ភាគទី1: ការយល់ច្រឡំ!

79 3 0
                                    

«៣០ឆ្នាំមុន»

«នាយប់ចន្ទ្រគ្រាស ពេញបូណ៌មី»

«ថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី 20 ខែមករា គ្រិស្ដសករាជ 2019»

«វេលាម៉ោង១១:៤៥នាទី ឈាននឹងរំលងអាធ្រាត»

សម្លេងក្ដូងក្ដាំងនៅខាងក្រៅបន្ទប់សង្រ្គោះបន្ទាន់នាមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងភ្នំពេញដែលខណៈនោះក្រុមគ្រូពេទ្យជាច្រើននាក់រត់ចេញចូលបន្ទប់នេះបណ្ដាក់គ្នា។ ក្រឡេកទៅក្បែរបង្អួចកញ្ចក់បន្ទប់នោះវិញ មានក្មេងប្រុសម្នាក់កំពុងឈរយំឮសូរហ៊ូៗ ឱបជាប់ដោយស្រ្តីចំណាស់ម្នាក់ហាក់បង្ខាំងមិនឲ្យសម្រុកចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ឡើយដែលគាត់ក៏ហូរទឹកភ្នែកមិនចាញ់ក្មេងប្រុសតូចឡើយ។

បើយើងក្រឡេកទៅជ្រុងម្ខាងទៀតដែលវានៅទល់មុខនឹងបន្ទប់នេះ យើងឃើញមានបុរសវ័យ២៤ឆ្នាំម្នាក់ទៀតដែលគាត់អង្គុយផ្អោបដៃដាក់បិទត្រឹមបបូរមាត់ បង្ហូរទឹកភ្នែកសស្រាក់ជោគជាំពេញផែនថ្ពាល់... យូរៗម្ដង គាត់បានងើបមុខសម្លឹងទៅមើលបន្ទប់សង្គ្រោះបន្ទាន់នេះ ប្រឹងអើតសឹងធ្លុះទ្វារដល់ខាងក្នុង ហាក់សម្លឹងរកនរណាម្នាក់ដែលគាត់រង់ចាំយ៉ាងអន្ទះសារ!

"លោកប្រុសនរាជ..."...?

នាពេលជាមួយគ្នានោះ សម្លេងស្អកស្រាលមួយបានបន្លឺចេញពីមាត់មនុស្សស្រីតូចម្នាក់ ចេញពីជ្រុងចំហៀងខាងឆ្វេងដៃគាត់ មិនឆ្ងាយប៉ុន្មានដែលអាចឲ្យវាហោះហើរទម្លុះចូលអង្គសោតាទាំងទ្វេរបស់បុរសម្ចាស់នាមនរាជ...

"ខ្ញ..ខ្ញុំសុំទោសលោកប្រុស!"...?

ស្រីតូចពោលសុំទោសគាត់មិនទាន់ទាំងផុតពីមាត់ផង ភ្លាមៗនរាជងាកស្ទើរបេះកពីខ្លួនសម្លឹងទៅរកម្ចាស់វាចា និងសម្លក់ដោយក្រសែភ្នែកចងទោសៈទោះកំពុងដិតដាមដោយសន្សើមទឹកភ្នែករបស់គាត់ ក៏អាចនៅមើលដឹងដែរជាហេតុនាំឲ្យម្ចាស់សម្ដីអម្បាញ់មិញ មិនហ៊ានវាចាតទៅទៀតឡើយ គឺបិទមាត់ស្ងាត់ឈឹងឱនមុខចុះគេចពីកែវភ្នែកទោសៈទាំងគូរបស់នរាជដែលសម្លឹងមករកខ្លួន...

🖤ពន្លឺស្នេហ៍ ក្នុងបេះដូងអន្ធកា❣️Where stories live. Discover now