<<សុំទោស>>
សម្លេងតូចច្រមិចបន្លឺឡើងខ្សឹប ពោរពេញដោយការដឹងកំហុសដែលខ្លួនបានសាង។
<<មិនមែនថាខ្ញុំមិនប្រយ័ត្នទេ តែខ្ញុំពិតជាមិនដឹងមែនថាលោកមានរបួសត្រង់ហ្នឹងទើបលើកដៃវាយ តែមិនស្មានថាបង្កឲ្យលោកឈឺដែល ខ្ញុំ...ហុឹក សុំទោស>>
ស្មាតូចកញ្រោមចូលគ្នា ញ័រទទ្រើក សម្លេងក៏ញ័រដែល មិនបាច់ស្មានក៏ដឹងថាកំពុងយំ។ ពេលមិនឮសម្លេងតបស្អីសោះ ក៏តាំងចិត្តបញ្ឃរភ្នែកទល់ជាមួយគេ ហើយការពិតជាសផុតមិនរួច គឺគេកំពុងមើលមកខ្លួនដូចគ្នា ទើបរហ័សអោនមុខចុះវិញ យកម្រាមដៃតូចៗ គ្រវាសសន្សើមទឹកភ្នែកចេញពីថ្ពាល់។
<<បើលោកមិនពេញចិត្ត ខឹងស្អប់ខ្ញុំ ដល់ថ្នាក់នេះទៅហើយ...>>និយាយដល់ត្រឹមនេះ ស្រាប់អួលដើមក និយាយបន្ដមិនចង់កើត មានអារម្មណ៍ថាវាអួលណែនថប់ក្នុងទ្រូងខ្លាំងមែនទែន ប៉ុន្តែបើជ្រុលជាចឹងហើយ ក៏ចប់ត្រឹមហ្នឹងទៅ រឿងពិសោធន៍ឆ្កួតនោះក៏លែងចង់ធ្វើស្អីទៀតដែល។ ជីមីនដកដង្ហើមបន្ធូរទ្រូងបន្ដិច ងើបមុខឡើង ប្រសព្វភ្នែកជាមួយកែវភ្នែកពណ៍ខ្មៅក្រិប រួចពោលទៅកាន់គេខ្សឹបៗថា...
<<ខ្ញុំចេញទៅក៏បាន>>
និយាយចប់ហើយ ក៏ក្រោកក្រេស ចេញពីសាឡុង ជូតទឹកភ្នែកចេញម្ដងទៀត ដកដង្ហើមសឺតសតតាមបែបអ្នកយំ។
<<មិនរំខានលោកទៀតទេ>>
<<នែ...និយាយលេងតើ មានឈឺស្អីមកពីណា>>
ស៊ូហ្គាស្រែកឡើងភ្លាម ពីក្រោយខ្នងតូច ដែលហៀបនឹងដើរចេញទៅហើយ។ ជីមីនងាកខ្លួនមកវិញយឺតៗ រង្វង់ភ្នែកដក់ដោយទឹកភ្នែក បបូរមាត់ញ័រតតាត់ គួរឲ្យអាណិត។
<<ពិតជា គ្មានពិតមែន មិញនេះគ្រាន់តែលលោនឹងឯងតែប៉ុណ្ណឹង>>
<<...>>
<<មិនជឿតើមែនទេ? ដោះអាវឲ្យមើលអីឡូវហ្នឹង>>
ជីមីនមិននិយាយស្អីទាំងអស់ ឈរនៅស្ងៀមទ្រឹង បន្ដហូរទឹកភ្នែកស្ងៀមស្ងាត់ ពេលគេនិយាយថាលលោទឹកភ្នែកកាន់តែហូរលើសដើម។
<<លោកគិតថាសប្បាយលេងណាស់ហ្អេស?>>
<<.....>>
