រីករាយក្នុងការអាន♡︎
« តើអូនស្រឡាញ់បងទេ? រាល់ថ្ងៃនេះបងមានអារម្មណ៍ថាបងដូចជាខំប្រឹងតែម្នាក់ឯងអញ្ចឹង » នាយកម្លោះសំឡឹងមុខសង្សាររបស់ខ្លួនទាំងទឹកភ្នែក សួរសំណួរដែលគេចង់ដឹងមករហូត យូរប៉ុណ្ណាហើយដែលគេស៊ូទ្រាំបែបនេះនោះ
« អូន... អូនស្រឡាញ់បងថេហ្យុង បងក៏ដឹងដែរមិនអញ្ចឹង ហេតុអ្វីបងមកសួរអូនបែបនេះ? » រាងតូចលូកដៃញ័រទទ្រើករបស់ខ្លួនទៅចាប់ដៃថេហ្យុង ប៉ុន្តែក៏ត្រូវថេហ្យុងគ្រវាសដៃចេញ ព្រមទាំងស្រែកគំហកតបតរវិញ
« កុំកុហកបង! បើអូនអស់ចិត្តពីបងក៏ប្រាប់បងត្រង់ៗមក កុំធ្វើឲ្យបងដូចជាមនុស្សល្ងង់បែបនេះអី ជុងហ្គុក! » ជុងហ្គុកទម្លាក់មុខចុះព្រមទាំងខាំមាត់ខ្លួនឯងតិចៗ នេះជាលើកទីមួយហើយដែលថេហ្យុងស្រែកគំហកដាក់គេបែបនេះ
ភាពស្ងប់ស្ងាត់នៅក្នុងបន្ទប់ក៏អាចធ្វើឲ្យឮសំឡេងទឹកភ្លៀងដែលកំពុងស្រក់ចុះមកនៅខាងក្រៅ ទឹកភ្លៀងដែលស្រក់មកប្រណាំងជាមួយទឹកភ្នែកថេហ្យុងដែលកំពុងស្រក់ចុះមកដូចគ្នា ។
គេមិននឹកស្មានថាជុងហ្គុកធ្វើឲ្យគេឈឺចាប់ខ្លាំងដល់ថ្នាក់នេះទេ មនុស្សដែលគេស្រឡាញ់ខ្លាំងបំផុត ក៏ធ្វើឲ្យគេស្ថិតក្នុងសភាពបែបនេះ ។
« អូនសុំទោស... » ថេហ្យុងបិទភ្នែកបណ្តេញទឹកភ្នែកដែលពោរពេញនៅក្នុងប្រឡង់ភ្នែកឲ្យស្រក់ចុះមក មុននឹងហាមាត់រាងតូចដែលនៅចំពោះមុខខ្លួន
« ឆាប់ចេញទៅ » ជុងហ្គុកងើយសំឡឹងមើលមុខថេហ្យុងទាំងរលីងរលោង ហាក់មិនចង់ជឿនឹងពាក្យសំដីដែលគេបានឮ ថេហ្យុងដេញគេឬ? ថេហ្យុងដេញគេទាំងដែលដឹងហើយថាគេគ្មានកន្លែងណាដែលត្រូវនៅក្រៅពីទីនេះ ថេហ្យុងដេញគេចេញពីកន្លែងសុវត្ថិភាពតែមួយគត់របស់គេឬ?
« ឆាប់ចេញទៅ! » សំឡេងស្រែកដេញរបស់ថេហ្យុងក៏ធ្វើឲ្យជុងហ្គុកប្រមូលស្មារតីត្រឡប់មកវិញ គេស្តាប់មិនខុសទេ ថេហ្យុងដេញគេពិតមែន
ជុងហ្គុកមិនតបតរព្រោះគេគ្មានអ្វីដែលត្រូវនិយាយទៀតទេ ពាក្យដែលគេចង់និយាយទាំងប៉ុន្មានហាក់ជាប់គាំងនៅក្នុងបំពង់ក ក្រោយឮថេហ្យុងនិយាយរួច ទើបមានតែចាកចេញតាមការចង់បានរបស់ថេហ្យុង បើទោះបីជានៅទីនេះទៀត ក៏មិនអាចធ្វើឲ្យថេហ្យុងមានសេចក្តីសុខដូចមុនដែរ ។