ភាគទី01 «សង្គមសិស្សសម័យថ្មី»

288 17 0
                                    

រឿង«សង»
#សងមានច្រើនវិធី ចុះបើសងគ្នាដោយជីវិតតើព្រមទេ?
•••
(ចំណាំ៖ R-18+ វាអាចមានការបរិយាយកន្លែងខ្លះមានភាពស៊ីជម្រៅនិងប៉ះពាល់អារម្មណ៍)
                    ភាគទី១ «សង្គមសិស្សសម័យថ្មី»
គ.ស២០១៨
រាជធានីភ្នំពេញ...
    នៅក្នុងទីធ្លាសាលារៀនមួយខ្នង! ពេលព្រឹកចាំងជះពន្លឺអរុណរស្មីបាចសាចមកពេញផែនពសុធា។ ជំនោរខ្សែវាយោប៉ើងផាត់ភើយរហើយត្រសៀកៗបង្កើតបានជាចំណីអារម្មណ៍ដ៏សែនស្រស់ស្រាយបំផុតនាព្រឹកព្រលឹមថ្ងៃនេះ។
     វត្តមានសិស្សសាលាទាំងប្រុសទាំងស្រី ស្ថិតនៅក្នុងឯកសណ្ឋានខោជើងវែងពណ៌ខៀវឬខ្មៅនិងអាវសដៃវែងស៊កតឺនុយចូលក្នុងខោយ៉ាងសមរម្យប្រកបដោយបរិបទនៃមូលដ្ឋានរបស់សិស្សសាលាខ្មែរ។ ម្នាក់ៗចោលស្នាមញញឹមទៅមក បង្ហាញឱ្យឃើញច្បាស់ពីភាពរីករាយ និងភាពគ្មានទុក្ខកង្វល់របស់ពួកគេ កំពុងដើរចូលទៅខាងក្នុងបន្ទប់រៀនរបស់ខ្លួនរៀងៗខ្លួនថ្វីបើជួងសាលាក៏បានវាយស្នូរសំឡេងចេញមកលាន់ឮសូរតែ...ម៉ឺងៗ...មិនដាច់សំឡេង។
      នៅក្នុងថ្នាក់រៀន..
      ក្នុងចំណោមសិស្សជាច្រើនដែលមានវត្តមាននៅក្នុងថ្នាក់រៀននេះ បើយើងក្រឡេកឱ្យចំទៅសព្វបរិវេណ នោះយើងនឹងបានឃើញក្រុមសិស្សប្រុស៣នាក់ និងស្រី២នាក់ក្នុងវ័យប្រហែល១៨ឆ្នាំ កំពុងតែអង្គុយគងទាក់ខ្លានៅលើតុ បង្ហាញឫកពាមិនសមរម្យជាសិស្សសូម្បីតែបន្តិច។ បើមើលទៅតាមឯកសណ្ឋានពួកគេក៏មិនរៀបរយដូចសិស្សៗដទៃៗទៀតដែរ រហូតយើងអាចកាត់សេចក្ដីបានថា ពួកគេជា...
      ក្រុមក្មេងទំនើង...
