០៣. និទាឃរដូវវិលវិញ

18 4 2
                                    

០៣
និទាឃរដូវវិលវិញ
✦✦✦
ព្រឹកថ្ងៃថ្មី...
រាងកាយបុរសមាឌមាំខ្ពស់ស្រឡះក្រោកចេញពីក្នុងរថយន្តដែលឈប់ចតក្បែរមាត់ទឹកនៅតំបន់ភ្នំតាំងតែពីយប់។ យប់មិញពេលជូនជុងហ្គុកទៅផ្ទះមណ្ឌលហើយ មីនយូសម្រេចចិត្តបើកឡានបង្ហួសនាំវ៉ុនវ៉ូមកស្ទូចត្រីលេងម្ដុំជាយក្រុងហើយក៏សម្រាកនៅទីនោះតែម្តង ព្រោះពួកគេគ្មានគោលបំណងទៅផ្ទះដូចគ្នា។ អ្នកកំលោះពត់ដៃជើងគន់មើលទេសភាពជុំវិញបន្តិច មុននឹងងាកមកលូនក្បាលចូលតាមប្រលោះទ្វារឡាន អង្រួនដាស់អ្នកគេងនៅខាងក្នុង។
“វ៉ុនវ៉ូ! ភ្ញាក់ឡើង”
វ៉ុនវ៉ូកម្រើកខ្លួនប្រាណបង្ខំងើបអង្គុយទាំងសភាពសក់សើងមម៉ើងបែបមិនទាន់អស់ងងុយ។ មីនយូឃើញហើយកោតសរសើរណាស់ អាល្អិតនេះអាចគេងនៅលើកៅអីពូកឡានលក់យ៉ាងស៊ប់ស្រួល ចំណែកគេវិញឈឺខ្លួនសឹងស្លាប់។
“ឆាប់ងើបមក! យើងមានកិច្ចការត្រូវធ្វើទៀត”
“ការងារអីទៅ?”
មីនយូមិនទាន់ឆ្លើយភ្លាមទេ នាយរវល់យកក្រដាសសើមជូតផ្តិតមុខឱ្យស្វាងស្រឡះ រួចដាក់បង្គុយនៅកន្លែងតៃកុងរៀបចំចេញដំណើរមិនបង្អង់។
“យ៉ាងម៉េច! ឯងចង់ដេកនៅក្នុងឡានហាលខ្យល់ឱ្យមូសសុីរាល់ថ្ងៃ មិនគិតរកផ្ទះស្នាក់នៅទេឬ?”
វ៉ុនវ៉ូហូតយកក្រដាសសើមមួយសន្លឹកគ្របលើផ្ទៃមុខហើយសំងំបិទភ្នែកបន្ត មិនភ្លេចបង្អូសសំឡេងសួរ៖៖
“ចុះមិនទៅទទួលប្រធានក្រុមទេអ្ហេស?”
“កំពុងតែជិះទៅយកហ្នឹងហើយ! ចំណែកឯងល្មមក្រោកបានហើយ”
“ក្រោកមិនរួចទេ ជីវិតខ្ញុំត្រូវការកាហ្វេ...!!!”
ប្រហែល១៥នាទី...
មីនយូបើកឡានមកបញ្ឈប់ចតនៅពីមុខរបងទ្វារផ្ទះមណ្ឌល ចួនពេលក្រឡេកទៅឃើញជុងហ្គុក និងក្មេងប្រុសពីរនាក់ទៀតទំនងនៅឈរសំណេះសំណាលជាមួយតាចាស់ម្នាក់ រួមទាំងមានសម្ភារៈអីវ៉ាន់ត្រូវរើចេញ។ អ្នកសម្រេចចិត្តរង់ចាំនៅក្នុងឡានមិនចុះទៅនាំតែកាត់ចង្វាក់សន្ទនារវាងពួកគេ។
បែរមកអ្នកឯណេះ និយាយលាគ្នាយូរណាស់ហើយ មិនចេះអស់អាល័យសោះ។ លោកតាស៊ុនហាក់មិនដាច់ចិត្តមើលក្មេងប្រុសទាំងបីចាកចេញ តែគ្រប់យ៉ាងជាវាសនា ហើយគាត់ពុំអាចយកមនោសញ្ចេតនាមកឃាត់ឃាំងសេរីភាពពួកគេបានឡើយ មានតែធ្វើចិត្តត្រេកអរកាលដែលឃើញចៅចិញ្ចឹមរីកចម្រើនមានអនាគតល្អ។ ជាពិសេសគឺជុងហ្គុក លោកបានដឹងថាបច្ចុប្បន្ននាយមានទាំងចំណេះដឹង រួមទាំងយសសក្តិ អស់អ្វីគួរឱ្យបារម្ភទៀតហើយ។
