្នកឈឺ ដាក់ខ្លួនអង្គុយលើគ្រែ ភ្នែកមិនទាំងដៀងមើលជីមីនសូម្បីតែបន្ដិច។
រងចាំមួយសន្ទុះស្ងាត់មាត់មនុស្សឈឹង ជីមីនក៏លួចងាកខ្លួនយឺតៗ បើកភ្នែកម្ខាងមើល ឃើញថាគេស្លៀកកន្សែងរួចហើយ ក៏បានធូរទ្រូង។ តែថាមិញ រាងកាយគេអេមណាស់ សុខតែសាច់ដុំ ត្រង់ពោះមានសាច់ច្រើនកង់ គ្រាន់តែមើលក៏ដឹងថា រឹងនិងហាប់ណែនប៉ុណ្ណា ជាពិសេសនៅដើមដៃ លោកអើយ ធំៗណាស់ បើសិនគេវាយតែមួយដៃ ខ្លួនអាចដេកបន្លក់បបរលើគ្រែមួយអាទិត្យក៏ថាបាន។
<<ខ្ញុំចូលទៅបានទេ?>>
<<ហុឹម...>>
ពេលបានការអនុញ្ញាត ជីមីនក៏ហ៊ានចូលទៅខាងក្នុង រួចដើរទៅជិតគេ ពិនិត្យមើលខ្លួនប្រាណគេ ក្រែងលោមានមុតអំបែងមិញនេះ និងឃើញថាមុតបន្ដិចបន្ដួចដែរ ក៏ដកដង្ហើមធំមួយខ្សាក។
<<លោកមានថ្នាំលាងរបួសទេ?>>
<<ប៉ុណ្ណឹងមិនស្លាប់ទេ មិនបាច់លាង>>
<<ត្រូវតែលាង...ចាំទីនេះហើយ ខ្ញុំរកស្អីមករុំរបួសឲ្យសិន>>
<<ប្រាប់ថាមិនបាច់...>>
<<មេត្តាស្ដាប់ខ្ញុំម្ដងទៅ>>
ជីមីនសម្លឹងមុខគេ និយាយដោយសម្លេងកាច។ ពេលគេមិនតប ក៏ដើរចុះទៅខាងក្រោម រកបើកមើលតាមថកទូផ្សេងៗ ព្រោះមិនជឿថា គេមិនមានសូម្បីតែរបស់ព្យាបាលរបួសទេ។ ហើយការព្យាយាមក៏បានសម្រេច។ ជីមីនទាញថង់ចេញមកក្រៅ បើកមើលឲ្យអស់ ឃើញថាមានទាំងថ្នាំមានទាំងបង់ស្រាប់ ក៏កាន់ឡើងទៅខាងលើវិញ។
<<ឈឺទេ?>>
សម្លេងតូចចោទសួរឡើងស្រាលៗ ដោយម្ចាស់សាមីខ្លួន មិនបានខ្វល់ពីអ្វីផ្សេង ក្រៅពីឈ្ងោកមុខមើលរបួស។
<<មិនឈឺទេ!>>
<<នៅម្នាក់ឯងគឺវាពិបាកបែបនេះហើយ ចង់ធ្វើស្អីក៏មិនបាន ឈោងយកនេះយកនោះក៏មិនស្រួល ដូច្នេះឲ្យខ្ញុំនៅជាមួយ ជួយមើលថែលោកទៅ កុំបដិសេដទៀតអី! ខ្ញុំគ្មានបំណងអីក្រៅពីចង់មើលថែលោកពិតមែន>>
ជីមីននិយាយបណ្ដើរ លាងរបួសបណ្ដើរ ទាល់តែរួច ទើបរៀបចំរបស់ទុកវិញ ច្រត់ដៃដើម្បីក្រោកឈរទៅហើយ តែពេលងើបមុខឡើង ខ្ពង់ច្រមុះក៏ប៊ិះជល់នឹងចង្ការគេទៅហើយ ទើបភ្ញាក់ព្រើត បើកភ្នែកធំៗ ថយក្រោយវិញជាបន្ទាន់ តែមិនស្មានថា ជើងបែរជាជាន់កំប៉ុងសំឡីសោះ ទើបដៃស្រវ៉ាចាប់ដៃស៊ូហ្គា ប៉ុន្តែដោយសារគេមិនដឹងខ្លួន ក៏ក្លាយទៅជាដូចគេទាញចាប់ទម្លាក់ពីលើគ្រែ ឲ្យដួលទៅជាមួយមិនខុស។
ប្រូស!!
កាយតូចផ្ដួលលើឥតការ៉ូ ដោយមានមាឌធំ ទ្រោបពីលើ ជាប់ប្រកិតគ្នា ធ្វើឲ្យបបូរមាត់ក្ដៅប៉ះជាមួយបបូរមាត់ទន់ល្មើយ ដោយភាពចៃដន្យ។ ជីមីនបើកភ្នែកធំៗប៉ុនៗចានគោមស្ទើរលានចេញមកក្រៅ ភាំងប្រមាណនាទី ទម្រាំទាញស្មារតីមកវិញបាន ទើបស្ទុះស្ទារច្រានគេចេញពីលើខ្លួន ហើយក្រោកឈរឡើង។
<<ល...លោកចង់ធ្វើស្អីខ្ញុំ?>>
<<ឡប់ទេហ្អេស ទាញគេទៅខ្លួនឯងសោះ មកចោទថាចង់ធ្វើស្អី!>>
ស៊ូហ្គាក្រវីក្បាលតិចៗ ព្យាយាមក្រោកឡើងដោយខ្លួនឯង ទោះរាងឈឺខ្ទោកៗដែល តែប្រឹងធ្វើជាមុខមាំ ឈរទាល់តែបានសម្រេច។
<<លើកក្រោយកុំចង់កេងចំណេញលើខ្ញុំទៀតឲ្យសោះ>>
<<មិនបាច់ភ័យទេ រាងបែបហ្នឹង បបូរមាត់ក្រៀមអត់ជាតិចឹង អ្នកណាគេចង់ថើបទៅ>>
<<លោក...ចង់ស្លាប់មែនទេ>>
<<និយាយការពិត>>
ជីមីនធ្វើជាខឹង មុខក្រម៉ូវ ទាំងដែលកាពិតក៏ចង់ឲ្យគេញោះ គេប៉ះពាល់ដែលហ្នឹងណា។ មិញនេះដឹងដែលថាខ្លួនខុស តែមិនព្រមទទួលស្គាល់ការពិត ប្រឹងប្រកែក តែយ៉ាងហោចណាស់ក៏បានផលចំណេញដែលតើ នេះបានចំជាអ្នកវិយោគទុនពិតមែន។