"ថេយ៍!...."ក្រោយអង្គុយស្ងៀមស្ងាត់មើលទឹកស្រះក្បែរសួនខាងក្រោយមណ្ឌលជាមួយគ្នាអស់ជាយូរម៉ោង ជុងហ្គុកក៏ដាច់ចិត្តហៅឲ្យថេយ៉ុងងាកទៅរកខ្លួន រាងល្អិតលើកចិញ្ចើម សម្លឹងមើលអ្នកម្ខាងទៀតដោយចម្ងល់ ពេលដែលឮនាយហៅខ្លួនហើយបែរជានៅស្ងាត់មិនសួរអ្វីបន្ត ទើបគេសួរបកទៅនាយវិញ ÷
"លោកមានអ្វីមែនទេ?"
"តើខ្ញុំអាចសួរថេយ៍រឿងម្យ៉ាងបានទេ?"គិតបានមួយសន្ទុះ ទើបជុងហ្គុកដាច់ចិត្តត្រូវតែសួរគេ បើនាយគិតថាស្រឡាញ់ និងប៉ងយកគេធ្វើជាគូរអនាគតហើយ នាយក៏គួរតែដឹងរឿងលំម្អិត ពីជីវិតរបស់គេដែរ ។
"បានតើ លោកចង់ដឹងអ្វីហ្ហេស?"ថេយ៉ុងងក់ក្បាលតបដោយស្នាមញញឹម បើនាយចង់ដឹងអ្វី គេក៏ពេញចិត្តនឹងប្រាប់ ព្រោះតែគេទុកចិត្តនាយ មានតែនាយម្នាក់ប៉ុណ្ណោះដែលចាំនៅក្បែរ ផ្ដល់ភាពកក់ក្ដៅ និងទំនុកចិត្តឲ្យមកគេបាន កន្លងមកគេមិនដែលជួបនឹងអារម្មណ៍អស់ទាំងនេះ ដូចជាពេលបានជួបជាមួយជុងហ្គុកឡើយ ។
"ហេតុអ្វីថេយ៍មករស់នៅទីនេះ? ប៉ាម៉ាក់របស់ថេយ៍ស្លាប់មែនទេ ទើបគេយកថេយ៍មកនៅទីនេះ?"សំណួររបស់នាយកំពុងធ្វើឲ្យស្នាមញញឹមមុននេះ ប្រែមកជាស្រពោនភ្លាមៗ ថេយ៉ុងងាកមុខចេញទៅម្ខាងទៀត បង្ហើរអារម្មណ៍តានតឹងតាមខ្យល់ដកដង្ហើម តើគេគួរប្រាប់នាយបែបណា? ជីវិតគេមកដល់ទីនេះដោយរបៀបណា គេសឹងតែមិនចង់រំលឹកទៅហើយ ។
"បើថេយ៍មិនចង់ប្រាប់ ក៏មិនអីដែរ សុំទោសដែលធ្វើឲ្យថេយ៍តានតឹង"ឃើញទឹកមុខស្រងូតស្រងាត់របស់អ្នកម្ខាងទៀត ប្រអប់ទ្រូងខាងឆ្វេងរបស់នាយចាប់ផ្ដើមធ្វើចលនាបោកផ្ទប់មកជាមួយការចុកចាប់ នាយថប់ពិបាកដកដង្ហើមរាល់ពេលឃើញទឹកមុខក្រៀមក្រំរបស់គេ បើសិនជាគេយល់ព្រមតបក្ដីស្រឡាញ់មកនាយ នាយនឹងសន្យា មិនឲ្យគេកើតទុក្ខឡើយ ។
"ខ្ញុំពិតជាមិនចង់រំលឹកវាមែន ប៉ុន្តែខ្ញុំនឹងប្រាប់លោក បើសិនលោកចង់ដឹង"ថេយ៉ុងងាកមុខញញឹមស្ងួត កែវភ្នែកបង្កប់ទៅដោយទុក្ខកង្វល់ច្រើនហូរហៀដូចទឹកសមុទ្រ ជ្រៅរហូតគិតស្មានមិនចេញថាគេកើតទុក្ខកម្រិតណា ។ ថេយ៉ុងដកដង្ហើមធំ ជាច្រើនលើកច្រើនសារ មុននឹងសម្រេចចិត្តនិយាយប្រាប់ទៅអ្នកដែលនាយតែងផ្ដល់ភាពកក់ក្ដៅដល់គេ ជាមនុស្សដែលផ្ញើរក្ដីទុកចិត្ត ផ្ញើរក្ដីស្រឡាញ់ ផ្ញើរបេះដូងទៅលើនាយ ÷