“ទៅរស់នៅទីខាងក្រៅត្រូវចេះថែរក្សាគ្នាណាចៅ មានកំហុសគួរចេះអាស្រ័យលើកលែង រឿងធំសុំបង្រួមឱ្យក្លាយជារឿងតូច រីឯរឿងតូចសុំដោះស្រាយឱ្យកន្លងហួស។ វិស្សមកាលទំនេរឧស្សាហ៍មកលេងតាចាស់ម្នាក់នេះផង ទីនេះនៅតែជាផ្ទះរង់ចាំទទួលស្វាគមន៍ពួកឯងជានិច្ចណា” លោកតាស៊ុនមានប្រសាសន៍ផ្ដែផ្ដាំចប់ ក្មេងៗនាំគ្នាឱនលាវ័យចំណាស់ដោយក្ដីគោរព។
ពួកគេរៀបចំប្រមូលលើកអីវ៉ាន់ដាក់លើរថយន្តរួចស្រេច មិនយូរប៉ុន្មានក៏បំបោលល្បឿនចេញមកលើដងផ្លូវជាតិល្វឹងល្វើយ។ ជុងហ្គុកជាអ្នកបញ្ជាចង្កូតបើកបរម្តង ដោយមានមីនយូអង្គុយជាប់កៅអីមុខជាមួយ ទុកឱ្យពួកអាល្អិតនៅខាងក្រោយ។
“តាមថារឿងប៉ុណ្ណឹង បងក៏មិនចាំបាច់នាំគេមកពិបាកដោយសារតែពួកខ្ញុំពីរនាក់ដែរ” ថេយ៉ុងនិយាយធ្វើមុខមិនសូវសមរបៀបក្រែងចិត្ត គឺសំដៅដល់ការរើកន្លែងស្នាក់នៅរបស់គេអាចធ្វើវាខ្លួនឯងបាន តែជុងហ្គុកហាមផ្ដាច់អហង្ការចង់ជូនមកផ្ទាល់។
ជុងហ្គុកភ្នែកជាប់រវល់សម្លឹងមើលផ្លូវ ឆ្លៀតតបវិញថា៖
“អ្នកណាពិបាក? មីនយូ វ៉ុនវ៉ូ ពួកឯងពិបាកទេ?”
ម្ចាស់ឈ្មោះទាំងពីរគ្រាន់តែឮភ្លាម ដឹងតួនាទីច្បាស់រហ័សបដិសេធ៖
“អត់ទេ! មិនពិបាកទេ”
“ធម្មតាអំឡុងថ្ងៃសម្រាកពួកយើងក៏ទំនេរគ្មានអីធ្វើដដែលហ្នឹង” មីនយូ ប្រកែកញាប់មាត់ស្អេក លួចដៀងភ្នែកមើលសម្រស់អាល្អិតតាមកញ្ចក់ស្ទើរភ្លឹកស្មារតី។ កន្លងមកធ្លាប់ឮតែឈ្មោះ ទើបតែបានចួបបានស្គាល់លើកទីមួយ នាយលែងឆ្ងល់ហើយ ម្តេចជុងហ្គុកលង់ស្រលាញ់ក្មេងម្នាក់នេះដល់ម្លុឹង? បើគេស្អាតដូចគំនូរគូរដោយវិចិត្រករដៃឯករកកន្លែងរិះគន់គ្មាន មិនត្រឹមប៉ុណ្ណោះ កាយវិការទន់ភ្លន់តែស្ដាប់សូរសម្ដីមិនជាស្លូតប៉ុន្មាន។
ចំណាយពេលធ្វើដំណើរជិតកន្លះម៉ោង បានមកដល់ខណ្ឌកាំងណាំ (Gangnam-gu) ជុងហ្គុកបើកឡានសន្សឹមៗលូនចូលបរិវេណកូនវីឡាតូចល្មមមួយដែលមានសភាពស្ងាត់ជ្រងំ សម្បូរដើមរុក្ខជាតិដុះពេញសួនពណ៌ខៀវស្រងាត់ ទិដ្ឋភាពស្រងោចដូចជាគ្មានមនុស្សរស់នៅអស់ច្រើនឆ្នាំ ប៉ុន្តែវាមិនត្រូវបានគេទុកចោលឡើយ ព្រោះតែងតែមានមនុស្សមកសម្អាតឥតលស់។ ពួកគេម្នាក់ៗដើររំពៃមើលជុំវិញផ្ទះវីឡាយ៉ាងចម្លែកចិត្ត លើកលែងតែជុងហ្គុកនាយហាក់មានអារម្មណ៍ស្គាល់ទីនេះច្បាស់ ទោះមិនអាចចាំបានរឿងរ៉ាវអតីតកាលទាំងស្រុងក៏ដោយ។
ថេយ៉ុងដើរមកជិតជុងហ្គុក បន្លឺសំណួរខ្សាវៗ៖
“ទីនេះជាកន្លែងណាហ្នឹង?”