      សិស្សៗដែលមានវត្តមាននៅក្នុងថ្នាក់រៀនគ្រប់គ្នា គ្មាននរណាម្នាក់ហ៊ានងើយមុខសម្លឹងមើលទៅពួកគេនោះឡើយ ព្រោះនរណាក៏ដឹងថាម្នាក់ក្នុងចំណោមគ្នាគេទាំង៥គឺ សត្យា ជាកូនអ្នកមានអំណាចម្នាក់និងជាមេក្រុមទំនើងមួយនេះផងដែរ។ ដូច្នេះហើយ ទើបមិនសូវជាមានសិស្សៗណាហ៊ានប៉ះជាមួយសត្យាឡើយ ដ្បិតថាបើប៉ះឬមានរឿងជាមួយគេ នោះអ្នកដែលខុសនិងមានរឿងពិបាក ពិតណាស់គឺមិនមែនជាសត្យាតែម្ដង។
      មួយស្រឡេត សិស្សប្រុសម្នាក់ដែលជាមិត្តរបស់សត្យា គេគឺរ៉ានីត ក៏ស្រាប់តែឱនមុខទៅខ្សឹបជិតត្រចៀកសត្យាបំណងនិយាយពីរឿងអ្វីមួយ។ រីឯសត្យាកាលបើបានដឹងពីអ្វីដែលរ៉ានីតនិយាយហើយ គេក៏ស្រាប់តែលេចស្នាមញញឹមគំនួចចេញមករួចសត្យារេកែវភ្នែកទៅប៉ះចំ វត្តមានរបស់សិស្សប្រុសម្នាក់ទៀតដែលកំពុងតែអង្គុយឈ្ងោកមុខលើតុផ្ដោតលើការសរសេរមេរៀនយ៉ាងយកចិត្តទុកដាក់។
      ឃើញសត្យាសម្លឹងទៅមើលសិស្សប្រុសម្នាក់នោះទាំងញញឹមមិនឈប់បែបនេះ នារី ដែលជាសិស្សស្រីកំពុងតែអង្គុយជិតសត្យា និងមិត្តគេ៣នាក់ទៀតនាងក៏ផ្ដើមប្រើភ្នែកសម្លក់សម្លឹងទៅកាន់សិស្សប្រុសដែលសត្យាកំពុងសម្លឹងនោះមិនឈប់តែម្ដង។
       ភ្លាមៗ នេត្រាមិត្តនារី ក៏លួចកេះនាងសួរពេលឃើញនាងផ្ដើមប្រចណ្ឌសត្យានឹងសិស្សប្រុសដែលនាយកំពុងសម្លឹងមើលមិនខ្ចីព្រិចភ្នែកនោះ៖
       "នេះឯងកំពុងតែលួចគិតអ្វីនារី?''
       នារីសង្គ្រឺតជើងធ្មេញ និយាយខ្សាវៗទៅនេត្រា៖
      "យើងស្អប់អាតារាវណ្ណ! ហេតុអីក៏សត្យាស្រលាញ់វាមិនមែនយើង?''
      "នែ៎ឯង...កុំគិតបែបហ្នឹងអី!'' នេត្រាយកដៃចាប់ស្មាមិត្តក្នុងបំណងចង់លួងលោមចិត្តនាង។
      ងាកមកសត្យានិងរ៉ានីតវិញ ក្រោយពីរ៉ានីតខ្សឹបប្រាប់គេហើយនោះ សត្យាគេក៏លោតចុះពីលើតុដែលខ្លួនអង្គុយរួចក៏ដើរសំដៅទៅរកតុរបស់សិស្សប្រុសម្នាក់នោះដែលនារីបានហៅឈ្មោះគេថា «តារាវណ្ណ»។
      សត្យាដើរមកដល់ហើយ នាយក៏បន្លឺសំឡេងនិយាយចេញមកកាន់តារាវណ្ណជាមួយឫកពាក្រអឺតក្រអាងតាមទំនើងចរិតកូនអ្នកមានរបស់គេ៖
      "តារាវណ្ណ! ល្ងាចទំនេរទេ? យើងចង់បបួលឯងទៅមើលកុន!''
      នាយកំលោះតារាវណ្ណទម្លាក់ប៊ិចចុះ រួចក៏ងើយមុខទៅសម្លឹងចំមុខរបស់សត្យាទាំងកែវភ្នែកស្មើធេង។ បន្ទាប់មកទើបវាចាដំបូងរបស់គេក៏បន្លឺចេញមក៖
       "អត់ទេ!''
      ពីរម៉ាត់ខ្លីៗ កាត់សេចក្ដីឱ្យសត្យាឆាប់យល់រហូតផ្ដើមខឹងឆេះមកឆេវ។ តារាវណ្ណតបរួចគេក៏ឈ្ងោកទៅសរសេរកិច្ចការតទាំងមិនខ្ចីខ្វល់នឹងអារម្មណ៍របស់សត្យាបន្តិច។
      ដោយហេតុមិនដឹងរកអ្វីតបតារាវណ្ណវិញមិនបាន ទើបសត្យាដាច់ចិត្តដើរមកតុវិញទាំងមុខមិនរីក។ ពួកសិស្សៗដែលនៅក្នុងថ្នាក់ផ្ដើមមិនស្រួលក្នុងចិត្តឡើង ព្រោះពួកគេដឹងថារាល់ដងឱ្យតែសត្យាខឹង គឺរមែងតែមានរឿងមិនល្អកើតឡើងជានិច្ច។
       បុ័ង!!!
       នឹកគិតមិនទាន់ផុតផង វាក៏កើតឡើងមែន!
