“ មនុស្សគ្មានបេះដូង ”
រាងក្រាស់កម្ពស់ខ្ពស់ស្រឡះឈានជើងវែងៗប្រញាប់ប្រញាល់ទៅរក លៀម ដែលឈររងចាំគេនៅមុខបន្ទប់លោក ដេលប៊ឺតជាស្រេចជាមួយមេធាវីម្នាក់។
« ចៅហ្វាយ លោកដេលប៊ឺតបានសរសេរបណ្ដាំមរតកសម្រាប់កូនស្រីរបស់គាត់រួចហើយ » លៀម ហុចក្រដាសបណ្ដាំមរតកឲ្យចៅហ្វាយនាយពិតមើល។
ឡូវែល ពិនិត្យមើលបណ្ដាំមរតកដែលលោក ដេលប៊ឺត សរសេរទុកសម្រាប់កូនស្រីហើយ ទើបងាកទៅសួរនាំលោកមេធាវីពីចម្ងល់ខ្លះៗ។
« បើកូនស្រីរបស់ម្ចាស់មរតកមានជំងឺធ្ងន់ធ្ងរមិនអាចមើលថែទ្រព្យសម្បត្តិបាន តើអ្នកជាស្វាមីរបស់នាងមានសិទ្ធិមើលថែនិងចាត់ចែងទ្រព្យសម្បត្តិទាំងអស់នេះទេ? »
« ឲ្យតែលោកជាស្វាមីស្របច្បាប់ត្រឹមត្រូវ លោកអាចមានសិទ្ធិមើលថែនិងចាត់ចែងទ្រព្យសម្បត្តិរបស់ប្រពន្ធលោកបាន »
« ចុះបើខ្ញុំលែងលះជាមួយនាងក្នុងរយះពេលប៉ុន្មានឆ្នាំខាងមុន តើខ្ញុំនឹងទទួលបានចំណែកខ្លះពីទ្រព្យសម្បត្តិទាំងអស់ទេ? »
« គិតតាមចំនួនឆ្នាំដែលលោកនិងនាងជាប្តីប្រពន្ធនឹងគ្នា និងចំនួនទ្រព្យសម្បត្តិដែលបានកើនឡើងក្នុងអំឡុងពេលលោកកាន់កាប់ទ្រព្យសម្បត្តិទាំងអស់នេះទៀត លោកអាចនឹងប្តឹងបានព្រទ្យសម្បត្តិពាក់កណ្តាលឬក៏លើសពីនោះ »
« ល្អខ្លាំងណាស់ » ឡូវែល សម្លឹងក្រដាសបណ្ដាំមរតកក្នុងដៃទាំងទឹកមុខត្រេកអរហើយក៏ងាកទៅបញ្ជាការងារ លៀម វិញ។
« រៀបចំពិធីមង្គលបែបឯកជនស្ងប់ស្ងាត់មួយ នៅថ្ងៃស្អែក ខ្ញុំនឹងរៀបការ »
« រៀបកា! ចៅហ្វាយគិតច្បាស់ហើយមែនទេ? » លៀម បើកភ្នែកធំៗសួរចៅហ្វាយនាយវិញដោយភាពភ្ញាក់ផ្អើលព្រោះគេគិតថារឿងរៀបការសំខាន់ខ្លាំងណាស់ មិនអាចរៀបការទាំងប្រញាប់ប្រញាល់មិនច្បាស់លាស់បែបនេះទេ ទើបគេសួរបញ្ជាក់ចង់ដឹងថាចៅហ្វាយគេប្រាកដច្បាស់ហើយឬនៅដែលចង់រៀបការដើម្បីព្រទ្យសម្បត្តិទាំងអស់នេះនោះ។
« យើងបញ្ជាឲ្យឯងធ្វើអ្វីឯងក៏ធ្វើទៅ មិនបាច់សួរច្រើនទេ » ឡូវែល ប្រែទឹកមុខមកជាកំណាចដាក់កូនចៅវិញភ្លាមៗពេលឃើញគេថ្លើមធំហ៊ានសួរនាំរឿងគេច្រើនបែបនេះ។
« ចុះអ្នកនាង យូរ៉ាន់? នៅមានលោក យ៉ុនស៊ុក ទៀត បើលោក យ៉ុនស៊ុក ដឹងច្បាស់ជាលែងគាំទ្រចៅហ្វាយឲ្យនៅតំណែងជាអគ្គនាយករបស់ រ៉ូប៊ីនសុន មិនខាន » លៀម មិនចង់ឲ្យចៅហ្វាយដើរផ្លូវខុសទើបគេបង្ខំចិត្តក្លាហាននិយាយពន្យល់ចៅហ្វាយនាយដែលកំពុងតែខឹងនឹងគេ។
« ឯងលែងទុកចិត្តផែនការដែលយើងរៀបចំហើយមែនទេ? » ឡូវែល សម្លុតសួរកូនចៅវិញដោយសំឡេងមុឺងម៉ាត់គួរឲ្យខ្លាចរបស់គេ។
« ខ្ញុំមិនហ៊ានទេ ខ្ញុំគ្រាន់តែបារម្ភប៉ុណ្ណោះ » លៀម ឱនមុខចុះមិនហ៊ានសម្លឹងចំកែវភ្នែកកំណាចទាំងគូរបស់ចៅហ្វាយនាយ។
« ក្នុងមួយជីវិតរបស់យើងនេះ ធ្លាប់បរាជ័យតែម្តងប៉ុណ្ណោះមិនអាចមានលើកទីពីរទេ រឿង យូរ៉ាន់និងលោកពូ យ៉ុនស៊ុក យើងនឹងបកស្រាយដោយខ្លួនឯង ឯងមិនបាច់គិតច្រើនជំនួសយើងទេ គ្រាន់តែទៅធ្វើតាមអ្វីដែលយើងប្រាប់ទៅបានហើយ »
« បាទ » ទោះគេចង់ប្រកែកបន្តក៏មិនបានព្រោះចៅហ្វាយគេនិយាយច្បាស់ៗបែបនេះប្រហែលចៅហ្វាយមានវិធីរបស់គាត់ហើយ គេជាកូនចៅធ្វើការនៅក្រោមបញ្ជាចៅហ្វាយរាប់ឆ្នាំគួរតែជឿជាក់ចៅហ្វាយនាយមិនគួរមានចិត្តសង្ស័យច្រើនទេ។ លៀម ឱនគោរព ឡូវែល បន្តិចហើយក៏ប្រញាប់ទៅធ្វើការរៀបចំកន្លែងកម្មវិធីរៀបការតាមបញ្ជារបស់ចៅហ្វាយនាយ។
YOU ARE READING
បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១
Romanceដំបូងគេជាសុភាពបុរសជិះសេះសបន្ទាប់មកគេក៏ប្រែក្លាយជាស្តេចបិសាចដ៏កាចសាហាវបំផុតសម្រាប់នាង គេដោះរបាំងមុខសុភាពបុរសរបស់គេចេញនៅពេលទទួលបានគ្រប់យ៉ាងតាមចិត្តប៉ងប្រាថ្នារបស់គេហើយ...ទង្វើល្អៗនិងក្តីស្រលាញ់ដែលគេធ្លាប់និយាយកន្លងមកសុទ្ធតែក្លែងក្លាយ។ ដេរ៍ស៊ី ហាលី នាង...