“ចាំបងប្រាប់នៅពេលក្រោយ ឥលូវយករបស់ទុកសិនទៅ”
កំលោះងាកខ្លួនមកប្រញាប់ចាក់សោបើកទ្វារ ព្រមនិងលើកអីវ៉ាន់យកទៅទុកខាងក្នុង អ្នកគ្រប់គ្នាដើរតាមតែជុងហ្គុកនាំផ្លូវ។ ក្នុងផ្ទះទូលាយល្អ មានពីរជាន់ លម្អសម្ភារៈប្រើប្រាស់មួយចំនួនខ្លះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាពិសេស ស៊ុមរូបថតក្រុមគ្រួសារមានសមាជិកបីនាក់ព្យួរជាប់ជញ្ជាំងប្រមាណបីបួនគម្លាតគ្នា ជាហេតុឱ្យជុងហ្គុកសម្លឹងមិនដាក់ភ្នែកកាន់តែស្រងូតក្នុងចិត្ត។ រូបភាពអតីតកាលផុសឡើងក្នុងខួរក្បាលនាយជាបន្តបន្ទាប់ ការចងចាំលើកចុងក្រោយដែលគ្មានថ្ងៃបំភ្លេចបាន គឺនៅពេលញុំាអាហារចួបជុំគ្រួសារក្រោមសុភមង្គលរីករាយ ហើយប៉ាម៉ាក់របស់នាយក៏បន្ទាន់ចេញទៅបំពេញបេសកកម្មនៅតំបន់ព្រំដែនទាំងយប់ វាជាការចាកចេញគ្មានឱកាសវិលត្រឡប់...។
“ខាងលើមានបន្ទប់ពីរ ថេយ៍និងជីមីនរើសយកមួយចុះ! ចំណែកមីនយូនិងវ៉ុនវ៉ូ បើពួកឯងមិនទាន់ដឹងទៅកន្លែងណាទេអាចសម្រាកនៅទីនេះបណ្ដោះអាសន្នសិនបាន នៅជាន់ក្រោមសល់បន្ទប់ទំនេរមួយ” ជុងហ្គុកប្រាប់អ្នកគ្រប់គ្នា។
“អរគុណ! ប្រធានក្រុមពិតជាចិត្តទូលាយមែន” វ៉ុនវ៉ូសើចញិមៗ។
“តាមសម្រួល កុំគួរសមអី”
និយាយចប់ នាយដើរបង្ហួសឡើងទៅខាងលើបាត់។ ជីមីនឯណេះស្ងាត់មាត់យូរហើយ ស្រាប់តែពោលឡើងដោយការភ្ញាក់ផ្អើលបើកភ្នែកធំៗចង្អុលទៅកាន់រូបថតមួយសន្លឹក៖
“អូហ៍! នេះជារូបបងប្រុសជុងហ្គុកមែនទេ? គឺដូចគ្នាកាលគាត់នៅក្មេងណាស់!”
ទាំងបីនាក់ទៀតងាកមកតាមសម្ដីជីមីន ពួកគេក៏ផ្អើលមិនចាញ់គ្នាដែរ។
✦✦✦
ព្រះទិនករចាប់ផ្តើមរំកិលធ្លាក់ចុះសន្សឹមៗបាំងស្រមោលផ្ទះប្រជាជន។ ពន្លឺថ្ងៃលិចធ្លាប់តែបន្សល់ភាពសោកសៅ ក៏ប្រែជាស្រទន់ស្រស់ស្អាតខុសពីសព្វមួយដង ព្រោះតែស្រមោលគូស្នេហ៍ក្បែរមាត់បង្អួតសម្លឹងមើលដំណើរហៀបលិចរបស់វាជាមួយគ្នា អមនិងទេសភាពផ្ការីកប្រចាំឆ្នាំ។
នៅក្នុងបន្ទប់គេងមានតែមនុស្សពីរនាក់ ខណៈថេយ៉ុងអង្គុយច្រត់ចង្ការលើតុឈើផ្ដោតក្រសែភ្នែកទៅលើម្ចាស់រាងកាយធំ កំពុងឈរជូតឧបករណ៍ថាសចម្រៀងចំណាស់មួយដែលទុកចោលច្រើនឆ្នាំហើយ នាយចង់សាកល្បងយកវាមកប្រើប្រាស់ម្តងទៀត។
“វាប្រហែលខូចហើយទេដឹង?”
“បងមិនដឹងទេ”
“មើលទៅសភាពវាចាស់ហើយមិនដឹងប្រើការបានឬអត់?”
“ចាំបងសាកមើល៍សិន”
បន្ទាប់ពីជូតជ្រះស្អាតធូលី ជុងហ្គុករៀបដាក់ថាសឌីសចម្រៀងចូលរួចចាក់ដំណើរការវា ជាលទ្ធផលវាក៏បង្វិលជុំបន្លឺសំឡេងសូរសៀងយ៉ាងរណ្ដំពេញបន្ទប់។ ឃើញទេ? របស់ចាស់ខ្លះ បើកាន់តែទុកចោល វានឹងកាន់តែចាស់ តែបើយកវាមកប្រើប្រាស់វានឹងមានតម្លៃតាមតម្រូវការ។
“ថេយ៍ចង់ស្ដាប់បទអី?”
“A Thousand Years”
“ចង់រាំអត់?”
