០.សេចក្តីផ្ដើម

92 7 0
                                    

សេចក្តីផ្តើម
ទំព័រជីវិត បែរជាចាប់ផ្តើមដោយការបែកបាក់!
✦✦✦
សាធារណរដ្ឋកូរ៉េ ឆ្នាំ១៩៩៨...
ព្រះទិនករដើរតួនាទីរះបញ្ចេញពន្លឺរស្មីមកលើភពផែនដី តាមកាលដែលបានតាក់តែងកំណត់ ប៉ុន្តែផ្ទៃមេឃព្រលឹមនេះហាក់ដូចជាចាប់ស្រទុំខុសប្លែកពីសព្វមួយដង។ អំឡុងពេលសីតុណ្ហភាពនៅតែបន្តចុះត្រជាក់រហូតដល់ចំណុចមួយបង្កឱ្យបរិយាកាសប្រែប្រួល ស្របពេលបន្តិចគ្រាប់ទឹកកកមានសណ្ឋានដុំតូចៗផ្ដើមធ្លាក់រុះរោយពាសពេញផ្ទៃដីសក្បុស សាងជាទិដ្ឋភាពថ្មីនៃការឈានចូលរដូវរងារ នាគ្រាព្រិលធ្លាក់ដំបូងនៅពាក់កណ្ដាលខែធ្នូក្នុងប្រទេសកូរ៉េខាងត្បូង។
ក្រោមអាកាសធាតុដ៏សែនរងារវេលាម៉ោងជិតប្រាំបួនព្រឹក ស្ថិតនៅឯស្ថានីយ៍រថភ្លើងនៃចំណតទីក្រុងសេអ៊ូល ចម្រុះដោយមនុស្សម្នាជាច្រើនដើរទៅមកអ៊ូអរមិនស្ងាត់សូរសំឡេង។ ក្នុងចំណោមហ្វូងអ្នកដំណើរទាំងអស់នោះ បានរំលេចនូវវត្តមានយុវជនវ័យក្មេងពីររូបស្លៀកពាក់ខោអាវរងារសាច់ក្រាស់ៗ កំពុងឈរសន្ទនាគ្នាក្បែរមាត់ច្រករង់ចាំ ម្នាក់ៗមានទឹកមុខស្រងូតបែបមិនដាច់អាល័យ ខណៈដែលរថភ្លើងជើងដំបូងរន្ថាន់សំឡេងរោទ៍ម៉ាសុីនក្រើនដាស់តឿនថាត្រៀមនឹងចេញដំណើរឆ្ពោះទៅកាន់ខេត្តហ្គាងវ៉ុន ក្នុងពេលបន្តិចទៀតនេះ។
“កុំធ្វើមុខដូចជាចង់យំអីក្មេងល្ងង់!” អ្នកកំលោះរូបសង្ហារាងខ្ពស់ស្រឡះមានវ័យស្របាក់ម្ភៃពីរឆ្នាំ វាចាយ៉ាងស្រទន់ដាក់ក្មេងល្អិតនៅចំពោះមុខដោយការលួងលោម។ នាយសម្លិចស្នាមញញិមស្ងួតលើផ្ទៃមុខទាំងក្នុងចិត្តលាក់បង្កប់អារម្មណ៍សោកសៅជាអនេក នៅពេលត្រូវឃ្លាតឆ្ងាយពីមនុស្សជាទីស្រលាញ់។
“ជុងហ្គុក! រឿងនោះបងសម្រេចចិត្តច្បាស់ហើយឬ?”
នរៈម្ចាស់នាមងក់ក្បាលតិចៗបញ្ជាក់ជាមួយចម្លើយជាក់លាក់៖
“អឹម... កុំបារម្ភអី ថ្វីដ្បិតជាកាតព្វកិច្ចតែបងនឹងវិលត្រលប់មកចួបថេយ៍វិញទេតើ!”
គីម ថេយ៉ុង ជាឈ្មោះរបស់អាល្អិតជំទង់មានវ័យត្រឹមដប់ប្រាំមួយឆ្នាំ តែបែរជាពេញរូបឆោមល្អបីដូចក្រពុំផ្កាលាក់លម្អងបង្អួតសម្រស់យ៉ាងស្រស់ស្អាត បើទោះបីរង្វង់ភក្ត្រកំពុងស្រពាប់ស្រពោនក៏មិនអាចបិទបាំងភាពទន់ភ្លន់ សែនសមនឹងកែវភ្នែកមូលក្រឡង់ខ្មៅនិល ប្រដាប់ដោយខ្ទង់ច្រមុះខ្ពស់ពីកំណើត អមបបូរមាត់តូចច្រមិចតាមធម្មជាតិដូចមនុស្សស្រី។
ថេយ៉ុងពើបសម្លឹងចំក្រសែភ្នែកកំលោះក្នុងន័យកប់ជ្រៅ សឹមនិយាយខ្សាវៗ៖
“ដូច្នោះសូមបងថែរក្សាខ្លួន”
“ថេយ៍ក៏ដូចគ្នា ពេលបងមិននៅត្រូវរឹងមាំហើយចេះមើលថែរក្សាខ្លួនឯង” ស្របនឹងសម្ដី ជុងហ្គុកស៊កដៃទាញប្រាណតូចច្រឡឹងមកឱបក្រសោបជាប់ដើមទ្រូងហាប់ណែនដ៏សែនកក់ក្តៅ នាយចង់តែឱបគេឱ្យកប់ចូលក្នុងបេះដូងបាត់ ដូច្នោះពួកគេនឹងមិនចាំបាច់បែកគ្នា ទោះត្រឹមមួយវិនាទីក៏ដោយ។ នៅពេលឃើញគេក្រៀមក្រំពិបាកចិត្ត នាយកាន់តែរារែកក្នុងការឈានជើងទៅបំពេញកាតព្វកិច្ចយោធា ប៉ុន្តែលិខិតកោះហៅពីខាងរដ្ឋាភិបាលយោធាធ្លាក់មកហើយ ចំពោះការចាកចេញមួយនេះមិនមែនមួយគ្រា តែជាការសម្រេចចិត្តពេញមួយជីវិតដែលនាយនឹងលះបង់ដើម្បីជាតិ។
