ភាគ២៣

290 8 0
                                    

" ទះក្បាលហើយអង្អែលខ្នង "

រាងស្រឡូងតូចតែមួយស្ថិតនៅក្នុងរង្វង់ដៃរបស់រាងខ្ពស់ស្រស់សង្ហាដែលអោបនាងជាប់ណែនដើម្បីជួយនាងឲ្យរួចពីផុតពីការដួលទៅលើដីម្តងទៀត។
« លោកវ៉ាង! » ឡារ៉េ ងើបមុខឡើងសម្លឹងអ្នកចូលមកជួយនាងមិនឲ្យដួលទៅលើដីវិញម្តងទៀត ដោយបបូរមាត់ក្រហមស្រាលលាន់ឡើងហៅឈ្មោះអ្នកដែលកំពុងបញ្ចេញស្នាមញញឹមដាក់នាង។
« ជួបគ្នាទៀតហើយអ្នកនាង មីល ឡារ៉េ! » វ៉ាងយីន ញញឹមស្រស់ដាក់អ្នកនៅក្នុងដៃនិយាយរាក់ទាក់ជាមួយនាង មុននឹងជួយកាន់ថង់អាហាររបស់នាងព្រមទាំងជួយទប់នាងទៅកន្លែងអង្គុយក្រោមដើមឈើម្លប់ត្រជាក់ល្អមួយនៅក្បែរនោះ។
« ហេតុអ្វីក៏ខ្ញុំជួបអ្នកនាងពេលណាក៏ឃើញអ្នកនាងនៅក្នុងសភាពពិបាកមើលរហូតអញ្ចឹង? » វ៉ាងយីន ជួយលាងរបួសនិងរុំរបួសឲ្យស្រីក្រមុំដែលអង្គុយស្ងៀមព្រមឲ្យជួយព្យាបាលរបួសឲ្យតាមសម្រួល។
« តាមពិតជីវិតរបស់ខ្ញុំរីករាយណាស់ តែមិនដឹងហេតុអ្វីបានជាវាចេះតែស៊យគ្រប់ពេលបានជួបមុខលោក? » ឡារ៉េ និយាយលេងសើចជាមួយអ្នកដែលក្រោកមកអង្គុយក្បែរនាងវិញបន្ទាប់ពីបិទរបួសនៅជង្គង់ឲ្យនាងហើយរួចរាល់។
« មិនមែនមកពីខ្ញុំនាំស៊យមកឲ្យអ្នកនាងទេដឹង? »
« ហាសហា...មិនអាចអញ្ចឹងទេ » ឡារ៉េ តបបែបលេងសើចទៅវិញដូចគ្នា។
« ហើយអ្នកនាងមកទីនេះជាមួយអ្នកណាដែរ »
« ខ្ញុំមកជាមួយ...! »
« មកជាមួយខ្ញុំ! »
ឡារ៉េ មិនទាន់បានឆ្លើយប្រាប់ឈ្មោះអ្នកដែលនាងមកជាមួយទៅ វ៉ាងយីន ផងក៏លេចលឺសំឡេងក្រលរស្រែកមកពីចម្ងាយមុនបាត់ទៅហើយ ទើបអ្នកដែលអង្គុយជជែកគ្នាទាំងពីរនាក់នាំគ្នាងាកទៅតាមប្រភពសំឡេង ក៏បានឃើញថាជាម្ចាស់រូបរាងសង្ហាតែមុខមាំកំណាចមិនធម្មតា ឆាង អឿនវ៉ូ សោះ។
« ឆាប់មកនេះ! » អឿនវ៉ូ ដើរយ៉ាងញាប់ជើងចូលមកដល់ក៏ចាប់អូសដៃរបស់ ឡារ៉េ ឲ្យក្រោកចេញពី វ៉ាងយីន ភ្លាម។
« ហេតុអ្វីក៏មិនដើរទៅតាមខ្ញុំ? រឺក៏ព្រោះតែបានជួបគេម្នាក់នេះ » អឿនវ៉ូ សម្លុតសួរស្រីក្រមុំក្បែរដៃដោយទឹកមុខមាំគួឲ្យខ្លាច។
« ក៏ស្រេចតែលោកគិតទៅ អ្ហឹស! » ឡារ៉េ មិនចង់បកស្រាយច្រើន ព្រោះមនុស្សដូចជាគេទោះបកស្រាយហើយក៏គ្មានប្រយោជន៍ដែរ យ៉ាងណាក៏នាងមិនមែនមនុស្សសំខាន់សម្រាប់គេស្រាប់ទៅហើយ បកស្រាយរឺមិនបកស្រាយក៏ដូចតែគ្នានោះទេ។
« លោក វ៉ាង ខ្ញុំលាសិនហើយ ថ្ងៃក្រោយចាំជួបគ្នាទៀត » ឡារ៉េ ងាកទៅញញឹមស្រស់ដាក់ វ៉ាងយីន ជាការលាគ្នានៅមានពាក្យថាចាំជួបគ្នាថ្ងៃក្រោយទៀត ទើបធ្វើឲ្យអ្នកដែលឈរក្បែរនោះប្រច័ណ្ឌខឹងឡើងក្រហមមុខអស់ ។