ជុងហ្គុកមិនត្រឹមតែសួរ នៅបោះដៃបបួលកាយតូចរាំនូវចង្វាក់ភ្លេងនៃបទចម្រៀងមនោសញ្ចេតនាភាសាអង់គ្លេស។ ថេយ៉ុងអេះអុញចង់បដិសេធ ប៉ុន្តែប្រហែលជាមិនអាចទៅរួច ព្រោះត្រូវបាននាយកំលោះចាប់ទាញដៃគេក្រោកឈរប្រឈមមុខគ្នាយ៉ាងរហ័ស ដែលកម្ពស់គេទាបជាងនាយតែបន្តិចប៉ុណ្ណោះ។
“ជុងហ្គុក!”
“រាំជាមួយបងមួយបទទៅ បងចង់រាំជាមួយថេយ៍”
ម្ចាស់ខ្លួនមីងមាំងធ្វើខ្លួនសឹងពុំត្រូវ ពេលប្រអប់ដៃមាំចាប់ដៃស្រឡូនរបស់គេទៅដាក់លើស្មានាយ។ នាយទម្លាក់ដៃមកឱបក្រសោបចង្កេះរាងច្រឡឹងថ្នមៗ និងប្រើកែវភ្នែកទាំងគូសម្លឹងភ្នែករាងតូចពេញដោយមនោសញ្ចេតនាជ្រាលជ្រៅបំផុត។ ពួកគេក៏ចាប់ផ្ដើមរាំជាមួយគ្នាស្របតាមចង្វាក់ភ្លេងមួយៗ...
“ខ្ញុំមិនធ្លាប់ដឹងថាបងចេះរាំពីមុនមកទេ”
“មែនហើយបងពីមុនមិនចេះរាំទេ ប៉ុន្តែហេតុអីពេលនេះបងអាចរាំជាមួយថេយ៍?”
ឮហើយថេយ៉ុងភ្ញោចមាត់ញញិម លុះយល់ដល់ន័យរបស់ជុងហ្គុកចង់សំដៅ បានន័យថានាយរៀនរាំដើម្បីអាចរាំជាមួយគេ។ ថ្វីដ្បិតនាយមុខមាំកាចមិនសូវញញិម ប្រៀបដូចជាផ្ទាំងទឹកកកមិនងាយវាយបំបែក តែធាតុពិតជាបុរសកក់ក្ដៅសម្រាប់គេ ហើយក៏ជាមនុស្សម្នាក់ដែលព្យាយាមធ្វើគ្រប់យ៉ាងដើម្បីគេ មិនថាអតីតកាលឬបច្ចុប្បន្ន។
“ហេតុអី? ហេតុអីបងរៀនរាំ?” ទោះបីដឹងចម្លើយច្បាស់ក្នុងចិត្តហើយគេនៅតែចង់សួរបញ្ជាក់។
“ព្រោះអូនជាហេតុផល”
“ជុងហ្គុក! រឿងខ្លះគ្រប់យ៉ាងបងមិនចាំបាច់ជ្រើសរើសធ្វើដើម្បីខ្ញុំពេកទេ”
ជុងហ្គុកយកដៃម្ខាងក្រសោបថ្ពាល់ទន់រលោង ភ្ជាប់ជាមួយប្រយោគមានន័យជ្រាលជ្រៅគួរឱ្យចង់ស្ដាប់៖
“បើជីវិតជាជម្រើសមែននោះ បងនឹងជ្រើសរើសយកអូនជាអាទិភាពទីមួយ”
“ចុះបើសិនថ្ងៃណាមួយគ្មានខ្ញុំ?”
នាយគ្រវីក្បាលបដិសេធ៖
“គ្មានថ្ងៃនោះទេ ព្រោះបងមិនអនុញ្ញាតឱ្យនរណាម្នាក់នាំយកពិភពលោករបស់បងចាកចេញពីបងឡើយ”
មួយឃ្លានេះជាមូលហេតុឱ្យកាយតូចញញិមស្ងប់ចិត្ត បញ្ជាក់ប្រាប់ថាគេតែងតែនៅត្រង់នេះមិនទៅណា។ យូរៗទៅសំឡេងសន្ទនារវាងអ្នកទាំងពីរក៏ស្ងាត់ ជំនួសមកវិញនូវសូរសៀងបទចម្រៀងស្នេហារណ្ដំចិត្តសែនពីរោះ...
~⁠♪One step closer...
I have died everyday waiting for you
Darling, don't be afraid. I have loved you
For a thousand years
I'll love you for a thousand more...
And all along i believe i would find you
Time has brought your heart to me i have loved you
For a thousand years
I'll love you for a thousand more... ⁠~⁠♪
✦✦✦
ម៉ោងប្រាំពីរយប់...