រាងក្រាស់ដកគម្លាតពីការឱបមកវិញ ហើយចាប់ស្មាគេទាំងសងខាងឱ្យប្រឈមមុខនឹងខ្លួន ប្រអប់ដៃមាំអង្អែលសក់ទន់រលោងខ្មៅក្រិបថ្នមៗ៖
“រង់ចាំបងសិនណា...”
“ខ្ញុំនឹងចាំរហូតដល់បងត្រលប់មកវិញ”
“អរគុណ!”
ពោលរួចនាយទម្លាក់បបូរមាត់ផ្អឹបលើថ្ងាសតូច និងប្រមូលមនោសញ្ចេតនាតាមរយៈស្នាមថើបទាំងអាល័យ បើសិនអាចនាយចង់បញ្ឈប់ចលនាផែនដីនៅត្រឹមនេះ ដើម្បីថ្នាក់ថ្នមគេឱ្យបានយូរជាងនេះ។ បន្ទាប់ពីនោះ ជុងហ្គុកបន្តពាក្យផ្ដែផ្ដាំ៖
“កុំភ្លេចបើមានរឿងអ្វីត្រូវសរសេរសំបុត្រផ្ញើឱ្យបងដឹងហើយឬនៅ?”
“បាទ! ខ្ញុំដឹងហើយ ខ្ញុំប្រាកដជាចងចាំគ្រប់សម្ដីបង”
“បងទៅហើយ”
“អឹម...!”
អស់ពីផ្តែផ្តាំរួច នាយកំលោះមិនបង្អង់យូរប្រញាប់ស្ពាយកាបូបអីវ៉ាន់ បែរខ្នងបោះជំហានដើរជ្រែកហ្វូងអ្នកដំណើរដទៃទៀតសំដៅទៅរកច្រករថភ្លើង ឥតសូម្បីងាកមើលមុខក្មេងកំសត់ជាលើកចុងក្រោយ ព្រោះខ្លាចអត់ទ្រាំពុំបានរត់ទៅឱបគេម្ដងទៀត។ រំពេចនោះដែរ សំឡេងស្រទន់ដង្ហើយស្រែកហៅនាយពីចម្ងាយនៅក្រោយខ្នង...
“ចន ជុងហ្គុក!”
រាងខ្ពស់ស្រឡះបញ្ចប់ជំហាននឹងថ្កល់មួយកន្លែងដោយមិនងាកក្រោយ ទន្ទឹងផ្ទៀងសោតវិញ្ញាណស្តាប់ប្រយោគអ្នកខាងណោះបន្ត៖
“កុំភ្លេចណា ខ្ញុំនឹងរង់ចាំបង...”
វិនាទីបន្ទាប់ គេបានត្រឹមសម្លឹងផែនខ្នងក្រាស់ដើរទៅកាន់តែឃ្លាតឆ្ងាយបន្តិចម្តង កន្លងមួយសន្ទុះ ខ្សែរថភ្លើងវែងអន្លាយក៏រំកិលទីបំបោលចាកចេញទៅសន្សឹមៗរហូតដល់ដាច់កន្ទុយភ្នែក។
ជុងហ្គុ និង ថេយ៉ុង សុទ្ធសឹងតែជាក្មេងកំព្រាធំដឹងក្ដីឡើងនៅក្រោមដំបូលផ្ទះមណ្ឌលមើលថែ ពួកគេស្និតស្នាលគ្នាលើសពីរង្វង់មិត្តភាពបងប្អូន ឬហៅថាជាស្នេហាដំបូងដែលកើតមានតាំងពីវ័យកុមារភាពមកម្ល៉េះ។ ថ្វីដ្បិតតែនាមជាក្មេងកំព្រាក៏ពិតមែន ប៉ុន្តែជុងហ្គុកមានសក្ដានុពលខ្ពស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី រួមនិងចំណេះដឹងជ្រៅជ្រះ លុះរៀនចប់ថ្នាក់វិទ្យាល័យក៏បានបន្តចូលរៀនមហាវិទ្យាល័យ ប្រឡងជាប់ផ្នែកនីតិសាស្ត្រ។ បច្ចុប្បន្ននាយកំពុងតែចូលបម្រើយោធាតាមច្បាប់ប្រទេស មិនត្រឹមតែប៉ុណ្ណោះនាយមានបំណងស្នើរឈ្មោះចូលធ្វើកងទ័ពបំពេញតួនាទីទៀតផង។ ចំណែកថេយ៉ុងត្រូវសម្របតាមវាសនា រស់នៅជាមួយការរង់ចាំម្ចាស់ចិត្តចងភ្ជាប់និងពាក្យសន្យាចាប់ពីថ្ងៃនោះ។
✦✦✦

BY: Komnu Prach (MoGen)
Enjoy your reading♥️✨

សំណោកដួងចិត្ត ||TAEKOOK||Where stories live. Discover now