ភាគ១២

244 8 0
                                    



“ តើគេជាមនុស្សអាក្រក់ឬល្អ? ”

  មន្ទីរពេទ្យ
  ក្រាក!
  លោកគ្រូចេញពីបន្ទប់សង្គ្រោះបន្ទន់មក ទើប រ៉ូណាន់ រហ័សរត់ទៅសួរនាំពីស្ថានភាពរបស់ស្រីក្រមុំដែលគេបានយកមកមន្ទីរពេទ្យមុននេះ។
  « លោកគ្រូពេទ្យតើនាងយ៉ាងម៉េចហើយ? »
  « នាងគ្រាន់តែគ្រុនក្តៅបន្តិចប៉ុណ្ណោះ ខ្ញុំបានដាក់ថ្នាំឲ្យនាងហើយ ប៉ុន្តែខ្ញុំពិនិត្យឃើញថាខួរក្បាលរបស់នាងមានលក្ខណៈមិនប្រក្រតី តើនាងធ្លាប់ជួបគ្រោះថ្នាក់ដែលប៉ះទង្គិចក្បាលធ្ងន់ធ្ងរពីមុនមកមែនទេ? »
  « ខ្ញុំក៏មិនសូវដឹងច្បាស់ដែរ ប៉ុន្តែនាងមានជំងឺឆាប់ភ្លេចភ្លាំង »
« វាមិនមែនជាជំងឺភ្លេចភ្លាំងមកពីកំណើតទេ បើនាងព្យាយាមព្យាបាល នាងនឹងអាចមានឱកាសប្រើប្រាស់ខួរក្បាលបានដូចមនុស្សធម្មតាវិញ » លោកគ្រូពេទ្យនិយាយណែនាំ រ៉ូណាន់ អំពីស្ថានភាពជំងឺរបស់ ដេរ៍ស៊ី រួចហើយក៏លាចេញទៅ។
  « ជំងឺភ្លេចភ្លាំងរបស់នាងអាចមានឱកាសជាសះស្បើយឡើងវិញ ហេតុអ្វីគ្មានអ្នកណានាំនាងមកព្យាបាលសោះបែបនេះ? » រ៉ូណាន់ សម្លឹងរាងស្តើងតាមប្រឡោះទ្វាបន្ទប់អ្នកជំងឺដោយទឹកមុខអាណិតអាសូរ ហើយទើបគេបើកទ្វាចូលទៅខាងក្នុងមើលស្រីក្រមុំដែលគេងនៅលើគ្រែ។

