ភាគទី០៥

29 2 0
                                    

សុំទោស! តែអូនត្រូវតែធ្វើដើម្បីបង...
នាងមិនទាន់ដឹងទេថាកាលដែលនាំខ្លួនចូលទៅរកបុរសគ្រោះថ្នាក់ម្នាក់នោះនាងត្រូវជួបនឹងអ្វីខ្លះ លទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណា តែនាងសម្រេចចិត្តរួចទៅហើយថានឹងធ្វើវាបើទោះជាមានរឿងនឹកស្មានមិនដល់កើតឡើងក៏នាងមិនស្ដាយក្រោយដែរ ឱ្យតែលះបង់ដើម្បីមនុស្សដែលខ្លួនស្រលាញ់នាងធ្វើបានគ្រប់យ៉ាងហ្នឹង។

នៅជ្រុងមួយនៃបន្ទប់ធ្វើការប្រចាំ វីណឺ កាស៊ីណូ មានម្ចាស់រាងក្រាស់ដែលកំពុងតែអង្គុយញញឹមញញែមពេញចិត្ត ជាមួយនឹងឫកពាម្ញិម្ញ៉ក់យកចិត្តរបស់ក្មេងស្រីក្បាលខូចម្នាក់ដែលគិតតែពីតោងទាមដៃគេជាប់ស្អិតមិនរបូតរកតែគេធ្វើការងារអ្វីមិនបាន ត្រូវអង្គុយកំដរលួងលោមនាងឱ្យបាត់តូចចិត្តជួសសងការដែលគេទុកនាងចោលមួយខែពេញមិនព្រមអើពើឬក៏បង្ហាញមុខឱ្យឃើញ។
“ម៉េចក៏មកទីនេះក្រែងបងប្រាប់ឱ្យនៅផ្ទះមិនអ៊ីចឹងហ្អេស នៅថែមទាំងហ៊ានជំទាស់បញ្ជាបងទៀត” ថម ធ្វើជាស្ដីឱ្យប្អូនស្រីសំឡេងធ្ងន់តែក្នុងនោះបង្គប់ទៅដោយការព្រួយបារម្ភស្រលាញ់អាណិតព្រមគ្នា តែការស្រលាញ់មួយនេះវាមិនអាចលាក់បាំងជិតពីភ្នែកនាងតូចបានដូចគ្នា ទើបនាងទោជាទំនើងមិនក្លាយក្រែងអ្នកណាសោះសូម្បីតែបងប្រុសម្នាក់នេះ។
“បងមិនឱ្យខ្ញុំមកតែបងបែរជាមិនព្រមទៅរកខ្ញុំសោះឡើងមួយខែពេញទៅ ហើយខ្ញុំក៏មិនបានជំទាស់បញ្ជាបងដែរ! ទូរស័ព្ទបងរវល់ធ្វើស្អីម៉េចក៏ខលមកមិនព្រមលើក?” អេសា ជ្រួញច្រមុះធ្វើមុខមិនពេញចិត្តដាក់បងប្រុសកំពូលផ្ដាច់ការកំពូលបញ្ជាការរបស់ខ្លួន តែនាងក៏អត់ស្រលាញ់បងប្រុសម្នាក់នេះមិនបានដូចគ្នា។
ស្រលាញ់!