រាងក្រាស់លើកម្ហូបមកកាន់តុអាហារឱ្យសមាជិកពីរនាក់ទៀតអង្គុយរង់ចាំ ប៉ុន្តែមិនឃើញវត្តមានមីនយូនិងវ៉ុនវ៉ូនោះទេ។ ជុងហ្គុកដោះអៀមចេញ ព្រោះអម្បាញ់មិញនាយដើរតួជាចុងភៅស្ទាត់ជំនាញសម្រាប់ពួកគេ។
“វ៉ាវ! ទំនងណាស់” ជីមីនលាន់មាត់សរសើរ មិនភ្លេចលើកមេមួយឱ្យនាយធំ។
“ឆាប់ញុំាទៅ ទាន់វានៅក្ដៅៗ” នាយដាក់បង្គុយចុះ សឹមដួសអាហារចាប់ដាក់ក្នុងចានថេយ៉ុង មុននឹងចាប់ឱ្យជីមីនផងដែរ។ សកម្មភាពពេលនេះមិនខុសពីឳពុកមើលថែកូនប្រុស ជុងហ្គុកតែងតែធ្វើទង្វើល្អចំពោះពួកគេតាំងពីតូច គ្រាន់តែម្នាក់នាយចាត់ទុកជាស្នេហា រីឯម្នាក់ទៀតចាត់ទុកជាប្អូន។
ថេយ៉ុងដួសស៊ុបគីមឈីដាក់ចូលមាត់មួយម៉ាត់ធំ ទំពារយ៉ាងទំនងដូចឆ្ងាញ់ណាស់ ដ្បិតគេចូលចិត្តថ្វីដៃចម្អិនម្ហូបរបស់ជុងហ្គុកបំផុត៖
“អឹម...រសជាតិនៅដូចដើម!”
“ញុំាឱ្យច្រើនៗទៅ! ផ្ទះមណ្ឌលប្រហែលធ្វើម្ហូបមិនសូវឆ្ងាញ់ហើយមើលទៅ បានជាពួកឯងឥលូវរាងស្គមតូចតែមួយ”
“ប្រហែលបែបហ្នឹងឯង” ជីមីនយល់ស្រប ព្រោះគេនិងថេយ៉ុងសុទ្ធតែមិនចេះធ្វើម្ហូប រាល់លើកបានជុងហ្គុកជាចុងភៅបំប៉នពួកគេរហូត តែពេលនាយទៅធ្វើទាហានបាត់គ្មានអ្នកណាមកយកចិត្តទុកដាក់ទៀតទេ។
“មែនហើយ! ទីនេះជាផ្ទះអ្នកណា?” ថេយ៉ុងកាត់ប្រធានបទសួរប្រកបដោយទឹកមុខមិនអស់ចម្ងល់។
“ជាផ្ទះរបស់ប៉ាម៉ាក់បង” តាមពិតទៅនាយទើបតែបានដឹងជាក់លាក់ក្រោយលោកនាយឧត្ដមសេនីយ៍ប្រាប់នាយឱ្យមកទីនេះដែរ។
ចំណែកអ្នកស្ដាប់មិនសូវភ្ញាក់ផ្អើលប៉ុន្មានឡើយ ថ្វីបើពួកគេសង្ស័យតាំងពីប្រទះឃើញរូបថតគ្រួសារនោះម្ល៉េះ។ លើសពីនេះក៏មិនហ៊ានដេញដោលអ្វីច្រើននាំតែខូចបរិយាកាស ថេយ៉ុងក៏បង្វែរនិយាយរឿងផ្សេង៖
“ពីរបីថ្ងៃទៀតខ្ញុំគិតថានឹងចេញទៅរកការងារធ្វើ ព្រោះជិតបើកបវេសនកាលចូលរៀនមហាវិទ្យាល័យហើយ”
“អ៊ីចឹងពិបាកណាស់ យើងមិនទាន់បានចួបកូនលោកតាយូហានដើម្បីសុំការងារធ្វើផង ហើយក៏មិនដឹងទៅរកគេនៅឯណាដែរ” ជីមីនពោលបែបអស់សង្ឃឹមទាំងអាហារនៅពេញក្នុងមាត់។
“តាមពិតទៅពួកឯងមិនចាំបាច់ធ្វើការទេ ក្រែងត្រូវប្រឹងរៀននៅឆ្នាំដំបូងមិនអ៊ីចឹង? ស្នាក់នៅផ្ទះនេះ ថ្លៃចាយវាយប្រចាំខែទុកបងជាអ្នករ៉ាប់រង” ជុងហ្គុកអះអាងបែបនេះ ដ្បិតប្រាក់ខែយោធាមិនច្រើនលើសលប់ តែក៏នៅមានទ្រព្យសម្បត្តិរបស់នាយសមល្មមចិញ្ចឹមផ្គត់ផ្គង់ពួកគេមិនលំបាក។
គំនិតនាយផ្ទុយពីអ្នកទាំងពីរដាច់ស្រឡះ។
“ធ្វើដូច្នោះមិនកើតទេ ប្រាកដជានាំទុក្ខលំបាកដល់បងមិនខាន” ថេយ៉ុង និងជីមីនប្រកែកស្រុះគ្នា។