<<លោកគិតថាលោកធម្មតា តែលោកមិនដឹងទេ ថាខ្ញុំគិតពីលោកប៉ុណ្ណា ពេលឃើញលោកឈឺ ខ្ញុំក៏ព្រួយស្ទើរលួសព្រលឹង ទាំងខ្វល់ខ្វាយបារម្ភទុក្ខព្រួយ តែមើលលោកធ្វើដាក់ខ្ញុំចុះ...សួរថាសមឬអត់?>>
<<.....>>
<<ម៉េចក៏មិននិយាយ?>>
ជីមីនគំហកទាំងសម្លេងញ័រទទ្រើក ភ្នែកស្រវាំងដោយទឹកភ្នែក ខណៈបេះដូងក៏ឈឺមិនចាញ់ចិត្ត។ ការខិតខំកន្លងមក នៅតែមិនគ្រាន់សម្រាប់គេមើលឃើញទៀត ជម្រៅចិត្តដែលប្រគល់ឲ្យ ក៏រលាយក្លាយទៅជារលាយផេះផង់ ទំនុកចិត្តទាំងប៉ុន្មានខ្ទេចអស់ហើយ គ្មានសល់អ្វីឡើង។
<<ដំបូងឡើង ខ្ញុំក៏មិនចង់ព្យាយាមដល់ថ្នាក់យ៉ាងហ្នឹងដែល តែខ្ញុំមើលឃើញថាលោកជាមនុស្សល្អ សមរម្យ ល្មមផ្ញើរជីវីតបាន ទើបប្រឹងមើលថែ ប្រឹងលូនចូលក្បែរ ក្រែងលោលោកមើលឃើញខ្លះ ប៉ុន្ដែក្រៅពីដេញហើយ ខ្ញុំគ្មានទទួលបានស្អីទាំងអស់ ស្អីក៏គ្មានដែល ស្ដាយណាស់ ហើយក៏ខកចិត្តណាស់ដែល>>
ទឹកមុខគេពេលនេះមាំខ្លាំងណាស់ មាំដូចបេះដូងរបស់គេអ៊ីចឹង ត្រង់សៀតផ្កាឡើងផ៉ោង ប្រហែលត្រូវខំអត់ធ្មត់សង្កត់ចិត្តហើយមើលទៅ ទើបជីមីនសម្រេចចិត្ត ឈប់និយាយ ដើរចេញ ប៉ុន្តែមិនទាន់បានងាកខ្លួនផង គេស្រាប់តែសួរផោងវិញភ្លាម។
<<ធ្វើអ៊ីចឹងធ្វើស្អី?>>
<<ព្រោះខ្ញុំស្រលាញ់លោក.... ស្រឡាញ់ទើបធ្វើបែបនេះ>>
<<ស្រឡាញ់?>>
តើនេះជាសំណួរល្ងីល្ងើបំផុតតើមែនទេ?
<<មែនហើយ ខ្ញុំស្រលាញ់លោក ស្រលាញ់តាំងពីឃើញដំបូងម្ល៉េះ តែបើលោកមិនទាំងខ្វល់សូម្បីតែបន្ដិច មើលទៅវាដូចជាថោកទាបណាស់ ហើយបើសិនជាខ្ញុំបន្ដស្រឡាញ់លោកទៀត ក៏រឹតជាថោកទាបទៅទៀត។ ខ្ញុំស្រឡាញ់លោកតែមិនប្រាកដថាខ្ញុំត្រូវទ្រាំគ្រប់រឿងទេ ដូច្នេះហើយ... បើជ្រុលជាលោកដេញខ្ញុំទៅហើយ ខ្ញុំក៏ព្រមដើរចេញ ហើយលើកក្រោយបាច់ជួបមុខគ្នាទៀតអី!>>
និយាយចប់ភ្លាម ក៏រហ័សងាកខ្លួនដើរចេញវិញភ្លាម។ ដល់លំដាប់ថ្នាក់កាលនេះហើយ បើទោះនិយាយក៏រៀបរាប់មិនអស់ដែល ទុកឲ្យទឹកភ្នែកជាអ្នកបកស្រាយវិញចុះ។
ស្រឡាញ់យ៉ាងណា ក៏ត្រូវលះបង់ ព្រោះដឹងថាគ្មានផ្លូវទៅរួច...