ត្រូវហើយនាងស្រលាញ់បងប្រុសម្នាក់នេះលើសពីពាក្យថាបងប្រុសទៅទៀត! ឆ្ងល់ណាស់មែនទេថាហេតុអីក៏នាងស្រលាញ់បងប្រុសខ្លួនឯង? នោះក៏ព្រោះតែ ថម មិនមែនជាបងប្រុសបង្កើតរបស់នាងហ្នឹងអី! ក៏ព្រោះតែប៉ាម៉ាក់របស់នាងដែលត្រូវជាពូមីងបង្កើតរបស់ ថម បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍យ៉ាងទាន់ហន់បន្សល់ទុកត្រឹមក្មេងស្រីវ័យបួនឆ្នាំឱ្យរស់កំព្រាកណ្ដោចកណ្ដែងលើពិភពលោកដ៏ឃោរឃៅតែម្នាក់ឯង ហើយនាងក៏ត្រូវគ្រួសាររបស់ ថម យកមកចិញ្ចើមបីបាច់មើលថែរក្សា ក្រោយមកមិនប៉ុន្មានឪពុកម្ដាយរបស់ ថម ក៏ចែកឋានទៅព្រមគ្នាទៀតបន្សល់ទុកឱ្យបងប្អូនជីដូនមួយ មួយគូនេះរស់នៅលើពិភពលោកនេះតែពីរនាក់គ្មានក្រុមគ្រួសារកក់ក្ដៅដូចជាអ្នកដទៃ តែព្រោះជាកូនប្រុស ថូម៉ាស៍ ជាមនុស្សម្នាក់ដែលរឹងមាំខ្លាំងណាស់ គ្រប់ពេលដែលបរាជ័យគឺគេមិនដែលអស់សង្ឃឹមនោះទេ ផ្ទុយមកវិញបែរជាប្រឹងក្រោកដោយជើងទាំងពីររបស់ខ្លួន នៅមានឆ្លៀតពេលវេលាមើលថែយកចិត្តទុកដាក់បងស្រីក្រៅខោដូចជានាង បានយ៉ាងល្អគ្មានឱ្យទាស់ចិត្តមួយចម្រៀកណាឡើយ ធ្វើឱ្យមនុស្សដែលខ្វះភាពកក់ក្ដៅដូចជានាង ដូចត្រូវទេវតាប្រោះព្រំជីវិតជាថ្មី ហើយព្រោះតែទម្លាប់នៅតែជាមួយបងប្រុសម្នាក់នេះតាំងពីក្មេងមិនដែលបើកភ្នែកបើកត្រចៀកនឹងមជ្ឈដ្ឋានជុំវិញខាងក្រៅ ធ្វើឱ្យបេះដូងដែលក្រៀមស្វិតមួយដួងនេះមានពន្លីនឹងមានសង្ឃឹមទៅលើបងប្រុសម្នាក់នេះ។
តែចម្លែកត្រង់ថានាងចេះស្រលាញ់ តែមិនចេះហួងហែង ក៏មិនប្រចណ្ឌទាមទារអ្វីលើសពីសិទ្ធិដែលបងប្រុសផ្ដល់ឱ្យ មិនថាគេមានអ្នកណា បណ្ដើរស្រីរាប់មិនអស់មិនរើសមុខគ្នា តែនាងគ្រាន់តែមានអារម្មណ៍ថាអន់ចិត្តមិនបានខូចចិត្តអិខ្លាំងណាស់ណា សូមត្រឹមតែបងប្រុសមិនភ្លេចនាង មិនបោះបង់ឱ្យនាងរស់នៅតែម្នាក់ឯងទៅគឺគ្រប់គ្រាន់សម្រាប់នាងពេកហើយ។
“មុននេះទូរស័ព្ទបងអស់ឮថ្មក៏បញ្ចូនចោល ទើបមិនបានដឹងថាអូនខលមក” ថម តបទាំងលើកដៃញីសក់ទន់រលោងរបស់ប្អូនស្រីពេញទៅដោយក្ដីស្រលាញ់ បើទោះជានាងមិនមែនជាប្អូនស្រីបង្កើតរបស់ខ្លួនក៏ដោយ តែគេមិនដែលចាត់ទុកនាងជាអ្នកដទៃសម្រាប់ខ្លួននោះឡើយ ផ្ទុយមកវិញនាងជាចំណែកមួយដែលធ្វើឱ្យជិវិតរបស់គេកន្លងមកមិនទទួលបានភាពឯកាលើសកម្រិត។
“ស្មានថាបងរវល់ជាមួយស្រីដល់ថ្នាក់ភ្លេចប្អូនម្នាក់នេះហើយតើ” មាត់និយាយធ្វើដូចជាធម្មតាតែក្នុងចិត្តពេលនេះកំពុងតែឈឺខ្ទោកៗតែម្ដង អារម្មណ៍ភ័យខ្លាចក៏មានមួយរំពេចន៍ នាងខ្លាចបាត់បង់បងប្រុសម្នាក់នេះ ខ្លាចថានឹងត្រូវចែករំលែកក្ដីស្រលាញ់ដែលខ្លួនធ្លាប់តែទទួលបានឱ្យទៅស្រីដទៃ។
វាពិតជាអាត្មានិយមណាស់ដែលមានគំនិតបែបនេះ តែនាងពិតជាមិនអាចបញ្ឈប់ការគិតមួយនេះបានពិតមែនទាំងដែលធ្លាប់ព្យាយាមជាច្រើនលើកច្រើនសារហើយ ព្យាយាមគិតចំពោះអ្នកម្ខាងទៀតត្រឹមជាបងប្រុស កុំខ្វល់ កុំឈឺឆ្អាលរវីរវល់នឹងរឿងផ្ទាល់ខ្លួនរបស់គេតែនាងនៅតែមិនអាចធ្វើបាន ចុងក្រោយនៅតែនាំខ្លួនចូលមកក្នុងនរកចិត្តអាត្មានិយមរបស់ខ្លួនឱ្យទាល់តែបាន។
“នេះកំពុងតែអន់ចិត្តជាមួយបងងមែនទេ?” ទោះជាប្អូនស្រីមិនបានបញ្ចេញអាការៈអ្វីឱ្យឃើញ តែគ្មានអ្វីដែលថាបងប្រុសម្នាក់នេះមិនដឹងនោះទេ ទោះជារវល់នឹងការងារច្រើនខ្លាំងប៉ុណ្ណាតែគេក៏មិនដែលភ្លេចប្អូនម្នាក់នេះ ហើយទោះមិនបានសួរសុខទុក្ខផ្ទាល់មើលទៅហាក់ដូចជាឃ្លាតឆ្ងាយគ្នាតែគេក៏អាចដឹងថាប្អូនស្រីកំពុងកើតទុក្ខឬក៏រីករាយដូចគ្នា។
“អន់ចិត្តស្អីទៅ គ្មាននោះទេ!” ពាក្យបដិសេធខុសពីចិត្តរបស់ អេសា ហុចជាសំណើចដល់បងប្រុសភ្លាមមួយរំពេចន៍។
“ហាសហា!”