« ឆាប់មក! » អឿនវ៉ូ ទ្រាំឈរមើលឲ្យគេញញឹមញញែមឲ្យភ្នែកគ្នាតទៅទៀតមិនបានទើបរហ័សចាប់អូសដៃរបស់ ឡារ៉េ ចេញទៅទាំងមិនដឹងទិសតំបន់។
« លែង! » ឡារ៉េ ព្យាយាមរើពីការអូសរបស់ អឿនវ៉ូ ព្រោះគេអូសនាងឲ្យដើរលឿនបែបនេះរបួសនៅជើងរបស់នាងឈឺណាស់មិនអាចដើរលឿនដូចជើងគេធម្មតាទេ បើគេនៅតែបង្ខំអូសនាងបែបនេះបន្តទៀតនាងដួលផ្កាប់មុខនឹងដីឲ្យគេអូសមិនខានទេ។
« ឈប់សិន! » វ៉ាងយីន ទ្រាំឈរមើលមិនបានដែល អឿនវ៉ូ អូសមនុស្សស្រីដែលកំពុងឈឺជើងម្នាក់ឲ្យដើរតាមទាំងមិនប្រណីដៃបែបនេះ ទើបកម្លោះជនជាតិចិនរូបនេះរត់មកចាប់ដៃម្ខាងរបស់ ឡារ៉េ ជាប់ មានចេតនាទាញយកនាងពីដៃរបស់មនុស្សគ្មានធម៌មេត្តាដូចជា អឿនវ៉ូ មកវិញតែក៏ត្រូវ អឿនវ៉ូ ចាប់នាងទុកជាប់ដូចគ្នា។
« ឆាប់លែងដៃនាងភ្លាម! » អឿនវ៉ូ ងាកមកសម្លុតឲ្យអ្នកម្ខាងទៀតព្រមដកដៃចេញពីមនុស្សស្រីរបស់គេ តែ វ៉ាងយីន នៅតែមិនព្រមលែងដដែល។
« លោកនឹងហើយដែលត្រូវដៃរបស់នាងនោះ ខ្ញុំមិនអាចទ្រាំមើលមនុស្សស្រីដែលជាជនជាតិចិនត្រូវមើលងាយដោយបុរសជនជាតិកូរ៉េដូចជាលោកនោះទេ »
« ចង់ការពារនាងណាស់មែនទេ? បាន! » អឿនវ៉ូ ព្រមប្រលែងដៃរបស់ ឡារ៉េ ភ្លាមៗទើបធ្វើឲ្យនាងងើបសម្លឹងមុខគេដោយមិនអស់ចិត្តព្រោះនាងមិនដឹងទេថាគេកំពុងចង់ធ្វើអ្វី ព្រោះគ្មានផ្លូវទេដែលគេព្រមលែងនាងឲ្យទៅ វ៉ាងយីន មនុស្សដែលគេស្អប់និងចង់ឈ្នះមករហូតនោះ។
« អ្នកនាងមិនអីទេហ្អេស! » វ៉ាងយីន ចូលមកជិត ឡារ៉េ ចាប់ដៃនាងទាំងសងខាងសួរដោយការព្រួយបារម្ភ។
« ខ្ញុំមិនអីទេ! »
ឌឹប!
ឡារ៉េ ឆ្លើយមិនទាន់ចប់ស្រួលបួលផង រូបរាងស្រស់សង្ហារបស់អ្នកនៅចំពោះមុខរបស់នាងមុននេះក៏ត្រូវដួលដេកទៅលើដីព្រោះតែកណ្តាប់ដៃមាំដាល់មួយទំហឹងមុននេះ។
« ចង់ការពារនាងណាស់មែនទេ? ចឹងក៏មកសុីកណ្តាប់ដៃរបស់យើងសិនទៅ »
ឌឹប! ឌឹប!
អឿនវ៉ូ ឡើងជិះលើអ្នកដែលដេកនៅលើដីហើយដាល់គេមួយដៃហើយមួយដៃទៀតមិនដកដៃរហូតធ្វើឲ្យមុខមាត់សង្ហារបស់ វ៉ាងយីន ត្រូវប្រឡាក់សុទ្ធតែឈាម។
« បានហើយ ឈប់ភ្លាម ឆាង អឿនវ៉ូ! អ្ហាយ! » ឡារ៉េ ចូលទៅទាញដៃរបស់ អឿនវ៉ូ ដើម្បីមិនឲ្យគេដាល់ វ៉ាងយីន បន្តទៀត តែក៏ត្រូវគេរុញឡើងផ្ញារក្រោយវិញ។
ឌឹប! ឌឹប!
វ៉ាងយីន ក៏មិនព្រមឲ្យ អឿនវ៉ូ ដាល់គេតែម្ខាងដែរទើបស្រវេស្រវ៉ាឡើងមកដាល់មុខរបស់ អឿនវ៉ូ ឲ្យបែកឈាមវិញដូចគ្នា។
« អូខេ ចង់ដាល់គ្នាណាស់មែនទេ? ចឹងក៏ដាល់គ្នាបន្តទៀតចុះ » ឡារ៉េ ក្រោកឈរឡើងស្រែកខ្លាំងៗដាក់អ្នកដែលកំពុងខាំគ្នាដូចឆ្កែនៅលើដីនោះ រួចនាងក៏ដើរចេញទាំងឈឺជើងព្រោះមិនចង់រវល់ជាមួយពួកគេទាំងពីរនាក់នេះទៀត ។

កិច្ចសន្យាស្នេហ៍(ចប់)Where stories live. Discover now