ភាគ០១ : សម្លាប់រង្គាល
°°°°°
នៅលើសមុទ្រខ្សាច់ដ៏ធំល្វឹងល្វើយ គ្រប់គ្រងដោយស្ដេចទាំងបួននគរគឺ សឺយ៉ាហ្វាតា នៅទិសខាងត្បូង ប៉ីលី ទិសខាងលិច អាសឺលឹ ទិសខាងកើត រួចទាំងពើយឈី ទិសខាងជើង ។ មនុស្សនៅនគរនេះគោរពឆ្កែចចកគឺជាព្រះរបស់ពួកគេ ដោយឡែកនគរនេះ ស្ថិតនៅក្នុងការគ្រប់គ្រងរបស់នគរសៀរ ថ្ងៃមួយស្ដេចហានជូអ៉ី ( នគរសៀរ ) មានប្រឈួនធ្ងន់ត្រូវការឈាមចចកយកមកព្យាបាល ដូច្នេះក៏ត្រាស់បញ្ជាឱ្យព្រះបុត្រាទី៤របស់ទ្រង់ ហានចុងយាន ទៅនគរ សឺយ៉ាហ្វាតា ដើម្បីចាប់ឆ្កែចចកដែលប្រជានុរាស្ត្រគោរពបូជានោះមកធ្វើជាថ្នាំ ។ដោយសារមិនអាចល្មើសនឹងព្រះដែលខ្លួនគោរព ប្រជានុរាស្ត្រនគរ សឺយ៉ាហ្វាតា ក៏បានប្រឆាំង ធ្វើឱ្យមានការប្រយុទ្ធគ្នាកើតឡើង ។ ច្បាស់ណាស់ នគរនេះគឺជានគរតូចម៉េចនឹងអាចយកឈ្នះកងទ័ពរបស់នគរសៀរបានទៅ ទីបំផុត ហានចុងយាន ក៏បានកាត់ក្បាលឆ្កែចចកយកឈាមត្រឡប់មកព្រះនគរវិញបានសម្រេច ។
សន្ធឹកជើងសេះបោលយ៉ាងលឿនចូលទៅក្នុងរាជវាំង ក្នុងដៃរបស់អ្នកកំលោះមានកាន់ប្រអប់មួយដែលដាក់ឈាមរបស់ឆ្កែចចកនោះ ។ មកដល់មុខខ្លោងទ្វារ សំឡេងជួងធំក៏បានបន្លឺឡើង អ្នកកំលោះអាក់ដំណើរ ដៃឡើងញ័រកែវភ្នែកសម្លឹងមើលទៅខាងក្នុងទាំងបុកពោះ ។
" ព្រះបុត្រាទី៤ ! " ភ្លាមនោះកងសេនារាជវាំងក៏បានរត់មករកនាយទាំងតក់ក្រហល់ ។
" បិតារបស់យើងយ៉ាងម៉េចទៅហើយ ? " បើទោះបីជាដឹងថាគ្មានសង្ឃឹមទៅហើយក្ដី ក៏រាងក្រាស់សួរចង់ដឹងចម្លើយចេញពីមាត់របស់កងសេនាម្នាក់នោះដែរ ។ ហានចុងយាន គឺជាព្រះបុត្រាទី៤ របស់ស្តេចហាន នាយមានរូបរាងស្រស់សង្ហារអង់អាចក្លាហាន ដ្បិតថាទ្រង់ទើបតែអាយុ១៧ឆ្នាំ ប៉ុន្តែនៅក្នុងរាជការអ្នកណាៗក៏ខ្លបខ្លាចអំណាចរបស់ទ្រង់ដែរ ។
" ព្រះអង្គ...ទ្រង់សោយទិវង្គតហើយក្រាបទូល ! " ស្ដាប់ឮហើយ អ្នកកំលោះស្ទើរតែអស់ជំហរដួលទៅលើដី គេអាចយកឈាមឆ្កែចចកនោះបានមកហើយ ហេតុអ្វីបែរជាគេមកយឺតពេលទៅវិញ ?