“ស្ដាប់បង! វ័យពួកឯងនៅក្មេងខ្ចីណាស់ ស្របពេលដែលសង្គមខាងក្រៅមិនបានសន្តិភាពដូចដែលពួកឯងគិត យល់ល្អកុំទាន់ខ្វាយខ្វល់រឿងការងារ ដាក់ចិត្តខំរៀននៅឆ្នាំទីមួយសិន បន្ទាប់ពីនោះបងនឹងទំនាក់ទំនងសិស្សច្បងហូស៊ុក សុំឱ្យពួកឯងចូលហាត់ការជាពេទ្យយោធាជាមួយគាត់ បែបនោះត្រូវជំនាញជាង” នាយព្យាយាមពន្យល់ហេតុផលឱ្យគេពិចារណាជ្រើសរើស។ រំលឹកអំពីសិស្សច្បងហូស៊ុក ម្នាក់នោះធ្លាប់ជាក្មេងរស់នៅក្នុងផ្ទះមណ្ឌលដែរ ក្រោយមកគាត់ត្រូវបានអ្នកធំយកទៅចិញ្ចឹមបីបាច់មានវាសនាខ្ពស់ត្រដែត បច្ចុប្បន្នជាគ្រូពេទ្យយោធាល្បីឈ្មោះសុសសាយ ជុងហ្គុកក៏ចៃដន់ទើបនឹងបានចួបកាលពីថ្ងៃប្រារព្ធកម្មវិធីសច្ចាប្រនិធាននេះឯង។
ថេយ៉ុងងក់ក្បាលតិចៗ ធ្វើមុខរិះគិត៖
“បងនិយាយមកនេះក៏សមហេតុផល... តើបងបានចួបហូស៊ុកហ្យុងហើយឬ?”
“ចួបហើយ”
“អ៊ីចឹងខ្ញុំមិនគិតរឿងធ្វើការទៀតទេ សម្រេចថាបងជាអ្នកចិញ្ចឹមខ្ញុំហើយ”
“រឿងនោះប្រាកដណាស់”
ជុងហ្គុកយកដៃអង្អែលក្បាលថេយ៉ុងថ្នមៗ ឱ្យគេប្រែសើចស្រស់យ៉ាងគួរឱ្យស្រលាញ់ សម្លឹងមុខគ្នាទៅវិញទៅមកផ្អែមល្ហែម មិនខ្វល់ពីវត្តមានជីមីនអីសូម្បីបន្តិច។
“ទុកខ្ញុំជាខ្យល់អាកាសឬយ៉ាងម៉េចហ្នឹង?” ជីមីនបូញមាត់រអ៊ូខ្សឹបៗម្នាក់ឯង រួចឈ្ងោកមុខញុំាអាហារពីចាន ក្នុងចិត្តនៅតែចង់ទៅធ្វើការនៅហាងសៀវភៅលោកតាយូហានដដែល មិនផ្លាស់ប្ដូរគំនិតដាច់ខាត។
✦✦✦
“ខ្ញុំអត់ចូលទេ!!!”
“ឯងត្រូវតែចូល! ឆាប់ឡើង...”
“អត់ទេ! វាយឱ្យស្លាប់ក៏មិនចូលដែរ អត់ចូលដាច់ខាត!”
“មកជាមួយគ្នា បើឯងមិនចូលជាមួយយើងយ៉ាងម៉េចនឹងកើត?”
សំឡេងប្រកែកគ្នាទៅមករវាងកំលោះៗស្ថិតនៅមុខក្លឹបកម្សាន្តមួយកន្លែង ដែលវ៉ុនវ៉ូក្រាញយកស្លាប់យករស់មិនព្រមឈានជើងចូល ខណៈមីនយូចេះតែអូសដៃគេទាញចូលទៅខាងក្នុងជាមួយ។ ល្ងាចមិញនិយាយគ្នាហើយថានឹងគម្រោងដើរលេងនៅផ្សាររាត្រីញុំាអីតិចតួចប៉ុណ្ណោះ អ្នកណាទៅដឹងថានាយធំលេងខូចនាំបង្ហួសមកកន្លែងមិនល្អបែបនេះ ក្នុងនាមជាសុភាពបុរសម្នាក់គេមិនព្រមដាច់ខាត។
“យើងសួរថាចូលឬមិនចូល?” មីនយូសង្ក្រឺតជើងធ្មេញបង្ហាញទឹកមុខកាចគម្រាមគេម្តង នាយកំពុងប្រកាសសញ្ញាអាសន្ន ប្រាប់ហើយកុំឱ្យនាយលេងធម៌ក្ដៅឱ្យសោះ។
“អត់!” វ៉ុនវ៉ូ គ្រវីក្បាលក្បាលប្រកែកខ្លាំងៗទៅវិញ បើទោះជាខ្លាចមីនយូយ៉ាងណាក៏ដោយ។
“ហីយ៉ា! បងប្រុសមិនគួរនាំក្មេងល្អដូចខ្ញុំមកកន្លែងខូចខិលអ៊ីចឹងទេ បើប្រធានក្រុមដឹងប្រាកដជាស្លាប់មិនខាន យល់ល្អយើងត្រលប់ទៅវិញទៅ”
“បើគេសម្លាប់ឯង ចាំយើងជួយ ម៉ោះ...”