   មួយសន្ទុះក្រោយមក

   ត្របកភ្នែកស្តើងបើកឡើងសម្លឹងពិដានពណ៌សមុននឹងងាកមកសម្លឹងអ្នកដែលគេងលង់លក់នៅជិតដៃរបស់នាង។
   « គេ! គេជាអ្នកណា? » ដេរ៍ស៊ី សម្លឹងមុខស្រស់សង្ហាមិនដាក់ភ្នែកប៉ុន្តែនាងនឹកមិនឃើញទេថាគេជាអ្នកណា គេជាមនុស្សដែលប្លែកមុខសម្រាប់នាង មិនធ្លាប់ឃើញគេពីមុនមកទេ ប៉ុន្តែហេតុអ្វីគេនៅទីនេះ?។
   រ៉ូណាន់ បើកភ្នែកឡើងបន្ទាប់ពីលឺសំឡេងស្រួយបន្លឺឡើងនៅជិតគេហើយ គេឃើញនាងដឹងខ្លួនវិញត្រេកអរខ្លាំងណាស់ ទើបរហ័សចាប់ដៃនាងសួរនាំដោយព្រួយបារម្ភខ្លាចនាងឈឺត្រង់ណាទៀត។
   « តើនាងមានឈឺកន្លែងណាដែរទេ? តើនៅគ្រុនក្តៅទៀតឬអត់? » គេប្រុងលើដៃស្ទាបថ្ងាសរបស់នាង តែនាងថយក្រោយគេចពីដៃរបស់គេ នាងសម្លឹងមុខគេដោយក្រសែភ្នែកចម្លែក ដូចជាមិនធ្លាប់ស្គាល់គេពីមុន ទើប រ៉ូណាន់ មានអារម្មណ៍មិនស្រណុកមួយរំព្រិច។
   « លោកជាអ្នកណា? » នាងសួរគេដោយព្យាយាមរំកិលថយក្រោយរក្សាគម្លាតជាមួយមនុស្សប្លែកមុខដូចជាគេ។
   « ខ្ញុំគឺ រ៉ូណាន់ ណា! នាងចំណាំខ្ញុំមិនបានទេឬ? »
   « រ៉ូណាន់! » នាងហៅឈ្មោះគេទាំងលើកចិញ្ចើមឡើងដូចជាមិនធ្លាប់លឺឈ្មោះមួយនេះពីមុនមកសោះ ទើប រ៉ូណាន់ ព្យាយាមណែនាំខ្លួនឯងបន្ថែមដើម្បីឲ្យនាងចងចាំគេវិញ។
   « ខ្ញុំជាប្អូនប្រុសរបស់ ឡូវែល នោះអី »
   « លោកជាប្អូនប្រុសរបស់ ឡូវែល មែនទេ? »
   រ៉ូណាន់ សម្គាល់ឃើញថានាងនៅតែចាំគេមិនបានដដែល តើមានរឿងអ្វីកើតឡើងចំពោះនាង? ក្រែងនាងបានថតរូបរបស់គេនិងសរសេរឈ្មោះគេក្នុងសៀវភៅកំណត់ហេតុរបស់នាងហើយ ហេតុអ្វីនាងនៅចំណាំគេមិនបានទៀត? ឬក៏គេទើបតែស្គាល់នាងមិនប៉ុន្មានទើបធ្វើឲ្យនាងភ្លេចគេលឿនបែបនេះ។
    « ម្សិលមិញខ្ញុំបានជូននាងទៅបុណ្យសពលោកប៉ារបស់នាងទៀតផង ឬនាងចាំមិនបានទេ? »
    « លោកជាអ្នកជូនខ្ញុំទៅ មិនមែនជា ឡូវែល ទេ? » ដេរ៍ស៊ី សម្លឹងមុខរបស់ រ៉ូណាន់ ដោយភាពសង្ស័យព្រោះនាងមិនដឹងថាត្រូវជឿតាមសម្តីមនុស្សប្លែកមុខដូចជាគេឬអត់ទេ។
   ក្រាក!
    « កុំជឿសម្តីផ្តេសផ្តាសរបស់គេ » ឡូវែល ចូលមកទាន់ពេលរល្មម ទើបរហ័សប្រាប់ ដេរ៍ស៊ី មិនឲ្យជឿសម្តីរបស់ រ៉ូណាន់។
    « ឡូវែល! » ដេរ៍ស៊ី ញញឹមឡើងស្រស់ពេលបានឃើញមុខរបស់ ឡូវែល ចូលមករកនាងហើយ មានតែគេនៅទីនេះទើបនាងមានអារម្មណ៍ថាកក់ក្តៅនិងមានសុវត្ថិភាព។
    « នាងញញឹមដាក់គេមែនទេ? គេជាអ្នកធ្វើឲ្យនាងត្រូវចូលមន្ទីរពេទ្យបែបនេះ នាងមិនចាំទេឬ? » រ៉ូណាន់ ព្យាយាមរំលឹករឿងគ្រប់យ៉ាងឲ្យ ដេរ៍ស៊ី នឹកឃើញឡើងវិញហើយឈប់ល្ងង់បែបនេះទៀត ប៉ុន្តែមិនថាគេប្រឹងនិយាយយ៉ាងណាក៏នាងមិនស្តាប់សម្តីរបស់គេដែរ។
