ជីវិតដ៏គ្រោតគ្រាតប្រាសចាកក្តីគោរពអោនលំទោនពីមនុស្សជុំវិញខ្លួនឱ្យសមនឹងឋានៈដែលទទួលបានតាំងពីកំណើត។ ព្រះអង្គម្ចាស់ដែលមានឈាមជ័រជាក្សត្រពេញសិទ្ធិបែរជាត្រូវអ្នកដទៃប្រមាទមើលងាយ ជាន់ឈ្លី ធ្វើបាបនិងបំភ្លេចចោលលែងនឹកនាដោយបោះបង់ចោលឱ្យរស់នៅក្នុងដំណាក់បាក់បែកតែម្នាក់ឯង ថែមទាំងត្រូវបញ្ជូនទៅរកសេចក្តីស្លាប់ជាច្រើនលើកច្រើនសារ ដោយសារហេតុផលជំនឿនិងច្បាប់រាជវាំងដែលមិនមានភស្តុតាងអ្វីមកបញ្ជាក់ទាល់តែសោះ។
‹‹មានជនឈ្លានពាននៅព្រំដែនមែនទេព្រះបិតា? ទូលបង្គំយល់ថាបញ្ជូនព្រះអង្គម្ចាស់ទីប្រាំបួនទៅក្រាបទូល››
‹‹តែជីមីនទើបតែមានអាយុ ១៧ ឆ្នាំប៉ុណ្ណោះ បញ្ជូនគេទៅប្រៀបដូចជាឱ្យគេទៅស្លាប់››
‹‹តែគេជាកូនប្រុសស្នងត្រកូលធ្មប់ប្រចាំនរគ គេមិនស្លាប់ងាយទេព្រះបិតា››
ភាពសោកសៅនិងក្តីទុកវេទនាបណ្តាលឱ្យនិស្ស័យមនុស្សពីរនាក់ត្រូវចងភ្ជាប់គ្នាដោយខ្សែអំបោះក្រហមដែលចារមកថានឹងត្រូវរួមរស់រងទុក្ខសោកនិងភាពរីករាយជាមួយគ្នារហូតដល់ថ្ងៃស្លាប់។ ក្មេងប្រុសដែលមានសំណាងគេចផុតពីការសម្លាប់រង្គាលពីសំណាក់រាជការ ដោយសារប្រព្រឹត្តិទោសកំហុសដែលមិនអាចលើកលែងបានក្រៅពីប្រហារជីវិតប្រាំពីរជំនាន់ ត្រូវបានព្រះអង្គម្ចាស់ទីប្រាំបួនដែលសូម្បីតែជីវិតខ្លួនឯងក៏ពិបាកការពារ ប្រើគ្រប់វិធីដើម្បីស្រោចស្រង់ឱ្យគេបានរស់នៅក្នុងជីវិតសាមញ្ញ ព្រោះទ្រង់នៅតែជឿជាក់ថាគ្រួសាររបស់គេស្អាតស្អំ លោកមន្ត្រីគីម គ្មានថ្ងៃមានបំណងធ្វើឃាតព្រះរាជានិងប្រព្រឹត្តិអំពើក្បត់ជាតិជាដាច់ខាត។
ចំណងកម្មបានចងភ្ជាប់តាំងពីថ្ងៃដំបូងដែលពួកគេទាំងពីរបានជួបគ្នាដំបូងមកម្លេះ។
‹‹ទ្រង់អផ្សុកទេពេលនៅដំណាក់ធំនោះតែមួយអង្គឯង?››
‹‹រស់នៅតែម្នាក់ឯងច្រើនឆ្នាំមកនេះ យើងទម្លាប់បានហើយ››
‹‹ទូលបង្គំចង់ក្លាយជាមនុស្សធំហើយអាចទៅកំដរទ្រង់រាល់ថ្ងៃ››
‹‹ពិតមែនឬ? បែបនេះថេយ៉ុងត្រូវតែឆាប់ធំធាត់ លឺទេ?››
‹‹ទទួលបញ្ជា!››
ភាពច្រណែនឈ្នានីស ដើម្បីតែអំណាចធ្វើឱ្យបងប្អូនរួមឳពុក ឈាមតែមួយត្រូវបង្កជម្លោះកាប់សម្លាប់គ្នាគ្មានញញើតដៃ ហ៊ានប្រើល្បិចស្មោគគ្រោកគ្រប់សព្វបែបយ៉ាងឱ្យតែអាចលើកតម្កើងខ្លួនឯងឱ្យខ្ពស់ជាងមនុស្សរាល់គ្នា។
‹‹បើទ្រង់ចង់ការពារជីវិតរបស់ក្មេងម្នាក់នោះ ទ្រង់ត្រូវតែបោះបង់រាជបល្ល័ង្កឱ្យមកយើង ហើយឆូតមុខខ្លួនឯងដើម្បីជាភស្តុតាងថាទ្រង់នឹងគ្មានសិទ្ធិឡើងកាន់អំណាចជាស្តេចបានជាដាច់ខាត››
‹‹តែប៉ុណ្ណឹងទេឬ?››
‹‹អត់ទេ! យើងដូរចិត្តហើយ យើងចង់បានភ្នែកទាំងគូរបស់ទ្រង់វិញ ចាក់ភ្នែកខ្លួនឯងភ្លាមទៅ››
ដើម្បីការពារជីវិតមនុស្សដែលខ្លួនស្រឡាញ់ ព្រះអង្គម្ចាស់សុខចិត្តលះបង់គ្រប់បែបយ៉ាង សូម្បីតែជីវិតខ្លួនឯងក៏លែងត្រូវការ ហ៊ានធ្វើគ្របយ៉ាងឱ្យតែអាចការពារមនុស្សម្នាក់នោះទោះបីត្រូវជាប់ឈ្មោះជាមនុស្សអាក្រក់ ត្រូវប្រជារាស្ត្រស្អប់ខ្ពើមពេញមួយផែនដីក៏យល់ព្រម។
‹‹នរណានិយាយថាឯងអាចប៉ះពាល់ គីមថេយ៉ុង? យើងព្រមឱ្យឯងជាន់ឈ្លី មើលងាយ ធ្វើបាប លះបង់ឱ្យឯងគ្រប់យ៉ាង កេរ្តិ៍ឈ្មោះ អំណាច ទ្រព្យសម្បត្តិ សូម្បីតែកែវភ្នែក យើងគ្រាន់តែចង់ការពារគេឱ្យរស់នៅក្នុងជីវិតសាមញ្ញមួយប៉ុណ្ណោះ តែហេតុអ្វីឯងនៅតែតាមយាយីជីវិតរបស់គេទៀត? បើឯងជ្រុលជាធ្វើឱ្យគេរស់នៅពិបាកជាងស្លាប់ទៅហើយ យើងនឹងឱ្យមនុស្សក្នុងលោកនេះស្គាល់ភាពឈឺចាប់ ស្លាប់ទៅតាមសេចក្តីសុខដែលគេបានបាត់បង់ ...... បើគេស្លាប់ យើងនឹងឱ្យពួកឯងស្លាប់កំដរគេ››
‹‹យើងស្រឡាញ់....ឯងណាស់... ហេតុអី...? ថេ..យ៉ុង....››
YOU ARE READING
និស្ស័យស្នេហ៍កម្ម
Romance‹‹បើជាតិនេះពួកយើងបែកបាក់ បងនឹងប្រើអំបោះក្រហមចងនិស្ស័យពួកយើងភ្ជាប់គ្នាគ្រប់ៗជាតិ››