“អត់ទេ...ដាក់ខ្ញុំចុះភ្លាម!”
មិននិយាយសូញសាញច្រើន មីនយូប្រើកម្លាំងចាប់លីអាល្អិតដាក់លើស្មាមាំដើរចូលទៅក្លឹបទាល់តែបានសម្រេច។ វ៉ុនវ៉ូមាឌមិនតូចទេ តែសម្រាប់មីនយូត្រឹមប៉ុណ្ណឹងលើកគ្រវែងសុីផុយមិនពិបាក។
✦✦✦
រស្មីពណ៌មាសមូលក្រឡង់ចាប់ផ្ដើមរះពីទិសខាងកើតជះចាំងមកកាន់ផែនពសុធានៃអរុណោទ័យយ៉ាងត្រចះត្រចង់។ ផ្ទៃមេឃព្រឹកនេះស្រឡះល្អជាងធម្មតា អំឡុងពេលដែលមានសន្សើមធ្លាក់ចុះតិចៗផ្ដល់នូវសំណើមអាកាសធាតុត្រជាក់មធ្យម សមនឹងស្ថិតនៅក្នុងថ្ងៃសម្រាកផងនោះ ជុងហ្គុកក៏យកឱកាសនេះនាំថេយ៉ុង រួមទាំងអ្នកឯទៀតធ្វើដំណើរកម្សាន្តឡើងភ្នំតែម្តង។ ពួកគេទាំងប្រាំនាក់ស្លៀកពាក់ខោអាវក្រាស់ៗ កំពុងតែរវល់រៀបចំសម្ភារៈដាក់ចូលក្នុងកាបូបទុកប្រើការរៀងខ្លួន។
“ខ្ញុំរួចរាល់ហើយ!” ថេយ៉ុងពាក់អាវរងារសំឡីពណ៌ផ្ទៃមេឃ ដើរមកក្បែរជុងហ្គុកជាប់ជាមួយទឹកមុខរីករាយ ដោយមិនភ្លេចស្ពាយកាបូបជាប់នឹងខ្នងដែលក្នុងនោះគឺជាអាហារសម្រន់មួយចំនួន។
“ចាំបន្តិច” ថាហើយជុងហ្គុកស្រវាយកមួកសាច់ចាក់បំពាក់លើក្បាលគេ រួចរុំកន្សែងបង់កឱ្យយ៉ាងយកចិត្តទុកដាក់។
“អាកាសធាតុនៅលើភ្នំអាចនឹងត្រជាក់ជាងធម្មតា ពាក់មួកហើយបង់កន្សែងឱ្យជិតបែបនេះទើបមិនសូវរងារ”
“បារម្ភមែនទេ?” កាយតូចញញិមក្របួចមាត់ធ្វើជាសួរ។
“មិនឱ្យបារម្ភអូន ចង់ឱ្យបងទៅបារម្ភថូផ្កា ឬបារម្ភម៉ាសុីនចាក់ថាសឌីសចម្រៀងអ្ហេស?”
“មានឯណាខ្ញុំគ្រាន់តែសួរលេងទេតើ”
“មាឌអូនតូចយ៉ាងនេះមិនឱ្យបងព្រួយបារម្ភយ៉ាងម៉េច?” ស្របនឹងសម្ដីនាយផ្ទាត់ម្រាមដៃលើថ្ងាសតូចស្រាលៗទាំងក្នក់ក្នាញ់ចង់តែចាប់ថើបឱ្យណាណី។
បើក្រឡេកទៅមើលសភាពធ្លាក់ភ្នែករបស់មីនយូ និង វ៉ុនវ៉ូ តាមរបៀបដែលស្រវឹងជោកជាំពេញមួយយប់ ហើយត្រូវបង្ខំខ្លួនក្រោកពីព្រលឹមចូលរួមដើរលេងនឹងគេដែរ។ អ្នកទាំងពីរព្យាយាមធ្វើខ្លួនស្រស់ស្រាយដើម្បីកុំឱ្យជុងហ្គុកដេញដោល ប៉ុន្តែនៅតែជៀសមិនផុតដដែល ចួនពេលនាយធំងាកមក៖
“ពួកឯងយប់មិញមិនបានត្រលប់មកផ្ទះវិញទេ តើនាំគ្នាទៅណា?”
គ្រាន់តែឮសំណួរភ្លាម វ៉ុនវ៉ូបើកភ្នែកស្វាងចែសបុកពោះភ័យមិនចេះតិច ដោយឡែកមីនយូធ្វើឫកពាឡើងធម្មតាបំផុត។
“យប់មិញជ្រុលម៉ោងមិនចង់រំខានឯងងើបមកបើកទ្វារ ដូច្នោះពួកយើងក៏នាំគ្នាដេកក្នុងឡានតែម្តងទៅ” មីនយូបកស្រាយប្រាប់យ៉ាងងាយស្រួលគ្មានបញ្ហា ព្រោះថាវាជាការពិតផង លើកលែងតែចូលក្លឹបផឹកស្រាដែលគេមិននិយាយឱ្យដឹង។
លោកនាយកំលោះមិនបង្ហាញអាការៈចាប់កំហុសច្រើន នាយបែរមកសួរវ៉ុនវ៉ូម្តង៖
“វ៉ុនវ៉ូ ឯងមិនចង់ទៅផ្ទះលេងគ្រួសារខ្លះទេអ្ហេស?”