ជីមីនត្រឡប់មកដល់ផ្ទះវិញ ដោយសារឡានឈ្នួល ពេលមកដល់ក៏ចូលទៅខាងក្នុង អង្គុយលើសាឡុង សម្លឹងមើលទៅក្រៅបង្អួចស្ងាត់ៗ ខ្យល់បក់មករំភើយៗកួចនាំយកទឹកភ្នែកធ្លាក់ចុះមកម្ដងទៀត ហូរហើយហូរទៀត ជូតមិនជ្រះសោះ។
<<គិតថាខ្លួនឯងពិសេសសម្រាប់គេ ខ្ញុំគឺល្ងង់បែបនេះឯង>>
និយាយបណ្ដើរទឹកភ្នែកហូរបណ្ដើរមិនឈប់។ ស្របពេលនោះ សម្លេងទូរស័ព្ទក្នុងហោប៉ាវញ័ររោទ៍ឡើង ទើបទាញយកចេញមកក្រៅ មើលលេខ ឃើញថាជាលេខរបស់ម៉ាក់ ក៏ចុចទទួល លើកផ្អឹបនឹងត្រចៀក ឈ្ងោកមុខចុះ មើលភ្លៅខ្លួនឯង ហើយទើបដឹងថា តាំងពីមកពីផ្ទះនោះមក ខ្លួនពាក់ត្រឹមអាវដៃមួយពណ៍ស មិនបានពាក់អាវក្រៅពីលើ សង្ស័យភ្លេចពេលដោះទុកនៅកៅអីពេលសម្អាតផ្ទះ និងខូចចិត្តក៏ដើរចេញមកតែម្ដង មិនបានចាប់ថ្នាក់ភ្លេចសោះ។
(អាឡូ...)
សម្លេងក្នុងប្រព័ន្ធទូរស័ព្ទ ទាញអារម្មណ៍ជីមីនមកវិញ។
<<បាទម៉ាក់>>
<<កើតអីសម្លេងខ្សោះម្ល៉េះ គ្រុនមែនទេ?>>
<<អត់បានកើតអីទេ គ្រាន់តែផ្ដាសសាយតិចតួច ម៉ាក់តេមកមានការអីមែនទេ?>>
(អឺគឺថា...អាងវ៉ុន គេចង់ទៅនៅជាមួយកូនដែល គេថាត្រូវរៀននៅសាលាជាមួយកូន ទើបចង់ជួលនៅជាមួយគ្នា កុំបាច់អស់លុយច្រើន ម្យ៉ាងទៀតគ្រាន់បានជាគ្នាកុំឲ្យស្ងាត់)
<<តែម៉ាក់ក៏ដឹងស្រាប់ហើយថាខ្ញុំមិនដែលត្រូវគ្នាជាមួយវាទេ ឲ្យនៅជាមួយម៉េចនឹងបាន វាយគ្នាងាប់ >>
(អ្នកស្រុកភូមិឯងសោះ ធ្វើចិត្តឲ្យទូលាយបន្ដិចទៅមើល មិនដឹងទេ ម៉ាក់ឲ្យទៅហើយ)
<<ម៉ាក់...>>
និយាយមិនទាន់ចប់ផង ម្ខាងទៀតបានចុចផ្ដាច់មុនទៅហើយ។ ជីមីនដង្ហើមធំ បើឲ្យស៊ុនវ៉ុនមកនៅជាមួយ ច្បាស់ជាក្រញាញ់ខួមិនខានទេ តែមិនដឹងធ្វើយ៉ាងម៉េច បើម៉ាក់ជ្រុលជាយល់ព្រមទៅហើយ ប្រកែកក៏មិនបាន តែណ្ហើយ...យកវាបានមកនៅជាគ្នា ក្រែងបានភ្លេចគេម្នាក់នោះលឿន។