ភាគ១៦

222 8 0
                                    


“ តើគ្រាន់តែស្រលាញ់មនុស្សម្នាក់ក៏ខុសដែរមែនទេ? ”

ផ្ទះលំហែ

  ព្រោះតែមិនអាចប្រកែកតវ៉ាជាមួយកិច្ចសន្យាដែលបានសរសេរឡើងបាន ម្យ៉ាងទៀតនាងក៏ត្រូវការលុយបន្ថែមដើម្បីទៅព្យាបាលលោកប៉ារបស់នាងផង ទើប ឡារ៉េ ព្រមត្រឡប់មកផ្ទះលំហែតាម អឿនវ៉ូ វិញ។
  « ជួយសម្តែងឲ្យល្អៗផងអ្នកនាង » អឿនវ៉ូ អោនមកខ្សឹបក្បែរត្រចៀករបស់ស្រីក្រមុំដែលដើរក្បែរដៃ មុននឹងឈោងប្រអប់ដៃធំទូលាយចូលទៅចាប់ដៃតូចស្រឡូនរបស់នាងជាប់ណែន ធ្វើឲ្យដៃស្រីក្រមុំត្រូវអោនមើលប្រអប់ដៃធំទូលាយដែលចាប់ដៃនាងយ៉ាងណែននោះ។
  “ កក់ក្តៅណាស់! ” នាងគិតក្នុងចិត្តម្នាក់ឯងហើយក៏លួចញញឹមចេញមកដោយមិនឲ្យគេដឹង។
  « តោះឆាប់ចូលទៅ! » គេងាកមកញញឹមបបួលនាងចូលទៅក្នុងផ្ទះដោយអារម្មណ៍ល្អ ហាក់ដូចជាកាយវិការទាំងអស់របស់គេនៅពេលនេះសុទ្ធតែធ្វើចេញពីចិត្តពិតមិនមែនជាការសម្តែងនោះទេ ទើបធ្វើឲ្យស្រីក្រមុំដែលឈរនៅជិតលួចមានកូនក្តីសង្ឃឹមថាគេអាចនឹងមានចិត្តលើនាងវិញដែរ ទោះបីជាកាយវិការរបស់គេនៅពេលនេះមិនពិតក៏ដោយក៏នាងនៅតែសប្បាយចិត្តពេលដែលបាននៅក្បែរគេបែបនេះ ទោះជាត្រឹមរយ:ពេលខ្លីក៏វានៅតែមានន័យសម្រាប់នាងជានិច្ច សម្រាប់នាងត្រឹមតែបានលួចមើលស្នាមញញឹមនិងទឹកមុខរបស់គេពីចម្ងាយក៏នាងយល់ថាគ្រប់គ្រាន់ដែរ។
 
  ក្នុងផ្ទះ
 
« ឡារ៉េ! មកឲ្យម៉ាក់អោបបន្តិចមក » គ្រាន់តែកូនប្រុសដឹកដៃកូនប្រសារចូលមកដល់ក្នុងផ្ទះភ្លាម អ្នកស្រី ជីអុន ក៏រហ័សលាដៃចូលទៅអោបកូនប្រសារស្រីដោយក្តីនឹករលឹកជាមួយចិត្តដែលព្រួយបារម្ភភ្លាម។
« តើមាននៅឈឺត្រង់ណាទៀតទេ? កូនម៉ាក់ » អ្នកស្រី ជីអុន ដកខ្លួនពីការអោបកូនប្រសារមកជាពិនិត្យមើលរាងកាយកូនប្រសារវិញដោយទឹកមុខព្រួយបារម្ភខ្លាំង។
    ឡារ៉េ ឃើញអ្នកស្រី ជីអុន បង្ហាញកាយវិការព្រួយបារម្ភចំពោះនាងបែបនេះ ទើបងាកទៅលើចិញ្ចើមសួរប្រុសកម្លោះដែលឈរក្បែរដៃដើម្បីចង់ដឹងថាតើអ្នកស្រី ជីអុន ដឹងរឿងនាងលង់ទឹកដែរមែនទេ? ទើបទទួលបានការងក់ក្បាលត្រឡប់មកវិញពី អឿនវ៉ូ។ គេក៏ទើបតែដឹងរឿងហេតុដែលនាំឲ្យអ្នកម៉ាក់របស់គេមកទីនេះតាមរយ:ទូរស័ព្ទពីលេខារបស់គេ ដែលគេបានប្រើឲ្យទៅយក អេនណា នៅផ្សាទំនើបនោះដូចគ្នា។
« ខ្ញុំមិនអីទេ អ្នកម៉ាក់! » ឡារ៉េ យល់រឿងគ្រប់យ៉ាងទើបញញឹមតបទៅកាន់អ្នកស្រី ជីអុន វិញ បញ្ជាក់ថាពេលនេះនាងមិនបានកើតអ្វីពិតមែនដើម្បីឲ្យមនុស្សចាស់ឈប់ព្រួយបារម្ភ។
« មិនអីល្អហើយ ចឹងឆាប់ទៅតុអាហារទៅ ម៉ាក់បានរៀបចំអាហារទុកសម្រាប់កូនច្រើនណាស់ដឹងទេ »
« ចាស អ្នកម៉ាក់! »
« ល្អណាស់ខ្ញុំក៏ឃ្លានរល្មមហើយនេះ » អឿនវ៉ូ អង្អែលពោះរាបស្មើរបង្ហាញឲ្យអ្នកស្រី ជីអុន ឃើញ រួចក៏ចាប់ដៃរបស់ ឡារ៉េ នាំចូលទៅកាន់តុអាហារជាមួយស្នាមញញឹមលើផ្ទៃមុខយ៉ាងមានក្តីសុខ។

កិច្ចសន្យាស្នេហ៍(ចប់)Where stories live. Discover now