អ្នកដែលត្រូវគេសួរប្រែស្រយុតផ្ទៃមុខមិនដឹងមូលហេតុ។ ទាហានដូចជាពួកគេមានថ្ងៃសម្រាកតិចតួចបំផុតក្នុងមួយឆ្នាំ បូករួមទាំងថ្ងៃបុណ្យជាតិសំខាន់ ឬពេលខ្លះមានភារកិច្ចបន្ទាន់តម្រូវឱ្យបំពេញបេសសកម្មដោយគ្មានលក្ខខណ្ឌឈប់សម្រាកក៏មាន។ ហេតុនេះពួកគេមានពេលវេលាមិនច្រើនទេសម្រាប់ចួបជុំគ្រួសារ ប៉ុន្តែរាល់លើកនិយាយពីរឿងគ្រួសារ ចម្លើយរបស់វ៉ុនវ៉ូហាក់ដូចខ្យល់គ្មានទិសដៅមិនខុស៖
“អ្នកណាដែលថាមិននឹកផ្ទះ? តែខ្ញុំមិនចង់ទៅលេងផ្ទះព្រោះវាគ្មានបានប្រយោជន៍! គ្រប់យ៉ាងវារញ៉េរញ៉ៃដូចចំណងខ្សែអំបោះពិបាកស្រាយ ប៉ាម៉ាក់ខ្ញុំចែកផ្លូវគ្នាមានគ្រួសារថ្មីរៀងខ្លួន ខ្ញុំពិតជាធ្វើខ្លួនមិនត្រូវពិតមែនពេលដែលទៅលេងពួកគាត់ធ្វើឱ្យខ្ញុំមានអារម្មណ៍ដូចជាអ្នកដទៃ” គេនិយាយក្នុងសំឡេងរឹងកំព្រឹស ដ្បិតមិនចង់ឱ្យគ្រប់គ្នាមានអារម្មណ៍សោកសៅ។
ភ្លាមនោះមីនយូយកដៃកៀកស្មាវ៉ុនវ៉ូធ្វើជាស្រដីបន្លំលេងសើច៖
“អាល្អិត! ខ្សែជីវិតឯងមិនកំសត់ដល់យើងទេ”
“ជីវិតគេកំសត់ណាស់ ត្រូវឪពុកជាមហាសេដ្ឋីបញ្ជូនមកឱ្យធ្វើទាហានដើម្បីបំបាក់ចរិតដើរលេងខូចខិលឥតប្រយោជន៍ក្នុងសង្គម” ជុងហ្គុកដាក់មួយឃ្លា ឱ្យម្ចាស់សាមីខ្លួនស្ពឹកមុខគួរសម។
“អ៊ីចឹងបងប្រុសមីនយូ ពីមុនជាក្មេងបាតសង្គម?” វ៉ុនវ៉ូថាមិនទាន់ផុតពីមាត់ផង ត្រូវមីនយូខោកក្បាលមួយដៃ។
ក្លូស!
“អូយ!”
“ក្មេងបាតសង្គមឯណាសង្ហាអ៊ីចឹង?”
“តែខ្ញុំមើលឃើញប្រធានក្រុមចនសង្ហាជាង”
“មែនហើយខ្ញុំក៏យល់ស្របដែរ ប៉ុន្តែគាត់ជារបស់ខ្ញុំទេ” ថេយ៉ុងលូកមាត់បន្ថែមពីលើសម្ដីវ៉ុនវ៉ូហើយក៏សើច។
“ខ្ញុំមកហើយៗ” ជីមីននៅយូរក្រោយគេ ប្រញាប់ស្ទុះស្ទាចូលខ្លួនមកយ៉ាងប្រញាប់កាត់បរិយាកាស។
“តស់! ពួកយើង”
បន្ទាប់ពីនោះក្រុមអ្នកកំលោះយើង រួសរាន់ចេញដំណើរដោយមិនបង្អង់យូរ។ មីនយូបញ្ជារថយន្តកាត់លើដងផ្លូវជាតិឆ្ពោះទៅកាន់គោលដៅក្នុងល្បឿនមធ្យម អាចឱ្យពួកគេគយគន់ទេសភាពពណ៌ខៀវស្រងាត់សែនត្រជាក់ភ្នែក អមជាមួយបទភ្លេងចម្រៀងអ៊ូអរបន្លឺសូរពីសុីឌីរថយន្តមិនចេះស្ងាត់សំឡេង។
✦✦✦

By : Komnu Prach (MoGen)
Enjoy your reading♥️✨

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

សំណោកដួងចិត្ត ||TAEKOOK||Where stories live. Discover now