    « តោះឆាប់ទៅផ្ទះវិញ » ឡូវែល ចូលមកអូសដៃស្រីក្រមុំចុះពីលើគ្រែអ្នកជំងឺទាំងមិនខ្វល់ពីប្អូនប្រុសដែលព្យាយាមហាមឃាត់គេមិនឲ្យនាំនាងចេញពីមន្ទីរពេទ្យ។
    « បងមិនអាចនាំនាងទៅបានទេ » រ៉ូណាន់ ចូលមកទាក់ដំណើរបងប្រុសមិនឲ្យនាំ ដេរ៍ស៊ី ចេញពីបន្ទប់អ្នកជំងឺ។
    « ឆាប់ជៀសផ្លូវ! » ឡូវែល បញ្ចេញសំឡេងដាច់ខាតដាក់ប្អូនប្រុស។
    « ខ្ញុំមិនចេញ តើបងចង់ធ្វើអ្វីខ្ញុំ? »
    « យើងឲ្យឯងចេញឯងត្រូវតែចេញ » ឡូវែល ប្រែសំឡេងជាកាចជាងមុន ទើប ដេរ៍ស៊ី ខ្លាចពួកគេទាំងពីរអាចវាយគ្នានៅទីនេះ។
    « ខ្ញុំចង់ទៅផ្ទះជាមួយ ឡូវែល សូមលោកចេញពីផ្លូវរបស់យើងទៅបានទេ » ដេរ៍ស៊ី សូមចិត្តរបស់ រ៉ូណាន់ ដោយភាពស្មោះត្រង់។
    « នាងចង់ទៅជាមួយគេទៀតចឹងមែនទេ? នាងដឹងទេថាគេបានធ្វើអ្វីដាក់នាងខ្លះនោះ? » រ៉ូណាន់ ស្រែកគំហកដាក់ ដេរ៍ស៊ី ទាំងខឹងខ្លាំងដែលនាងភ្លេចរឿងទាំងអស់ដែល ឡូវែល បានធ្វើដាក់នាងហើយតែជឿតាម ឡូវែល ទៀត។
     « បិទមាត់ឯងទៅ! » ឡូវែល ចាប់ក្របួចកអាវ រ៉ូណាន់ ប្រាប់ឲ្យគេបិទមាត់ឈប់និយាយផ្តេសផ្តាសតទៅទៀត។
     « លោកឈប់ព្យាយាមនិយាយបំបែកខ្ញុំនិងឡូវែល តទៅទៀតទៅ ខ្ញុំមិនដែលស្គាល់លោកទេ ខ្ញុំមិនស្តាប់សម្តីរបស់លោកឡើយ » ដេរ៍ស៊ី ចាប់អង្រួនដៃរបស់ ឡូវែល ឲ្យព្រមលែងដៃពីកអាវរបស់ រ៉ូណាន់ ដោយនាងចេញមកនិយាយបញ្ចប់រឿងជាមួយ រ៉ូណាន់ ដោយខ្លួនឯង មិនឲ្យគេព្យាយាមនិយាយផ្តេសផ្តាសតទៅទៀត នាំឲ្យមានជម្លោះជាមួយ ឡូវែល។
     « ស្តាប់លឺហើយឬនៅ? នាងមិនដែលស្គាល់ឯងទេ » ឡូវែល ថាឲ្យប្អូនប្រុសដែលខឹងឡើងក្រហមមុខអស់ ហើយនៅត្រូវមកខកចិត្តព្រោះតែព្យាយាមជួយមនុស្សខុសថែមទៀត។
     « នៅពេលនាងចាំឡើងវិញ នាងនឹងស្តាយក្រោយ ដេរ៍ស៊ី » រ៉ូណាន់ បោះពាក្យសម្ដីចុងក្រោយឲ្យ ដេរ៍ស៊ី ហើយក៏ដើរចេញទៅទាំងខឹងចិត្តនិងឈឺចិត្តក្នុងពេលតែមួយ គេមិនគួរជួយមនុស្សស្រីល្ងង់ដូចជានាងសោះ។
     « តោះឆាប់ទៅផ្ទះវិញ! » ឡូវែល ងាកមកសម្លឹងមុខរបស់ស្រីក្រមុំដែលឈរធ្វើមុខសង្ស័យនឹងពាក្យសម្តីរបស់ រ៉ូណាន់ មុននេះ ទើបប្រញាប់អូសនាងទៅផ្ទះ មុននាងចាំរឿងទាំងអស់ឡើងវិញម្តងទៀត។ សំណាងល្អដែលគេមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ រ៉ូណាន់ ទើបគេហែករូបថតរូបនិងអត្ថបទទាក់ទងនឹង រ៉ូណាន់ ចេញពីសៀវភៅកំណត់ហេតុរបស់នាងអស់កាលពីយប់ម្សិលមិញ បើមិនអញ្ចឹងទេ ពេលនេះ រ៉ូណាន់ ច្បាស់ជានាំនាងចេញពីក្នុងកណ្តាប់ដៃរបស់គេមិនខានទេ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now