       សៀវភៅពុម្ពមួយក្បាលស្រាប់តែហោះទៅបុកចំកណ្ដាលក្បាលផ្នែកខាងក្រោយរបស់សិស្សប្រុសម្នាក់ទៀតដែលអង្គុយនៅជិតតុសត្យា។ តាមពិតសត្យាគឺគេជាអ្នកដែលបោះសៀវភៅពុម្ពនោះដោយចេតនា។
       "អាវីត! រើសសៀវភៅឱ្យយើងបន្តិច!''
        សត្យានិយាយមកទាំងតឹងសរសៃក! សិស្សប្រុសដែលមានឈ្មោះវីត ឮហើយក៏ងើបឈរទាំងញ័រខ្លួនប្រាណឱនយកសៀវភៅមកឱ្យសត្យាទាំងភិតភ័យ។ គេដើរមកដល់ រួចក៏ហុចសៀវភៅពុម្ពនៅនឹងមុខសត្យា៖
       "នេះបង...''
       សត្យាកាន់សៀវភៅពុម្ពមក គេញញឹមវៀចមាត់បន្តិច រួចសត្យាគេក៏ទម្លាក់សៀវភៅពុម្ពនោះទៅក្រោមកៀនជើងរបស់គេ៖
       "ហ៊ឹម!! ធ្វើម៉េចទៅ? យើងជ្រុលធ្វើឱ្យវាធ្លាក់ទៀតហើយ!''
       និយាយចប់ គ្នីគ្នាសត្យាក៏នាំគ្នាសើចមកតាមក្រោយយ៉ាងពេញចិត្ត។ លើកលែងតែសិស្សផ្សេងៗដែលកំពុងមើលមកទាំងអាណិតវីតដែលជាសិស្សស្លូតបូតរមែងតែងត្រូវសត្យាធ្វើបាបមករាល់ថ្ងៃ។ តែ....
       ខុសអីតែតារាវណ្ណ ដែលគេហាក់មិនខ្វល់ពីរឿងដែលកើតឡើងមកសូម្បីតែបន្តិច។
       រីឯវីតដោយហេតុភ័យខ្លាចពេក គេក៏ឱនខ្លួនទៅរើសយកសៀវភៅពុម្ពមកម្ដងទៀត។ ប៉ុន្តែលើកនេះ កំឡុងពេលវីតឱនរើសនោះ សត្យាគេក៏យកជើងម្ខាងមកជាន់ដៃវីតខ្លាំងៗរហូតវីតទ្រាំឈឺមិនបានស្រែកទាំងហូរទឹកភ្នែកមកតក់ៗ។
      "ឯងម៉េចមិនរើស?''
      សត្យាច្រឡោតឡើងមក! វីតខំប្រឹងទាញដៃចេញពីបាតស្បែកជើងរបស់សត្យារហូតដាច់សាច់រលាត់ចេញឈាមក្រហាយដៃ។ វីតងើបឈរមកវិញ កាន់សៀវភៅពុម្ពប្រគល់ទៅឱ្យសត្យាទាំងញ័រដៃទទ្រើក។
      "អាកំសាកអើយ!''
      សត្យានិយាយទាំងសើច រួចក៏នាំគ្នាដើរចាកចេញពីថ្នាក់រៀនបាត់ទៅទាំងមិនខ្ចីខ្វល់នឹងកែវភ្នែកមនុស្សគ្រប់គ្នាដែលមើលមកសូម្បីបន្តិច។ គ្រាន់តែក្រុមសត្យាចេញផុត ទើបសិស្សៗនាំគ្នាមកចោមរោមមើលវីតទាំងស្រណោះចិត្ត។ ឱ្យតែមានរឿងលើកណា ក៏មិនមាននរណាហ៊ានទៅប្ដឹងនាយកឬគ្រូដែរ ព្រោះថាបើរឿងដឹងដល់នាយកសាលា ច្បាស់ណាស់ថា សត្យាគេនឹងប្រើអំណាចប៉ារបស់គេមកចាត់ការអ្នកទាំងនោះមិនខាន។ ដូចនេះហើយទើបរឿងចេះតែស្ងប់ស្ងាត់មកជារឿយៗ រហូតសត្យាបានចិត្តដើរធ្វើបាបនរណាក៏បាននៅក្នុងសាលាមួយនេះ។

រឿង «សង» ប្រលោមលោកBLរន្ធត់ Where stories live. Discover now