“បងសើចអី?” ឃើញបងប្រុសសើចចំអកសម្ដីខ្លួនបែបនេះ អេសា សួរនាំទាំងមុខខ្មូរមិនពេញចិត្តតែម្ដង។
“សើចប្អូនរបស់បងមាត់រឹងនោះអី”
“ក៏បាន! ខ្ញុំអន់ចិត្តនឹងបងពេញចិត្តហើយនៅ? អ្នកណាប្រើឱ្យបងមិនរវល់នឹងខ្ញុំធ្វើអីមួយម៉ាត់ណាក៏រវល់តែតាមពិតរវល់សំងំឱបស្រីសោះ” នាងតូច អេសា ព្រមបញ្ចេញអារម្មណ៍ពិតរបស់ខ្លួនលែងលាក់លៀមទៀត ហើយព្រោះតែមានអារម្មណ៍ថាខ្មាសអៀនទើបត្រូវលែងដៃចេញពីដើមដៃមាំ តាមដោយខិតទៅអង្គុយឆ្ងាយពី ថម បន្តិច តែឫកពារបស់នាងបែរជាឱ្យប្រុសកំលោះគិតថានាងកំពុងខឹងទើបខិតមកតាមព្រមទាំងលួងលោម។
ថម ទាញរាងស្ដើងសាយភាយក្លិនក្រអូបមកឱបឱ្យសាមីខ្លួនជ្រប់មុខក្នុងល្វែងទ្រូងរបស់ខ្លួនធ្វើតាមទម្លាប់ចាស់ដែលធ្លាប់លួងលោមក្មេងប៉ិនងរង៉ក់ដូចកាលពីក្មេង ផ្ទុយមកវិញគេមិនបានដឹងទេថាទង្វើរបស់ខ្លូនពេលនេះ វាធ្វើឱ្យបេះដូងស្រីក្រមុំដែលកំពុងតែបាក់ជន្ទុលស្រាប់រឹតតែរង្គោះរង្គើកាន់តែខ្លាំងថែមមួយកម្រិត ស្ទើរតែមិនអាចគ្រប់គ្រងខ្លួនឯងបានដូចកម្រិតរញ្ជួយដីនៅប្រទេសជប៉ុនទៅហើយ។
បើសិនជាពួកយើងលើសពីបងប្អូនមិនដឹងជាល្អយ៉ាងណានោះទេ!
