"លោកនិយាយឆ្កួតឡប់ស្អីហ្នឹង? មើស៎ លែងខ្ញុំ» អាយរីន កន្រ្ទាក់ខ្លួនរើសបម្រាស់ពីការឱបរឹតរបស់គេ គេទៅដឹងស្អីមកពីណាទើបមកសួរសំណួរឆ្កួតឡប់ទាំងនេះមកកាន់នាង បើកឡានស្អី បងស្រីស្អី សម្លាប់មនុស្សយ៉ាងម៉េច? នាងមិនដឹងមិនឮអ្វីទាំងអស់។
"ខ្ញុំនិយាយពីអី នាងដឹងខ្លួនឯងច្បាស់ណាស់ក្មេងតូច" ហូស៊ុក ព្រលែងរាងកាយនាងឱ្យមានសេរីភាពរួចក៏ដើរជ្រែងហោប៉ៅចូលទៅក្នុងក្លិបវិញហួចបណ្តើរសើចបណ្តើរដូចជាមនុស្សរោគចិត្តធ្វើឱ្យអ្នកសម្លឹងផែនខ្នងរបស់គេបែកញើសជោកទន់ជង្គង់ដួលទៅលើដីទាំងកែវភ្នែករលីងរលោង។
"ថ្នាំ...ថ្នាំខ្ញុំនៅឯណា?" អាយរីន ស្រវារ៉ូតកាបូបយកកូនកំប៉ុងថ្នាំម្យ៉ាងមកបើកគម្របដៃញ័រទទ្រើតរបូតថ្នាំជាច្រើនគ្រាប់ទៅលើដីតែនាងមិនបានខ្យល់នាងរើសថ្នាំទាំងនោះមកលេបទាំងគ្មានទឹក។
"យើងមិនដឹង មិនដឹងអ្វីទាំងអស់ អាយរីន ម៉ាលីនៀរ៍ មិនដែលធ្វើខុស" អាយរីន សាងស្នាមញញឹមឡើងមកវិញមុននឹងងើបឈរដើរដោយដំណើរនារីឆ្មើងឆ្មៃចូលទៅក្នុងឡានដោយធម្មតាបំផុតដូចជាគ្មានរឿងអ្វីកើតឡើងទាំងអស់។កណ្តាលអាទ្រាធមនុស្សគ្រប់គ្នាចូលគេងយ៉ាងស្ងប់សុខសូម្បីតែសម្លេងសត្វក៏មិនមានលើកលែងតែកំលោះវ័យ 30ឆ្នាំ កំពុងអង្គុយលើសាឡុងយក្សនៅកណ្តាលវិមានជក់បារីបង្ហុយផ្សែងក្នុងទីងងឹតក្រោមពន្លឺកូនចង្កៀងតូចមួយប៉ុណ្ណោះ។
"ទម្លាប់អាក្រក់របស់ឯងពេលណាកែប្រែ?" ស៊ុគជីន ប្រ៉ក់ស៊ីម៉ា បងប្រុសច្បងក្នុងត្រកូលសាតានដើរមកអង្គុយក្បែរប្អូនប្រុសដែលមានទម្លាប់អង្គុយជក់បារីផឹកស្រាស្ងប់ស្ងាត់នៅកណ្តាលអាទ្រាធគេក្លាយជាបែបនេះតាំងពីប្អូនស្រីពៅរបស់ពួកគេបានស្លាប់ទៅ។
"ចង់ឱ្យខ្ញុំកែប្រែទាល់តែខ្ញុំមានរបស់លេងថ្មី" ហូស៊ុក សើចឃឹកៗបែបមនុស្សគ្មានអារម្មណ៍ធ្វើឱ្យ ស៊ុគជីន ដឹងច្បាស់ថាប្អូនប្រុសកណ្តាលរបស់គេកំពុងតែគិតអ្វី។
"ឯងនៅតែមិនទាន់បោះបង់ចោលគំនិតបំផ្លាញត្រកូល ម៉ាលីនៀរ៍ ទៀតមែនទេ?"
"ចុះហ្យុងចង់ឱ្យខ្ញុំបោះបង់ដែរទេ?"
"បើបងមិនដែលខ្វល់ពីរឿងនេះស្រាប់ហើយ ចង់ធ្វើអីក៏ធ្វើទៅកុំតែហួសហេតុពេកទៅបានហើយ" ស៊ុគជីន និយាយចប់ក៏ងើបឈរជ្រែងហោប៉ៅឡើងទៅបន្ទប់បាត់ គេមិនចង់រំឭកអតីតកាលព្រោះទោះជាយ៉ាងណាក៏ប្អូនស្រីរបស់គេមិនអាចត្រឡប់មកវិញដែរ។
ប្រាវ...
"គ្រប់គ្នាសុទ្ធតែបែបនេះទាំងអស់គ្មានអ្នកណាស្រឡាញ់ប្អូនទេ" ហូស៊ុក គប់កែវស្រាបែកខ្ចាយទៅលើឥដ្ឋកែវភ្នែកក្រហមឆ្អៅសម្លឹងមើលទៅរូបថតប្អូនស្រីទាំងទ្រូងវេទនា យប់នោះបើនាងមិនជួបគ្រោះថ្នាក់ចរាចរណ៍ទេនោះស្អែកឡើងនាងនឹងបានទទួលសញ្ញាបត្របញ្ចប់ការសិក្សាមិនខាន។