រស្មីព្រះអាទិត្យជះពន្លឺពណ៌ទឹកក្រូចមកកាន់ទឹកដីរដ្ឋឡាវេហ្គាស សហរដ្ឋអាមេរិចនាពេលព្រឹក លម្អសម្រស់ស្ថាបត្យកម្មនៃសណ្ឋាគារផ្កាយប្រាំលាបទឹកថ្នាំពណ៌ពងមាន់ដ៏ប្រណីតខ្ពស់ត្រដែត ឈរយ៉ាងមានអំនួតទៅកាន់អគារជិតខាងកំពុងអែបអប ឲ្យកាន់តែស៊ីវិល័យនិងទាក់ទាញសម្រស់មួយលំដាប់ ខណៈដែលបរិវេណខាងក្នុងសឹងតែគ្រប់ផ្នែកពោរពេញទៅមនុស្សធ្វើការយ៉ាងមមាញឹក គ្មានប្រហោងទំនេរសេសសល់សូម្បីតែមួយក្រឡា។
តុបៗ!
ស្បែកជើងកែងចោតពណ៌ខ្មៅរលោងចាំងស្រមោល បន្លឺទង្គិចនៅលើឥដ្ឋការ៉ូគគ្រើម បោះជំហានទៅខាងក្នុងអមជាមួយអង្គរក្សសងខាងដើរតាមការពារសុវត្ថិភាព ប្រកបដោយដំណើរអង់អាចនិងស្វាហាប់ សាងឲ្យបុគ្គលិកកំពុងតែធ្វើការ ចុះមកឱនស្វាគមន៍ភ្លាមៗ។
"អរុណសួស្តីអ្នកនាង"
ម្ចាស់កាយតូចច្រឡឹងគ្រងអាវសឺមីស ជាមួយខោជើងរលុងពណ៌ខ្មៅស្រាក់អាវធំនៅលើដើមដៃស្រឡូនម្ខាង សិតសក់ខ្មៅក្រឹបដល់ចង្កេះត្រង់ភ្លឹង តប់ម្សៅនិងលាបក្រែមក្រហមដូចលោហិតតម្កើងសម្រស់កាន់តែស៊ិចស៊ីនោះ គឺជាម៉ូណា អ័រ. ថេល័រ កូនស្រីនៃម្ចាស់សណ្ឋាគារឌឺ ហ្គ្រេនលុច្ស អូតែល គឺលោក អូលីវើរ ជេអ័រ.ថេល័រ ដែលមានឈាមជ័រខ្មែរកាត់អាមេរិច ព្រមទាំងត្រូវទទួលបានរហស្សនាមងារថា "អប្សរទឹកមាស"ទៀតផង។ ចិញ្ចើមមួយគូដូចឥន្ទនូ កែវភ្នែកទម្រង់ផ្លែអាល់ម៉ុនពណ៌ត្នោតចាស់មុត ច្រមុះស្រួចខ្ពស់ បបូរមាត់ក្លែបក្រូចសម្រាប់ប្រថាប់ត្រាមន្តស្នេហ៍ ជាអំណោយអស្ចារ្យពីទេវអាព្រូដែត ដែលទ្រង់លះបងខិតខំសូនយ៉ាងឥតខ្ចោះសម្រាប់ឲ្យភេទទាំងពីរក្លាយជាសត្វក្តាន់ ធ្លាក់ចូលទៅក្នុងអន្ទាក់សម្រស់រើពុំរួច។ ម៉ូណាត្រូវបានចាត់ថ្នាក់ជាមនុស្សចូលចិត្តប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនជាងប្រឡូកជាមួយហ្វូងមនុស្សដូចជា អានសៀវភៅ គូរគំនូរ ជាពិសេសការហាត់របាំបុរាណខ្មែរ ដែលទទួលបានកេរ្តិ៍មរតកប្រណីតខ្ពង់ខ្ពស់ពីជីដូនខ្លួនតាំងពីអាយុ១០ឆ្នាំមកម្ល៉េះ ចំណែកនាងក៏មានមោទនភាពជាទីបំផុតក្នុងការបង្ហាញទៅកាន់មនុស្សជុំវិញខ្លួនឲ្យកោតសរសើរខ្លួនមិនដាច់ពីមាត់។
YOU ARE READING
ម្ចាស់ក្សត្រីគំនូសចត្រង្គ
Fanfiction"ឯងត្រូវចាំឲ្យពាក្យរបស់យើងឲ្យច្បាស់ យើងមានសិទ្ធបំផ្លាញខ្លួនឯងបាន ប៉ុន្តែយើងមិនអនុញ្ញាតអ្នកខាងក្រៅបំផ្លាញយើងជាដាច់ខាត!"