អេសា បានត្រឹមគិតប្រយោគដែលមើលមិនឃើញពីអនាគត សឹងតែគ្មានសង្ឃឹមរបស់ខ្លួននៅក្នុងចិត្ត ទាំងប្រឹងញញឹមបន្លប់ពេលឮប្រយោគបន្ទាប់របស់បងប្រុស។
“ទោះជាបងប្រុសម្នាក់នេះខូចខិលស្រីច្រើនប៉ុណ្ណា តែគ្មានស្រីណាមានតម្លៃក្នុងចិត្តបងស្មើនឹងប្អូនស្រីម្នាក់នេះនោះទេ”
មនុស្សស្រីសម្រាប់គេគ្រាន់តែជារបស់សម្រាប់បន្ធូរចំណង់ពីធម្មជាតិ ដែលមិនអាចជៀសបានក៏មិនខុសពីការឃ្លានដែលត្រូវញ៉ាំ ប្រៀបដូចជាស៊ីនំឱ្យលុយហ្នឹងឯង! ខណៈដែលប្អូនស្រីម្នាក់នេះជាភ្នែកសំខាន់ក្នុងជីវិត ប្រៀបដូចជាកែវភ្នែកដែលគេត្រូវតែមើលថែឱ្យបានល្អ។
“សូមឱ្យពិតដូចមាត់របស់បងទៅចុះ” អេសា ងើបមុខឡើងនឹងខិតថយចេញពីផែនទ្រូងហាប់ណែនទាំងចិត្តមិនចង់ប៉ុន្មានតែក៏ត្រូវហាមឃាត់ចិត្តគំនិតរបស់ខ្លួនខ្លាចថានឹងជ្រុលផុងកាន់តែខ្លាំងជាងនេះមិនអាចស្រោចស្រង់បាន។
“ច្បាស់ហើយ! ទាំងបេះដូងទាំងចិត្តគំនិតបងប្រុសម្នាក់នេះ គឺមានតែប្អូនស្រីឈ្មោះថា អេសា ម្នាក់តែប៉ុណ្ណោះ ហ៊ឹសៗ” ថម អស់សំណើចនឹងទឹកមុខច្រឡើមដែលប្អូនស្រីធ្វើដាក់មុខ ហើយក៏អត់លូកដៃទៅញីសក់រលោងលេងមិនបាន។
គ្រូក គ្រូក
កំពុងតែនិយាយគ្នាសំឡេងកូរពោះបន្លឺឡើងខ្លាំងៗមិនខុសអីពីផ្គរលាន់ ថ្នាក់សាមីខ្លួនដូចជា អេសា ប្រញាប់លើកដៃមកខ្ទប់ពោះរបស់ខ្លួននឹងទឹកមុខខ្មាសអៀនមកព្រមគ្នា តែរឿងនេះមិនបានធ្វើឱ្យបងប្រុសអស់សំណើចនោះទេ ផ្ទុយមកវិញបែរជាមានអារម្មណ៍ចង់វ៉ៃប្អូនស្រីម្នាក់នេះឱ្យហើមគូទទេ។
“កុំប្រាប់បងថានៅមិនទាន់បានញ៉ាំបាយឱ្យសោះណា អេសា?” មិនមែនតែសំឡេងទេដែលស្ដាប់ទៅមាំកាចនោះសូម្បីតែទឹកមុខរបស់គេក៏កំណាចមិនខុសគ្នាប៉ុន្មានថ្នាក់អ្នកមិនធ្លាប់ខ្លាចបងប្រុស ស្រាប់តែមានអារម្មណ៍ថាមិនស្រួលប៉ុន្មានដែរ។
“គឺ...”
“កុំបាច់មកដោះសារ ថ្ងៃក្រោយបើហ៊ានតែទុកពោះទំនេរទៀតបងនឹងវ៉ៃអូនហើយ”
“ចាស”
“ចង់ញ៉ាំអ្វីបងនឹងប្រាប់មេផ្ទះឱ្យ?” ថម សួរនាំទាំងក្រោកដើរសម្ដៅទៅតុធ្វើការរបស់ខ្លួនព្រមដោយឫកបាសង្ហាអង់អាច តែមិនបានមើលទៅគួរឱ្យខ្លាច វាបែរជាបន្ថែមភាពឈ្លក់វង្វេងដល់រាងកាយរបស់គេរឹតតែខ្លាំងទៅវិញ។
“អ្វីក៏បានដែរ!” តាមពិតបើនាងចង់ជំទាស់មិនញ៉ាំក៏បានដែរ តែព្រោះមិនចង់សាងភាពមួម៉ៅ មិនពេញ ព្រួយបារម្ភរំខានដល់បងប្រុសជាងនេះទៀត ទើបនាងបានតែព្រមទាំងមាត់មិនឃ្លានហ្នឹងឯង។
“បន្តិចទៀតអ្នកបម្រើនឹងលើកអាហារមកឱ្យហើយ” ថូម៉ាស៍ ងាកប្រាប់ប្អូនស្រីពេលបញ្ជាការងារមនុស្សរបស់ខ្លួនរួច ហើយក៏ចូលទៅអង្គុយធ្វើការងាររបស់ខ្លួន ដោយមានកែវភ្នែកស្រទន់មួយគូតាមសម្លឹងមើលដោយភាពឈ្លក់វង្វេងមិនព្រិច ហើយក៏មិនអាចដកក្រសែភ្នែកចេញទៅណាបានដូចគ្នា។
ឱ្យដកទៅណាបានទៅបើអ្នកចំពោះមុខសង្ហាខាបព្រលឹងដល់ថ្នាក់នេះ ទៅមើលអ្វីផ្សេងនាំតែឈឺភ្នែកទទេរៗធ្វើស្អីហ្ន៎ ហុ ហុ...

ល្បិចស្នេហ៍ពង្វក់បេះដូងWhere stories live. Discover now