@ម៉ោង១១ថ្ងៃត្រង់
បន្ទាប់ពីដើរមើលជុំវិញជាមួយថេយ៉ុងមួយសព្វហើយ វាក៏ដល់ពេលដែលនាយត្រឡប់ទៅវិញដែរ ។ ថេយ៉ុងនាំជុងហ្គុកមករកអ្នកគ្រប់គ្រងនៅក្នុងមណ្ឌល ក្រោយនិយាយលាអីអស់ហើយ ជុងហ្គុកក៏ដើរត្រឡប់ទៅរកឡានវិញ ដោយមានថេយ៉ុងមកជូនដំណើរនាយដែរ ព្រោះអ្នកគ្រូក្នុងមណ្ឌលជាអ្នកឲ្យរាងល្អិតចេញមកជូនដំណើរនាយជំនួសគាត់ ។
"ខ្ញុំទៅវិញសិនហើយ"ជុងហ្គុកងាកមកញញឹមដាក់រាងល្អិត ថេយ៉ុងក៏តបដោយស្នាមញញឹមទៅវិញ ÷
"សូមធ្វើដំណើរដោយសុវត្ថិភាពណា"
"អរគុណឯងហើយ ប៉ុន្តែ...."នាយសង្ហារស្រាប់តែបញ្ចេញកាយវិកាស្ទាក់ស្ទើរ ហាក់ដូចជាចង់និយាយបន្ដិចអត់បន្ដិច ទើបថេយ៉ុងប្រញាប់សួរបញ្ជាក់ទៅនាយ ÷
"លោកមានអ្វីចង់ដឹងទៀតមែនទេ?"
"គឺថា!...តើខ្ញុំអាច..."
"អ្វី?"កម្លោះតូចជ្រួញចិញ្ចើមចូលគ្នាដោយសារមិនយល់ពីអ្វីដែលនាយចង់និយាយ បើមានអ្វីចង់សួរ ចង់ដឹងទាក់ទងនឹងកន្លែងនេះ គេរីករាយនឹងប្រាប់ជានិច្ច ព្រោះគេនៅទីនេះយូរដែរ តាំងពីក្មេងមកហើយ អាចនឹងដឹងរឿងច្រើន ។
"តើឯងមិនថាអីមែនទេ? បើខ្ញុំចង់សុំលេខទូរស័ព្ទរបស់ឯងមួយ ចាត់ទុកថាយកទុកទាក់ទងគ្នា ព្រោះខ្ញុំត្រូវទទួលការងារបរិច្ចាគនេះបន្តពីលោកប៉ា ទើបចង់ឲ្យឯងជួយ"
"ខ្ញុំរីករាយស្រាប់ទៅហើយ ឲ្យទូរស័ព្ទរបស់លោកមក"ថេយ៉ុងញញឹមលូកដៃចាំទទួលទូរស័ព្ទពីនាយ ។ទាន់បានឱកាសហើយ ជុងហ្គុកក៏ប្រញាប់ហុចទូរស័ព្ទនាយទៅឲ្យរាងល្អិត ហើយឈរអើតមុខមើលទៅអេក្រង់ទូរស័ព្ទ តាមមើលថេយ៉ុងចុចលេខនោះចង់គ្រិចសរសៃក ពេលចុចរួច ថេយ៉ុងក៏ហុចមកឲ្យនាយវិញ ។
"នេះជាលេខរបស់ខ្ញុំ បើលោកមានអីត្រូវការឲ្យខ្ញុំជួយ ប្រាប់ខ្ញុំមក ខ្ញុំរីករាយជានិច្ច"
"ហ៊ឹម! អរគុណឯងម្ដងទៀត អញ្ចឹងខ្ញុំទៅសិនហើយ"
"បាទ"ថេយ៉ុងអោនគំនាបនាយទាំងស្នាមញញឹមមិនរលុប ទើបងើបមុខតាមមកមើលជុងហ្គុកចូលទៅក្នុងឡាន រហូតដល់ឡានចាប់ផ្តើមបើកចេញទៅបន្ដិចម្ដងៗដល់បាត់ស្រមោលទើបគេចូលទៅខាងក្នុងវិញ ដើម្បីយកកាបូបស្ពាយខ្លួននិងត្រឡប់ទៅផ្ទះស្នាក់វិញដូចគ្នាដែរ ។